ក្រុម​មេធាវី​​ស្នើ​សុំ​ចៅក្រម​ស៊ើបសួរ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា

ដោយ សេក បណ្ឌិត
2019.11.19
កឹម សុខា ២០១៩ ៦២២ លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។
រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ដាក់ពាក្យ​ស្នើ​សុំ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ បន្ទាប់​ពី​ចៅក្រម​បាន​ប្រកាស​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​អង្កេត​សំណុំ​រឿងនេះ​កាល​ពី​ថ្ងៃ​ទី១៥ វិច្ឆិកា​កន្លង​ទៅ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា លោក កឹម សុខា ទំនង​ជាមិន​អាច​រួច​ខ្លួន​នៅ​ដំណាក់​កាល​ស៊ើបសួរ​បាន​ទេ ព្រោះ​លោក ហ៊ុន សែន បាន​ប្រកាស​ទុក​ជា​មុន​ហើយ​ថា សំណុំ​រឿង​នេះ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។

ក្រុម​មេធាវី​ស្នើ​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​​ប្រកាន់​លើ​លោក កឹម សុខា ទាំង​​ស្រុង​ និង​ជា​ស្ថាពរ ដើម្បីឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង​វិញ។

ពាក្យ​ស្នើ​សុំ​លើ​ក​លែង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា បង្ហាញ​ថា ក្រុម​មេធាវី​បាន​លើក​យក​ទាំង​អង្គហេតុ និង​អង្គច្បាប់ មក​ធ្វើ​​ជា​មូលដ្ឋាន​ដាក់​ជូន​ទៅ​ចៅក្រម​ស៊ើបសួរ។

អំពី​អង្គហេតុ​ ក្រុម​មេធាវី​លោក កឹម សុខា បាន​លើក​ឡើង​ថា ចៅក្រម​ស៊ើបសួរ​បាន​ប្រើ​រយៈពេល​ជាង ២ឆ្នាំ​ក្នុង​ការ​ស៊ើបអង្កេត​រឿង​ក្តីនេះ លើ​សពី​ការ​កំណត់​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ការ​ស៊ើបអង្កេត​សរុប​ត្រូវ​ប្រើ​ពេល​ត្រឹម១៨ ខែ​ប៉ុណ្ណោះ ហើយ​ការ​ស៊ើបអង្កេត​ទៀត​សោត​ក៏​មិន​បាន​រកឃើញ​មាន​រដ្ឋ​បរទេស ឬ​ជន​បរទេស ឬ​អ្នក​សម​គំនិត​ ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នោះដែរ។ ក្រុម​មេធាវី​ថ្លែង​ទៀត​ថា លោក​ កឹម សុខា ជា​អ្នក​នយោបាយ​ដែល​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ធំ និង​​ប្រកាន់​ខ្ជាប់​គោល​​ការណ៍​អហិង្សា​ នីតិរដ្ឋ​ ប្រជាធិបតេយ្យ និង​​គោរព​រដ្ឋ​ធម្មនុញ្ញ ជាពិសេស​លោក​តែង​មាន​ការ​អត់​ធ្មត់​ ទោះ​បី​ជា​លោក​កំពុង​បាត់​បង់​សិទ្ធិ​នយោបាយ និង​សេរីភាព​ក៏​ដោយ​។ ម្យ៉ាងវិញ​ទៀត ក្រុម​មេធាវី​ថា ការ​លើក​លែង​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ផ្តល់​សេរីភាព​ពេញលេញ​ឡើង​វិញ​ដល់​រូប​លោក គឺ​ជា​ការ​រួម​ចំណែក​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ផ្តល់​ឱកាស​ឱ្យ​អ្នក​នយោបាយ​ជជែក​គ្នា ដើម្បី​ប្រយោជន៍​ជាតិ និង​កិត្តិយស​រវាង​ខ្មែរ​ និង​ខ្មែរ​ផង​ដែរ។

ទាក់​ទង​នឹង​អង្គ​ច្បាប់​វិញ ក្រុម​មេធាវី​លោក កឹម សុខា បាន​លើក​យក​មាត្រា​ច្បាប់​មួយ​ចំនួន​​មក​ធ្វើ​ជា​មូលដ្ឋាន ក្នុង​នោះ រួម​មាន មាត្រា៣៨ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ចែង​ថា “វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ” និង​មាត្រា​៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែង​ថា “ពុំ​មាន​បទល្មើស​ទេ ប្រសិន​បើ​គ្មាន​ចេតនា​ប្រព្រឹត្ត” ហើយ​យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​បាន​ដោយ​ឯកឯង។

ក្រុម​មេធាវី​ លោក កឹម សុខា អះអាងថា តាម​គោល​ការណ៍​ច្បាប់ ការ​ផ្តន្ទាទោស​ជន​ណាម្នាក់​ ត្រូវ​ផ្អែក​លើ​ធាតុផ្សំ​នៃ​បទល្មើស​ចាំ​បាច់​ចំនួន៣ គឺ​ធាតុ​ច្បាប់ អំពើ​ប្រព្រឹត្ត​ និង​ចេតនា​ប្រព្រឹត្ត ហើយ​បើ​ខ្វះ​ធាតុ​ផ្សំ​ណា​មួយ​ គឺ​មិនអាច​ផ្តន្ទាទោស​បាន​ឡើយ។ ក៏​ប៉ុន្តែសំណុំ​រឿង​លោក​ កឹម សុខា នេះ ក្រុម​មេធាវី​ពិនិត្យ​ឃើញ​ថា ខ្វះ​ធាតុ​ផ្សំ​ពីរ​សំខាន់ គឺ​អំពើ​ប្រព្រឹត្ត និង​​ចេតនា​ប្រព្រឹត្ត។ ក្រុម​មេធាវី​បក​ស្រាយ​ថា បើ​ស្តាប់​ពី​គោល​បំណង​នៃ​ការ​សំណេះ​សំណាល​របស់​លោក កឹម ជាមួយ​ក្រុម​អ្នក​គាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​នោះ លោក​គ្មាន​ចេតនា​ប្រព្រឹត្ត​ហិង្សា​ឡើយ ហើយ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា មាន​បទ​ល្មើស​ចាប់​ពី​ពេល​សង្ស័យ និង​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​លោក​ កឹម សុខា ក៏​មិន​ឃើញ​មាន​អំពើ​ប្រព្រឹត្ត​ស្តែង​ចេញ​មក​ដែរ។ ក្រៅ​ពី​នេះ គ្មាន​ជន​បរទេស​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ថា បាន​​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក កឹម សុខា​ ឡើយ ហើយ​មេ​បក្ស​ប្រឆាំងរូប​នេះ ក៏​បាន​បដិសេធ​បទ​ចោទ និង​អង្គហេតុ​ទាំង​នោះ​រួច​ហើយ​ដែរ។

ហេតុ​ដូច្នេះ ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់ ក្រុម​មេធាវីអះអាងថា តុលាការ​មិន​អាច​ចោទ​ប្រកាន់ ឬ​ផ្តន្ទាទោស​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​បាន​ទេ ហើយ​ចៅក្រម​ស៊ើបសួរ​ត្រូវ​តែ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ​លោក គី ឫទ្ធី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទោះជាយ៉ាងណា នៅមុន​នេះ​មួយ​ថ្ងៃ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា តុលាការ​នឹង​មិន​ទមា្លក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ឡើយ ហើយ​សំណុំ​រឿង​នេះ​ត្រូវ​ប្រើ​រយៈពេល​វែង​តទៅទៀត។ លោក​បាន​សន្មតទុក​ជាមុន​ថា ចៅក្រម​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ៖ «លើក​លែង​ការ​ចោទ​ប្រកាន់ ក៏​អត់​ទេ។ អា​ហ្នឹង គឺ​រឿង​​តុលាការ​គេ​ចោទ​ប្រកាន់​រួច​ទៅ​ហើយ​តើ ហើយ​សមត្ថកិច្ច​របស់​តុលាការ​មិន​ដឹង​កាត់​ពេល​ណា អី​ពេល​ណា? គេ​គ្រាន់តែ​បិទ​ការ​ស៊ើបអង្កេត​ដើម្បី​បញ្ជូន​ទៅ​ជម្រះ​​ តែ​រឿង​ជម្រះ​ពេល​ណា​ គឺ​ជា​រឿង​របស់​តុលាការ​។ យើង​អត់​មាន​សិទ្ធិ​ទៅ​ជ្រៀត​ជ្រែក​ទេ»

