វិទ្យុ​អេ.ប៊ី.ស៊ី​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​បណ្ដោះ​អាសន្ន

ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី អេហ្វ.អឹម ១០៧.៥ (ABC FM 107.5MHz) ដែល​បាន​ផ្សព្វផ្សាយ​ថា​នឹង​មាន​រដ្ឋ​ប្រហារ​យោធា​កើត​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស បាន​សម្រេច​ផ្អាក​កម្មវិធី​ទទួល​ទូរស័ព្ទ​ស្ដីពី​ព័ត៌មាន​ទាន់​ហេតុការណ៍​ដូច​សព្វដង ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​បំភិតបំភ័យ​អ្នក​បោះឆ្នោត។
ដោយ ទេព សុរ៉ាវី
2013-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឃ្លាំ​មើល​ការ​បោះឆ្នោត ទទូច​សុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា បង្ហាញ​ជំហរ​សន្តិភាព និង​សុវត្ថិភាព​គ្មាន​ហិង្សា និង​រដ្ឋ​ប្រហារ​នៅ​ក្រោយ​ការ​បោះឆ្នោត។

មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក សេង ប៊ុនវ៉េង ដែល​មាន​រហ័ស​នាម អាចារ្យ អេ ក្នុង​ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី អេហ្វ.អឹម ១០៧.៥ សម្រេច​បិទ​ការ​ទទួល​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ព័ត៌មាន​ទាន់​ហេតុការណ៍​ដូច​សព្វ​មួយ​ដង និង​ជំនួស​មក​វិញ​នូវ​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង និង​ឃោសនា​ពាណិជ្ជកម្ម។

លេខា​របស់​នាយិកា​ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី បដិសេធ​មិន​ប្រាប់​ឈ្មោះ បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ក្នុង​កម្មវិធី​របស់ អាចារ្យ អេ ដែល​មាន​រយៈពេល ៣​ម៉ោង ពី​ម៉ោង ៦ ដល់​ម៉ោង ៩​ព្រឹក លោក​នៅ​ដំណើរ​ការ​ទទួល​ប្រិយមិត្ត​ដែល​ទូរស័ព្ទ​ចូលរួម​កម្មវិធី​ដដែល ប៉ុន្តែ​ក្រោយ​ពី​កម្មវិធី​នោះ​បញ្ចប់ លោក​សម្រេច​បិទ​រាល់​កម្មវិធី​ទាំងអស់៖ «ព្រឹក​មិញ អាចារ្យ អេ បាន​ចូល​និយាយ ហើយ​បន្ទាប់​ពី​និយាយ​ហើយ គាត់​បិទ​រួច​ចាក់​ចម្រៀង»

ប្រភព​ដដែល​មិន​បាន​ប្រាប់​ថា កម្មវិធី​របស់​វិទ្យុ អេ.ប៊ី.ស៊ី ទាំងអស់ នឹង​បើក​ធម្មតា​វិញ​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​ទេ តែ​បញ្ជាក់​ថា ស្ថានីយ​វិទ្យុ ៤​ផ្សេង​ទៀត ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វិទ្យុ អេ.ប៊ី.ស៊ី តែ​មាន​ហ្វេ្រកង់ (frequency) ផ្សេង​គ្នា ដូចជា​ប៉ុស្តិ៍ ៩៨.៧ នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា ហើយ​រាល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​ចង់​ផ្តល់​ឲ្យ គឺ​បង្វែរ​ទៅ​ប៉ុស្តិ៍​នេះ​វិញ។

គ.ជ.ប បាន​ចេញ​លិខិត​ព្រមាន​ដល់​ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មាន​ចរិត​ញុះញង់​បំភិតបំភ័យ​អ្នក​បោះឆ្នោត ដែល​ជា​ការ​បំពុល​បរិយាកាស​អំពី​ការ​បោះឆ្នោត។

ដោយសារ​តែ អាចារ្យ អេ ដែល​មាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​កម្មវិធី​ផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍ បាន​និយាយ​នៅ​ក្នុង​វិទ្យុ​របស់​ខ្លួន​ថា រដ្ឋ​ប្រហារ​យោធា​នឹង​អាច​កើត​មាន​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត និង​ដឹកនាំ​ប្រទេស​ក្រោយ​ការ​បោះឆ្នោត។ ដោយ​លើក​ទឡ្ហីករណ៍​ថា មន្ត្រី​យោធា​ដែល​ស្មោះស្ម័គ្រ​នឹង លោក ហ៊ុន សែន នឹង​ធ្វើ​រដ្ឋ​ប្រហារ​នោះ។

វិទ្យុ អេ.ប៊ី.ស៊ី ជា​វិទ្យុ​ពេញ​និយម​ស្តាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រង់​តែ​វិទ្យុ​នេះ​ផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍ ទាក់ទង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ផ្សេងៗ និង​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ព័ត៌មាន​ដែល​ខ្លួន​បាន​ដឹង ដើម្បី​ផ្សព្វផ្សាយ​បន្ត។

ការ​ឃោសនា​របស់ អាចារ្យ អេ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​មាន​សង្គ្រាម​ក្រោយ​ការ​បោះឆ្នោត។

ពលរដ្ឋ​ខ្លះ​យល់​ថា ចាត់​ទុក​ការ​ឃោសនា​របស់ អាចារ្យ អេ ជា​ការ​វាយ​ប្រហារ​បំបាក់​ស្មារតី​មួយ​ដល់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង ក្រៅ​តែ​ពី​គណបក្ស​ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន៖ «នេះ​ជា​វិធី​មួយ​ដែល​រដ្ឋាភិបាល​វាយ​បំបាក់​នូវ​ស្មារតី​នូវ​លទ្ធិប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​ការ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ក្រៅ​ពី​គណបក្ស​កាន់​អំណាច។ នេះ​ជា​វិធី​មួយ​ដែល​វាយ​បំបាក់​ទាំង​ស្រុង»

ការ​នឹក​ឃើញ​ការ​បាញ់​ប្រហារ​គ្នា​រវាង​រថក្រោះ​របស់​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​វាយ​ប្រហារ​គ្នា​តាម​ផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ មួយ​ចម្អិន​កំពឹស កាល​ពី ១៦​ឆ្នាំ​មុន គឺ​ក្នុង​ឆ្នាំ​១៩៩៧ កើត​ឡើង​ដោយ​មាន​កង​កម្លាំង​ស្មោះស្ម័គ្រ​ចំពោះ លោក ហ៊ុន សែន ដែល​កាល​ណោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី២ បាន​ប្រយុទ្ធ​នឹង​កង​កម្លាំង​ដែល​មាន​ភក្ដីភាព​ចំពោះ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី១ ដែល​ឈាន​ទៅ​ដល់​ការ​ទម្លាក់​ទ្រង់​ចេញ​ពី​អំណាច ដែល​ពេល​នោះ គឺ​មាន​រដ្ឋ​ប្រហារ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី២។

យ៉ាង​ណា រដ្ឋ​ប្រហារ​ដែល​ផ្សាយ​ចេញ​ដោយ អាចារ្យ អេ ពេល​នេះ មិន​ទាន់​ឃើញ​មន្ត្រី​យោធា​ណា​ចេញ​មុខ​បញ្ជាក់ និង​ច្រាន​ចោល​ចំពោះ​ដំណឹង​នេះ ហើយ​ប្រកាស​ពី​ជំហរ​សន្តិសុខ និង​សុវត្ថិភាព​ដល់​ពលរដ្ឋ ក្រោយ​ការ​បោះឆ្នោត​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យល់​ថា ចង់​មិន​ចង់ ការ​ផ្សព្វផ្សាយ​របស់ អាចារ្យ អេ អាច​ក្លាយ​ជា​កង្វល់​មួយ​របស់​អ្នក​បោះឆ្នោត​នៅ​ពេល​ទៅ​បោះឆ្នោត ដែល​ទាមទារ​ឲ្យ​ក្រសួង​ការពារ​ជាតិ ចេញ​មុខ​បកស្រាយ​រឿង​នេះ​ឲ្យ​ច្បាស់ និង​ប្រកាស​ជំហរ​របស់​ខ្លួន​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ដល់​ពលរដ្ឋ​ក្រោយ​ការ​បោះឆ្នោត៖ «ប៉ះពាល់​ដល់​អង្គភាព​យោធា ពីព្រោះ​វា​មិន​មែន​ជា​សេចក្តី​ថ្លែងការណ៍​របស់​យោធា​ផង ការ​បញ្ចេញ​មតិ​របស់​គាត់ បង្ហាញ​ជួស​មុខ​ឲ្យ​ខាង​យោធា»

យ៉ាង​ណា លោក ហង្ស ពុទ្ធា ចាត់​ទុក​សម្ដី អាចារ្យ អេ គ្រាន់​ជា​ការ​បញ្ចេញ​យោបល់​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​លោក​មិន​សង្ឃឹម​ថា​នឹង​មាន​សង្គ្រាម​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ បើ​ទោះ​បី​ជា​គណបក្ស​ណា​មួយ​ជា​អ្នក​ឈ្នះ​ក៏ដោយ។

អនុប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​កក្កដា ប្ដឹង អាចារ្យ អេ ពី​បទ​ញុះញង់​បង្កើត​ឲ្យ​មាន​ចលាចល និង​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម។ លោក​ព្រមាន​ថា ប្រសិន​បើ​វិទ្យុ​នេះ​នៅ​តែ​បន្ត​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទៀត​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិត​ស្នើសុំ​ឲ្យ​មាន​ការ​បិទ​ស្ថានីយ​វិទ្យុ​នេះ​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (17)
Share

អ្នក​អាន​អនាមិក

នារី ក្មេងៗនៅ ប៉ុស្តិABC ពេលខ្លះប្រើពាក្យសម្តីយកមេឃទ្រាប់អង្គុយ គួរគិតអោយមែនទែនមុនប្រើពាក្យសម្តី ព្រោះមានអ្នកស្តាប់គ្រប់ប្រភេទ

Jul 27, 2013 12:27 AM

៧មករាសច្ចៈ

ពី ភ្នំពេញ

អាចារ្យអេ អាចារ្យ... អាចារ្យនាំរឿង អាចារ្យទំនើង នេះចេះហ៊ាន
បំភិតបំភ័យគេទៅកើត គ្មានទេសង្គ្រាម មានតែការបង្រួបបង្រួមជាតិ
បក្សណាក៏ដោយឱ្យតែឈ្នះឆ្នោត គណបក្សចាញ់ដែលកាន់អំណាច
ត្រូវតែផ្តល់អំណាចឱ្យគណបក្សឈ្នះឆ្នោតនេះជាលិទ្ធិប្រជាធិបតេយ្យ។


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Jul 26, 2013 06:39 AM

Orb Romm

ពី Takeo

សម្តីវិភាគអាចារ្យអេដូចពួកប្រមឹក មិនយល់ពីសភាពការ គ្មានចេះគិតគួរពីផលប្រយោជន៍ជាតិ តាងខ្លួនឯងជាអ្នកចេះដឹង ។​ ល្មមឈប់យកផ្លាក ២៣ តុលា ទៅលក់ទៀតទៅប្លងA ព្រោះគំនិតអ្នកមិនសមនឹង២៣តុលាឡើយ ។


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Jul 26, 2013 06:31 AM

អ្នក​អាន​អនាមិក

The reaction of the gangster youne in cambodia 's the really pitiful.
Khmer people today never let you to make up this system in cambodia,maybe you CAN make up in your country origine.

Jul 26, 2013 03:01 AM

Ta Koy

ពី Sydney

It is a fair comment. Look at Egypt. What happened to the Morsi Government. it is a probability that one can never rule out, considering the current state of affairs in our Cambodia, particularly the recent promotions of the sons of the PM.

Jul 26, 2013 01:16 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល