មន្ត្រី​បក្ស​កាន់​អំណាច​ថា​ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា មិន​មាន​ការ​ដោះដូរ​អ្វី​ឡើយ

ដោយ យាង សុជាមេត្តា
2016-12-02
Share
កឹម សុខា ៨៥៥ ២០១៦ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​​​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​មាន​ការ​ដោះដូរ​អ្វី​ឡើយ។ ចំណែក​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​លើកលែង​ទោស​នេះ​ថា ជា​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ។

លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ពន្ធនាគារ​ចំនួន ៥​ខែ ពាក់ព័ន្ធ​នឹង​ការ​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ ពេល​នេះ​លោក​នឹង​មាន​សេរីភាព​វិញ​ហើយ ក្រោយ​មាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ។

ភ្លាមៗ​ក្រោយ​ពី​មាន​ការ​លើកលែងទោស លោក កឹម សុខា បាន​ផ្ញើ​លិខិត​អរគុណ​លោក ហ៊ុន សែន ដែល​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក។ លោក កឹម សុខា បញ្ជាក់​ក្នុង​លិខិត​ថា ការ​សម្រេច​ដោយ​ពិចារណា​ដ៏​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​បង្ហាញ​ឲ្យ​ប្រជាជាតិ​ឃើញ​ថា ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ខ្មែរ និង​ខ្មែរ ព្រមទាំង​បង្ហាញ​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​មាន​ការ​អធ្យាស្រ័យ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ស័ក្ដិសម​ជា​ប្រជាជាតិ​មាន​អារ្យធម៌​ខ្ពស់ និង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

មុន​ឈាន​ដល់​ការ​លើកលែង​ទោស​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ស្នើ​ឲ្យ​លោក ហ៊ុន សែន ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក។ លោក ហ៊ុន សែន បាន​ថ្វាយ​លិខិត​ស្នើ​សុំ​ទៅ​កាន់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​​២ ខែ​ធ្នូ ហើយ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​លោក កឹម សុខា ក្នុង​ថ្ងៃ​តែមួយ។

ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ឯកភាព​ជាមួយ​វៀតណាម ក្នុង​ការ​ស្នើ​ឲ្យ​អ្នក​បច្ចេកទេស​បារាំង ជួយ​បំប្លែង​ផែនទី​បោន (Bonne) ដែល​កម្ពុជា មាន​បច្ចុប្បន្ន ទៅ​ជា​ផែនទី យូ.ធី.អឹម (UTM) ដើម្បី​ប្រើប្រាស់​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់។ ការ​បំប្លែង​ផែន​ទី​នេះ ក៏​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ថា អាច​ឈាន​ដល់​ការ​កែប្រែ មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​របស់​បក្ស​ប្រឆាំង​នៅ​ពេល​ខាង​មុខ។

ក្នុង​ពេល​ជាមួយ​គ្នា​ការ​លើក​លែង​ទោស​នេះ ក៏​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​ព្រោងព្រាត​នូវ​សារ​ឆ្លើយឆ្លង​ដែល​គេ​សង្ស័យ​ថា រវាង​លោក ហ៊ុន សែន និង​កូន​ប្រុស​លោក ហ៊ុន សែន  គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា ពី​ផែនការ​ធ្វើ​បាប​លោក កឹម សុខា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ស្នើ​របស់​លោក ហ៊ុន សែន សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក កឹម សុខា នៅ​ពេល​នេះ គឺ​មាន​ការ​ដោះដូរ​អ្វី​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា ការ​ស្នើ​សុំ​នេះ គឺ​ដោយសារតែ​លោក កឹម សុខា បាន​ស្នើ​ទៅ​លោក ហ៊ុន សែន។ ម្យ៉ាង​ទៀត លោក​ថា ការ​លើក​លែង​ទោស​ឲ្យ​លោក កឹម សុខា នៅ​ចំ​ថ្ងៃ​ទី​២ ខែ​ធ្នូ គឺ​ជា​ការ​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​របស់​បក្ស​កាន់​អំណាច។

លោក សុខ ឥសាន៖ «គាត់​សរសេរ​លិខិត​ទៅ​សម្ដេច​នាយក​ទទួល​ស្គាល់​ការពិត ម្យ៉ាង​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​២ ធ្នូ ហើយ​ថ្ងៃ​២ ធ្នូ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ប្រមូល​ផ្តុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ដើម្បី​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍។ ទី​២ ដោយសារ​ថ្ងៃ​២ ធ្នូ នេះ​ហើយ យើង​មាន​កិច្ច​ចរចា សីហនុ-​ហ៊ុន សែន ដើម្បី​សម្រេច​បាន​ផ្លែផ្កា​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ ឥឡូវ ២ ធ្នូ នេះ​ទៀត លើកលែងទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង»

នៅ​ពេល​សួរ​ថា តើ​លោក ហ៊ុន សែន អាច​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ឬ​ទេ បើ​លោក សម រង្ស៊ី សរសេរ​លិខិត​ទៅ​កាន់​លោក ហ៊ុន សែន ដូច​លោក កឹម សុខា នោះ?

លោក សុខ ឥសាន ថា វា​អាស្រ័យ​លើ​លោក ហ៊ុន សែន ប៉ុន្តែ​លោក​ហាក់​មិន​មាន​សង្ឃឹម​នោះ​ឡើយ ព្រោះ​លោក​ថា លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ថា បើ​គាត់​ចុះហត្ថលេខា​សុំ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី លោក ហ៊ុន សែន នឹង​កាត់​ដៃ​ខ្លួន​ឯង​ចោល។

នៅ​ពេល​សួរ​ពី​ជោគវាសនា​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​វិញ លោក សុខ ឥសាន ឆ្លើយ​ថា គេ​ត្រូវ​ធ្វើ​តាម​នីតិវិធី។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​សភា លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា បក្ស​ប្រឆាំង​ស្វាគមន៍​ចំពោះ​ការ​លើកលែង​ទោស​នេះ។ លោក​ថា នេះ​ជា​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ការ​ស្នើ​លោក ហ៊ុន សែន ឲ្យ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក កឹម សុខា គឺ​ពុំ​មាន​ចង​លក្ខខណ្ឌ​អ្វី​ឡើយ៖ «គ្មាន​លក្ខខណ្ឌ គ្មាន​អ្វី​ទាំង​អស់ ដូច្នេះ​ជា​ដំណោះស្រាយ​នយោបាយ​មួយ​រវាង​ខ្មែរ និង​ខ្មែរ ហើយ​យើង​កំពុង​ទទួល​បាន​ទូរស័ព្ទ​ពី​ក្រុម​គ្រួសារ​សកម្មជន សង្គម​ស៊ីវិល គ.ជ.ប លោក​ចង់​ឲ្យ​ឯកឧត្ដម កឹម សុខា ព្យាយាម​រក​ដំណោះស្រាយ​តាម​រយៈ​ការ​ព្រះរាជទាន​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​ដែរ។ យើង​នឹង​ព្យាយាម​ខិតខំ យើង​មាន​ជំនឿ​ក្នុង​ដំណោះ​ស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​បញ្ហា​នេះ»

​លោក កឹម សុខា បាន​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ខែ​ឧសភា ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច។ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា លោក កឹម សុខា នឹង​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​វិញ​ក្នុង​ពេល​ឆាប់ៗ។ លោក​ក៏​គ្រោង​ចុះ​មូលដ្ឋាន និង​ចូលរួម​ប្រជុំ​សភា​ក្នុង​នាម​ជា​តំណាងរាស្ត្រ។

​បើ​ទោះ​ជា​ត្រូវ​លើកលែងទោស​នៅ​ពេល​នេះ​ក្ដី លោក កឹម សុខា មិន​ទាន់​រួច​ខ្លួន​ពី​បណ្ដឹង​ចោទ​ប្រកាន់​នៅ​តុលាការ​មួយ​ចំនួន​ទៀត​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ខ្សែអាត់​សំឡេង​ដែល​គេ​ថា ជា​ការ​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ នោះ​ទេ។ ក្នុង​នោះ​គឺ​មាន​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ចោទ​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍  និង​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ប្ដឹង​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក កឹម សុខា ចំនួន ៣​សែន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល