មន្ត្រីបក្សប្រឆាំង ថារបបលោក ហ៊ុន សែន អនុវត្តស្តង់ដារពីរ ជុំវិញរឿងបែកធ្លាយទំនាក់ទំនងស្នេហាលួចលាក់ ពាក់ព័ន្ធនឹងមន្ត្រីបក្សកាន់អំណាច។ ចំណែកឯ មន្ត្រីសិទ្ធិមនុស្ស សម្ដែងការព្រួយបារម្ភកាន់តែខ្លាំង ដោយសារអាជ្ញាធរ ហាក់គ្មានចំណាត់ការម៉ឺងម៉ាត់ណាមួយ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ នៃការរំលោភសិទ្ធិឯកជន។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែ តុលា ថា រម្លឹកអំពីភាពអយុត្តិធម៌ ដែលរបបនេះ ប្រព្រឹត្តមកលើមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើនរូប រួមមានទាំងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ផង ដែលត្រូវបានគេប្រឌិតព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសយ៉ាងដំណំដល់បក្សប្រឆាំង តាមរយៈខ្សែអាត់សំឡេងប្រឌិត ពីជនអនាមិក៖ «ពីព្រោះកន្លងមក ទោះបីរឿងនេះកើតមិនពិតក៏ដោយ ទៅលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ បែរជាអាជ្ញាធរហាក់បីដូចជាដុតដៃដុតជើង ហាក់បីដូចជាសស្រាក់សស្រាំក្នុងការធ្វើកិច្ចការក្នុងរឿងនេះ បើទោះបីជាសាមីខ្លួនមិនអើពើ ក៏ខំព្យាយាម ឲ្យមានក្រុមក្មេងនេះ ក្រុមយុវជននោះ ចេញមកប្ដឹង រហូតដល់ប្រើស្ថាប័នរដ្ឋ មានរដ្ឋសភាផង អង្គភាពប្រឆាំងអំពើពុករលួយផង គ្រប់ទាំងអស់ ដើម្បីបំប្លែងរឿងកិត្តិយសបុគ្គល និង រឿងឯកជននេះ ឲ្យទៅជារឿងនយោបាយ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដដែលរូបនេះ បន្តទៀតថា ពេលដែលរឿងអកុសលបែបនេះ ធ្លាក់មកលើមន្ត្រីបក្សប្រឆាំង អាជ្ញាធរមិនត្រឹមតែមិនអើពើវែកមុខរកជនល្មើស ដែលប្រឌិត និង បញ្ចេញខ្សែអាត់ទាំងនោះទេ តែបែរជាប្រឹងរកលេសដាក់កំហុស និងដាក់បន្ទុកទៅលើជនរងគ្រោះ ដែលជាមន្ត្រីបក្សប្រឆាំង ដែលរងគ្រោះពីអំពើរំលោភសិទ្ធិឯកជននេះ ថែមទៀតទៅវិញ។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំង ធ្វើឡើងក្រោយពីមានការបែកធ្លាយសារឆ្លើយឆ្លងគ្នា រវាងទំព័រហ្វេសប៊ុកឈ្មោះ ហ៊ុន ម៉ាណែត និងម្ចាស់គណនីហ្វេសប៊ុក កញ្ញា យុង ខេមរា កាលពីថ្ងៃទី៣ ខែ តុលា។
នៅក្នុងសារជាអក្សរ និងសំឡេង ដោយសម្ដែងអារម្មណ៍ក្ដុកក្ដួល អួលអាក់ដើមកផង កញ្ញា យុង ខេមរា ថ្លែងសារសព្ទសម្ដែងការខូចចិត្ត ទៅកាន់ម្ចាស់គណនីហ្វេសប៊ុកម្ខាងទៀតឈ្មោះ ហ៊ុន ម៉ាណែត កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ ព្រោះនាងអះអាងថា ខាងប្រុសជ្រើសរើសយកវិធីផ្ដាច់ស្នេហ៍ជាមួយនាងត្រឹមពេលនោះ។ ទោះជាយ៉ាងនេះ ក្តីនាងអះអាងថា នាងបំពេញតាមបំណងខាងប្រុស ដែលនាងបញ្ជាក់ថា ប្លក់នាងចោល ទោះនាងមិនដែលនឹកគិតថា នឹងមានបញ្ហាបែបនេះក៏ដោយ។ នាងអរគុណខាងប្រុសគ្រប់យ៉ាង ដែលស្រលាញ់នាង៖ «ខ្ញុំមិនដែលប៉ង ខ្ញុំមិនដែលស្រមៃចង់ឲ្យបង បញ្ចប់ទំនាក់ទំនងមួយនេះទេ។ ខ្ញុំអត់ដែលសុំឲ្យបងប្លក់ខ្ញុំចោលទេ។ ខ្ញុំអត់ដែលទេ។ ប៉ុន្តែ រយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំគិតថា គ្រប់គ្រាន់ហើយ។ ខ្ញុំយល់»។
កញ្ញា យុង ខេមរា បញ្ជាក់ថា នាងសង្ឃឹមថា ការដើរចេញ និងលះបង់របស់នាងមួយនេះ នឹងធ្វើឲ្យខាងប្រុសបានសុខ។ នាងជូនពរឲ្យខាងប្រុស ជួបជុំគ្រួសារ សូមឲ្យបុរសនោះមើលថែប្រពន្ធឲ្យល្អ ឬ អ្នកក្រោយផងបើមាន។
មុននឹងមានរឿងនេះមួយខែ គឺក្នុងខែតុលា ឆ្នាំ ២០១៦ ម្ចាស់គណនីឈ្មោះ ហ៊ុន ម៉ាណែត នោះ បានសរសេរសារលែបខាយ សុំរួមមេត្រី ជាមួយកញ្ញា យុង ខេមរា ដោយសរសេរថា “ដូចជាខានយូរហើយ”។ ប៉ុន្តែ ត្រូវកញ្ញា យុង ខេមរា តបវិញថា “កុំចង់ខុសទំនង ប្រយ័ត្នប្រពន្ធបងឯងដឹង”។
នៅក្នុងសារសន្ទនាគ្នានោះដែរ ម្ចាស់គណនីឈ្មោះ ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីព័ត៌មានទាក់ទងនឹងការផ្តល់លុយ ១លានដុល្លារ ពីលោក ហ៊ុន សែន ទៅកញ្ញា ធី សុវណ្ណថា ដើម្បីបំផ្លាញគណបក្សសង្គ្រោះជាតិនោះ។ ម្ចាស់គណនីឈ្មោះ ហ៊ុន ម៉ាណែត ថាកញ្ញា ធី សុវណ្ណថា ជានារីសំណាងជាងគេលើលោក ហើយបានប្រាប់ឲ្យកញ្ញា យុង ខេមរា គួររាប់អាននាងនោះជាមិត្តភ័ក្ដិនឹងគ្នាផងទៅ។ ប៉ុន្តែម្ចាស់គណនី យុង ខេមរា តបថា នាងមិនដែលចូលចិត្តកញ្ញា ធី សុវណ្ណថា ម្តងណានោះឡើយ ហើយក៏គ្មានថ្ងៃចូលចិត្តនាងនោះដែរ។ កញ្ញា យុង ខេមរា ថា នាងបានដឹងរឿងអ្វីៗគ្រប់យ៉ាងអស់ហើយ ហើយឲ្យលោក ហ៊ុន ម៉ាណែត ប្រយ័ត្នប្រយែងជាមួយកញ្ញា ធី សុវណ្ណថា។ នាងប្រាប់កុំឲ្យទុកចិត្តនាងនោះឲ្យសោះ។
ជុំវិញការសន្ទនា ត្រង់ចំណុចរសើបនៃប្រាក់មួយលានដុល្លារនេះ កញ្ញា យុង ខេមរា សម្ដែងការភ្ញាក់ផ្អើល ដោយសរសេរថា មិនគួរឲ្យជឿសោះ ដែលរឿងនេះ អាចបែកធ្លាយជាសាធារណៈបានបែបនេះ។ ទោះជាយ៉ាងនេះក្តី នាងផ្ញើសារអបអរសាទរ។ ភ្លាមនោះម្ចាស់គណនីឈ្មោះ ហ៊ុន ម៉ាណែត បានប្រាប់ឲ្យកញ្ញា យុង ខេមរា លុបចោលឲ្យអស់ អ្វីដែលមាននៅក្នុងការសន្ទនាគ្នានេះ។ ប៉ុន្តែ សារទាំងនោះ មិនបានលុបចោលនោះទេ រហូតដល់បែកធ្លាយ កាលពីថ្ងៃទី២ ខែតុលា កន្លងទៅនេះ។
ទោះជាយ៉ាងក្ដី ទាំងលោក ហ៊ុន ម៉ាណែត និងកញ្ញា យុង ខេមរា សុទ្ធតែប្រកាសបដិសេធ ចំពោះរឿងនេះ។ លោក ហ៊ុន ម៉ាណែត សរសេរសារតាមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ ខែតុលា ដោយចាត់ទុកព័ត៌មានដែលលេចធ្លាយនោះ ថា ជាល្បិចបំផ្លាញកិត្តិយសលោក។ លោក ហ៊ុន ម៉ាណែត បន្ថែមថា អ្នកខ្លះរកវិធីត្រឹមត្រូវបំបាក់លោកមិនបាន បែរជាបង្កើតរឿងប្លែកៗបែបនេះទៅវិញ។ លោកថា នោះជាការលាបពណ៌ និងស្នើឲ្យឈប់បានឈប់ទៅ។
ចំណែកឯកញ្ញា យុង ខេមរា ក៏ប្រកាសទាត់ចោលការសង្ស័យនោះដែរ។ កញ្ញាក៏បានសរសេរសារតាមហ្វេសប៊ុករបស់ខ្លួន និងប្រាប់ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ថា Facebook របស់នាងត្រូវបានក្រុមជនងងឹត លួចយកទៅគ្រប់គ្រងតាំងពីថ្ងៃទី២៧ ខែកញ្ញា ដែលនាងទើបតែដណ្ដើមយកមកគ្រប់គ្រងវិញ កាលពីថ្ងៃទី៤ ខែតុលា។ កញ្ញាអះអាងថា អ្នកលួចហ្វេសប៊ុករបស់កញ្ញានោះ បានកែប្រែរូប (Profile) បុរសម្នាក់ផ្សេង ទៅជាលោក ហ៊ុន ម៉ាណែត។ ទោះយ៉ាងនេះក្តី កញ្ញា យុង ខេមរា ទទួលស្គាល់ថា សារជាអក្សរ និងសារជាសំឡេងទាំងនោះ គឺពិតរបស់នាងមែន ប៉ុន្តែនាងឆ្លើយឆ្លងក្នុងលក្ខណៈឯកជន ជាមួយអ្នកផ្សេង មិនមែនជាមួយលោក ហ៊ុន ម៉ាណែត នោះទេ។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន អះអាងថា ជារឿងបុគ្គលផ្ទាល់ខ្លួន ដែលតម្រូវឲ្យអ្នករងផលប៉ះពាល់ ដាក់ពាក្យប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចាត់ការតាមនីតិវិធី ដើម្បីវែកមុខរកជនល្មើសពិតប្រាកដ។ ប៉ុន្តែ លោកប្រាប់ថា ប្រសិនបើអ្នកប្រព្រឹត្តនោះ មិននៅក្នុងប្រទេសកម្ពុជា ការស៊ើបអង្កេត ដើម្បីចាប់ជននោះមានភាពលំបាក។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត និងកញ្ញា យុង ខេមរា ដើម្បីបញ្ជាក់ថា តើអ្នកទាំងពីរបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ដើម្បីឲ្យមានការស្រាជ្រាវ និង ស៊ើបអង្កេតក្នុងករណីនេះ ឬយ៉ាងណានៅឡើយ។
ប៉ុន្តែ ក្នុងករណីរំលោភសិទ្ធិឯកជន ដែលកើតឡើងចំពោះមន្ត្រីបក្សប្រឆាំង នាពេលកន្លងមក អាជ្ញាធរតែងតែប្រញាប់ចាត់ការជំនួសជនរងគ្រោះ បើទោះបីជាគ្មានបណ្ដឹងយ៉ាងណាក្តី ដូចជាករណីលោក កឹម សុខា។ ចំណាត់ការបែបនេះ រងការរិះគន់ថា មិនមែនធ្វើដើម្បីពង្រឹងការអនុវត្តច្បាប់ទេ ប៉ុន្តែ ដើម្បីបន្ទាបបន្ថោកកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រធានបក្សប្រឆាំង។
ការរំលោភសិទ្ធិឯកជន បន្តកើតមានជាច្រើនករណីបន្តមកទៀត ដូចជាការលួចស្ដាប់ទូរស័ព្ទការសន្ទនាគ្នាជាឯកជន របស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងការបញ្ចេញសារឆ្លើយឆ្លងគ្នា។ ពេលខ្លះចេញពីលោក ហ៊ុន សែន ដោយផ្ទាល់ផង។ ប៉ុន្តែ អាជ្ញាធរមិនបានចាត់ការ ស៊ើបអង្កេតវែកមុខរកជនប្រព្រឹត្ត ដើម្បីរកយុត្តិធម៌ ឲ្យជនរងគ្រោះ នៃការលួចស្ដាប់សំឡេង ឬការបែកធ្លាយសារទាំងអស់នោះឡើយ។
លោក ហ៊ីង សុខសាន្ត ចាត់ទុកអ្នកដែលត្រូវគេលួចយកព័ត៌មានឯកជន ទៅផ្សាយជាសាធារណៈ ថាជាជនរងគ្រោះទាំងអស់ មិនថាលោក ហ៊ុន ម៉ាណែត ឬកញ្ញា យុង ខេមរា ឬមន្ត្រីបក្សណានោះទេ។ លោកថា មានតែការស៊ើបអង្កេតដោយឯករាជ្យ និងត្រឹមត្រូវ ឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាពមួយទេ ទើបអាចលាតត្រដាងការពិតបាន និងចៀសវាងការចង្អុលដាក់គ្នា៖ «ឥឡូវនេះ ចង់មិនចង់គេនឹងបង្វែរថារឿងនេះ ជារឿងប្រឌិតឡើងរបស់គណបក្សប្រឆាំង។ បើគ្មានការស្រាវជ្រាវទេ ភាពមន្ទិលសង្ស័យហ្នឹង នៅតែធ្លាក់កំហុសមកចោទថា ហ្នឹងជារឿងប្រឌិតរបស់គណបក្សប្រឆាំងទៅវិញ។ បើគិតពីគុណធម៌ និងសីលធម៌ វាហាក់ដូចជាបៀមឈាមព្រួសដាក់អ្នកដ៏ទៃ នៅពេលរឿងនេះ មិនទាន់ស្រាវជ្រាវពិតប្រាកដ។
ការគ្មានការស្រាវជ្រាវពិតប្រាកដនេះ ក៏ធ្វើឲ្យមន្ត្រីសិទ្ធិមនុស្ស ព្រួយបារម្ភដែរ។ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថាការមិនចាត់ការលើអំពើល្មើសច្បាប់ វាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអនុវត្តច្បាប់ បាត់បង់ជំនឿចិត្តលើសុចរិតភាពនៃអាជ្ញាធរ និងប៉ះពាល់ដល់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដោយសារមនុស្សចាប់ផ្ដើមខ្លាចរអាខ្លាំង ក្នុងការសន្ទនាគ្នា តាមប្រព័ន្ធទូរស័ព្ទ ឬបច្ចេកវិទ្យា ដែលគេអាចលួចស្ដាប់ ឬលួចចូលប្រើប្រាស់បាននោះ៖ «ជាពិសេសយើងមានការព្រួយបារម្ភ សម្រាប់អង្គការសង្គមស៊ីវិលផងដែរ។ ចំពោះសកម្មជនសិទ្ធិមនុស្ស ដែលមានកិច្ចការសន្ទនា ប្រឹក្សាយោបល់ផ្សេងៗ ទៅដល់ប្រជាពលរដ្ឋ ទៅដល់ជនដែលងាយរងគ្រោះផ្សេងៗ ដែលយើងត្រូវផ្ដល់យោបល់នោះ យើងឃើញថា មានភាពលំបាក ដែលមិនអាចជជែកឲ្យអស់លទ្ធភាពតាមទូរស័ព្ទនោះទេ ដោយសារមានកិច្ចការមួយចំនួន ជារឿងភាពឯកជនភាពរបស់ពួកគាត់ ដូច្នេះពួកគាត់ព្យាយាមណាត់ជួបជំនួសវិញ។ យើងឃើញថា ការណាត់ជួបនេះ ធ្វើឲ្យមានការខាតពេលខាតវេលាជាច្រើន និងការធ្វើដំណើរមកជួបជុំគ្នា ជាការលំបាក»។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ការមិនពង្រឹងការអនុវត្តច្បាប់ក្នុងបញ្ហានេះ វាក៏ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្ស ដែលជាជនរងគ្រោះ ក្នុងការរំលោភសិទ្ធិឯកជននេះ។
បញ្ហារំលោភសិទ្ធិឯកជននេះ ត្រូវបានអ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកថា ជាបញ្ហាធំ ដែលអាជ្ញាធរត្រូវដោះស្រាយ ព្រោះជនរងគ្រោះអាចជាមន្ត្រីបក្សកាន់អំណាច ផងដែរ។ គេនៅរង់ចាំមើល ថាតើអាជ្ញាធរនឹងចាត់ការយ៉ាងដូចម្ដេច ក្នុងករណីលោក ហ៊ុន ម៉ាណែត និងកញ្ញា យុង ខេមរានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។