វិបត្តិ​ផ្លូវ​ច្បាប់​ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ (អវត្តមាន​ចុង​ចម្លើយ និង​សាក្សី)

ដោយ ជី វិតា
2019.09.12
កឹម សុខា ២០១៦ ៦២២ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​មាន​សារៈសំខាន់​សម្រាប់​សិក្សា​ស្រាវជ្រាវ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

តុលាការ​កំពូល​រង​ការ​រិះគន់​ថា លំអៀងទៅ​ខាង​បក្ស​កាន់​អំណាច

អ្នកច្បាប់ និង​អ្នក​វិភាគ​ថា សវនាការ​រំលាយ​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​នៅ​មុន​ពេល​មិន​ទាន់​បើក​សវនាការ​ជំនុំ​ជម្រះ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ ជា​ការ​លំអៀង​របស់​តុលាការ​ទៅ​គណបក្ស​កាន់​អំណាច ហើយ​ថា សវនាការ​របស់​តុលាការ​កំពូល​លើ​សំណុំ​រឿង​នេះ​ទៀត​សោត ក៏​មាន​បញ្ហា​ផ្លូវ​ច្បាប់​ច្រើន​ចំណុច​ដែរ។ ប៉ុន្តែ​មន្ត្រី​ក្រសួង​យុត្តិធម៌ បដិសេធ​ការ​លើក​ឡើង​ទាំង​នោះ។

តុលាការ​កំពូល​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​មិន​ទាន់​រក​ឃើញ​ថា ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា មាន​ទោស ឬ​អត់​នៅ​ឡើយ។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​ច្បាប់ បណ្ឌិត ហ៊ាង ឬទ្ធី សំដែង​ការ​សោក​ស្ដាយ​ថា តុលាការ​កំពូល​មិន​បាន​ធ្វើ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ចៅក្រម​ទាំង ៩រូប​នោះ​ធ្វើតាម​មនសិការ​របស់​ខ្លួន យ៉ាង​ហោច​ណាស់​ពួក​គេ ត្រូវ​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក កឹម សុខា ជា​មុន​សិន៖ «ដើម្បី​ឈាន​ទៅ​រក​ការ​រំលាយ​គណបក្ស​ហ្នឹង​បាន លុះ​ត្រា​ណា​ផ្ដន្ទាទោស​លោក កឹម សុខា ស្ដីពី​ការ​មាន​ទោស​សិន​ថា បាន​ប្រព្រឹត្ត​មាន​បទ​ល្មើស​អ្វី​ហៅ​ថា សន្ទភាព​ហ្នឹង​សិន​ទើប​អាច​រំលាយ​គណបក្ស​ហ្នឹង​បាន។ ប៉ុន្តែ គេ​បែរ​ជា​រំលាយ​គណបក្ស​ហ្នឹង​មុន ហើយ​ការ​ផ្ដន្ទាទោស​ហ្នឹង​មិន​ទាន់​ទេ។ ខ្ញុំ​បញ្ជាក់​ជូន​ថា តុលាការ​អត់​ឯករាជ​ទេ កាល​ណា​អ្នក​នយោបាយ​គេ​ឱ្យ​រំលាយ គេ​ថា វា​ត្រូវ​តែ​រំលាយ ប៉ុន្តែ​ពេល​ជំនុំ​ជម្រះ​រំលាយ​គណបក្ស​ហ្នឹង មុន​ពេល​ផ្ដន្ទាទោស (លោក កឹម សុខា) អ៊ីចឹង ខ្ញុំ​បញ្ជាក់​ជូន​ថា បើ​តាម​ច្បាប់​វា​អត់​ត្រូវ​ទាល់​តែ​សោះ»

ទុកមេបក្សមួយអន្លើ រំលាយបក្ស​មុនសិន

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក កឹម សុខា នៅថ្ងៃ​ទី៣ កញ្ញា ឆ្នាំ​២០១៧ យក​ទៅ​ឃុំ​ក្នុង​គុក​ត្រពាំង​ផ្លុង​ក្បែរ​ព្រំដែន​វៀតណាម រហូត​ដល់​ថ្ងៃ​ខែ​តុលា ឆ្នាំ២០១៨ ទើប​យក​មក​ឃុំ​ក្នុង​ផ្ទះ នៅ​ក្រុង​ភ្នំពេញ រហូត​មក​ដល់​បច្ចុប្បន្ន ចោទ​ប្រកាន់​ពី​ទោស​ក្បត់​ជាតិ។ ជាង ២ខែ​ក្រោយ​ការ​ចាប់​ខ្លួន ជា​ជាង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំរឿង​ក្បត់​ជាតិ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​ជា​យ៉ាង​ណា ពុំ​មាន​តំណាង​ណា​ម្នាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​សវនាការ​នោះ​ទេ។ តុលាការ​កំពូល​បាន​យក​ហេតុផល គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​នេះ ថា ជា​ការ​សារភាព​ទទួល​កំហុស។

ខ្លឹមសារ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចំណុច ៦ នៃ​សាលដីកា​កម្រាស់ ៥៣ទំព័​របស់​តុលាការ​កំពូល​សរសេរ​ថា៖ «តុលាការ​កំពូល​យល់​ឃើញ​ថា ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្ងៀមស្ងាត់​មិន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​តតាំង ចំពោះ​ការ​អះអាង​របស់​មេធាវី​តំណាង​ឱ្យ​ក្រសួង​មហាផ្ទៃ ព្រម​ទាំង​អវត្តមាន​ពេល​សវនាការ​ដោយ​គ្មាន​មូលហេតុ ដែល​តាម​មាត្រា៩៦ មាត្រា ២០១ កថាខណ្ឌ ២ និង​មាត្រា១៤០ នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី ចាត់​ទុក​ថា ជា​ការ​សារភាព​ទទួល​ស្គាល់​ការ​អះអាង​របស់​តំណាង​ក្រសួង​មហាផ្ទៃ​ថា ជា​ការពិត ដែល​ជា​កំហុស​ធ្ងន់ធ្ងរល្មើសនឹងមាត្រា៦ថ្មី (ពីរ) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​មាត្រា ៧ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ដូច្នេះ គណបក្ស​នេះ ត្រូវរងនូវការរំលាយចោលតាមមាត្រា៣៨ថ្មី និង​មាត្រា ៤៤ថ្មី (ពីរ) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ»

មិន​ចូលរួម​សវនាការ ស្មើនឹង​ការ​ទទួល​ស្គាល់​កំហុស

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​ថា តុលាការ​ពិត​ជា​បាន​បង្គាប់ និង​កោះហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ដាក់​សារណា​ការពារ​ខ្លួន និង​ចូលរួម​ក្នុង​សវនាការ។ ប៉ុន្តែ​ពុំ​មាន​តំណាង​គណបក្ស​នេះ​ចូលរួម​ឡើយ។ លោក ជិន ម៉ាលីន បន្ថែម​ថា ការ​មិន​ចូលរួម​នោះ វា​ស្មើ​នឹង​ការ​ទទួល​យក​បទ​ចោទប្រកាន់៖ «ឥឡូវ​យើង​មើល​ឡើង​វិញ គឺ​មាន​ដីកា​កោះ​ហៅ មាន​ការ​ជូន​ដំណឹង​ឱ្យ​មេធាវី​ចូល ដាក់​ភស្តុតាង ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អ្នក​ធ្វើ​ពហិការ​ខ្លួន​ឯង​ទេ ដែល​មិន​ចូលរួម​ក្នុង​ដំណើរ​នីតិវិធី​របស់​តុលាការ។ ហើយ​ជា​គោលការណ៍​ច្បាប់ កាល​ណា​យើង​មិន​ចូលរួម​ក្នុង​នីតិវិធី​តុលាការ អា​នីតិវិធី​វា​ចេះ​តែ​ទៅ​មុខ​អ៊ីចឹង តែ​យើង​ទេ អ្នក​ខាត​ប្រយោជន៍ បាន​ន័យ​ថា យើង​ទទួល​យក​នូវ​អ្វី ដែល​គេ​ចោទ​ប្រកាន់»

មិនចូលរួម ព្រោះ​មិន​ចង់​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​សវនាការ​បង្គ្រប់​កិច្ច

សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ វិញ មិន​យល់​ថា ការ​ធ្វើ​ពហិការ មិន​ចូលរួម​ក្នុង​សវនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ទទួល​យក​នូវ​អ្វី​ដែល​គេ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា ការ​ដែល​គ្មាន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នោះ  ពី​ព្រោះ​គណបក្ស​នេះ​ដឹង​មុន​ហើយ​ថា សវនាការ​នេះ​មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​ដល់​គណបក្ស​របស់​ខ្លួន​ឡើយ។ ហេតុ​ដូច្នេះ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ផ្ដល់​ភាព​ស្រប​ច្បាប់​ឱ្យ​សាលដីកា​រំលាយ​បក្ស​របស់​ខ្លួន តាម​រយៈ​ចូលរួម​ក្នុង​សវនាការ​បង្គ្រប់​កិច្ច​នោះ​ទេ៖ «យើង​ត្រូវ​យល់​ដឹង បើ​សិន​ជា​យើង​ទៅ​ត​តាំង ហើយ​តុលាការ​យក​ច្បាប់​ទៅ​អនុវត្ត​ទាំង​អយុត្តិធម៌ អា​ហ្នឹង​យើង​ទៅ​ទទួល​ស្គាល់​អា​ច្បាប់​ហ្នឹង​ទៅ។ គេ​មាន​សិទ្ធិ​អត់​ទទួល​ស្គាល់​ច្បាប់​ហ្នឹង បើ​ទោះ​ជា​ច្បាប់​ហ្នឹង ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុម័ត​ថា មាន​ធម្មនុញ្ញ​ក៏​ដោយ​ព្រោះ​ថា សមាសភាព​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​កាន់​អំណាច​ហ្នឹង​ជា​អ្នក​ចោទ​ប្រកាន់ ដូច្នេះ​វា​អយុត្តិធម៌ ចេះ​តែ​ប្រថាប់​ត្រា​បាទ។

សំដី​លោក ហ៊ុន សែន ជាសម្ពាធ​លើ​តុលាការ

នៅ​មាន​កត្តា​មួយ​ទៀត ដែល​ទំនង​ជា​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជឿ​ជាក់​ថា សាលដីកា​រំលាយ​បក្ស​នឹង​មិន​ប្រែប្រួល ទោះ​ជា​មាន ឬ​មិន​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​សវនាការ​នោះ​ក្តី។ នោះ​គឺ​ឥទ្ធិពល​នយោបាយ​របស់​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​គ្រប​សង្កត់​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។  នៅ​ប្រមាណ​ពីរ​សប្ដាហ៍ មុន​ថ្ងៃ​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​មតិ​ជា​សាធារណៈ ជា​បន្ត​បន្ទាប់ ដែល​គេ​យល់​ថា អាច​ជា​សារ​ដាក់​សម្ពាធ​មក​លើ​តុលាការ។ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ខំ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​សារ​បញ្ចុះបញ្ចូល​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ជឿជាក់​ថា គណបក្ស​របស់​ពួក​គេ​នឹង​ត្រូវ​រំលាយ។ ហេតុ​ដូច្នេះ ដើម្បី​រក្សា​តំណែង​ការងារ​របស់​ខ្លួន ពួក​គេ​ត្រូវ​តែ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ប្រកាស​តាម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ាន​ភ្នាល់​ដាក់​ជីវិត​របស់​លោក ប្រសិន​បើ​តុលាការ​កំពូល​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​ទេ​នោះ៖ «ខ្ញុំ​អាច​ហ៊ាន​ដាក់​ជីវិត​ដើម្បី​ជំនួស តើ​កម្រិត​ដល់​ថ្នាក់​ចាប់​មេ​បក្ស​ម៉ោង ១២យប់ ដើម្បី​វាយ​ខ្នោះ​ហើយ​នោះ តើ​សភាពការណ៍​វា​ធ្ងន់ធ្ងរ​ដល់​កម្រិត​ប៉ុណ្ណា? មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ​ទេ។ សាលក្រម​តុលាការ​កំពូល គឺ​ជា​សាលក្រម​បិទ​ផ្លូវ​តវ៉ា»

បើ​បុរស​ខ្លាំង​គ្មាន​ពីរ​នៅ​កម្ពុជា ហ៊ាន​ភ្នាល់​ដាក់​ជីវិត​បែប​នេះ​ហើយ ម្ដេច​ឡើយ​ចៅក្រម​កាន់​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ាន​ប្រកែក​មិន​ធ្វើ​តាម​នោះ? បួន​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដដែល ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​កាត់​ដេរ​នៅ​ចម្ការ​ដូង ជាយ​ក្រុង​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ម្ដង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ ចៀស​មិន​ផុត​ពី​ការ​រំលាយ​ក្នុង​មួយ​សប្ដាហ៍​ទៀត​ទេ៖ «ស្គាល់ ហ៊ុន សែន ស្ទើរ​ភ្លើង​អត់​ដឹង​ថា ហ៊ុន សែន គេ​សិក្សា​អំពី​ផ្លូវ​ច្បាប់​ច្បាស់​ណាស់។ ម៉្យាង​ទៀត​ខ្លួន​អត់​ដាក់​មេធាវី​ទៅ​ទៀត ដល់​អា​អត់​ដាក់​មេធាវី​អ៊ីចឹង លឿន​ប្រូច​តែ​ម្ដង និយាយ​ពី​លឿន ថ្ងៃ​ទី១៦ (វិច្ឆិកា ឆ្នាំ២០១៧) ហ្នឹង​ចាំ​មើលៗ។

អ្នក​ធំ​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ ពេល​សំណុំរឿង​ដល់​ដៃ​តុលាការ

បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា នៅ​ពេល​សំណុំ​រឿង​ក្ដីក្ដាំ​ណា​មួយ​ចូល​ដល់​ដៃ​តុលាការ​ហើយ អ្នក​មាន​ឥទ្ធិពល និង​អំណាច មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទៅ​លើ​រឿង​ក្ដី​នោះ​ឡើយ ពី​ព្រោះ​វា​ធ្វើ​ឱ្យ​ចៅក្រម​ភ័យ​ខ្លាច ជាហេតុ​នាំ​ឱ្យ​ពួក​គាត់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ផ្ទុយ​ពី​ឧត្ដមគតិ និង​មនសិការ​របស់​ខ្លួន ប៉ះពាល់​ដល់​ដំណើរ​ការ​រក​យុត្តិធម៌៖ «គាត់​មាន​ឥទ្ធិពល​អ៊ីចឹង​គាត់​មិន​ត្រូវ​និយាយ​ទេ ហើយ​បើ​និយាយ​ជា​សាធារណៈ​កាន់​តែ​ខុស​ទៅ​ទៀត តែ​ជា​ឯកជន​ស្ងប់ស្ងាត់​អត់​អី​ទេ។ សូម​បញ្ជាក់​ថា គាត់​ជា​ប្រធាន​គណបក្ស​កាន់​អំណាច ហើយ​ចៅក្រម យ៉ាង​ហោច​ក៏​មួយ​ចំនួន​ធំ​ដែរ គឺ​ជា​សមាជិក​គណបក្ស ហើយ​មាន​ទាំង​ចូលរួម​សកម្មភាព​នយោបាយ ដើម្បី​ជួយ​គណបក្ស​ហ្នឹង​ថែម​ទៀត រួម​ទាំង​ចូល​វិភាគ​ទាន​ថែម​ទៀត ម្ល៉េះ​ហើយ​ប្រធាន​បក្ស គឺ​នាយករដ្ឋមន្ត្រី ដែល​គេ​ហៅ​ជា​ទូទៅ​ថា បុរស​ខ្លាំង​នោះ តាម​ដែល​ដឹង​មក​នោះ គឺ​ថា គ្មាន​នរណា​ហ៊ាន​ធ្វើ​អី​ខុស​ពី​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ទេ។ បើ​នៅ​ស្រុក​គេ តុលាការ​ឯករាជ្យ ចៅក្រម​មាន​បទ​ពិសោធន៍ មាន​ចំណេះ​ចេះ​ដឹង​ខ្ពស់​ក្នុង​ពី​គោល​ការណ៍​ច្បាប់ គោលការណ៍​យុត្តិធម៌ និង​ប្រវត្តិសាស្ត្រ​អី​ថែម​ទៀត​នោះ គេ​នឹង​ចេញ​ដីកា​មួយ​ហាម​ឃាត់​មិន​ឱ្យ​គាត់​មាន​ប្រសាសន៍​ទេ ជា​សាធារណៈ ហើយ​គេ​អាច​ដាក់​ទណ្ឌកម្ម​ទៀត​ បើ​ច្បាប់​គេ យើង​បក​ប្រែ​សាមញ្ញ​ថា មើល​ងាយ​តុលាការ (contempt of the court)»

គ្មានតំណាងបក្ស គ្មានសាក្សី

សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ស្រប​ច្បាប់ តំណាង​ឱ្យ​ម្ចាស់​ឆ្នោត​ជាង ៣លាន​នាក់​នោះ មិន​ត្រឹម​តែ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​មេធាវី ឬ​គ្មាន​តំណាង​ពី​បក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គ្មាន​សាក្សី​ទៀត​ផង។ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រឿង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម គឺ​ជា​រឿង​មួយ ប៉ុន្តែ​សវនាការ​ដ៏​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ បែរ​ជា​គ្មាន​សាក្សី​នោះ គឺ​កាន់​តែ​ធ្វើ​ឱ្យ​សាលដីកា​មួយ​នេះ​ខ្វះ​ភាព​ស្រប​ច្បាប់៖ «ហ្ន៎! សាក្សី​យក​មក​បញ្ជាក់​ថា តើ កឹម សុខា និយាយ​នោះ​អ្នក​ឯង​យល់​ស្រប​ទេ? អ្នក​នេះ​និយាយ​អ៊ីចេះៗ ជា​មួយ​អ្នក​ឯង ស្រប​ទេ? ឈ្មោះ​អ្នក​ណាៗ និយាយ​អ៊ីចេះ​អី​ហ្នឹង គេ​ត្រូវ​កោះហៅ​អ្នក​ហ្នឹង​ជា​សាក្សី​មក​បញ្ជាក់ ដើម្បី​អា​ហ្នឹង​គឺ​អ្វី​ដែល​យើង​ដឹង​ហ្នឹង​ឱ្យ​វា​បាន​ច្បាស់លាស់​ពិត​ថា មែន គាត់​បាន​ទៅ​ជួប​ទាក់ទង​អី​អ៊ីចឹង​មែន ដើម្បី​ឱ្យ​ច្បាស់ អា​ហ្នឹង​ហ្អ៎។ រួច​អត់​មាន​ម្នាក់​ទេ។ អ្នក​នយោបាយ​ជួនកាល​គេ​អាច​បំប៉ោង ដើម្បី​លើក​ទឹក​ចិត្ត​សកម្មជន​របស់​គេ ឬ​អ្នក​គាំទ្រ ឬ​ដើម្បី​ទាក់ទាញ​ឱ្យ​មាន​អ្នក​គាំទ្រ។ ការ​ពិត គឺ​វា​នៅ​សវនាការ​តុលាការ ព្រោះ​គេ​បង្ហាញ​ភស្តុតាង​មក​ទាំង​អស់។ អា​អ្នក​ចោទ​ប្រកាន់ ចោទ​ប្រកាន់​មក ហើយ​មាន​ភស្តុតាង​ចោទ​ប្រកាន់។ អា​អ្នក​ការពារ ការពារ​មក មាន​ស្អី​ខ្លះៗ។ អា​ហ្នឹង​ហ្អ៎ ដែល​គេ​តតាំង​គ្នា​បង្ហាញ​សាក្សី​ភស្តុតាង មាន​សាក្សី​អ្នក​បច្ចេកទេស​អី​ហ្នឹង ដើម្បី​រក​ការ​ពិត។ ការ​ពិត យុត្តិធម៌ វា​ទៅ​ជា​មួយ​គ្នា។ យុត្តិធម៌​វា​អត់​កើត​មាន​បាន​ទេ បើ​សិន​ជា​វា​អត់​មាន​ការ​ពិត»

ចៅក្រម​អាច​ត្រូវ​អាបត្តិ

បណ្ឌិត ឡៅ ម៉ុងហៃ ប្រៀបធៀប​សវនាការ​ជំនុំ​ជម្រះ​កំបាំង​មុខ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​តែ​ភាគី​ចោទ​ប្រកាន់​នេះ ទៅ​នឹង​សវនាការ​កាត់​សេចក្ដី​ព្រះសង្ឃ​ក្នុង​សម័យ​ពុទ្ធកាល ដែល​សម័យ​នោះ​ព្រះសង្ឃ​ជា​ចៅក្រម​នឹង​ដាច់​អាបត្តិ ឬ​មាន​ទោស ប្រសិន​បើ​សវនាការ​ផ្ដន្ទាទោស​ព្រះសង្ឃ​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ មិន​មាន​ជន​ជាប់​ចោទ និង​មិន​មាន​សាក្សី ឬ​ភស្តុតាង៖ «នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ការ​កាត់​ទោស​វិន័យ​លោក​សង្ឃ សង្ឃ​ដែល​ជា​ចៅក្រម​នឹង​ត្រូវ​អាបត្តិ ប្រសិន​កាត់​ទោស​កំបាំង​មុខ កាត់​ទោស​លោក​សង្ឃ​កំបាំង​មុខ គឺ​ត្រូវ​មាន​វត្តមាន​លោកសង្ឃ​ការពារ​ខ្លួន ហើយ​ឱ្យ​មាន​សាក្សី​គ្រប់ អា​ហ្នឹង​បាន​ចំណាត់​ការ។ ឃើញ​ទេ? អា​ហ្នឹង​ជំនាន់​ព្រះ​ផង គេ​ធ្វើ​ទាំង​អស់​ហ្នឹង ឱ្យ​ច្បាស់លាស់​អ៊ីចឹង។ បើ​សិន​លោកសង្ឃ​មិនទាន់​សារភាព​ទេ គេ​នៅ​មន្ទិល​សង្ស័យ​ទៀត​ថា ក្រែង​លោ​ភស្តុតាង​វា​អត់​ទាន់​ច្បាស់លាស់ ទាល់​គេ​ឱ្យ​សារភាព។ សារភាព​ហ្នឹង​ដោយ​ស្ម័គ្រចិត្ត​ទៅ​ទៀត មិនមែន​គំនាប​ទេ។ មិន​គាប​គេ​ឱ្យ​សារភាព​ទេ ឬ​បង្ខំ​គេ​ឱ្យ​សារភាព​ទេ ហើយ​បើ​សិន​អត់​ទាន់​សារភាព ដាក់​លោកសង្ឃ​ជាប់​ចោទ អា​ហ្នឹង​ចៅក្រម​សង្ឃ​ហ្នឹង គឺ​ត្រូវ​អាបត្តិ​ទៀត»

