ក្រសួងមហាផ្ទៃបង្គាប់ឲ្យមន្ត្រីក្រោមការគ្រប់គ្រងរបស់ខ្លួនជ្រើសយកមុខតំណែងតែមួយ
2015.02.08
ក្រសួងមហាផ្ទៃ ប្រកាសបង្គាប់ទៅដល់ថ្នាក់ដឹកនាំអង្គភាពនានា ដែលឋិតក្រោមចំណុះរបស់ខ្លួនឲ្យណែនាំដល់មន្ត្រីរាជការស៊ីវិលក្រោមឱវាទរបស់ពួកគេ ជ្រើសយកមុខតំណែងតែមួយ ប្រសិនបើពួកគេមានតំណែងលើសពីមួយក្នុងពេលបច្ចុប្បន្ន។ ការបង្គាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តព្រះរាជក្រឹត្យ ស្ដីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤។
ចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលដែលធ្វើការឋិតនៅក្រោមចំណុះរបស់ក្រសួងមហាផ្ទៃ មិនអាចមានមុខតំណែងលើសពីមួយក្នុងពេលតែមួយបានឡើយ។
លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែកុម្ភៈ បានបង្គាប់ឲ្យថ្នាក់ដឹកនាំរបស់អង្គភាពទាំងឡាយរបស់ក្រសួងមួយនេះ ដែលមានចាប់ពីអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សា ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ រហូតដល់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តទាំង ២៤ ឲ្យធ្វើការណែនាំដល់មន្ត្រីរាជការស៊ីវិលក្រោមឱវាទក្នុងអង្គភាពរបស់ខ្លួនដែលកំពុងកាន់មុខតំណែងលើសពីមួយត្រូវជ្រើសរើសមុខតំណែងមួយក្នុងចំណោមមុខតំណែងដែលខ្លួនកំពុងកាន់នៅពេលបច្ចុប្បន្ន។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា វិធានការនេះ ធ្វើឡើងគឺដើម្បីទុកលទ្ធភាពឲ្យមន្ត្រីរាជការស៊ីវិលផ្សេងទៀត អាចចូលមកកាន់មុខតំណែងដែលកំពុងនៅទំនេរបាន ជាពិសេសគឺដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការស៊ីវិលទាំងអស់ដែលកំពុងបម្រើការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងស្របតាមគោលការណ៍ដែលមានចែងនៅក្នុងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ដែលបានចុះហត្ថលេខាលើលិខិតជួសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ លោកមានប្រសាសន៍ថា ចំនួនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសដែលឋិតក្រោមចំណុះក្រសួងមហាផ្ទៃ មានប្រមាណជាង ១ម៉ឺននាក់។ លោកបញ្ជាក់ថា ក្នុងចំណោម ១ម៉ឺននាក់នោះ លោកជឿជាក់ថា មានអ្នកខ្លះមានមុខតំណែងលើសពីមួយ។
យ៉ាងណាលោកថា លោកមិនទាន់អាចក្ដាប់ចំនួនអ្នកមានតំណែងលើសពីមួយនោះបានទេ គឺត្រូវរង់ចាំមើលលទ្ធផលស្ថិតិថ្មីពីប្រធានអង្គភាពនានាជាមុនសិន៖ «មានអ្នកខ្លះជាអគ្គនាយករងផង ជាប្រធាននាយកដ្ឋានផង និងជាស្អីផ្សេងទៀត យើងមិនចង់ឲ្យមានអ៊ីចឹងទេ»។
លោក សក់ សេដ្ឋា ឲ្យដឹងបន្ថែមថា វិធានការនេះ គឺមានវិសាលភាពតែទៅលើមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមហាផ្ទៃ ប៉ុណ្ណោះ។ ចំណែកក្រសួង ឬស្ថាប័នដទៃទៀត គេមានវិធានការផ្ទាល់របស់ពួកគេ។ យ៉ាងណាលោកថា ព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋតម្រូវឲ្យស្ថាប័នផ្សេងទៀតអនុវត្តដូចគ្នា។
មាត្រា៨ នៃព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋចែងថា "មន្ត្រីរាជការស៊ីវិលមិនត្រូវអនុញ្ញាតឲ្យកាន់មុខតំណែងមានលក្ខណៈអចិន្ត្រៃយ៍លើសពីមួយមុខតំណែងឡើយ ទោះក្នុងក្រសួងស្ថាប័នតែមួយ ឬក្នុងក្រសួងស្ថាប័នផ្សេងគ្នា" ក្តី។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នមានមន្ត្រីរាជការស៊ីវិលមិនតិចទេ ដែលមានតំណែងលើសពីមួយក្នុងនោះក៏មានទាំងមន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាលផង។
អ្នកសម្របសម្រួលបណ្ដាញរូបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ យល់ថា វិធានការរបស់ក្រសួងមហាផ្ទៃ ពេលនេះ គឺជាការបោះជំហានមួយរបស់រដ្ឋាភិបាលដើម្បីបង្ហាញឲ្យឃើញថា ខ្លួនកំពុងធ្វើកំណែទម្រង់ផ្នែកធនធានមនុស្សនៅតាមស្ថាប័នរដ្ឋ។
លោកថា ការដែលមន្ត្រីម្នាក់មានតំណែងច្រើនក្នុងពេលតែមួយក្រៅតែពីធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋកន្លងមក មន្ត្រីដែលមានតំណែងច្រើនទាំងនោះតែងយកមុខតំណែង ឬតួនាទីរបស់ពួកគេទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ លើសពីនេះ លោកថា មន្ត្រីទាំងនោះមិនអាចធ្វើការងារឲ្យបានពេញលេញដើម្បីបម្រើផលប្រយោជន៍របស់ពលរដ្ឋឡើយ៖ «អ្វីដែលខាតបង់នោះ គឺឱកាសនៃការបំពេញការងារ ឬក៏ការចូលកាន់តួនាទីរបស់មនុស្សដែលមានសក្តានុពលគឺជួបឧបសគ្គ»។
ប្រទេសកម្ពុជា បច្ចុប្បន្ន មានមន្ត្រីរាជការស៊ីវិលសរុបប្រមាណ ១៨ម៉ឺននាក់។ ក្នុងនោះ ក្របខ័ណ្ឌមន្ត្រីរាជការក្នុងផ្នែកអប់រំមានប្រមាណ ១១ម៉ឺននាក់ និងផ្នែកសុខាភិបាលចំនួន ៣ម៉ឺននាក់។ ក្រៅពីនោះ គឺជាមន្ត្រីរាជការស៊ីវិលនៅតាមក្រសួងនិងស្ថាប័ននានា។
លោក សន ជ័យ កត់សម្គាល់ថា ដើម្បីធ្វើកំណែទម្រង់ធនធានមនុស្សតាមស្ថាប័នរដ្ឋ មន្ត្រីរាជការគួរត្រូវបានគេជ្រើសរើសដោយឆ្លងកាត់ការប្រលង ឬការប្រកួតប្រជែងដោយតម្លាភាព និងត្រូវពឹងផ្អែកលើសមត្ថភាពពិតប្រាកដ គឺមិនមែនចូលតាមរយៈការសូកប៉ាន់ ដើម្បីទទួលបានតួនាទីនោះឡើយ។ លោកថា មន្ត្រីដែលទទួលតំណែងតាមរយៈការសូកប៉ាន់ ពួកគេនឹងយកតួនាទីរបស់គេធ្វើការដើម្បីស្វែងរកផលប្រយោជន៍មកវិញ បើទោះជាត្រូវប្រព្រឹត្តអំពើពុករលួយក៏ដោយ៕