អ្នក​ឃ្លាំ​មើល​ការ​​បោះ​ឆ្នោត​២​ស្ថាប័ន ​មិន​​​មាន​​ជំនឿ​​ថា​ ប្រធាន ​គ.ជ.ប​ ថ្មី​ នឹង​​ដឹក​នាំ​​ឱ្យ​ការ​​បោះ​ឆ្នោត​​ប្រព្រឹត្ត​ទៅ​​ដោយ​សេរី​ និង​​យុត្តិធម៌​បាន​​ទេ​

ដោយ ខែ សុណង
2021-06-30
Share
អ្នក​ឃ្លាំ​មើល​ការ​​បោះ​ឆ្នោត​២​ស្ថាប័ន ​មិន​​​មាន​​ជំនឿ​​ថា​ ប្រធាន ​គ.ជ.ប​ ថ្មី​ នឹង​​ដឹក​នាំ​​ឱ្យ​ការ​​បោះ​ឆ្នោត​​ប្រព្រឹត្ត​ទៅ​​ដោយ​សេរី​ និង​​យុត្តិធម៌​បាន​​ទេ​ លោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាប្រធាន គ.ជ.ប ថ្មីជំនួសលោក ស៊ិក ប៊ុនហុក។
រូប៖ រដ្ឋសភា

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត២ស្ថាប័ននៅកម្ពុជា ​មិន​មាន​ជំនឿ​ថា​ ប្រធាន ​គ.​ជ.​ប​ ថ្មី​ នឹង​ដឹក​នាំ​ឱ្យ​ការ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​បាន​ទេ​ ដោយ​សារ​តែ​សមាជិក​ទាំង​ ៩​ រូប សុទ្ធតែ​តែង​តាំង​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

នាយក​ប្រតិបត្តិ​​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ និចហ្វិច ​(Nicfec) លោក សំ គន្ធាមី ប្រាប់វិទ្យុ​អាស៊ីសេរី​ នៅ​មុន​ម៉ោង​ផ្សាយ​នេះ​បន្តិច​ថា​ លោក​នៅ​រង់​ចាំ​មើល​ថា​ តើ​ប្រធាន ​គ.ជ.ប​ ថ្មី​ នឹង​អនុវត្ត​តាម​ការ​ប្រកាស​របស់​ខ្លួន​ដែរ​ ឬ​ ទេ​ ដោយ​សារ​តែ​កន្លង​មក​ ស្ថាប័ន​មួយ​នេះ​រង​ការ​រិះគន់​ថា​ មិន​ឯក​រាជ្យ​​ និង​ មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច៖ «ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​គាត់​ធ្វើ​អ្វី​ឱ្យ​ដូច​សន្យា​ ដែល​គាត់​ស្បថ​សច្ចា​ ឱ្យ​គាត់​ធ្វើ​ដូច​សំដី​គាត់​ទៅ​ ដើម្បី​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​មាន​ជំនឿ​ទៅ​លើ​គណៈកម្មាធិការ​​បោះឆ្នោតផង»។

ចំណែក​អ្នកសម្របសម្រួល​និង​អង្កេត​នៃ​អង្គការ​ខំហ្វ្រែលលោក កន សាវាង្ស វិញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកអបអរសាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រធាន​ គ.ជ.ប ថ្មី​នេះក៏​ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា ការចាត់ចែង​កន្លងមក​របស់ គជប គឺមិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈពិតប្រាកដ​របស់​ពលរដ្ឋម្ចាស់​ឆ្នោត​ឡើយ៖ «ខ្ញុំ​សង្ឃឹម​ថា​ កិច្ចការមួយ​ចំនួន នឹង​មានភាព​ប្រសើរ​និង​ការ​អនុវត្ត​ទាក់ទង​នឹង​ចំណុច​ផ្សេងៗ ជាពិសេស​ផ្នែកច្បាប់​បោះឆ្នោតយើង​ឃើញ​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០១៧ច្បាប់ហ្នឹង​ត្រូវ​យក​ចិត្តទុកដាក់​ណាស់ជាពិសេស​ច្បាប់​នេះ អាច​បែងចែក​សម្លេង​របស់​ពលរដ្ឋ​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​មិនគាំទ្រ​របស់​ពលរដ្ឋ ដែល​មិន​មាន​លក្ខណៈសមស្របទេ»

ការ​លើកឡើង​របស់មន្ត្រីជំនាញ​នៃ​ស្ថាប័ន​សង្កេតការណ៍​បោះឆ្នោត​នៅកម្ពុជា​នេះ បន្ទាប់​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ លោកប្រាជ្ញ ចន្ទ ប្តេជ្ញាថា រូបលោក និង​សមាជិក គ... ផ្សេង​ទៀត នឹងខិតខំ​ធ្វើការ​ឲ្យអស់​ពី​កម្លាំង​កាយ​និង​ចិត្ត ក្នុងការ​រៀបចំ​ ចាត់​ចែង​កិច្ចការ​បោះ​ឆ្នោត​ឲ្យកាន់​តែ​ប្រសើរ​ឡើង ដើម្បីឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌

ក្នុងរយៈពេល ៣ឆ្នាំ ខាង​មុខ​នេះ កម្ពុជា​​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោតសំខាន់ៗ​ចំនួន​ ៤​ គឺ​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី៥​ ឆ្នាំ​ ២០២២​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​ ៧​ ឆ្នាំ​ ២០២៣​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​៥​ ឆ្នាំ​២០២៤​ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី​ ៤​ នៅ​ឆ្នាំ​ ២០២៤។

អតីត​អភិបាល​ខេត្ត​បាត់​ដំបង​ និង​អតីត​អភិបាល​ ខេត្ត​ត្បូង​ឃ្មុំ​ លោក​ ប្រាជ្ញ ចន្ទ ធ្លាប់​រង​ការ​រិះ​គន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ តែង​តាំង​សាច់​ញាតិ​ ឱ្យ​កាន់​មុខ​ដំណែង​ សំខាន់ៗ​ និង​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ នៅ​ពេល​ដែល​លោក​កាន់​តួនាទី​ជា​អភិបាល​ខេត្ត​​៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល