អ្នកវិភាគ​ថា ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ​របស់​លោក ហ៊ុន ម៉ានី ជា​ការ​លើក​តម្កើង​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2018.11.30
លោក ហ៊ុន ម៉ានី ៦២២ លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក)។
រូប៖ ហ្វេសប៊ុក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

អ្នកវិភាគ និង​សង្គម​ស៊ីវិល​យល់ថា ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» រៀបចំ​ដោយ​លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​មិន​សូវ​មាន​ប្រយោជន៍​ដល់​ជាតិ និង​យុវជន​នោះ​ទេ។ ពួកគេ​ចាត់ទុកថា​យុទ្ធនាការ​នេះ គឺ​គ្រាន់តែ​ល្បិច​នយោបាយ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឲ្យ​លើក​តម្កើង​លោក ហ៊ុន សែន និង​ភ្លេច​វិបត្តិ​នយោបាយ​តែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ានី អះអាង​ថា លោក​នឹង​ដឹកនាំ​យុវជន​ប្រមាណ​ជាង​៧​រយ​នាក់ ធ្វើដំណើរ​ថ្មើរ​ជើង​ជាង​៤០​គីឡូម៉ែត្រ​ពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទៅ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​រម្លឹក​ពី​ទីតាំង​អនុស្សាវរីយ៍​របស់​ឪពុក​លោក​កាលពី​៤១​ឆ្នាំមុន។

អ្នកវិភាគ និង​សង្គម យល់​ថា កូនប្រុស លោក ហ៊ុន សែន គួរតែ​បង្កើត​ព្រឹត្តិការណ៍​ណា​ដែល​បង្កើន​សមត្ថភាព​យុវជន និង​គួរតែ​ដឹកនាំ​យុវជន ចុះ​សិក្សា​អំពី​បញ្ហា​សំខាន់ៗ​ក្នុង​សង្គម​សព្វថ្ងៃ ដូចជា​បញ្ហា​បាត់បង់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ បញ្ហា​ព្រំដែន និង​បញ្ហា​វិនាសកម្ម​ធនធានធម្មជាតិ​ជាដើម ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ផ្សេងទៀត អាច​ចូលរួម​កិច្ចការ​សង្គម​ដោយ​សេរី ទើប​ជា​ការ​ប្រសើរ និង​មាន​ប្រយោជន៍​ជាង។

អ្នកវិភាគ​យោ​បាយ លោក គឹម សុខ យល់​ថា គោលដៅ​ពិតប្រាកដ​នៃ​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» គឺ​គ្រាន់តែ​ជា​ការ​ពង្វក់​យុវជន​ជំនាន់​ក្រោយ ឲ្យ​យល់​ច្រឡំ​អំពី​ប្រវត្តិ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ តែប៉ុណ្ណោះ។ លោក គឹម សុខ ចាត់​ទុក​ប្រវត្តិ ថ្ងៃ​២ ធ្នូ ថា​ជា​ប្រវត្តិ​នៃ​ដំណើរ​ចាប់ផ្ដើម​ឡើង​កាន់​អំណាច​ដ៏​អាក្រក់​មួយ របស់​លោក ហ៊ុន សែន តាមរយៈ​ការ​ឃុបឃិត​ជាមួយ​មេដឹកនាំ​វៀតណាម ដើម្បី​បំផ្លាញ​ខ្មែរ តាំងពី​ពេលនោះ​មក។ «»

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​ប្រធាន បាន​ដឹកនាំ​យុវជន​ជាង ៧០០​នាក់ ធ្វើដំណើរ​ដោយ​ថ្មើរជើង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី១ ធ្នូ ក្នុង​ចម្ងាយ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ ពី​ស្រុក​មេមត់ ខេត្ត​ត្បូង ឃ្មុំ​ឆ្ពោះ​ទៅ​កាន់​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ស្ថិតនៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

លោក ហ៊ុន ម៉ានី ប្រាប់​សារ​ព័ត​មាន​ក្នុងស្រុក​ថា ការ​បង្កើត​ព្រឹត្តិការណ៍​«៤០​គីឡូម៉ែត្រ​ទៅកាន់ ប្រវត្តិសាស្ត្រ​» គឺ​ដើម្បី​អោយ​យុវជន​ជំនាន់​ក្រោយ បាន​ដឹង និង​ចង់​ចាំ​អំពី​សម័យកាល ដែល​ឪពុក​របស់​លោក និង​សម​មិត្ត​ផ្សេងទៀត ដែល​បាន​ភៀសខ្លួន​ទៅ​កសាង​កម្លាំង​មួយ មាន​ឈ្មោះថា​«​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា» ដើម្បី​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ «»

លោក គឹម សុខ ឲ្យ​ដឹង​ដែរ​ថា ប្រវត្តិសាស្ត្រ​ថ្ងៃ​២​ធ្នូ និង​ថ្ងៃ​៧ មករា គួរតែ​នាំគ្នា​បំភ្លេច​ចោល ព្រោះ​គេ​ដឹង​ជាទូទៅ​ថា ជា​យុទ្ធសាស្ត្រ​វៀតណាម បង្កើត​ក្រុម​ខ្មែរ​មួយ​ក្រុម បូក​នឹង​ជំនាញការ​វៀតណាម ដើម្បី​បំផ្លាញ​និង​ឈ្លានពាន​កម្ពុជា​តែប៉ុណ្ណោះ។

ទន្ទឹមគ្នា​នេះ លោក គឹម សុខ បន្ថែម​ថា លោក ហ៊ុន ម៉ានី ដែល​កំពុង​ល្បី​រឿងអាស្រូវ​ផ្លូវ​ភេទ គួរតែ​រៀន​ឲ្យ​បាន​ច្បាស់ អំពី​របប​ដឹកនាំ​យុវជន ដែល​ចេះ​គោរព​ច្បាប់ មាន​សីលធម៌ និង​គុណធម៌​ជាដើម។ លោក ហ៊ុន ម៉ានី ក៏​មិន​គួរ​គិតតែ​រៀបចំ​ព្រឹត្តិការណ៍ ដែល​ជា​ការឃោសនា​នយោបាយ លើកមុខ​មាត់​លោក ហ៊ុន សែន និង​ពង្វាង​ការចាប់អារម្មណ៍ ទៅលើ​បញ្ហា​នៃ​វិបត្តិ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​មិន​ទាន់​បាន​ដោះស្រាយ ក្រោយ​ការបោះឆ្នោត​ក្លែងក្លាយ ដែល​រង​ការរិះគន់ និង ដាក់ទណ្ឌកម្ម​ជុំ​ទិស​នោះ​ឡើយ។ «»

ថ្ងៃ​២ ធ្នូ​ ១៩៧៨ ដល់​ថ្ងៃ ២​ធ្នូ ២០១៨ ជា​ខួប​ទី​៤០​ឆ្នាំ​នៃ​ចលនា​ផ្ដួល​រំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម។ រណសិរ្ស​រំដោះ​ជាតិ​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ទទួល​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ មករា​១៩៧៩។ គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​រម្លឹក​ខួប​នេះ ជា​រៀងរាល់​ឆ្នាំ​មិនដែល​ខាន។

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ( YRDP ) លោក ជាង សុខា មាន​ប្រសាសន៍​ថា​មហាជន​ប្រាកដជា​មើល​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន ម៉ានី កំពុង​ធ្វើ គ្រាន់តែ​លើកកម្ពស់​វីរភាព​របស់​ឪពុក​ខ្លួន និង​គ្រាន់តែ​លម្អ​រូបភាព​សង្គម​នយោបាយ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​យល់ថា រឿង​ដែល​មាន​ប្រយោជន៍​សម្រាប់​ជាតិ និង​យុវជន​នោះ គួរតែ​ធ្វើការ​ធ្វើការ​វិនិយោគ ទៅលើ​សមត្ថភាព​យុវជន​ឲ្យ​បាន​ខ្លាំង និង​ដោះស្រាយ​បញ្ហា​ការងារ​ឲ្យ​យុវជន​ធ្វើ ព្រមទាំង​បើក​សិទ្ធិ​សេរីភាព ឲ្យ​យុវជន​លើកឡើង អំពី​ក្តី​កង្វល់​ឬ​បញ្ហា​ប្រឈម​របស់​ពួកគេ ដូចជា​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ជាដើម ស្រប​ពេល​ដែល​សព្វថ្ងៃ​ហាក់ មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​យុវជន​យ៉ាង​ខ្លាំង​ទាំង​តាម​វេទិកា​សាធារណៈ និង​តាម​បណ្ដាញ​សង្គម​ក្តី។ «»

អ្នកវិភាគ​យល់ថា ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិត​ប្រាក និង​មិន​មាន​មេដឹកនាំ​ដែល​កាច់ចង្កូត​ប្រទេស​ទៅ​រក​ក្តី​វិនាស​អន្តរាយ ទាល់​តែ​មាន​ភាព​សុខដុមរមនា​ក្នុង​ចំណោម​ពលរដ្ឋ ជាពិសេស​ភាព​សុខដុមរមនា​រវាង​អ្នកនយោបាយ​តែម្ដង។ បច្ចុប្បន្ន​នេះ មាន​បញ្ហា​ជាច្រើន​នៅតែ​បង្ក​ភាព​អាប់អួ​នៅ​ក្នុង​សង្គម​នៅឡើយ។ បញ្ហា​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស បញ្ហា​ដីធ្លី ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ប្រឆាំង​អំពើពុករលួយ​នៅតែ​ជា​ប្រធានបទ​ក្តៅ​គគុក។ ទំនាស់​រវាង​បក្ស​ប្រឆាំង​និង​បក្ស​កាន់អំណាច ក៏​នៅតែ​ស្រួចស្រាល់​យ៉ាង​ខ្លាំង មិនទាន់​រក​ចំណុច​ដោះស្រាយ។ រីឯ​សហគមន៍​អន្តរជាតិ បន្ត​បន្ទោស​របប​លោក​ហ៊ុន សែន និង​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ជាដើម។

អ្នកវិភាគ បន្ថែម​ថា ប្រសិនបើ​កូនប្រុស​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ គ្រប់​និន្នាការ​ស្រង់​បទពិសោធន៍​ពី​អតីតកាល ហើយ​ចៀសវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​នោះ គួរតែ​កុំ​ធ្វើ​នយោបាយ តាម​គន្លង​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន ឬ​យក​ល្អ​គួរ​ជួយ​ជំរុញ​លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ពិតប្រាកដ​ឡើងវិញ ដោយ​គិតគូរ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​ជាធំ ហើយ​មិន​ទុក​ឲ្យ​ពួកគេ​ទទួលរង​ទុក្ខវេទនា​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។