សារ​ឆ្នាំ​ថ្មី​របស់​​មេដឹកនាំ​ខ្មែរ​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​នយោបាយ​ចាក់ស្រេះ​ដោះស្រាយ​មិន​រួច

ដោយ មាន ឫទ្ធិ
2018-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
RFA

ក្រុម​មេ​ដឹកនាំ​នយោបាយ និង​សង្គម​ស៊ីវិល​ខ្មែរ តែង​នាំគ្នា​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ មិន​ដែល​ខកខាន​ឡើយ នៅ​រៀង​រាល់ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ​មកដល់​ម្តងៗ​។ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំច ទើបនឹង​ចូល​មក​ដល់​នេះ ខុស​ពី​រាល់​សព្វដង សារ​ជូនពរ​ឆ្នាំ​ថ្មី របស់​ក្រុម​មេដឹកនាំ​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហាក់​ផ្ដោត​ស្ទើរតែ​ទាំងស្រុង​ទៅលើ​បញ្ហា​នយោបាយ ដែល​កំពុង​ញាំញី​ក្នុង​សង្គម​ខ្មែរ ចាក់ស្រេះ​ដោះស្រាយ​មិន​រួច បន្សល់ទុក​ពី​ឆ្នាំ​ចាស់។ សារ​ទាំងនេះ បង្ហាញ​ឲ្យ​ឃើញ​ថា សង្គម​កម្ពុជា កំពុង​ប្រេះឆា បែកបាក់​ស្មារតី​សាមគ្គី​ជាតិ ជា​ធ្លុង​មួយ ដែល​អ្នកនយោបាយ ចាំបាច់​ត្រូវ​រួម​នាំគ្នា​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឲ្យ​ប្រទេសជាតិ បន្ត​ធ្លាក់​ផុង​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាងនេះទៀត នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

បើទោះបីជា​ឆ្នាំ​ចាស់ ឆ្នាំរកា ទើបនឹង​បាន​ឆ្លង​ផុត​ទៅ​ហើយ​ក៏ដោយ វិបត្តិ​វឹកវរ​ផ្នែក​នយោបាយ នៅ​មិនទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ឡើយ។ បញ្ហា​នេះ ហាក់​បន្ត​តាម​លង​បន្លាច​ក្រុម​មេដឹកនាំ​នយោបាយ​ខ្មែរ គ្រប់​ពេលវេលា ដែល​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ឈប់​និយាយ និង​គិតដល់​ឡើយ បើទោះបីជា​ពេលវេលា​នោះ ជា​ពេលវេលា​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​នាំគ្នា​អបអរ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ទទួល​ប្រសិទ្ធពរ​ជ័យ សព្វ​សាធុការពរ​ពី​ទេវតា ឆ្នាំ​ថ្មី ក៏ដោយ។

ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​ថ្មី ឆ្នាំច ពី​ខេត្ត​សៀមរាប នៅ​គ្រា​ពលរដ្ឋ​ទូទាំង​ប្រទេស​ជូនពរ​គ្នា​ទៅវិញទៅមក​ចង់បាន​សេចក្ដី​សុខ​សប្បាយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​វិញ មិន​ភ្លេច​ឡើយ​បន្ត​ព្រមាន និង​បន្លាច​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង អំពី​បញ្ហា​សង្គ្រាម ដោយ​លើក​យក​ពី​ឧទាហរណ៍​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​នៅ​ប្រទេស​ស៊ីរី​មក​និយាយ។ លោក​អះអាង​ថា គ្មាន​ការ​សប្បាយ​រីករាយ​ណាមួយ អាច​កើតមានឡើង​ក្រោម​ភ្នក់ភ្លើងសង្គ្រាម​នោះ​ឡើយ៖ «វា​ពិត​ណាស់ គ្មាន​សន្តិភាព វា​ក៏​គ្មាន​ការ​អភិវឌ្ឍ​ណាមួយ ហើយក៏​គ្មាន​ការ​ជួបជុំ​សប្បាយរីករាយ​ណាមួយ​ដែរ។ គេ​មិន​អាច​ឃើញ​នូវ​អ្វី​ដែល​ជា​ព្រឹត្តិការណ៍ នៃ​ការ​ជួបជុំ​សប្បាយរីករាយ​ក្រោម​គ្រាប់បែក ក្រោម​គ្រាប់​ផ្លោង។ សូម​ក្រឡេក​មើល​ទៅ​ប្រទេស​ស៊ីរី តើ​ប្រទេស​ស៊ីរី មាន​លទ្ធភាព​ដើម្បី​នឹង​រៀបចំ​នូវ​ការ​សប្បាយ​រីករាយ​នោះ​ទេ បើ​ប្រទេស​នេះ នៅតែ​ហែកហួរ​ដោយ​សង្គ្រាម?»

បន្ថែម​ពីលើ​នេះ ទំនងជា​ភ័យខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ខាងមុខនេះ​ក៏​មិន​ដឹង ក្រោយ​របប​លោក​បាន​រម្លាយ​ដៃគូ​ប្រកួតប្រជែង​នយោបាយ ដ៏​ស្វិតស្វាញ​ចោល​ពី​សង្វៀន​នយោបាយ ដើម្បី​ធានា​និរន្ត​ភាព​នៃ​ជ័យជម្នះ​គណបក្ស​របស់​លោក លោក ហ៊ុន សែន លើកឡើង​នៅ​ផ្នែក​ខាងដើម​បង្អស់​នៃ​សារ​ជូនពរ​របស់​លោក​ថា ឆ្នាំច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺជា​ឆ្នាំ ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់គ្នា​កុំបី​ខាន ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​អ្វីមួយ ដែល​លោក​ហៅថា ជា​ម្ចាស់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន។ លោក ហ៊ុន សែន ក៏បាន​លើកឡើង​នៅ​ក្នុង​សារ​នោះ​ដែរ​ថា របប​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ តាមរយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌​ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជាថ្មី​នេះ។

នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​បញ្ហា​នយោបាយ​ដដែល សម្រាប់​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី វិញ លោក​បាន​សរសេរ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទំព័រ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា លោក និង​ក្រុម​អ្នកតស៊ូ​ទាំងអស់ ក្នុង​ជួរ​គណបក្ស​សង្គ្រោះជាតិ និង​ចលនា​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់ផ្ដើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ យ៉ាង​ពិត​ប្រាកដ។ លោក​សូម​ឲ្យ​ដំណើរការ​បោះឆ្នោត​សព្វថ្ងៃ ដែល​លោក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ឲ្យ​ក្លាយទៅជា​ដំណើរការ​បោះឆ្នោត​ត្រឹមត្រូវ​វិញ ក្នុង​ពេល​មួយ​សមស្រប ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ មានឱកាស​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ បាន​យ៉ាង​ពិត​ប្រាកដ ដែល​អ្នកនយោបាយ​ទាំងអស់ ត្រូវតែ​គោរព​ដាច់ខាត។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ ដោយសារតែ​របប​លោក ហ៊ុន សែន ចោទ​លោក​ថា បាន​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ​នោះ លោក​ក៏​ថ្លែង​សារ​ជូនពរ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង នា​ឱកាស​ក្នុង​ឆ្នាំ​ថ្មី​នេះ អំពាវនាវ​ឲ្យ​អ្នកដឹកនាំ​ប្រទេស ដោះស្រាយ​បញ្ហា​ក្នុង​ឆ្នាំ​ថ្មី​នេះ ដោយ​អហិង្សា និង​មិន​ត្រូវ​យក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ​ឡើយ។ លោក​សង្កត់ធ្ងន់ៗ​ថា ប្រទេស​កម្ពុជា គឺជា​របស់​ខ្មែរ​ទាំងអស់​គ្នា ពោល​គឺ​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុម​ណា​ឡើយ។ លោក​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​គ្រប់រូប បោះបង់ចោល​នូវ​ការ​ចង​អាឃាត និង​ឈប់​យក​ប្រជាពលរដ្ឋ​ខ្លួនឯង​ធ្វើជា​សត្រូវ។ ជាមួយ​គ្នា​នេះ លោក​ចង់​ឃើញ​នូវ​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដែល​នាំមក​នូវ​សេចក្ដី​សុខ សេរីភាព និង​សុភមង្គល​ដល់​ខ្មែរ​គ្រប់​ភាគី និង​លុប​ជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការ​គុំកួន និង​អំពើ​បាបកម្ម​ក្នុង​ឆ្នាំ​ចាស់។

មិន​ខុសគ្នា​ពី​ក្រុម​មេដឹកនាំ​នយោបាយ​ខ្មែរ​ប៉ុន្មាន​ឡើយ សម្រាប់​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​វិញ​ម្ដង បញ្ហា​នយោបាយ​នៅតែ​ជា​ខ្លឹមសារ​ចម្បង​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​ពួកគេ ទោះបីជា​លោក ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​បែប​បន្លាច​ពលរដ្ឋ​ឋ​របស់​ខ្លួន​យ៉ាងណាក្ដី។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​មាន​ដំណោះស្រាយ​នយោបាយ និង​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ និង​ការ​ចេះ​ធ្វើការ​ជាមួយគ្នា​ជា​ធ្លុង​មួយ ដើម្បី​អនាគត​កម្ពុជា​ជា​រួម។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅថា ខុមហ្វ្រែល (Comfrel) បាន​សរសេរ​បួងសួង​ទេវតា​ឆ្នាំ​ថ្មី សុំ​សេចក្ដី​សុខ ដល់​អ្នកតស៊ូ​មតិ និង​ការ​គោរព សិទ្ធិមនុស្ស និង​ឲ្យ​មាន​នូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការបោះឆ្នោត​សេរី យុត្តិធម៌ បែប​ប្រកួត​ពហុបក្ស​ត្រឹមត្រូវ​ឡើងវិញ​នៅ​កម្ពុជា។ លោក​ពន្យល់​ថា ការ​ខិតខំ​ក្នុង​សកម្មភាព​តស៊ូ​មតិ មិនមែន​ជា​សកម្មភាព​ដើម្បី​បំផ្លាញ​ការបោះឆ្នោត ប៉ុន្តែ​គឺ​ដើម្បី​ស្ថានភាព​នៃ​ការបោះឆ្នោត ដោយ​សេរី យុត្តិធម៌ និង​មានការ​ប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ត្រឹមត្រូវ និង​ការ​គោរព​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ឡើងវិញ។ លោក​ថា ទាំងនេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​រក្សា​ស្ថិរភាព សន្តិភាព និង​ផ្ដល់​អាណត្តិ​ស្របច្បាប់​ដល់​អំណាច​រដ្ឋ​ទាំង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) វិញ អ្នកស្រី ចក់ សុភាព សរសេរ​ជូនពរ ដោយ​រំឭក​ដល់​អនុស្សាវរីយ​ល្អ កាលពី​ឆ្នាំ​២០១៥ ដែល​អ្នកស្រី​ថា មេដឹកនាំ​ខ្មែរ​កាលណោះ ធ្លាប់​ចាប់ដៃ​រាក់ទាក់​ចាប់ផ្ដើម​វប្បធម៌​សន្ទនា​រវាង​ខ្មែរ និង​ខ្មែរ។ អ្នកស្រី​បួងសួង​ទេវតា​ឆ្នាំ​ថ្មី ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ទទួល​បាន​នូវ​ប្រសិទ្ធពរ ហើយ​បន់ស្រន់​ឲ្យ​ដូនតា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ជួយ​នាំ​ចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ អ្នកនយោបាយ​ទាំងអស់ តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ចាប់​យក​នូវ​កិច្ច​សន្ទនា ដោយ​ប្រកាន់​នូវ​ស្មារតី​ខ្មែរ​តែមួយ ដែល​អាច​ជជែក​ដោះស្រាយ​បញ្ហា​នានា​បាន។ អ្នកស្រី​បញ្ជាក់​ថា ខ្មែរ​ប្រាកដជា​អាច​ធ្វើ​បាន បើ​ជឿជាក់​ថា គ្មាន​អ្នកណា​ស្រលាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួនឯង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល