មេធាវី​ប្ដឹង​ទៅ​តុលាការ​កំពូល​ស្នើ​​អនុញ្ញាត​ឲ្យ​លោក អៀ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ យ៉ង ចាន់តារា
2022.08.13
Share on WhatsApp
Share on WhatsApp
មេធាវី​ប្ដឹង​ទៅ​តុលាការ​កំពូល​ស្នើ​​អនុញ្ញាត​ឲ្យ​លោក អៀ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន សកម្មជន​គណបក្ស​ភ្លើងទៀន លោក អៀ ចាន់ណា។
RFA

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បក្ស​ភ្លើងទៀន លោក អៀ ចាន់ណា សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ស្នើ​អនុញ្ញាត​ឲ្យ​លោក ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ មន្ត្រី​សង្គម​ស៊ីវិល រំពឹង​ថា តុលាការ​កំពូល​អនុញ្ញាត​សកម្មជន​នយោបាយ​រូប​នេះ​អាច​នៅ​ក្រៅ​ឃុំ ប្រសិន​បើ លោក អៀ ចាន់ណា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​នៅ​ក្រៅ​ឃុំ។

អ្នកឃ្លាំមើល​លើកឡើង​ថា បើ​ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​មិន​ស្ថិត​ក្រោម​គំនាប​នយោបាយ​ទេ តុលាការ​ជាន់ខ្ពស់​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ លោក អៀ ចាន់ណា អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើសុំ។

មេធាវី​ការពារ​ក្ដី លោក អៀ ចាន់ណា គឺ​លោក ជូង ជូងី ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​បាន​ត្រៀមខ្លួន​ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ​ដើម្បី​ការពារ​សិទ្ធិ​កូនក្ដី​របស់​លោក​។ លោក​មេធាវី​លើកឡើង​ទៀត​ថា លោក អៀ ចាន់ណា បាន​ចូល​មក​ប្រទេស​កម្ពុជា កាលពី​ខែ​ចុង​ឧសភា ដើម្បី​អនុវត្ត​សិទ្ធិ​នយោបាយ មិនមែន​ក្នុង​បំណង​បង្ក​អសន្តិសុខ​សង្គម​នោះ​ទេ ដូច្នេះ​លោក​ជំរុញ​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ គួរ​ទម្លាក់​ចោល ការចោទប្រកាន់​ពី​លោក អៀ ចាន់ណា៖ «ប្ដឹង​សុំ​ដោះលែង​នៅ​ក្រៅ​ឃុំ សាលាឧទ្ធរណ៍​គេ​មិន​ព្រម​ដោះលែង​ទេ ហើយ​យើង​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​រួចហើយ នីតិវិធី​បន្ទាប់ នឹង​តតាំង​ក្ដី​ទាមទារ នៅ​កំពូល​ស្នើ​ទៅ​កំពូល​សម្រេច​ដោះលែង​នៅ​ក្រៅ ហើយ​មួយទៀត រឿង​អង្គសេចក្ដី យើង​នៅតែ​បន្ត​ការពារ​សិទ្ធិ​គាត់ (អៀ ចាន់ណា) ការ​ការពារ​សិទ្ធិ​គាត់​តទៅ​ទៀត​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ»

មេធាវី​ស្វះ​ស្វែងរក​យុត្តិធម៌​ពី​តុលាការ​កំពូល​នេះ ក្រោយ​ពេល​សាលាដំបូង​រាជធានី ភ្នំពេញ និង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​លោក អៀ ចាន់ណា អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើ​សុំ។

ចំណែក​ប្រពន្ធ​លោក អៀ ចាន់ណា លោកស្រី ទូច ធីតា ដែល​កំពុង​រស់នៅ​ប្រទេស​ន័រវែស (Norway) ថា លោកស្រី​គ្មាន​ជំនឿ​ថា តុលាការ​កម្ពុជា​អាច​ផ្ដល់​យុត្តិធម៌ ជូន​ប្ដី​លោកស្រី​នោះ​ឡើយ។​

លោកស្រី​គ្រោង​ពឹងពាក់​មេធាវី​នៅ​ប្រទេស​ន័រវែស​ដើម្បី​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​ប្ដី​លោកស្រី និង​ប្ដឹង​ទាមទារ​ស្នើ​បញ្ជូន លោក អៀ ចាន់ណា មក​កាត់ក្ដី ឬ​ជាប់ឃុំ នៅ​ប្រទេស​ន័រវែស​វិញ ព្រោះ​លោក អៀ ចាន់ណា មាន​សញ្ជាតិ​ន័រវែស។

វិទ្យុ​អាស៊ីសេរី​អាច​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ​បន្ថែម​ពី​ប្រពន្ធ​លោក អៀ ចាន់ណា បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​សីហា។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់ និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា តុលាការ​គួរ​អនុញ្ញាត​ឲ្យ​លោក អៀ ចាន់ណា អាច​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បើ​សកម្មជន​នយោបាយ​រូប​នេះ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​។ លោក​បន្ត​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស ភ្លើងទៀន​រូប​នេះ ក្នុង​ពេល​លោក អៀ ចាន់ណា កំពុង​អនុវត្ត​សិទ្ធិ​នយោបាយ នឹង​ធ្វើ​ឲ្យ​មានការ​រិះគន់​ថា ការ​អនុវត្ត​វិធាន​ផ្លូវច្បាប់​នេះ ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ៖ «ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ដែរ​ណា កាលណា​យើង​ដាក់​សម្ពាធ​លើ​សកម្មជន​នយោបាយ ដោយសារ​មាន​ហេតុផល​ថា គាត់​(លោក អៀ ចាន់ណា) មានរឿង​ពីមុន​មក​គណបក្ស​នេះ​គណបក្ស​នោះ»

ទាក់ទង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​ធ្វើ​សកម្មភាព​របស់​លោក អៀ ចាន់ណា ដែល​ទៅ​ចូលរួម ជាមួយ​គណបក្ស​ភ្លើងទៀន មិន​ខុសច្បាប់​ទេ​។ ទោះ​យ៉ាង​ណា​លោក​ចោទ​ប្រកាន់​ថា លោក អៀ ចាន់ណា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​លោក​ហៅថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​កាលពី​អំឡុង​ឆ្នាំ​២០២០៖ «កាលពី​គាត់​(​លោក អៀ ចាន់ណា​) ធ្វើ​សកម្មភាព​យុត្តិធម៌ ប៉ុន្តែ​គេ​ចាប់​ដាក់​ពន្ធនាគារ​គាត់​ថា អយុត្តិធម៌ នេះ​ជា​រឿង​ធម្មតា។ ខ្ញុំ​មិន​វាយតម្លៃ វះកាត់​ថា ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​ជូន​យោបល់​ថា សមត្ថកិច្ច​គេ​មាន​ហេតុផល​របស់​គេ​បាន​គេ​ចាប់»

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ លោក អៀ ចាន់ណា ពី​បទ​រួមគំនិត​ក្បត់ ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​ឆ្នាំ​២០២០​និង​ពេល​បន្តបន្ទាប់ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ការ​ចាប់ខ្លួន លោក អៀ ចាន់ណា ក្នុង​អំឡុងពេល​សកម្មជន​រូប​នេះ បាន​ចូលរួម​យុទ្ធនាការ​រក​សំឡេង​ឲ្យ​គណបក្ស​ភ្លើងទៀន កាលពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥។ ពេល​ចាប់ខ្លួន​នោះ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​នោះ​ទេ ហើយ​តុលាការ​ទើប​បង្ហាញ​ដីកា​មួយថ្ងៃ​ក្រោយ​ការ​ចាប់ខ្លួន គឺ​កាល​ពី​ថ្ងៃ​៣០ ខែ​ឧសភា​។ បច្ចុប្បន្ន​លោក អៀ ចាន់ណា កំពុង​ជាប់ឃុំ​នៅ​គុក​ព្រៃ​ស ដែល សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ដៃ​ចៅក្រម​ស៊ើបសួរ។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​ចាត់​ទុកថា ការ​ចាប់​ឃុំខ្លួន​លោក អៀ ចាន់ណា នេះ​មិន​ខុសពី​សកម្មជន​នយោបាយ​ផ្សេងទៀត​ទេ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ផ្ទុយ​គោលការណ៍​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ជំទប់​ទី​២​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​ចោទ​មេឃុំ​បក្ស​កាន់អំណាច​ថា រើសអើង​និន្នាការ​នយោបាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។