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​ចៅក្រម​ស៊ើបសួរ​នេះ គឺ​ជា​ការ​បំពេញ​ទៅ​តាម​វិជ្ជាជីវៈ​របស់​​មេធាវី​ ប៉ុន្តែ​លោក​យល់​ថា អន្តរាគមន៍​នេះ​ទំនង​ជា​គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ករណី​លោក កឹម សុខា គឺ​ជា​រឿង​នយោបាយ ដែល​តម្រូវ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ជា​មុន​សិន​។ ម្យ៉ាងវិញ​ទៀត លោក​ថា ការ​ស្នើសុំ​នេះ​អាច​នឹង​មិន​មាន​​​ប្រសិទ្ធិភាព​ ដោយសារ​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចេញ​មុខ​ប្រ​កាស​ជា​សាធារណៈ​រួច​ទៅហើយ​ថា សំណុំ​រឿង​នេះ​ត្រូវ​តែ​លើក​យក​ទៅ​ជំនុំ​ជម្រះ ដូច្នេះ​​ចង់​ ឬមិន​ចង់ ​ចៅក្រម​ត្រូវតែ​អនុវត្ត​ទៅ​តាម​បទបញ្ជានោះ៖ «អត់​មាន​ការ​សម្រប​សម្រួល​ពី​រឿង​បញ្ហា​នយោបាយ​ទេ ខ្ញុំ​គិត​ថា មិន​មាន​ឥទ្ធិពល​អ្វី​ដើម្បី​ធ្វើ​ឱ្យ​រឿង​ហ្នឹង​ទៅ​តាម​ការ​ស្នើសុំ​​អ៊ីចឹង​បាន​ទេ ព្រោះ​អាហ្នឹង​តាំង​ពី​ដើម​មក​ យើង​បាន​ចាត់​ទុក​ថា វា​ជា​ជម្លោះ​នៃ​នយោបាយ។ វា​ទាល់​តែ​មានការ​​សម្បទាន​ និង​សម្រប​សម្រួល​ដំណោះស្រាយ​នយោបាយ​ អាហ្នឹង​ទើប​អាច​ធ្វើ​ទៅ​បាន»

កាល​ពីពេល​ថ្មីៗនេះ តុលាការ​ក្រុ​ងភ្នំពេញ​បាន​កែប្រែ​លក្ខខណ្ឌ​ឱ្យ​​លោក កឹម សុខា មាន​សេរីភាព​​ដើរ​ហើរ​ក្នុង​រង្វង់​ដែន​ដី​ខ្មែរ ប៉ុន្តែ​ហាម​ឃាត់​សកម្មភាព​នយោបាយ និង​តម្រូវ​ឱ្យ​​លោក​​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​​ពី​គ្រប់​សមត្ថកិច្ច។ ទោះជាយ៉ាងណា នៅ​មុន​ការ​សម្រេច​នេះ លោក កឹម សុខា បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង២ ឆ្នាំមកហើយ ទាំង​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ និង​ជាប់​ឃុំ​ក្នុង​ផ្ទះ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ (Facebook) ទាម​ទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ដោយ​សារ​លោក​ជា​បុគ្គល​ស្អាត​ស្អំ។ លោក​សង្កត់​ធ្ងន់ថា លោក​ និង​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាត់​បង់​សិទ្ធិ​សេរីភាព​នយោបាយ ត្រូវ​ការ​ដំណោះស្រាយ​ និង​យុត្តិធម៌​ពិត​ប្រាកដ។

តំណាង​រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន ដូច​ជា សហរដ្ឋ​អាមេរិក​ អឺរ៉ុប បារាំង​ អង់គ្លេស អាល្លឺម៉ង់ និង​ជប៉ុន​ ជាដើម​ ​បាន​បណ្តាក់​គ្នា​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ដល់​គេហដ្ឋាន​របស់​លោក​ នៅ​ឯខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។ ក្រុម​ប្រទេស​ទាំងនោះ បូក​រួម​ទាំង​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត​​ផង សុទ្ធ​តែ​ទាម​ទារ​ឱ្យ​របបក្រុង​ភ្នំពេញ​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​បែបប្រឌិត​ និង​មាន​ចរិត​​នយោបាយ​ប្រឆាំង​លោក កឹម សុខា និង​ផ្តល់​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ​ដល់​រូប​លោក​វិញ។

ទោះជាយ៉ាងណា អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុង​ហៃ មើលឃើញ​ថា ជោគវាសនារបស់​មេបក្ស​ប្រឆាំង​ដ៏​មាន​ថ្វី​មាត់​រូប​នេះ ស្ថិត​ក្នុង​​កណ្តាប់​ដៃ​របស់​លោក ហ៊ុន សែន ពោល​គឺ​ បើ​លោក ហ៊ុន សែន សប្បាយ​ចិត្ត​លោក កឹម សុខា នឹង​បាន​រួច​ខ្លួន​ឆាប់ៗ ប៉ុន្តែ​បើ​គាត់​មិន​សប្បាយ​ចិត្តទេ​ លោក កឹម សុខា នឹងបន្ត​គ្មាន​សិទ្ធិសេរីភាព​ពេញ​លេញតទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។