ប្រធានប្តូរវេនអាស៊ាន កំពុងរងការចោទប្រកាន់​ដោយ​ប្រយោល​ពីតុលាការ​បារាំង​ថា បាន​ប្រព្រឹត្ត «​អំពើ​សម្លាប់​មនុស្ស​​ទ្រង់ទ្រាយ​ធំ​»​ ក្នុង​​សំណុំ​រឿង​​​គប់​គ្រាប់​​បែក​​កាល​ពី​២៥​ឆ្នាំ​មុន

ដោយ មាន ឫទ្ធិ
2022.03.01
Share on WhatsApp
Share on WhatsApp
ប្រធានប្តូរវេនអាស៊ាន កំពុងរងការចោទប្រកាន់​ដោយ​ប្រយោល​ពីតុលាការ​បារាំង​ថា បាន​ប្រព្រឹត្ត «​អំពើ​សម្លាប់​មនុស្ស​​ទ្រង់ទ្រាយ​ធំ​»​ ក្នុង​​សំណុំ​រឿង​​​គប់​គ្រាប់​​បែក​​កាល​ពី​២៥​ឆ្នាំ​មុន លោក ហ៊ុន សែន និងលោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក។
រូប៖ AKP

មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ​ថា ប្រធានប្តូរវេន​អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រងនូវការចោទ​ប្រកាន់​ដោយ​ប្រយោល​​ពី​តុលាការបារាំង​ ថា​បាន​ប្រព្រឹត្ត​អំពើសម្លាប់​មនុស្ស​ទ្រង់ទ្រាយធំ​ក្នុងសំណុំរឿង​គប់គ្រាប់បែក​លើ​ក្រុមបាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី ២៥ឆ្នាំមុន។ មន្ត្រីរូបនោះថា ការអាច​ជាប់ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន នេះ នឹងធ្វើឱ្យ​កម្ពុជា​បាក់មុខមាត់​នៅឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​​-​​អាមេរិក​​ (ASEAN-US Special Summit)​ ​ដែលគ្រោង​​នឹងធ្វើ​នៅចុងខែមីនា​នេះ​នៅ​សេតវិមាន​ (White House)​ ប្រធានាធិបតី​អាមេរិក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតុន​ (Washington)។

ស្របពេល​ដែល​សហរដ្ឋអាមេរិក​ប្រកាស​ជាផ្លូវការ​យក​ថ្ងៃទី២៨ និង២៩ ខែមីនា​ខាងមុខនេះ ដើម្បីរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅឯ​សេតវិមាន​​ប្រធានាធិបតី ដែល​កាលបរិច្ឆេទនេះ​ធ្វើឡើង​មួយ​ថ្ងៃ​មុនខួប​ទី២៥ នៃ​ព្រឹត្តិការណ៍​គប់គ្រាប់បែក​លើ​ក្រុមបាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ឆ្នាំ១៩៩៧ មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ​ព្រមានថា ប្រធាន​ប្តូរវេន​អាស៊ាន​អាច​ប្រឈម​នឹង​បញ្ហា​ចម្រូងចម្រាស​ផ្លូវច្បាប់។ ការអាច​ប្រឈមនឹង​បញ្ហា​ចម្រូងចម្រាស​តាមផ្លូវច្បាប់នេះ​គឺ​ដោយសារតែ​ពេលនេះ​តុលាការ​បារាំង​កំពុង​ចេញ​ដីកា​តាមចាប់ខ្លួន​កូនចៅ​របស់​ប្រធានប្តូរវេន​អាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះ​រួមមាន​មេកង​អង្គរក្ស​របស់​លោក គឺលោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ។

នាយកទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ​ (Human Rights Watch)​ លោក ប្រេដ អាដាមស៍ (Brad Adams)​ថ្លែងថា ប្រធានប្តូរវេន​អាស៊ាន​គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រងនូវការចោទ​ប្រកាន់​ដោយ​ប្រយោល​ពី​សំណាក់​តុលាការ​បារាំង​ថា​បាន​ប្រព្រឹត្ត «អំពើ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ» ក្នុង​សំណុំរឿង​គប់គ្រាប់បែក​កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបាន​សម្លាប់​មនុស្ស ១៦នាក់ និង​បណ្តាលឱ្យ​មនុស្សប្រមាណ ១៥០នាក់ទៀត រងរបួស​ធ្ងន់ និង​ស្រាល។

លោកថា បើកុំតែលោក ហ៊ុន សែន មាន​អភ័យឯកសិទ្ធិទេ កុំអី​លោក ហ៊ុន សែន ខ្លួនឯង​ក៏​អាច​ប្រឈម​នឹង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដែរ៖ «យើងនឹង​ធ្វើឱ្យ​រឿងនេះ​ត្រូវបាន​គេដឹងឮ​ជាទូទៅ​ជាពិសេស​ក្នុងចំណោម​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​ថា ប្រធានប្តូរវេន​អាស៊ាន​ត្រូវបាន​ចោទប្រកាន់​ដោយ​ប្រយោល​ពីសំណាក់​តុលាការ​បារាំង​ថាបាន​ប្រព្រឹត្ត​អំពើសម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ។ ប្រាកដណាស់​ថា លោក​បាន​រងនូវ​ការចោទប្រកាន់​បែបនេះ​ពីសំណាក់​ក្រុមមនុស្ស​ជាច្រើន​ក្នុងរយៈពេល​ជាច្រើនឆ្នាំ​មកហើយ​ជុំវិញ​រឿងរ៉ាវ​ជាច្រើន។ ប៉ុន្តែ វាជារឿង​ខុសប្លែក​ពីលើក​មុនៗ​ដែល​តុលាការ​បារាំង​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​កូនចៅរបស់​លោកនាពេលនេះ។ ខ្ញុំគិតថា ការណ៍​នេះ​នឹង​ធ្វើឱ្យ​លោក ហ៊ុន សែន ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពាក់ព័ន្ធនឹង​សម្លាប់មនុស្ស​នេះ។ វានឹង​ក្លាយជា​រឿងរ៉ាវ​អាម៉ាស់​សម្រាប់​អាស៊ាន​ទាំងមូល។ វានឹង​ធ្វើឱ្យ​កម្ពុជា​រឹតតែ​បាក់មុខមាត់ ហើយ​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​ប្រទេសនានា​គិតគូរ​ឡើងវិញ​កាន់តែខ្លាំង​ថាតើ​ពួកគេ​ត្រូវមាន​ទំនាក់ទំនង​យ៉ាងណា​ជាមួយ​លោក ហ៊ុន សែន»

ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​ទីក្រុងប៉ារីស​នៃ​ប្រទេសបារាំង​ (Cour d'Appel de Paris, Tribunal judiciaire de Paris)​ កាលពី​ចុងឆ្នាំ២០២១ បាន​ចេញដីកា​ចោទប្រកាន់​​ដោយ​​បង្គាប់​​ឱ្យអនុវត្ត​ដីកាបង្គាប់​ឱ្យ​ចាប់ខ្លួន​មេកងអង្គរក្ស​លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​បច្ចុប្បន្នជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ពីបទ «ប៉ុនប៉ង​សម្លាប់មនុស្ស» ក្នុងសំណុំ​រឿង​គប់គ្រាប់បែក​លើ​ក្រុមបាតុករ​កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រោយ​បុគ្គល​ទាំងពីររូបនេះ​ ខកខាន​មិនបាន​ចូលខ្លួន​មកផ្តល់​សក្ខីកម្ម​ស្របតាម​ដីកា​កោះហៅ​របស់​តុលាការ​បារាំង។ តុលាការ​បារាំង​គ្រោងនឹង​ធ្វើ​សវនាការ​លើ​អង្គសេចក្តី​នៃ​សំណុំរឿងនេះ នៅ​ឆ្នាំ២០២៣​ខាងមុខ។

មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រេដ អាដាមស៍ ថា​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នឹង​ជំរុញ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ​ អាំងទែរប៉ូល (Interpol) ឱ្យចេញ​និវេទន៍​ក្រហម​តាមចាប់​ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន ទាំងពីររូបនេះ​តាម​ដីកា​របស់​តុលាការ​បារាំង។ លោកថា​បុគ្គល​ទាំងពីររូបនេះ​មិនអាច​ធ្វើដំណើរ​មកកាន់​អឺរ៉ុប និង​ទ្វីបអាមេរិក​ខាងជើង​បានទៀតឡើយ ខណៈ​ពួកគេ​ក៏អាច​ប្រឈមនូវ​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ។

ជុំវិញ​សំណួរដែល​ថា​ការណ៍​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជាប់ពាក់ព័ន្ធ​ដោយ​ប្រយោល​ឬ​អាចជា​អ្នកបញ្ជា​ពីក្រោយ​ក្នុងសំណុំរឿង​គប់គ្រាប់បែក​កាលពី​ឆ្នាំ១៩៩៧​នេះ ថាតើលោក​អាច​នឹង​ត្រូវ​តុលាការ​បារាំង​ចេញ​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​ដែរឬទេ​នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​មកចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​សេតវិមាន​ប្រធានាធិបតី​នាពេល​ខាងមុខ​នេះ លោក ប្រេដ អាដាមស៍ ថា ហេតុការណ៍​នេះ​នឹងមិនកើតមាន​ទេ បើទោះបី​ជាលោក​ចង់ឃើញ​តុលាការ​បារាំង​ធ្វើដូច្នេះ​ក៏ដោយ។ លោកថា តុលាការ​បារាំង​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​នឹង​មិនធ្វើ​ដូច្នេះទេ ដោយសារ​ពួកគេ​គិតថា​លោក ហ៊ុន សែន កំពុង​មាន​អភ័យឯកសិទ្ធិ​នៅឡើយ។ យ៉ាងណាក៏ដោយ លោក ប្រេដ អាដាមស៍ មាន​ប្រសាសន៍​ថា តុលាការ​បារាំង​អាច​នឹងធ្វើ​ដូច្នេះ​នៅថ្ងៃណាមួយ​នៅពេល​ដែល​លោក ហ៊ុន សែន អស់អំណាច។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ជាផ្លូវការ​ថា ប្រធានាធិបតី​អាមេរិក លោក ចូ ប៊ៃឌិន (Joe Biden) នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នៅថ្ងៃទី២៨ និង​ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។ អ្នកនាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក អ្នកស្រី ជែន ផសាគី (Jen Psaki) ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ថា កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​នឹងបង្ហាញ​ថា​សហរដ្ឋអាមេរិក​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ចំពោះ​តំបន់​អាស៊ាន ដោយ​ទទួលស្គាល់​ពី​តួនាទី​នៃ​មជ្ឈឹមភាព​របស់​អាស៊ាន​ក្នុងការ​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​ចិរភាព​លើ​បញ្ហា​ប្រឈម​ចម្បង នានា​ក្នុង​តំបន់ និង​ដើម្បី​រំឮក​ខួបលើកទី៤៥ នៃ​ទំនាក់ទំនង​អាស៊ាន និង​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់ វិទ្យុអាស៊ីសេរី តាម​បណ្តាញ​សង្គមតេឡេក្រាម (Telegram) កាលពី​ថ្ងៃទី០១ ខែមីនា ថា លោកពុំមាន​ព័ត៌មាន​លម្អិត​ជុំវិញ​កិច្ចប្រជុំ​នេះ​នៅឡើយទេ ដោយសារ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ដែលជា​អ្នកសម្របសម្រួល​ទំនាក់ទំនង​អាស៊ាន-សហរដ្ឋអាមេរិក គឺជា​អ្នករៀបចំ​កិច្ចប្រជុំ​នេះ​ជាមួយ​សហរដ្ឋអាមេរិក។

ចំណែកប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក ថ្លែង​ក្នុង​វេទិកា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី​កាលពី​យប់​ថ្ងៃទី០១ ខែមីនា ថា នៅពីក្រោយ​វាំងនន​ការទូត​នៃ​កិច្ចប្រជុំ​កំពូល​នេះ លោកជឿជាក់​ថា សហរដ្ឋអាមេរិក​អាចនឹង​ហៅ​លោក ហ៊ុន សែន មក «ស្តីឱ្យ​» ជា​លក្ខណៈ​ទ្វេភាគី​ជុំវិញ​រឿងលោក​ចូលដៃ​ជាមួយ​របបសឹក​មីយ៉ាន់ម៉ា (Myanmar) ឬ ភូមា (Burma) រឿងសង្ស័យ​ថា លោក​បើកដៃឱ្យចិន​សង់មូលដ្ឋានទ័ព​នៅកម្ពុជា និង​រឿងរ៉ាវ​រម្លាយ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​ចោទថា​​សហរដ្ឋអាមេរិក​នៅពីក្រោយ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា៖ «នឹងមាន​ការស្តីឱ្យ​លោក ហ៊ុន សែន លើ​បី​ចំណុច​នេះ ពីព្រោះ​បីចំណុច​នេះ​ជា​គោលជំហរ​ដ៏សំខាន់​របស់​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​មិនអាច​ព្រងើយ​កន្តើយ​ចំពោះ ហ៊ុន សែន ដែល​រំលោភ​គោលការណ៍ ដែល​រំលោភ​គុណតម្លៃ​សហរដ្ឋអាមេរិក​ទាក់ទងទៅនឹង​លទ្ធិប្រជាធិបតេយ្យ ទាក់ទងទៅនឹង​សិទ្ធិមនុស្ស ទាក់ទងទៅនឹង​ការការពារ​សន្តិភាព​ក្នុង​តំបន់ មិនឱ្យ​ប្រទេសណាមួយ​ឈ្លានពាន​គេឯង»

នេះគឺជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិ​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​អាស៊ាន ដែល​ក្រុមមេដឹកនាំ​អាស៊ាន​ត្រូវ​សហរដ្ឋអាមេរិក​អញ្ជើញ​ឱ្យមកចូលរួម​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន​យ៉ាងដូច្នេះ។ សហរដ្ឋអាមេរិក​ធ្លាប់រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​ដំបូង​កាលពី​ឆ្នាំ២០១៦ ដោយ​ជ្រើសរើស​យក​ទីតាំង​ផ្សេង ដែលមិនមែន​នៅ​សេតវិមាន​ប្រធានាធិបតី។

អ្នកជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធារី ដែល​កំពុង​រង​នូវ​ការធ្វើទុក្ខបុកម្នេញ​តាមផ្លូវតុលាការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រាប់ វិទ្យុអាស៊ីសេរី ថា​កញ្ញា​សោកស្តាយ​ដែល​សហរដ្ឋអាមេរិក​សម្រេច​ជ្រើសរើស​យក​ទីតាំង​សេតវិមាន​ប្រធានាធិបតី​ដើម្បីរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។ តែកញ្ញា​ថា សហរដ្ឋអាមេរិក​ធ្វើដូច្នេះ​គឺដើម្បី​ពង្រឹង​ឥទ្ធិពល និង​ផលប្រយោជន៍​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប្រឆាំងនឹង​ឥទ្ធិពល​របស់​ចិន៖ «អំពីការអញ្ជើញ​លោក ហ៊ុន សែន ចូលមក​សេតវិមាន យើង​ជា​ប្រជាពលរដ្ឋ​នឹងខាត។ អាមេរិក​អាច​មិនសូវ​ខ្វល់​ពីព្រោះ​គេគិតថា គេចំណេញ​លើ​ចំណុច​ផ្សេងៗទៀត​ទាក់ទិន​ដល់​គោលនយោបាយ​របស់​គេ​នៅក្នុង​ការទប់ស្កាត់ចិន ហើយ​ត្រូវការ​ប្រមូល​កម្លាំង​ពី​អាស៊ាន ពី​គ្រប់ទិសទី»

ស្រដៀងគ្នានេះដែរ អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី យល់ថា ការជ្រើសរើស​យកទីតាំង​សេតវិមាន​ប្រធានាធិបតី​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​នាពេលនេះ គឺ​ដោយសារ​សហរដ្ឋអាមេរិក​មើលឃើញ​ពី​សារសំខាន់​នៃ​ទីតាំងភូមិសាស្ត្រ​នយោបាយ​នៅតំបន់​អាស៊ាន​ទាំងមូល៖ «វាឆ្លុះបញ្ចាំង​អំពីការផ្តល់នូវ​សារសំខាន់​សម្រាប់​តំបន់អាស៊ាន ហើយ​ប្រហែល​ជា​អាស៊ាន​បាន​ដើរតួនាទីសំខាន់​សម្រាប់អាមេរិក ជាពិសេស​ផលប្រយោជន៍​របស់​អាមេរិក​នៅក្នុង​ការទប់​ឥទ្ធិពល​របស់​ចិន ដែល​កំពុងតែ​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល។ តំបន់អាស៊ាន​នេះ គឺវានៅ​ចន្លោះ​នៃ​សមុទ្រចិន​ខាងត្បូង​ដែល​កំពុងតែ​មាន​បញ្ហា ហើយ​វា​ក៏ជា​ផ្លូវ​ពាណិជ្ជកម្ម​មួយ​ដ៏សំខាន់ដែរ។ ដូច្នេះ ខ្ញុំគិតថា​ការផ្តល់​នូវ​ទីតាំង​ដ៏សំខាន់នេះ​សម្រាប់មេដឹកនាំ​អាស៊ាន​ក្នុងការ​ចូលរួម​កិច្ចប្រជុំ​នេះ គឺជារឿងមួយ​ដែលគួរឱ្យ​ចាប់អារម្មណ៍ ហើយ​វា​ផ្តល់នូវ​សារសំខាន់​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល។ អ៊ីចឹង​ហើយ អាមេរិក​ហាក់ដូចជា​មើលរម្លងថា មិនខ្វល់​ថា​មេដឹកនាំ​នៅតំបន់​អាស៊ាន​ហ្នុង​មកពី​ប្រភពណា ឬក៏​មាននិន្នាការ​ទៅរក​ភាពផ្តាច់ការនិយម ឬក៏​សេរីនិយម​នោះទេ»

បើទោះបីជា​តុលាការ​បារាំងទំនងជានឹងមិន​​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក ហ៊ុន សែន នាពេល​លោក​ធ្វើដំណើរ​មកចូលរួម​កិច្ចប្រជុំ​នេះ​នៅអាមេរិក​ក៏ដោយ អ្វីដែល​គេដឹងច្បាស់​នាពេល​នេះគឺថា ការធ្វើដំណើរ​មកជាន់ដី​សហរដ្ឋអាមេរិក​របស់​លោក ហ៊ុន សែន នាពេលនេះ មិនមែន​មានន័យ​ថា​សហរដ្ឋអាមេរិក​ទទួលស្គាល់​ការដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ ម៉្យាងវិញទៀត ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាពេលនេះ ក៏មិនខុស​ពីលើកមុនៗដែរ​ដែលលោក​អាចនឹង​ត្រូវ​ប្រឈម​នូវ​ការធ្វើ​បាតុកម្ម​ពីសំណាក់​ក្រុមពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាច្រើន​នាក់​ដែល​មិនពេញចិត្ត​ទៅនឹង​ការដឹកនាំ​របស់លោក​ដោយសារ​កំណត់ត្រា​អាក្រក់​នៃ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស និង​ការរម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

យ៉ាងហោចណាស់ មន្ត្រីនិង​មេឈ្មួញ​កម្ពុជា ចំនួន​៥នាក់ ព្រមទាំង​សមាជិក​សាច់ញាតិ​បង្កើត​នៃ​ក្រុមគ្រួសារ និង​ក្រុមហ៊ុន​របស់​ពួកគេ ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ការរឹតត្បិត​ការលក់​សព្វាវុធ​មក​ឱ្យ​កម្ពុជា​ផងដែរ។ លើស​ពី​នេះ​ទៀត កាល​ពី​ចុងឆ្នាំ​២០២១ សហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន និង​វិនិយោគិន​ជនជាតិ​អាមេរិកាំង​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​មុននឹង​មក​វិនិយោគ​លើ​វិស័យ​ហានិភ័យ​មួយចំនួន​នៅ​កម្ពុជា ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​វិស័យ​កម្មន្តសាល និង​ឈើ​ហ៊ុប ជាដើម ព្រោះថា ​វិស័យ​ទាំងនោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស សកម្មភាព​ឧក្រិដ្ឋ ឬ​អំពើ​ពុករលួយ។

ក្រុមអ្នកជំនាញ​កិច្ចការអន្តរជាតិ​លើកឡើង​ថា សហរដ្ឋអាមេរិក​មាន​ផលប្រយោជន៍​ច្រើន​ពី​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ាន​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។ ក្នុងនោះ សហរដ្ឋអាមេរិក​ចង់​ធានាថា ចិន​មិនមាន​ឥទ្ធិពល​ទៅលើ​អាស៊ាន​ទាំងផ្នែក​សេដ្ឋកិច្ច សន្តិសុខ និង​នយោបាយ​នោះទេ។ សហរដ្ឋអាមេរិក​ក៏ចង់បាន​ការធានា​លើ​បញ្ហា​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រចិន​ខាងត្បូង បញ្ហា​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ រួមទាំង​ការ​រក្សា​ពាណិជ្ជកម្ម ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល