ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ការ​វិល​ត្រឡប់​របស់​មេ​បក្ស​ប្រឆាំង

លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល ៤​ឆ្នាំ​កន្លង​ទៅ​នេះ បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​ហើយ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជាច្រើន ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់​លោក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។
ដោយ អាន ម៉ារីដា
2013-07-19
Share

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​ទិសទី ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ប្រាកដ​ជា​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ព្រឹត្តិការណ៍​វិល​ត្រឡប់​របស់​មេ​បក្ស​របស់​ពួក​គេ។ ផ្ទុយ​ទៅ​វិញ គេ​សង្កេត​ឃើញ​ថា បណ្ដាញ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ហាក់​មិន​ចាប់​អារម្មណ៍ និង​ផ្សព្វផ្សាយ​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្សី នោះ​ឡើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣ នេះ ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់ ឈរ​អម​សង​ខាង​ផ្លូវ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា វិញ​របស់ លោក សម រង្ស៊ី បន្ទាប់​ពី​ការ​និរទេស​ខ្លួន​ឯង​អស់​រយៈពេល ៤​ឆ្នាំ​កន្លង​ទៅ​នេះ។ ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​កើត​មាន​នេះ បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​មជ្ឈដ្ឋាន​ទូទៅ មិន​ថា​ប្រុស ស្រី ចាស់​ក្មេង ជា​ពិសេស គឺ​យុវវ័យ​តែ​ម្តង។ បន្ថែម​ពី​នេះ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស ហាក់​ចាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​នេះ​ជាង​បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន​នៅ​កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ​ទៅ​វិញ។

ជាង​នេះ​ទៅ​ទៀត បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​យុវវ័យ​និយម​ចូល​ចិត្ត​ប្រើប្រាស់ និង​ចែក​ចាយ​ព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​នោះ បាន​ចែក​ចាយ​ព័ត៌មាន​ទាំង​នោះ​យ៉ាង​គគ្រឹកគគ្រេង។ យុវវ័យ​ភាគ​ច្រើន​បាន​ឆ្លើយ​ឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​មួយ​នេះ បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត និង​មិន​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៃ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ដូច​ការ​ធ្វើ​បាតុកម្ម​របស់ លោក ជុំ ម៉ី ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា សោះ។ លើស​ពី​នេះ​ទៅ​ទៀត ការ​មិន​ពេញ​ចិត្ត​ពេញ​ថ្លើម​របស់​ប្រជាពលរដ្ឋ និង​យុវជន បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​អោយ​កាន់​តែ​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​គាំទ្រ និង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ដែល​មិន​អាច​ទស្សនា​បាន​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក។

ការ​មិន​ផ្សាយ​រូបភាព និង​ព័ត៌មាន​ទាក់ទង លោក សម រង្ស៊ី វិល​ត្រឡប់​មក​ប្រទេស​វិញ​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ភាព​លម្អៀង និង​មិន​ស្មើភាព​គ្នា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល