លោក លឺ ឡាយស្រេង សង្ឃឹម​ជម្រះ​បញ្ជី​ពេល​លោក ហ៊ុន សែន អស់​អំណាច

ដោយ មួង ណារ៉េត
2017.11.07
លឺ ឡាយស្រេង ៨៥៥ ២០១៧ អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
Photo: RFA

មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នើ​សុំ​ឲ្យ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​អ្នក​នយោបាយ​ជើងចាស់​ម្នាក់ លោក លឺ ឡាយស្រេង ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជាង ១​សែន​ដុល្លារ ពី​បទ​បរិហាកេរ្តិ៍​លោក ហ៊ុន សែន។

ប៉ុន្តែ ចុង​ចោទ​ដែល​រងគ្រោះ​ព្រោះ​គេ​លួច​ស្ដាប់​សំឡេង​សន្ទនា​គ្នា​ជា​ឯកជន​តាម​ទូរស័ព្ទ​បែប​នេះ ហួសចិត្ត​នឹង​លោក ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ​កម្ពុជា សព្វថ្ងៃ ហើយ​លោក​ប្រកាស​ថា ថ្ងៃ​ណា​មួយ​លោក​នឹង​ប្តឹង​ជម្រះបញ្ជី​វិញ​មិន​ខាន។

ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច រក្សា​ការ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០០​លាន​រៀល ឬ​ជិត ១​សែន ៣​ម៉ឺន​ដុល្លារ (ប្រមាណ ១២៥.០០០​ដុល្លារ) និង​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ចុង​ចោទ​តាម​ច្បាប់។ កម្មវត្ថុ​នៃ​បណ្តឹង គឺ​គ្មាន​អ្វី​ក្រៅ​ពី​សារ​សំឡេង​នៃ​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​រវាង​ចុង​ចោទ គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និង​អ្នកស្រី គី លំអង ដែល​លោក ហ៊ុន សែន ចោទ​ថា អតីត​ឧបនាយករដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រូប​នេះ និយាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រមុខ​ដឹកនាំ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ។

​ចំពោះ​លោក លឺ ឡាយស្រេង ដែល​ត្រូវ​បង្ខំចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ដ៏​អយុត្តិធម៌​នេះ បាន​សម្តែង​ការ​ហួស​ចិត្ត​ទៅ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និង​ហួស​ចិត្ត​ទៅ​នឹង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​លួច​ស្តាប់ និង​ប្ដឹង​គាត់​នេះ​ផង​ដែរ ដ្បិត​លោក​ចាត់​ទុក​ទង្វើ​លួច​ថត​សំឡេង​និយាយ​គ្នា​ជា​ឯកជន​បែប​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​កំពូល​របស់​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ទទួល​យក​បាន៖ «ខ្ញុំ​និយាយ​ក្នុង​ឯកជន ហើយ​មក​លួច​ថត​របស់​ខ្ញុំ​ហើយ​លួច​ផ្សាយ​របស់​ខ្ញុំ​ហើយ លួច​ប្តឹង​ខ្ញុំ​ទៀត ទាំង​បី​នាក់​ហ្នឹង​មាន​ទោស​ទាំង​អស់​គ្នា។ ខ្ញុំ​សុំ​ប្តឹង​មហាជន​ឲ្យ​ជា​សាក្សី។ ថ្ងៃ​ណា​មួយ​យើង​នឹង​ជម្រះ​បញ្ជី​ម្តង លួច​របៀប​នេះ។ និយាយ​សន្ទនាគ្នា​ជា​ឯកជន ការពារ​ដោយ​រដ្ឋធម្មនុញ្ញ យើង​ចេះ​តែ​មក​លួច​ថត។ ខ្ញុំ​មិន​ជឿ​ដល់​នាយករដ្ឋមន្ត្រី​ទាំង​មូល​មក​លួច​ថត​គេ​ដូច្នេះ សម​អី​ធ្វើ​ដល់​នាយករដ្ឋមន្ត្រី​បែប​នេះ»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជនរងគ្រោះ​នៃ​ការ​លួច​ស្ដាប់​សំឡេង​សន្ទនា​គ្នា​ជា​លក្ខណៈ​ឯកជន ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ស្រាប់តែ​ក្លាយ​ជា​ជនរងគ្រោះ​យ៉ាង​អយុត្តិធម៌។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ក៏​ត្រូវ​បាន​ហ្វេសប៊ុក (Facebook) ឈ្មោះ "សីហា" នេះ លួច​ថត​សំឡេង និង​យកមក​ផ្សព្វផ្សាយ​ដោយ​សេរី​គ្មាន​ញញើត​ច្បាប់​អ្វី​ឡើយ។ ក្រោយ​មក​ការ​លួច​ស្ដាប់​ការ​សន្ទនា​គ្នា​ឯកជន​នេះ បាន​រាលដាល​រហូត​ដល់​ចាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៥​នាក់ ដាក់​គុក​រាប់​ឆ្នាំ។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​សុទ្ធតែ​រងគ្រោះ​ដោយ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ឈ្មោះ "សីហា" នេះ។ ប៉ុន្តែ គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចាត់ការ​ម្ចាស់​ទំព័រ​ដែល​រំលោភ​បំពាន់​ច្បាប់​សិទ្ធិ​ឯកជន​នេះ​ទេ តែ​បែរ​ជា​ចាត់ការ​អ្នក​រងគ្រោះ​នៃ​ការ​លួច​ស្ដាប់​នេះ​យ៉ាង​ប្រញាប់ប្រញាល់ និង​ធ្ងន់ធ្ងរ​ជា​ទីបំផុត​ទៅ​វិញ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​មិន​ថ្កោលទោស ឬ​ចាត់​វិធានការ​លើ​អ្នក​លួច​បញ្ចេញ​សំឡេង និង​លួច​ស្តាប់​ការសន្ទនា​គ្នា​ជា​ឯកជន​នេះ​ទេ លោក​ធ្លាប់​ទាំង​សរសើរ​អា "សីហា" នេះ​ពេញ​មាត់​ទៀត​ផង៖ «អា ផេក (Page) ស៊ីហា ហ្នឹង​វា​ធ្លាយ! ឥឡូវ ខ្ញុំ​អត់​ផ្សាយ​តាម​អា​ផេក សីហា ហ្នឹង​ទេ ព្រោះ​ខ្ញុំ​អត់​ស្គាល់​វា។ គ្រាន់​បើ​អា​សីហា ដែល​ចេះ​ចាប់​សំឡេង​អញ និង​សំឡេង​ឯកឧត្តម កឹម សុខា បាន! អាហ្នឹង​គ្រាន់​បើ​វ៉ី!»

​អស់ពី​សរសើរ "សីហា" លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ថា មិន​ចាំបាច់ "សីហា" បញ្ចេញ​សារ​សម្ងាត់​នេះ ចាំ​គាត់​បញ្ចេញ​ថែម​ទៀត​ក៏បាន៖ «ចង់​សាក? បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ចេញ​ទាំង​អស់។ តិច​ថា​ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ! អ្វី​ដែល​ជា​ស្តុក គ្រាន់​តែ​ឯកសារ​ដែល​អ្នក​ឯង SMS, WhatsApp, Telegram, Line មក​ខ្ញុំ។ អ្នក​ឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ? ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នក​ឯង​មើល​ទាំង​អស់!​ចាំមើល​វា​យ៉ាង​ម៉េច?»។

ការណ៍​ដែល​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិន​ខ្ចី​ប្ដឹង​បក​នៅ​ថ្ងៃ​នេះ ហើយ​រង់ចាំ​ថ្ងៃ​ណា​មួយ​ទើប​ជម្រះ​បញ្ជី​ជាមួយ​លោក ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ គឺ​ដោយសារ​លោក​ស្គាល់​លោក ហ៊ុន សែន ច្បាស់​ថា ជា​អ្នក​បញ្ជា​តុលាការ​ស្រេច​តែ​ចិត្ត ប្តឹង​ឥឡូវ​ក៏​គ្មាន​ផ្លូវ​ទទួល​បាន​យុត្តិធម៌​នោះ​ដែរ៖ «ខ្ញុំ​ដឹង​ផ្ទៃក្នុង​របស់ ហ៊ុន សែន ទាំង​អស់។ តុលាការ​ហ្នឹង ខ្ញុំ​ប្រាប់​ហើយ តុលាការ​តេឡេ តុលាការ​ដុល្លារ​ហ្នឹង គ្មាន​នរណា​ឈ្នះ​ទេ។ បើ​អ្នក​ក្រ​ទៅ​ប្ដឹង ជាប់​គុក​ឲ្យ​ហើយ​ទៅ។ បើ​សិន ហ៊ុន សែន និយាយ​យ៉ាង​ម៉េច​ហើយ  កុំ​បាច់​និយាយ​ច្រើន»

​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​បែរ​ជា​គ្មាន​ចំណាត់​ការ​សមស្រប​ទៅ​លើ​អ្នក​ប្រព្រឹត្ត​បែប​នេះ មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) លើក​ឡើង​ថា ប្រព័ន្ធ​យុត្តិធម៌​ជាតិ មិន​អាច​បំពេញ​មុខ​ងារ​ក្នុង​ការ​ថែរក្សា និង​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បាន គឺ​ទាល់តែ​អន្តរជាតិ​ជួយ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃនេះ កុំ​សង្ឃឹម​សូម្បី​តែ​ប៉ុន​សរសៃ​សក់ ថា​នឹង​មាន​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​ឲ្យ​សោះ ព្រោះ​អី​រដ្ឋាភិបាល​មាន​ឥទ្ធិពល​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ។ តុលាការ​កម្ពុជា លែង​មាន​មុខងារ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន។ តុលាការ​កម្ពុជា ជា​តុលាការ​បម្រើ​បក្ស​កាន់​អំណាច ហើយ​ចៅក្រម និង​ព្រះរាជអាជ្ញា សុទ្ធតែជា​តួអង្គ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​រួម​នេះ»

អ្នក​ច្បាប់​ពន្យល់​ថា ករណី​លួច​ថត​សំឡេង​សន្ទនា ដោយ​គ្មាន​ការអនុញ្ញាត​ពី​សាមី​ខ្លួន​នេះ ព្រះរាអាជ្ញា ឬ​រដ្ឋាភិបាល មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្វែងរក និង​ចាប់ខ្លួន​ជនល្មើស​ដែល​លួច​ថត​សំឡេង​គេ​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ មិន​មែន​អ្នក​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​លួច​ថត​សំឡេង​ហើយ​បែរ​ជា​រដ្ឋាភិបាល​មក​ប្ដឹង​ផ្ដល់​ដូច្នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។