សង្គមស៊ីវិល និង​ពលរដ្ឋ មិន​សូវ​ជឿ​ក្រុម​ការងារ​ចម្រុះ សម្រាប់​ទទួល និង​ដោះ​ស្រាយ​បណ្តឹង​មុខ​ភូមិ​គ្រឹះ​លោក ហ៊ុន សែន

ដោយ សន ចាន់រដ្ឋា
2018-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដីធ្លី មិន​សូវ​មាន​ជំនឿ​លើ​ប្រសិទ្ធិភាព​ការងាររបស់​ក្រុម​ការងារចម្រុះទទួល និង​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ នៅ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បង្កើត​ក្រុម​ការងារ​ចម្រុះ​ទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខ​ភូមិគ្រឹះរបស់លោក កាលពីថ្ងៃទី១៦ ខែតុលា។

ថ្វី​ដ្បិត​មេដឹកនាំ​ទីក្រុង​ភ្នំពេញ បង្កើត​ក្រុម​ការងារ​ចម្រុះ​សម្រាប់​ទទួល និង​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ នៅមុខភូមិគ្រឹះ​លោក ហ៊ុន សែន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ក្តី ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និងប្រជាពលរដ្ឋមានជម្លោះដីធ្លីមួយចំនួន មិនសូវមានសង្ឃឹមថា ក្រុម​ការងារ​ចម្រុះ​ថ្មី​នេះ អាច​ដោះស្រាយបញ្ហាទុក្ខលំបាក​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ។

តំ​ណាងសហគមន៍​សាមគ្គី​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោកស្រី ខៀវ សារ៉ុន លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ជាង ៤រយ​គ្រួសារ នៅ​ឃុំ​អំពិល ស្រុក​រមាសហែក កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ អ៊ិន.ខេ វេនឈ័រ (N-K Venture) លើផ្ទៃដី ៦៧០​ហិកតារ​តាំង​ពី​ឆ្នាំ​២០១០ មក មិន​ទាន់​បាន​ដោះស្រាយ​ទេ ទោះ​បី​ជា​ពលរដ្ឋ​ខំ​តវ៉ា​ដាក់​ញត្តិ​ទាំង​នៅ​ខេត្ត​ស្វាយរៀង និង​នៅ​ភ្នំពេញ​ក្តី។ លោកស្រី​មិន​សូវ​សង្ឃឹម​ថា ក្រុម​ការងារ​ចម្រុះ​ថ្មី​នេះ នឹង​អាច​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី និង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​បាន​នោះ​ទេ៖ «ខ្ញុំគិតថា គម្រោងរបស់សម្តេច ប្រសិនបើធ្វើអញ្ចឹងខ្ញុំដូចអត់​សូវ​ទុកចិត្ត ដូច្នេះគួរតែសម្តេចស្រែកតែម្តងថា អោយអាជ្ញាធរចុះវាស់វែងដីអោយប្រជា​ពលរដ្ឋ​នៅ​គ្រប់​ខេត្ត ដែល​មាន​ជម្លោះ​ដីធ្លី»

តំណាងពលរដ្ឋរងគ្រោះដីធ្លីរូបនេះ បញ្ជាក់ថា ករណី​ជម្លោះ​ដី​ធ្លី​កន្លង​មក ពុំ​ដែល​មាន​ក្រុម​ណា​មួយ ឆ្លៀត​ឱកាស ឬ​ញុះញង់ ដើម្បី​ចំណេញ​នយោបាយ​នោះ​ទេ ពោល​គឺ​មាន​តែ​អាជ្ញាធរ​ទេ ដែល​អសមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ជូន​ពួក​គាត់ ហើយ​ចោទ​ពួក​គាត់​ថា ជា​ក្រុម​ប្រឆាំង៖ «អត់​មាន​នរណា​មក​ញុះញង់​ទេ គឺ​សំខាន់​បំផុត​អាជ្ញាធរ ដែល​គាត់​តែង​ញុះញង់​ខ្លួន និង​លាប​ពណ៌​ខ្លួន​ឯង។នៅ​ខាង​ខ្ញុំ​នៅ​ពេល​ពួក​ខ្ញុំ​តវ៉ា​រឿង​ដី ពួក​គាត់​តែង​ចោទ​ថា ពួក​ខ្ញុំ​ជា​ក្រុម​បក្ស​ប្រឆាំង ដោយ​ពួក​គាត់​មិន​បាន​គិត​ក្នុង​ចិត្ត​ថា ពួក​ខ្ញុំ​កំពុង​មាន​បញ្ហា​ធំ​នៅ​ក្នុង​សហគមន៍​នោះ​ទេ»

កាលពីថ្ងៃទី១៦ ខែតុលាកា មេ​ដឹក​នាំ​របប​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​សម្រេច​បង្កើត​ក្រុម ការងារ​ចម្រុះ​មួយ មាន​សមាជិក​ចំនួន ២២រូប សម្រាប់​ទទួល និង​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ នៅ មុខ​ភូមិគ្រឹះ​របស់​លោក​ទាំង​ពីរ ដែល​មួយ​ស្ថិត​នៅ​ជិត​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ និង​មួយ​ទៀត​ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ក្នុង​សេចក្តីសម្រេច​នោះ បង្ហាញ​ថា មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន និង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​លោក ហ៊ីង ប៊ុនហៀង ជា​ប្រធាន។ រីឯ​អភិបាល​សាលាក្រុង​ភ្នំពេញ​លោក ឃួង ស្រេង អភិបាល ខេត្ត​កណ្តាល​លោក ម៉ៅ ភិរុណ និង​នាយក​រង​ខុទ្ទកាល័យ លោក ហ៊ុន សែន និង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស លោក ចៅ តុល មាន​តួនាទី​ជា​អនុប្រធាន​នៃ​ក្រុម​ការងារ​ចម្រុះ​នេះ។

ក្នុងសេចក្តីសម្រេចនោះ បញ្ជាក់ដែរថា ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ ក៏​ដើម្បី​ទប់​ស្កាត់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស​កេង​ចំណេញ​មក​ពី​លើ​ក្រុម​អ្នក​តវ៉ា និង​ទប់​ស្កាត់​ក្រុម​អ្នក​តវ៉ា​មាន​បាតុករ​ច្រើន​នាក់ ដែល​មាន​បំណង​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ផ្សេងៗ ហើយ​ព្យាយាម​ពន្យល់​ពី​នីតិវិធី​របស់​ក្រុម​ការងារ​ចម្រុះ និង​ច្បាប់​ជូន​អ្នក​តវ៉ា​ជា​ដើម។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សារឿន មាន​ប្រសាសន៍​ថា រូប​ភាព នៃ​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ ហាក់​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​វា​អាច​មាន​ចេតនា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​មុខ​ភូមិ​គ្រឹះ​លោក ហ៊ុន សែន។ ម្យ៉ាង​វិញ​ទៀត ការ​បង្កើត​ក្រុម​ការងារ​នេះ ក៏​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មិន​មាន​យន្តការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ច្បាស់​លាស់​ដែរ៖ «ប្រសិទ្ធិភាព​មាន ឬ​មិន​មាន​អាស្រ័យ​លើ​ឆន្ទៈ​នៃ​ការ​ធ្វើការ​របស់​ក្រុម​ការងារ​ចម្រុះ​ថ្មី​នេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ និង​កសិករ​ធ្វើការ​តវ៉ា​រំខាន​ដល់​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ រាប់​ចាប់​ពី​ភូមិ​ដល់​ខេត្ត និង​នៅ​មាន​ថ្នាក់​ក្រសួង​ទៀត ដែល​គួរ​តែ​ប្រើ​លទ្ធភាព​ដោះ​ស្រាយ​ឲ្យ​អស់​លទ្ធភាព»

រីឯប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ លីកាដូ លោក អំ សំអាត លើក​ឡើង​ថា ការ​បង្កើត​ការងារ​ចម្រុះ​នេះ គឺ​ជា​សារ​មួយ​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​មិន​ទុក​ចិត្ត​ចំពោះ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ហើយ​តែង​តែ​ឡើង​មក​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ ឬ​ពី​លោក ហ៊ុន សែន។ ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក អំ សំអាត បារម្ភ​ថា ក្រុម​ការងារ​ចម្រុះ​នេះ មិន​បើក​ទូលាយ​ឲ្យ​ប្រជា​ពលរដ្ឋ​តវ៉ា ឬ​ទាមទារ​នៅ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន ឡើយ ព្រោះ​កន្លង​មក លោក​សង្កេត​ឃើញ​ថា នៅ​ពេល​ប្រជា​ពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ ឬ​មុខ​ផ្ទះ​លោក ហ៊ុន សែន តែងតែ​រង​ការ​ទប់​ស្កាត់ ការ​បង្ក្រាប រហូត​មាន​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​ជាដើម៖ «បើ​យើង​មើល​ទៅ​លើ​ក្រុម​ការងារ​ចម្រុះ​នេះ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ចេញ​ពី​កង​កម្លាំង។ ដូច្នេះ​យើង​បារម្ភ​ព្រោះ​នៅ​ប្រការ​ខាង​ក្រោម​មាន​ចែង​ថា ទប់ស្កាត់​កុំ​ឲ្យ​ប្រជា​ពលដ្ឋ​គ្នា​ច្រើន​ឡើង​មក​តវ៉ា។ អាហ្នឹង​ក៏​វា​អាច​ជា​បញ្ហា​មួយ ប្រសិន​បើ​ជា​មិន​ស្រួល​ទេ វា​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ផង​ដែរ ក្នុង​ការ​ទប់ស្កាត់ រារាំង និង​ការ​បង្ក្រាប​នោះ។ប្រការ​មួយ​ទៀត​ចែង​ថា ទប់​ស្កាត់​ការ​កុំ​ឲ្យ​មាន​ការ​ញុះញង់ ការ​ឆ្លៀត​ឱកាស ដើម្បី​ធ្វើ​ឲ្យ​មាន​ឡើង​មក​តវ៉ា​ច្រើន​ហូរហែ​អ៊ីចឹង ក៏​អាច​ជា​ឱកាស​ដើម្បី​យក​លេស ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់។ទោះ​យ៉ាង​ណា​ក្ដី យន្តការ​នេះ ខ្ញុំ​គិត​ថា​វា​ល្អ​ហើយ ដើម្បី​ទទួល និង​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ ប៉ុន្តែ បើ​អ្នក​អនុវត្ត​ធ្វើ​ខុស​ពី​អត្ថន័យ​នេះ វា​អាច​មាន​បញ្ហា»

លោក អំ សំអាត យល់​ថា លោក ហ៊ុន សែន គួរ​តែ​ពង្រឹង​សិទ្ធិ​អំណាច​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដើម្បី ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព គឺ​ល្អ​ជាង​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ៖ «បើ​និយាយ​ពី​នីតិវិធី និង​ប្រសិទ្ធិភាព​វិញ គួរ​តែ​បង្កើត ឬ​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ពង្រឹង​សិទ្ធិ​អំណាច ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ ដោយ​តម្លាភាព និង​យុត្តិធម៌។ ប្រសិន​បើ​ធ្វើ​អ៊ីចឹង ប្រជា​ពលរដ្ឋ​នឹង​កាត់​បន្ថយ​ក្នុង​ការ​ឡើង​មក​តវ៉ា​សុំ​អន្តរាគមន៍​ពី​មុខ​ផ្ទះ​សម្តេច​នាយករដ្ឋមន្ត្រី»

ឆ្លើយតបបញ្ហានេះអភិបាលសាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ គឺ​ជា​យន្តការ​មួយ​សម្រាប់​ជួយ​ទទួល​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ ទៀត។ ដូច្នេះ​មិន​មាន​អ្វី​ប្លែក​ទេ។ លោក​បន្ត​ថា ខុទ្ទកាល័យ​លោក ហ៊ុន សែន មាន​ចំនួន​ពីរ​ដូច្នេះ ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា គឺ​អាច​ទៅ​ដាក់​បណ្តឹង​កន្លែង​ណា​មួយ​ណា​ក៏​បាន ហើយ​សមាជិក​ក្រុម​ការងារ​នេះ នឹង​ជួយ​ណែនាំ និងទ​ទួល​បណ្តឹង​ពលរដ្ឋ។ ទោះ​យ៉ាង​ណា​ក្តី លោក​ទទួល​ស្គាល់​ថា ក្រុម​ការងារ​ចម្រុះ​ថ្មី​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​តវ៉ា​ច្រើន​នោះ​ទេ៖ «នេះ​គឺ​ជា​រឿង​ការងារ​រដ្ឋបាល​គេ មិន​មែន​ជា​រឿង​ការងារ​កាសែត​អូន​ទេ។ អ្នក​ណា​ដែល​ឲ្យ​មនុស្ស​មាន​រឿង​មួយ​ពាន់​នាក់​មក​មួយ​ពាន់​នាក់​កើត។ គេ​មាន​តំណាង​គេ យក​លិខិត​យក​ស្នាម​អី​មក អា​ហ្នឹង​គេ​ត្រូវ​តែ​មាន​អ៊ីចឹង​ហើយ។ លិខិត​ចាត់​តាំង​ហ្នុង និយាយ​អ៊ីចឹង​ត្រឹមត្រូវ​ហើយ​អូន ហើយ​អូន​ឯង​ដូច​អត់​ចេះ​ធ្វើ​ការងារ​រដ្ឋបាល​ផង។ អ៊ីចឹង​បើ​មាន​រឿង​មួយ​លាន​នាក់ ហើយ​មួយ​លាន​នាក់​មក​ដាក់​ពាក្យ​បណ្តឹង​អ៊ីចឹង​អី។ មើល​ខ្ញុំ​ឆ្ងល់ សួរ​អូន​ឯង​វិញ»

កាលពីអាណត្តិមុនៗ របបលោក ហ៊ុន សែន ក៏​បាន​បង្កើត​គណៈកម្មការ​​ចម្រុះ​អន្តរ​ក្រសួង ដើម្បី​​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដែរ។ ចំណែក​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា​កន្លង​ទៅ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​មួយ​ច្បាប់ ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​រាជនី-ខេត្ត ត្រូវ​បង្កើន​ប្រសិទ្ធភាព នៃ​ការ​សម្រុះសម្រួល និង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ប្រកប​ដោយ​តម្លាភាព​សុច្ចរិតភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចៀសវាង​ពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ។

ប្រជាពលរដ្ឋមាន​ជម្លោះ​ដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​នានា អះអាង​ថា របប​លោក ហ៊ុន សែន នៅ​តែ​បរាជ័យ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី និង​បញ្ហា​ធំៗ មួយ​ចំនួន​ទៀត ជូន​ពួក​គាត់ ព្រោះ​ស្ថាប័ន​ដែល​បង្កើត​ឡើង គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ឆន្ទៈ​ជួយ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល