លោក ហ៊ុន សែន ថា​បញ្ហា​ពលករ​ចំណាក​ស្រុក​មិន​មែន​មាន​តែ​ពលរដ្ឋ​កម្ពុជា​ទេ

ដោយ ថា កិត្យា
2016-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បញ្ហា​ចំណាក​ស្រុក​មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែរ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​ឌឺដង ឬ​អ្នក​ផ្លែផ្កា​ដាក់​ឲ្យ​លោក​ថា ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ភូមា ឲ្យ​ពលករ​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ។ រីឯ​សង្គម​ស៊ីវិល ថា កម្ពុជា មិន​គួរ​ប្រៀបធៀប​ជាមួយ​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​របប​ឡើយ ហើយ​កម្ពុជា គួរ​តែ​ព្យាយាម​បង្កើត​ទីផ្សារ​ការងារ និង​មុខ​របរ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ខ្លួន​ជុំវិញ​រឿង​ដែល​គេ​រិះគន់​បញ្ហា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោម​របប​គ្រប់គ្រង​របស់​លោក​ជាង ៣០​ឆ្នាំ ខណៈ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហាក់​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​អំពាវនាវ​ឲ្យ​ពលករ​ភូមា ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កំណើត​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អ្នក​រិះគន់​លោក ប្រហែល​សំដៅ​លើ​គណបក្ស​ប្រឆាំង ឲ្យ​កាប់​ថ្ម​ចំណាំ​មើល​ថា តើ​ពលករ​ភូមា ប្រមាណ ២​លាន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ នោះ នឹង​វិល​ត្រឡប់​ទៅ​រក​ការងារ​នៅ​ប្រទេស​កំណើត ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ដែរ​ឬ​យ៉ាង​ណា?«នៅ​ពេល​ដែល​លោក​ជំទាវ អ៊ុងសាន ស៊ូជី ប្រើ​ពាក្យ​ថា តោះ! ទៅ​ផ្ទះ​វិញ នៅ​ខាង​ក្រុម​ខាង​នេះ គេ​បង្ហោះ​រូប​ខ្ញុំ​ថា ទៅ​យើង ទៅ​ប្រទេស​ថៃ រក​ការងារ​ធ្វើ ដាក់​ផ្លែ​ឲ្យ​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ​សូម​កាប់​ថ្ម​ចំណាំ​រង់ចាំ​មើល​ទៅ តើ​កម្មករ​នៅ​មីយ៉ាន់ម៉ា ត្រឡប់​ទៅ​ប្រទេស​វិញ​ឬ​ក៏​អត់? កុំ​ទាន់​ជឿ​ខ្ញុំ ត្រូវ​ចាំ​អង្កេត​មើល​ទៅ ឬ​មិន​ទៅ»

លោក ហ៊ុន សែន ពន្យល់​ថា មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ពលករ​ភូមា មិន​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​ខ្វះខាត​ការងារ និង​ប្រាក់​ខែ​ទាប។ ថ្វីត្បិតតែ​គេ​កំពុង​រិះគន់​រឿង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្តី លោក ហ៊ុន សែន នៅ​តែ​មាន​គម្រោង​បញ្ជូន​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) គុយវ៉េត (Kuwait) កាតារ (Qatar) និង​ប្រទេស​ដទៃ​ទៀត​ស្ថិត​នៅ​ឈូង​សមុទ្រ​ពែក ហើយ​ប្រទេស​សិង្ហបុរី កំពុង​តែ​សាកល្បង។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បន្ថែម​ថា ចំពោះ​បញ្ហា​ការងារ​នោះ មិន​មែន​តែ​កម្ពុជា ទេ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ដូចជា​កម្ពុជា ដែរ៖ «ប្រជាពលរដ្ឋ​ថៃ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូចជា​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ពលកម្ម​ទាប ពួក​គេ​ត្រូវ​ការ​កម្លាំង​ពលករ​ពី​ប្រទេស​ជិត​ខាង​ដូចជា មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា ជាដើម។ ពលរដ្ឋ​ហ្វីលីពីន ជាង ១០​លាន​នាក់ បាន​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ហ្វីលីពីន ធ្វើ​ការ​នៅ​កម្ពុជា មាន​ប្រមាណ ១​ម៉ឺន​នាក់»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា លោក​ឯកភាព​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ​មិន​មែន​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ​ចិត្ត​ឡើយ គឺ​ជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នក​គ្រប់គ្រង​តែ​ម្តង ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់​ខែ​ទាប ហើយ​ងាយ​រងគ្រោះ។ លោក មឿន តុលា បន្ត​ថា រដ្ឋាភិបាល​ក៏​មិន​គួរ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​នឹង​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​ពី​របប​គ្រប់គ្រង​ដោយ​យោធា​មក​ជា​របប​ប្រជាធិបតេយ្យ​ថ្មីៗ​នេះ​ឡើយ«ថៃ គេ​មាន​ទៅ​ធ្វើ​ការ​នៅ​អឺរ៉ុប នៅ​ហុងកុង ជាដើម តែ​គេ​ទៅ​របៀប​ជា​គ្រប់គ្រង ដូច​ហ្វីលីពីន ចឹង គឺ​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​មែន តែ​ភាគច្រើន​ជា​អ្នក​គ្រប់គ្រង។ ម្យ៉ាង​ទៀត អ្នក​នយោបាយ​គួរ​តែ​កុំ​ប្រៀបធៀប​ប្រទេស​ខ្លួន​ឯង​ថយ​ក្រោយ​ដូចជា​ភូមា និង​កម្ពុជា ចឹង​គឺ​ថា​ភូមា ទើប​ផ្លាស់ប្ដូរ​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហ្នឹង។ ដោយឡែក​កម្ពុជា នេះ បាន​ប្ដូរ​របប​នយោបាយ​តាំង​ពី​ឆ្នាំ​៩១ មក។ ដូច្នេះ​កាលណា​ប្រៀបធៀប​ជាមួយ​កម្ពុជា ហាក់​ដូចជា​ទាញ​ខ្លួន​ឯង​មិន​ឲ្យ​ទៅ​មុខ»

លោក មឿន តុលា បន្ត​ថា ចំពោះ​បញ្ហា​ចំណាក​ស្រុក​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​បង្កើត​មុខ​របរ និង​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ ជា​ជាង​បញ្ជូន​ពួក​គាត់ ឬ​ទុក​ឲ្យ​គាត់​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួក​គាត់​ងាយ​រងគ្រោះ«សម្រាប់​ឱកាស​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​និស្សិត ឬ​ធនធាន​មនុស្ស​ដែល​ទើប​តែ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ទៅ​ដក​បទពិសោធន៍​នៅ​ប្រទេស​ផ្សេងៗ»

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង​បាន​បញ្ជូន​ពលករ​ស្រប​ច្បាប់​ចំនួន ៦២​ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ រីឯ​ពលករ​ខុស​ច្បាប់​មាន​ចំនួន ៤០​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ។

អង្គការ​សង្គម​ស៊ីវិល ថា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដីធ្លី និង​កសិកម្ម និង​កង្វះ​ការងារ ដែល​មាន​ប្រាក់​ខែ​សមរម្យ​សម្រាប់​ពលរដ្ឋ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

ពិតជាសំដាច់អីមែន!

Nov 08, 2016 09:48 AM

អ្នក​អាន​អនាមិក

Any one hear Hun Sen compare his children to homeless people? if not then you know what he is.

Nov 08, 2016 02:53 AM

អ្នក​អាន​អនាមិក

well, well Hun Sen said as a simple thinking and manipulating Khmer thought and it is COMPLETELY WRONG. why? because when people raise their children they want them better than other. in fact Hun family want be better than other. but Hun Sen doesn't see that other want it too. he see only controlling power. oooh poor Khmer soldiers your family go to work in other countries and you as soldiers protect Cambodia for what for Hun family, not your family. is it sad?

Nov 08, 2016 02:47 AM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

ចំពោះខ្ញុំយល់ស្របជាមួយលោក ហ៊ុន សែន ពីរឿងពលករចំណាកស្រុក ប្រទេសណាក៏មានដែរ ច្បាស់ណាស់ ប៉ុន្តែហ៊ុន សែន មិនដឹងច្បាស់ថា ពលករចំណាកស្រុកប្រទេសគេ ខុសគ្នាពីយើង ទី១ ចំណាកស្រុក ខ្មែរដែលទៅធ្វើទៅប្រទេស គឺជាកញ្ជះដាច់ថ្លៃ រហូតមានការវាយដំ សម្លាប់ ឲ្យទៅជួយដូរផ្លូវភេទ ជាដើម ល។ល ប្រាក់ថោក មិនបាននិងមន្រ្តីពុករលួយយើង ដែលគ្រាន់ចាកសាំងឡានម្តងផង។ ទី២ ចំណាកស្រុកប្រទេសគេវិញ ធ្វើការប្រាក់ខែថ្លៃ មានម៉ាស៊ិនត្រជាក រសយ៉ាងស្រួល រហូតទៅដល់ធ្វើជាអ្នកមើលការខុសត្រូវតាមក្រុមហ៊ុនត្រូវការ ដូច្នេះហើយបានខ្ញុំចង់និយាយថា ហ៊ុន សែន ដឹងមិនច្បាស់

Nov 07, 2016 09:01 PM

អ្នក​អាន​អនាមិក


ភូមានឹងកម្ពុជាប្រៀបធៀបនឹងគ្នាជាសំណួរដូចខាងក្រោមនេះវាស្រួលស្តាប់ជាង៖

១. តើអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានអោនក្បាលធ្វើជាអាយ៉ងយួនដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

២. តើអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានចុះហត្ថលេខាលើសន្ធិសញ្ញាណាមួយដែលកាត់ទឹកដីឲ្យទៅយួនដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

៣. តើអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានបន្តោយឲ្យយួនមកកាប់បំផ្លាញព្រៃឈឺរលាយហិនហោចដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

៤. តើអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានបន្តោយឲ្យយួនហូរចូលពេញសុ្រកមកធ្វើនិគមដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

៥. តើអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានបន្តោយឲ្យយួននាំយកម្ហូបគេក្រវាត់ចោលមកលក់ឲ្យរាស្រ្តគេឈឺស្លាប់ដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

៦. តើអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានបន្តោយឲ្យយួនមកធ្វើទុក្ខបុកម្នេញលើរាស្រ្តគេដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

៧. តើនៅក្រោមអំណាចនៃអតីតមេដឹកនាំផ្តាច់ការនៅភូមាមានបានឲ្យកងសន្តិសុខវាយព្រះសង្ឃឬប្រើពាក្យអសុរសដូចជាពាក្យ “អាត្រងោល” ដូចនៅក្រោមអំណាចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

៨. តើមេដឹកនាំផ្តាច់ការនៅកម្ពុជាហ៊ានលះបង់អំណាចទៅសាងភ្នោះដូចអតីតមេដឹកនាំផ្តាច់ការនៅភូមាដែរឬទេ? ចម្លើយថាអត់ទេ។

៩. តើនៅក្រោមអំណាចនៃអតីតមេដឹកនាំផ្តាច់ការនៅភូមាមានគេបាញ់សម្លាប់បញ្ញាវន្តឬអ្នកចេះដឹងដូចនៅក្រោមអំណាចមេដឹកនាំផ្តាច់ការនៅកម្ពុជាដែរឬទេ? ចម្លើយថាអត់ទេ។

បើអត់ទាំងអស់ហើយមានអីទៅប្រៀបធៀបនឹងគេបាន?

ការប្រៀបធៀបមានច្រើនណាស់ តែប៉ុន្នឹងសិនចុះ។

Nov 07, 2016 07:26 PM

San Chay

និយាយដូចអត់និយាយ មេដឹកនាំភូមាមានអីពាក់ព័ន្ធជាមួយយួន ។ ដូច្នេះចំលើយងាអត់ទេៗនោះវាត្រូវហើយ ។ លើកក្រោយសូមកុំយកផ្លែស្វាយប្រៀបធៀបជាមួយក្រូច។

Nov 08, 2016 02:05 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល