សារអ្នកនយោបាយ​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ

ដោយ វ៉ែន សុមេធ
2018-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។
Photo: RFA

អ្នកនយោបាយទាំង​មេ​បក្ស​កាន់​អំណាច និង​អតីត​មេ​បក្ស​ប្រឆាំង បាន​ឆ្លៀត​ផ្ញើសារនយោបាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ឬ​ថ្ងៃ​ភ្ជុំ​ធំ ដោយ​មាន​អត្ថន័យ​ផ្សេងៗ គ្នាពួក​គេ​បាន​ព្យា​យាម​មិន​ប្រើ​ពាក្យ​សម្តី​ហិង្សា និង​ភាសា​គំរាមកំហែង​គ្នា​​នៅ​ថ្ងៃ​នេះ​ដែរប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ចង់​ឃើញ​អ្នកនយោបាយ​យកឱកាស​នេះ​មក​ចរចា​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំង​មូល។

មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បាន​បង្ហោះ​សារ​ពី​ប្រទេស​ជប៉ុន ​ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះដោយរៀបរាប់ថាឆ្នាំនេះ លោកគ្មានវត្ត​មាន​នៅ​ក្នុងប្រទេស​ដើម្បីចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​គ្រួសារ​របស់​​លោក​​​នោះ​​​ទេ។ លោក ហ៊ុន សែន អះអាង​ថា ភ្ជុំបិណ្ឌឆ្នាំនេះលោកបានផ្តល់​កាដូពីរដល់​ពលរដ្ឋជាពិ​សេសគឺ​កម្មក​រោងចក្រ ដោយ​បាន​បញ្ចេញ​ឡាន​ក្រុង​សាធារណៈប្រមាណ២០០គ្រឿងរបស់ សាលាក្រុង​ភ្នំពេញ​ដឹកពលរដ្ឋមិនគិតលុយ​អំឡុង​​បុណ្យ​ភ្ជុំបិណ្ឌនេះ និងការរៀបចំឲ្យកម្មករ​រោងចក្រ​ទទួលបាន​ប្រាក់ឈ្នួល​ច្រើន​ជាង​ឆ្នាំមុន រួម​ទាំង​បើកប្រាក់​ខែ​កន្លះ​ខែម្តងជូន​ដល់​កម្មករ។

ចំណែកអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក៏​បាន​ថ្លែងពី​ប្រទេស​បារាំង ដោយ​លោក​រម្លឹកថា ថ្ងៃភ្ជុំបិណ្ឌនេះ​ក្រៅ​ពី​នឹក​គុណ​មាតាបិតា ញាតិការ​ប្រាំពីរ​សន្តាន គឺ​មិន​ត្រូវ​ភ្លេច​នឹក​គុណ​ដល់​វីរបុរស​មួយ​ចំនួន ដែល​បាន​បូជា​ជីវិត​រហូត​ត្រូវ​ឃាតកបាញ់​សម្លាប់ មាន​ដូច​ជា​លោក បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​ព្រះតេជព្រះគុណ សំ ប៊ុន ធឿន ជាដើម។ លោក សម រង្ស៊ី បន្តថា អ្នក​មាន​គុណ​ចំពោះ​ប្រជាជាតិ​ទាំង​នេះ​ជា​អ្នក​បណ្តុះ ស្មារតី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ ការពារ​ជាតិ​មាតុភូមិ៖ «សូមបុណ្យកុសល្យដល់អ្នកមាន​គុណ​ចំពោះ​យើង ចំពោះ​ប្រទេស​ជាតិរបស់​យើង ហើយ​សូម​ឲ្យ​លោក​ជួយ​លើក​ទឹក​ចិត្ត​ជួយ​ថែ​រក្សា​អ្នក​ស្នេហា​ជាតិ​ក្នុង​គោល​បំណង​តែ​មួយ​គត់​ឲ្យ​ជាតិ​យើង​បាន​គង់វង្ស»

ដោយឡែកប្រធានគណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​មិន​បាន​បង្ហាញ​សារ​អ្វី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ

សមាជិកអ្នកវិភាគនយោបាយវ័យក្មេងលោក បុង ដែត យល់​ថា សារ​ជូន​ពរ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ គ្រាន់​តែ​ជា​សារ​នយោបាយដែល​អ្នក​ទាំងពីរ​ចង់​ចំណេញ​នយោបាយ​រៀងៗ ខ្លួន​ប៉ុណ្ណោះអ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ ចង់​ឃើញ​អ្នក​នយោបាយ​ជើង​ចាស់​ទាំងពីរ​យក​ថ្ងៃ​ពិសេស​នេះ​មក​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ទើប​ជា​រឿង​ល្អ និង​ធ្វើ​ឲ្យ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​សប្បាយ​រីក​រាយ​ពិត​ប្រាកដ៖ «បុគ្គល​ទាំង​ពីរ​នេះ​ដែល​ជា​អ្នក​នាំ​ផ្លូវ​ជាតិ​នេះ​គួរ​តែ​ចូល​តុ​ចរចា ដើម្បី​ឲ្យ​ជាតិ​យើង​ឈ្នះ។ ការ​ចូល​តុ​ចរចា គឺ​បុណ្យ​គុណ​ធំ​ដ៏​ក្រៃលែង»

ពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំបងប្អូនសាច់ញាតិរបស់ពួកគេក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែល​ភាគ​ច្រើន​ពួក​គេ​ចាក​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​ជួប​សាច់​ញាតិ​នៅ​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​រៀងៗ ខ្លួន ហើយ​អ្នក​ខ្លះ​ក៏​នាំ​គ្នា​ដើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​នានា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល