ក្រសួងការបរទេសកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអនុតំបន់ទន្លេមេគង្គចំនួន៥ ជាមួយនឹងចិន ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែធ្នូ។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអនុតំបន់ទន្លេមេគង្គ ដែលជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន នេះ មានប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬភូមា និងប្រទេសកម្ពុជា។
ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអនុតំបន់ទន្លេមេគង្គ រួមជាមួយនឹងប្រទេសចិន បានបង្ហាញឆន្ទៈនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lanchang) ថា នឹងបន្ដជំរុញកិច្ចសហប្រតិបត្ដិការលើបញ្ហាសន្តិសុខ នយោបាយ ព្រមទាំងការអភិវឌ្ឍប្រកបដោយចិរភាព រួមគ្នាឱ្យឆ្ពោះទៅមុខ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅខេត្តសៀមរាប គឺបណ្ដាប្រទេសទាំង៥ នៃអនុតំបន់ទន្លេមេគង្គ រួមជាមួយនឹងចិន បានពិភាក្សាគ្នាទៅលើវិស័យអាទិភាពគន្លឹះចំនួន៥ ដូចជាការតភ្ជាប់សមត្ថភាពផលិតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន បញ្ហាធនធានទឹកសម្រាប់ប្រើប្រាស់ វិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលជាប្រធានដឹកនាំអង្គប្រជុំ គឺលោក ប្រាក់ សុខុន។ លោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំនៅរសៀលថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា ប្រទេសអនុតំបន់ទន្លេមេគង្គទាំង៥ ជាមួយចិន គឺបានជជែកគ្នាជុំវិញអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការជំរុញការងារជាច្រើនឱ្យឆ្ពោះទៅមុខ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ទៀតថា កិច្ចប្រជុំរយៈពេល ២ថ្ងៃមកនេះ គឺបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គទាំង៥ ជាមួយនឹងចិន បានផ្ដោតការយកចិត្តទុកដាក់រួមគ្នា ដោយនឹងធ្វើឱ្យមានការផ្លាស់ប្ដូរសង្គម វប្បធម៌ ប្រជាជន និងប្រជាជន ព្រមទាំងការអភិវឌ្ឍប្រកបដោយចិរភាព៖ «យើងឈរនៅលើសសរស្ដម្ភបី គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយចិរភាព និងសង្គម វប្បធម៌ និងការផ្លាស់ប្ដូរ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
ប្រទេសចិន បានគាំទ្រដល់ការបង្កើតមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសង្ឃឹមថា មូលនិធិនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការជាមិត្តភាពដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំង៦។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងថា ការរៀបចំបង្កើតផែនការសកម្មភាពរយៈពេល ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាគោលដៅរក្សានូវការអភិវឌ្ឍប្រកបដោយចិរភាព និងភាពរឹងមាំខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ «កិច្ចប្រជុំថ្ងៃនេះ គឺយើងបានជជែកគ្នាលើបញ្ហាជាច្រើនទាំងនៅក្នុងតំបន់ និងបញ្ហាជាសកល។ ចិនបានចែករំលែកនូវបទពិសោធន៍ជាច្រើនទៅក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីនាំមកនូវភាពរឹងមាំ ការអភិវឌ្ឍ និងការចំណេញផ្នែកសេដ្ឋកិច្ចនៅក្នុងកិច្ចសហប្រតិបត្តិការរបស់បណ្ដាប្រទេសអាស៊ាន ជាមួយនឹងចិន»។
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានថ្លែងក្រោយពីបញ្ចប់កិច្ចប្រជុំថា ក្រៅតែពីជួបប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺកម្ពុជា ក៏បានជួបពិភាក្សាទេ្វភាគីជាមួយប្រទេសឡាវ ជុំវិញគម្រោងរៀបចំពិធីសម្ពោធច្រកព្រំដែន ត្រពាំងក្រៀលនៅខែមករា ឆ្នាំ២០១៧ ខាងមុខ។ ជជែកអំពីការជ្រើសរើសរកទីតាំងដើម្បីសាងសង់ស្ពានឆ្លងទន្លេល្ពៅ ដែលនៅជាប់ព្រំដែនកម្ពុជា-ឡាវ និងជជែកអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឡាវ មកកាន់កម្ពុជា នៅឆ្នាំ២០១៧ ខាងមុខផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។