លោក គង់ គាំ នឹង​កូន​ប្រុស​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​ផ្លូវ​ការ​ហើយ

ដោយ ហេង រស្មី
2019.01.09
គង់ គាំ ៦២០ ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា មក​ពី​គណបក្ស សម រង្ស៊ី លោក គង់ គាំ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អតីត​មន្ត្រី​គណបក្ស​លោក សម រង្ស៊ី ព្រមទាំង​កូន​ប្រុស​ជា​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ ទោះ​បី​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ស្នើ​កុំ​ឲ្យ​សុំ​ការ​លើក​លែង​ទោស ព្រោះ​គ្រាន់​តែ​ជា​ល្បិច​លោក ហ៊ុន សែន ក៏​ដោយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា រហូត​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​តិច​តួច​តែ​ប៉ុណ្ណោះ ដែល​បាន​សុខ​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​តាម​ការ​អូស​ទាញ​របស់​របប​ក្រុង​ភ្នំពេញ។

លោក គង់ គាំ អតីត​មន្ត្រី​គណបក្ស​លោក សម រង្ស៊ី ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ឈ្មោះ​ គង់ បូរ៉ា នៅ​ថ្ងៃ​ពុធ​ទី៩ មករា ​នេះ​បាន​សម្រេច​ព្រមៗ គ្នា​ដាក់ពាក្យ​ជា​ផ្លូវ​ការ​ទៅ​ក្រសួង​មហាផ្ទៃ​​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ក្នុង​ខណៈ​ពេល​ដែល​កូន​ប្រុស​ម្នាក់​ទៀត​ជា​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ គង់ សភា ដែល​កំពុង​ភៀស​ខ្លួន​នៅ​បរទេស ប្រកាស​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​សុំ​ការ​លើក​លែង​ទោស។

លោក គង់ ប៉ូរ៉ា ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​យក​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ឡើង​វិញ​ហើយ។​តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​គណបក្ស​ណាមួយ​ដែល​លោក​គាំទ្រ​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក​ គង់ គាំ បាន​ប្រកាស​រួច​ហើយ​ថា នឹង​ធ្វើ​ជាទី​ប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​ឆន្ទៈ​ខ្មែរ។

លោក​ គង់​ បូរ៉ា​ បាន​អះអាង​ថា​ដោយ​សារ​តែ​លោក​មិន​ចង់​នៅ​ក្រៅ​ឆាក​នយោបាយ​បាន​ជា​លោក​សម្រេច​ចិត្ត​តាម​ការ​អូសទាញ​ពី​របប​ក្រុង​ភ្នំពេញ៖ «ខ្ញុំ​មិន​អាច​នៅ​ក្រៅ​ច្បាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​ព្រោះ​វា​ជា​ឱកាស​តែមួយ​គត់​ដែល​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​សម្រាប់​អ្នក​នយោបាយ​ជាប់​បម្រាម​ទាំង​១១៨​នាក់​នៃ​អតីត​គណបក្ស​ សង្គ្រោះ​ជាតិ​ ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ហើយ​ខ្ញុំ​មិន​ទាន់​ចាប់​អារម្មណ៍​នឹង​ការ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​ណា​ផ្សេង​ទៀត​នៅ​ឡើយ​ទេ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២​ និង​ ២០២៣»

អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក​ គង់ គាំ​ មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។

លោក គង់ គាំ មាន​កូន​ប្រុស​បី​នាក់​ដែល​សុទ្ធ​សឹង​ជា​អ្នក​នយោបាយ គឺ​លោក គង់ សភា គង់ បូរ៉ា​ អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ និង​លោក​ គង់​ មូនីកា​ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ។​

អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក​ គង់ សភា នៅ​តែ​គាំទ្រ​នយោបាយ​របស់​លោក សម រង្ស៊ី។

មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​។លោក​ គង់ សភា​បាន​បញ្ជាក់​ជំហរ​ថា​លោក​មិន​ដាក់​ទេ​ ពី​ព្រោះ​លោក​គោរព​សិទ្ធិ​ឆន្ទ:​ម្ចាស់​ឆ្នោត​ដែល​បាន​បោះឆ្នោត​ឲ្យ​រូប​លោក​ជា​អ្នក​តំណាង​គណបក្ស សង្គ្រោះ​ជាតិ។ លោក​បាន​បញ្ជាក់​ថា លោក និង​គណបក្ស​របស់​លោក​គ្មាន​កំហុស​ទេ​ ហើយ​អ្នក​ដែល​មាន​កំហុស ​គឺ​តុលាការ​តេឡេ​ ដែល​បាន​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ​ដោយ​គ្មាន​មូលហេតុ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ ​លោក​ អេង ឆៃអ៊ាង​ បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រមាណ​មិន​ដល់ ​៥%​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​១១៨​នាក់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា អ្នក​នយោបាយ​ណា ដែល​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទុក​អោយ​ប្រជា​ពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​ចុះ៖ «ព្រោះ​អា​ហ្នឹង​វា​ជា​សិទ្ធិ​បុគ្គល​ប៉ុន្តែ​គ្រាន់តែ​ថា​ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ​ មួយ​រូប​ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ​ ទាំង​អស់​យើង​គោរព​នូវ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ពី​ព្រោះ​ប្រជាពលរដ្ឋ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​យើង​គឺ​លោក​ជឿជាក់​ជា​អ្នក​ដែល​ស្មោះត្រង់​ជា​មួយ​ហ្នឹង​គាត់»

អ្នក​វិភាគ​ឯករាជ្យ​លោក​ គឹម សុខ​ បាន​បញ្ជាក់​ថា​ លោក គង់ គាំ​ ដោយ​សារ​ជា​គ្មាន​ជម្រើស​នឹង​ខ្លាច​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ទើប​សម្រេច​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​លោក​ ហ៊ុន សែន​ គូស​ឲ្យ​ដើរ។

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះ​បរមនាថ នរោត្ដម សីហមុនី ​កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ២០១៩​ ទ្រង់​បាន​​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ​ មាត្រា​៤៥ ថ្មី (ស្ទួន១) និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​។

សេចក្ដី​ស្នើ​ច្បាប់​នេះ បាន​បន្ថែម​នូវ​វាក្យ​ខណ្ឌ​មួយ​ថ្មី​ក្នុងមាត្រា៤៥ ថ្មី (ស្ទួន១) ដោយ​បាន​ចែង​ថា «បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។