ព្រះមហាក្សត្រកាលពីថ្ងៃទី១៦ ខែមេសា បានឡាយព្រះហត្ថលេខាដាក់ឱ្យចូលនិវត្តន៍ឧត្ដមចៅក្រម និងឧត្ដមព្រះរាជអាជ្ញាចំនួន ១៤ រូប ដែលមានឋានន្តរសក្ដិចាប់ពីថ្នាក់លេខមួយដល់ថ្នាក់លេខ៥ ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី៣០ ខែមេសា នេះតទៅ។
ឧត្ដមចៅក្រម និងឧត្ដមព្រះរាជអាជ្ញាទាំង ១៤ រូប មិនមែនជាចៅក្រម និងព្រះរាជអាជ្ញាណាមួយ ដែលសកម្មក្នុងការចេញដីកាចាប់ខ្លួន និងឃុំខ្លួនសកម្មជននយោបាយនិងសកម្មជនសង្គមស៊ីវិលកន្លងមកទេ ពួកគេមិនសូវលេចមុខក្នុងសង្គមឡើយ។
សង្គមស៊ីវិលស្វាគមន៍ចំណាត់ការរបស់ព្រះមហាក្សត្រនេះ។ អនុប្រធានអង្គការលីកាដូទទួលបន្ទុកសិទ្ធិមនុស្សលោក អំ សំអាត មានប្រសាសន៍ថា ចៅក្រម និងព្រះរាជអាជ្ញា និងលើសអាយុគួរតែត្រូវព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ ដើម្បីចៀសវាងការពន្យាពេលចូលនិវត្តន៍៖ «បើតាមខ្ញុំដឹង ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់នេះ សុទ្ធតែមានវ័យចំណាស់ទៅហើយ បើតាមខ្ញុំធ្លាប់ស្គាល់ខ្លះ វាល្មមដល់ពេលចូលនិវត្តន៍ហ្នឹងហើយ។ ប៉ុន្តែទោះជាយ៉ាងណា ចៅក្រម និងព្រះរាជអាជ្ញា ប្រសិនបើដល់អាយុចូលនិវត្តន៍ហើយគួរតែឱ្យចូលនិវត្តន៍ កុំពន្យារនៃការចូលនិវត្តន៍។ អីចឹងប្រសិនបើខ្លះពន្យារការចូលនិវត្តន៍បាន ខ្លះពន្យារមិនបានវាជារឿងមួយមិនត្រឹមត្រូវទេ។ អីចឹងឱ្យតែដល់ពេលនិវត្តន៍ត្រូវចូលទាំងអស់គ្នា អាហ្នឹងបានវាមានតម្លាភាព»។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យមួយសម្រេចឱ្យចៅក្រម និងព្រះរាជអាជ្ញាចំនួន ៦រូបចូលនិវត្តន៍ ក្នុងនោះមានព្រះរាជអាជ្ញា សុខ រឿន និង លោក ហ៊ីង ប៊ុនជា ដែលមានឈ្មោះលេចធ្លោក្នុងការចេញដីកាបង្គាប់ឱ្យចូលខ្លួនមកបំភ្លឺក្នុងតុលាការក្រុងភ្នំពេញទាក់ទិននឹងសំណុំរឿងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិលកាលពីអំឡុងឆ្នាំ២០០៥ ពាក់ព័ន្ធបញ្ហាដកបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។