ចំពោះ​រឿង​ត្រូវ​អាបត្តិ ឬ​មិន​ត្រូវ​អាបត្តិ​នោះ ចៅក្រម​សម័យ​បច្ចុប្បន្ន ប្រហែល​ជា​មិន​ខ្វល់​ប៉ុន្មាន​ទេ ដោយសារ​ពួក​គេ​ហាក់​ស៊ាំ​ទៅ​នឹង​ការ​រិះគន់​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ ដែល​ថា ស្ថាប័ន​វិនិច្ឆ័យ​នេះ ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។ អ្វី​ដែល​មន្ត្រី​តុលាការ ទំនង​ជា​ព្រួយ​បារម្ភ​ទៅ​វិញ​នោះ គឺ​ការ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​គណបក្ស​កាន់​អំណាច​អាក់​អន់​ស្រពន់​ចិត្ត ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ការងារ និង​លាភ​សក្ការ​របស់​ពួក​គេ។ ទោះ​ដោយ​បង្ខំ​ក្តី ឬ​ដោយ​ស្ម័គ្រ​ចិត្ត​ក្ដី បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ចៅក្រម​មួយ​ចំនួន​ធំ ជា​ភ្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «គឺ​ចៅក្រម​យ៉ាង​ហោច​មួយ​ចំនួន​ធំ​ដែរ គឺ​ជា​សមាជិក​គណបក្ស​កាន់​អំណាច ហើយ​មាន​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដើម្បី​ជួយ​គណបក្ស ហើយ​រួម​ទាំង​វិភាគទាន​អី​ថែមទៀត»

ចៅក្រម​បក្ស

សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​សភា​តំណាង​រាស្ត្រ ចំនួន ៥៥អាសនៈ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដែល​មាន​សមាសភាព​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ចំនួន ៩រូប។ ចៅក្រម​ទាំង ៩រូប​នោះ មាន៖ ១) លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ។ មាន​តួនាទី​ក្នុង​បក្ស​កាន់​អំណាច​វិញ លោក ឌិត មន្ទីរ គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ សមាសភាពចៅក្រម៨រូបផ្សេងទៀត ដែល​បាន​ចូលរួម​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក ឃឹម ប៉ុន ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ៣) លោក ជីវ កេង ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ៤) លោក យូរ ឧត្តរា ៥) លោក គង់ ស្រ៊ីម ៦) លោក សេង នាង ៧)​អ្នកស្រី សែម សក្កិកូឡា ៧) អ្នកស្រី ចាំង ស៊ីណាត ៨) និង​លោក គង់ តារាឆាត។

ចំណែក​តំណាង​មហា​អយ្យការ ធ្វើ​ការ​ចោទ​ប្រកាន់​អម​ជាមួយ​មេធាវី​ចំនួន ៤រូបទៀត ដែល​តំណាង​ឱ្យ​ក្រសួង​មហាផ្ទៃ គឺ​អគ្គ​ព្រះរាជ​អាជ្ញា អ្នកស្រី ជា លាង។

ក្រៅ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សាលដីកា​តុលាការ​កំពូល​នេះ ក៏​បាន​ហាមប្រាម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ១១៨រូប មិន​ឱ្យ​ធ្វើ​នយោបាយ​ចំនួន ៥ឆ្នាំ និង​ជា​សាលដីកា​បិទ​ផ្លូវ​តវ៉ា។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា១២៨ថ្មី ចែងថា៖ អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ។ អំណាច​តុលាការ ធានា​រក្សា​អនាគតិ (ឬ​ភាព​មិន​លំអៀង) និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។