មេធាវី​​ស្នើ​តុលាការ​​បន្ថែម​​​ថ្ងៃ​​ជំនុំជម្រះ​ក្ដី​​លោក​ កឹម សុខា​ យ៉ាង​​តិច​​ ៣​ថ្ងៃ​​ក្នុង​​មួយ​​សប្ដាហ៍​

ដោយ សុជីវី
2022.02.22
មេធាវី​​ស្នើ​តុលាការ​​បន្ថែម​​​ថ្ងៃ​​ជំនុំជម្រះ​ក្ដី​​លោក​ កឹម សុខា​ យ៉ាង​​តិច​​ ៣​ថ្ងៃ​​ក្នុង​​មួយ​​សប្ដាហ៍​ លោក កឹម សុខា ពេល​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

មេធាវី​ស្នើ​តុលាការ​បន្ថែម​ថ្ងៃ​ជំនុំជម្រះក្ដី លោក​ កឹម សុខា​ ឲ្យ​បាន​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឬ​យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ពន្លឿន​​​ក្នុង​ការ​ផ្ដល់​យុត្តិធម៌ ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​សវនាការ​នេះ​សង្កេត​ឃើញ​ថា ព្រះរាជអាជ្ញា​ និង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា នៅតែ​តឹង​សរសៃ​ក​ដាក់​គ្នា​ទាក់ទង​រឿង​ការ​ដាក់​ភស្តុតាង​រហូត​ពេល​ខ្លះ​ត្រូវ​ចៅក្រម​ធ្វើ​អន្តរាគមន៍។

សំណើ​មេធាវី​ការពារ​ក្ដី​ស្នើ​តុលាការ​បន្ថែម​ថ្ងៃ​ជំនុំជម្រះក្ដី​លោក កឹម សុខា ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សន្យា​នឹង​លើក​យក​ទៅ​ពិចារណា ដែល​ខុស​ពី​លើក​មុនៗ ដែល​តុលាការ​តែង​ឆ្លើយ​បដិសេធ។

Kem Sokha after from PP Court on 23_02_2022.jpg
លោក កឹម សុខា ​ប្រធាន​គណបក្សសង្គ្រោះជាតិបានលើកដៃលាអ្នកគាំទ្របន្ទាប់ពីចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

មេធាវី​ការពារ​ក្ដី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ ជា​មនុស្ស ស្អាតស្អំ ដូច្នេះ លោក​នឹង​ទទួល​បាន​យុត្តិធម៌ នៅ​ពេល​តុលាការ​បញ្ចប់​ការ​ជំនុំជម្រះ។ ទោះ​យ៉ាង​ណា​ក្ដី បើ​សំណុំរឿង​នេះ​មាន​ការ​ពន្យារ ឬ​ការ​យឹតយ៉ាវ ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​លោក កឹម សុខា។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា គឺ​លោក ចាន់ ចេន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា រឿង​ក្ដី​នេះ បាន​អូស​បន្លាយ​ពេល​ជាង ៤ឆ្នាំ​មក​ហើយ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ និង​ផល​ប្រយោជន៍ កូនក្ដី​របស់​លោក។ លោក​រំពឹង​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម កូយ សៅ នឹង​ឆ្លើយ​តប​ជា​វិជ្ជមាន​លើ​សំណើ​នេះ៖ «រឿង​នេះ​យើង​បាន​សំណូមពរ​តាំង​ពី​ចាប់​ផ្ដើម​ដំបូង ប៉ុន្តែ​អំបិញមិញ​នេះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​មាន​ប្រសាសន៍​ក្នុង​អង្គ​សវនាការ​ដែរ​ថា គាត់​នឹង​ពិនិត្យ​នូវ​សំណើ​របស់​យើង​ជា​សហ​មេធាវី ក៏​ដូច​ជា​លទ្ធភាព​របស់​តុលាការ»

Lawyer Chann Chen on 23_02_2022.jpg
​លោក​ ​ចាន់ ​ចេន ​សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

សវនាការ​ជំនុំជម្រះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ព្រឹក​​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​ ជា​សវនាការ​លើក​ទី៣១ តុលាការ​បាន​ពិភាក្សា​លើ​ភស្តុតាង​ចំនួន៥ គឺ​វីដេអូ ឬ​ឯកសារ​លេខ១៦ ដល់​លេខ២០។ ក្រុម​មេធាវី​បាន​ព្យាយាម​ដាក់​ភស្តុតាង​ដោះ​បន្ទុក​លោក កឹម សុខា រួម​មាន​ឯកសារ​ស្ដី​ពី​ភាព​មិន​ប្រក្រតី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ..ប កាលពីឆ្នាំ២០១៣ ដែល​ជា​ការ​រក​ឃើញ​របស់​អង្គការ​តម្លាភាព និង​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ដែល​តាមដាន​សវនាការ​នេះ​កត់​សម្គាល់​ឃើញ​ថា ស្ថានភាព​ក្នុង​សវនាការ​គឺ មាន​ភាព​តានតឹង​រវាង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ជា​ញឹកញយ​ដោយ​មាន​ការ​ប្រើ​ពាក្យ​ចាក់​ដោត​ ឌឺដង​គ្នា​ និង​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពេល​ខ្លះ​គឺ​សំឡេង​បន្លឺ​ខ្លាំងៗ ដែល​រូបភាព​នេះ មិន​គួរ​បន្ត​កើត​ឡើង​​​ក្នុង​តុលាការ​ឡើយ។ ចំពោះ​ការ​អូស​បន្លាយ​ពេល​វេលា​ជំនុំជម្រះ​ក្ដី​លោក កឹម សុខា វិញ អ្នកស្រី ចក់ សុភាព យល់​ថា ជា​ការ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ខាង​នយោបាយ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ដូច​រាល់​ដង​ដែរ​សវនាការ​លោក កឹម សុខា ​សប្ដាហ៍​នេះ​មាន​ការ​ចូលរួម​តាមដាន​ពី​តំណាង​ស្ថានទូត​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​ស្ថានទូត​​អូស្ត្រាលី ក្រៅ​ពី​ក៏​មាន​តំណាង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នក​សារ​ព័ត៌មាន ហើយ​ក៏​មាន​សិស្ស​ចៅក្រម​ចូលរួម​ឃ្លាំមើល​ផង​ដែរ។

សវនាការ​នេះ​នឹង​បន្ត​ជំនុំជម្រះ នៅ​ថ្ងៃ​ទី២ ខែមីនា​ខាង​មុខ​ទៀត។

Kem Sokha after from PP Court on 23_02_2022_01.jpg
លោក កឹម សុខា ​ប្រធាន​គណបក្សសង្គ្រោះជាតិបានលើកដៃលាអ្នកគាំទ្របន្ទាប់ពីចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ចំណែក​នៅ​ក្រៅ​របង​តុលាការ ក៏​មាន​អ្នក​គាំទ្រ​លោក កឹម សុខា និង​ការ​រឹត​បន្តឹង​សន្តិសុខ​របស់​ក្រុម​អាជ្ញាធរ​ផង​ដែរ។ លើក​នេះ​ពេល​ចប់​សវនាការ​ម៉ោង​ជិត ១២ថ្ងៃ​ត្រង់​សមត្ថកិច្ច​ការពារ​សន្តិសុខ​នៅ​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ឡាន​លោក កឹម សុខា ចេញ​តាម​ទ្វារ​មុខ ដែល​ខុស​ពី​លើក​មុនៗ សន្តិសុខ​តម្រូវ​ឲ្យ​លោក កឹម សុខា ចេញចូល​តាម​ទ្វារ​ក្រោយ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​តាម​សវនាការ​នេះ​ដែរ​នោះ ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោក​នៅ​តែ​សង្កេត​ឃើញ​តាម​រយៈ​ភស្តុតាង​របស់​មេធាវី​ការពារ​ក្ដី​តាំង​ពី​ដើម​រហូត​ដល់​ពេល​នេះ​គឺ នៅ​តែ​បង្ហាញ​ថា លោក កឹម សុខា ចង់​មាន​ការ​ផ្លាស់ប្ដូរ ដោយ​ការ​បោះ​ឆ្នោត​មិនមែន​ផ្លាស់ប្ដូរ​ដោយ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ទោះ​ពេល​មាន​ការ​បន្ថែម​ថ្ងៃ​ជំនុំជម្រះ ក៏​ពិបាក​រក​ទី​បញ្ចប់​បាន​ដែរ បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​នោះ៖ «បើ​ជា​ថែម​ពេល​វេលា ក៏​មិន​ទាន់​អាច​ធ្វើ​ឡើង​ឆាប់​រហ័ស​ដែរ ប៉ុន្តែ​អ្វី​ដែល​អាច​ឡើង​​ឆាប់​រហ័ស​ទៅ​បាន​នោះ​ គឺ​ធ្វើ​ឡើង​ដោយ​ការ​បញ្ចប់​ជម្លោះ​ដោយ​អ្នក​នយោបាយ​ដោយ​មិន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ»

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​រដ្ឋាភិបាល និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា តែង​លើក​ឡើង​ដូចៗ គ្នា​សំណុំរឿង​ស្ថិត​ក្នុង​ដៃ​តុលាការ​មិន​អាច​មាន​ស្ថាប័ន​ណា​ជ្រៀតជ្រែក​បាន​ឡើយ។

កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឃើញ​សំណុំរឿង​នេះ ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ២០២៤។

ទោះ​ជា​យ៉ាង​ណា ក៏​ដោយ អ្នកវិភាគ​នយោបាយ​ជើង​ចាស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ សរសេរ​លើក​ហ្វេសប៊ុក​លោក​ថា ការ​ពន្យារ​ពន្យឺត​ការ​ជំនុំជម្រះ សំណុំ​រឿង​លោក កឹម សុខា ជា​ការ​​រំលោភ​សិទ្ធិ​មួយ​ដ៏​សំខាន់​របស់​លោក កឹម សុខា។ លោក​បណ្ឌិត​រំលឹក​ថា សិទ្ធិ "ត្រូវ​បាន​ជំនុំជម្រះ​ដោយ​ឥត​ពន្យារ​ពេល​យូរ​ហួស" មាន​ធានា​នៅ​ក្នុង​មាត្រា១៤.() នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។ លោក​បន្ត​ទៀត កាន់​តែ​ខុស​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ បើ​ការ​ពន្យារ​ពន្យឺត​នេះ​មាន​ការ​គ្រោង​ទុក​ជាមុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។