ព្រះសង្ឃ មានថេរៈដីកាថា លោក ហ៊ុន សែន ល្មម​ដល់​ពេល​ចុះ​ចេញ​ពី​តំណែង​ហើយ បើ​សិន​ជា​លោក​ឆ្លាត

ដោយ ទីន ហ្សាការីយ៉ា
2019-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ អ៊ុក ស៊ីថា គង់​នៅ​ប្រទេស​បារាំង ដែល​បិណ្ឌបាត​លោក ហ៊ុន សែន ឱ្យ​ចុះ​ចេញ​ពី​តំណែង។
ព្រះតេជព្រះគុណ អ៊ុក ស៊ីថា គង់​នៅ​ប្រទេស​បារាំង ដែល​បិណ្ឌបាត​លោក ហ៊ុន សែន ឱ្យ​ចុះ​ចេញ​ពី​តំណែង។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹក​នាំ​ខ្មែរ​សម័យ​ទំនើប​មួយ​រូប ដែល​ត្រូវ​អ្នក​ប្រឆាំង​នឹង​លោក ទាមទារ​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ពេល​លោក​ចេញ​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្រៅ​ប្រទេស​ម្ដងៗ ពលរដ្ឋ​ខ្មែរ​តែង​តែ​ទទួល​ស្វាគមន៍​ដោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក និង​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ដោយ​សន្តិវិធី​ជា​ដើម។ ជាក់​ស្ដែង ដូច​ជា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ក៏​នឹង​គ្រោង​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែរ ខណៈ​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣១ ឧសភា។

តើ​មូលហេតុ​អ្វី​ខ្លះ បាន​ជា​ពលរដ្ឋ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នោះ?

ពលរដ្ឋ និង​ព្រះសង្ឃ​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ពី​ព្រោះ​ថា លោក​បាន​ដឹក​នាំ​ប្រទេស​ប្រមាណ ៤០ឆ្នាំ​មក​នេះ មាន​រឿងរ៉ាវ​ជា​ច្រើន​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ និង​បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម។

ព្រះសង្ឃ​គង់​នៅ​ប្រទេស​បារាំង​មួយ​អង្គ ព្រះនាម អ៊ុក ស៊ីថា មាន​ថេរ​ដីកា​នៅ​ក្នុង​នាទី​វេទិកា​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​ទី២៨ ឧសភា​ថា ព្រះអង្គ​បាន​សរសេរ​ដោយ​ផ្ទាល់​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង ដោយ​ព្រះអង្គ​លើក​ហេតុផល ៥ចំណុចសំខាន់ ដែល​លោក​នាយករដ្ឋមន្ត្រី​ល្មម​ដល់​ពេល​ផ្ទេរ​អំណាច​ឲ្យ​អ្នក​ដទៃ​នេះ៖ «ចំណុចទី១ លោក ហ៊ុន សែន ប្រើ​ពាក្យ​សំដី​គ្មាន​សីលធម៌ ទី២ សាង​អំពើ​បាបកម្ម​ជា​ច្រើន ដូច​ជា បាញ់​សម្លាញ់​លោក ជា វិជ្ជា, លោក ហ៊ី វុទ្ធី, លោក រស់ សុវណ្ណារ៉េត, លោក ឈុទ្ធិ វុទ្ធី និង​ថ្មីៗ បណ្ឌិត កែម ឡី ជា​ដើម។ ទី៣ ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​រំលាយ​ប្រជាធិបតេយ្យ ​ទី៤ មាន​ជម្លោះ​ដីធ្លី​ពាសពេញ​ប្រទេស ដែល​របប​លោក​ដោះ​ស្រាយ​មិន​បាន និង​ទី៥ សម្ដេច ហ៊ុន សែន មាន​វ័យ​សម​ល្មម​អាច​ចូល​និវត្តន៍​ពី​នយោបាយ​បាន»

ព្រះអង្គ អ៊ុក ស៊ីថា បន្ថែម​ថា លោក ហ៊ុន សែន បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​ព្រះអង្គ​វិញ​ថា លោក​នឹង​កាន់​តំណែង​បន្ត​ទៀត រហូត​ដល់​លោក​សម្លាប់​អ្នក​ដែល​ប្រឆាំង​នឹង​លោក​ឲ្យ​អស់​ជា​មុន​សិន៖ «គាត់​បាន​សរសេរ​ថា "ហុត​ទឹក​សំឡឹង​កាក ទាញ​ច្រវា​ក្រាក​សំឡឹង​ជ្រោយ" តែ​អាត្មា​មិន​ចាប់​អារម្មណ៍ និង​ពាក្យ​ពេចន៍​ទាំង​នេះ​អក្ខរាវិរុទ្ធ​មួយ​ចំនួន សម្ដេច ហ៊ុន សែន សរសេរ​មិន​ត្រូវ​ជ្រុង​ទេ ហើយ​គាត់​ថា គាត់​នឹង​សម្លាប់​អ្នក​ដែល​ប្រឆាំង និង​គាត់​ទាំង​អស់​រហូត​ដល់​ឆ្នាំ២០២៨ ឬឆ្នាំ២០៣០ គាត់​នឹង​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី»

ស្រប​ទៅ​នឹង​សារ​ឆ្លើយ​តប​របស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​ព្រះតេជព្រះគុណ អ៊ុក ស៊ីថា នេះ លោក ហ៊ុន សែន បាន​ប្រកាស​កន្លង​មក​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​កម្ទេច​អ្នក​ប្រឆាំង​នឹង​លោក​ទាំង​អស់ ដែល​លោក​ចោទ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ជា​ដើម។ នៅ​ទន្ទឹម និង​នេះ លោក ហ៊ុន សែន ក៏​សម្ដែង​ការ​សោកស្ដាយ ដែល​លោក​មិន​បាន​សម្លាប់​បាតុករ​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ២០១៤ ជា​ដើម៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំង​ហ្នឹង ពីចុងឆ្នាំ២០១៣ ឬចុងឆ្នាំ២០១៤ គឺ​ពួក​នេះ​ងាប់​អស់ ម៉ែ ថ្ងៃ​មុន​ល្ងាច​ថ្ងៃ​ទី១៥ បាន​ខ្ញុំ​មើល​ឃើញ គេ​កំណត់​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង បើ​ខ្ញុំ​ឃើញ​តាំង​ពី​ពេល​នោះ​ណា គឺ​ពួក​នេះ​ងាប់​តាំង​ពី​ពេល​នោះ ហើយ​ពេល​នេះ​ប្រហែល​ជា​ពេល​ធ្វើ​បុណ្យ​ខ្មោច​ពួក​នោះ​ហើយ»

ទាក់ទង​នឹង​ការ​បន្ត​អំណាច​របស់​លោក​វិញ លោក ហ៊ុន សែន បាន​ប្រកាស​ជា​ច្រើន​សា​ថា លោក​នឹង​ធ្វើ​នាយករដ្ឋមន្ត្រី​ចំនួន​ពីរ​អាណត្តិ​ទៀត៖«ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បញ្ចប់​នៅ​ពេល​នេះ ខ្ញុំ​បាន​ប្រកាស​រួច​ហើយ ខ្ញុំ​នឹង​បន្ត​រយៈ​ពេល​ពីរ​អាណត្តិ​ទៀត​យ៉ាង​តិច។ ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​បំផ្លាញ​ទឹក​ដី​នេះ​បាន​ទេ»

ឆ្លើយ​នឹង​ការ​ប្រកាស​ដឹក​នាំ​ប្រទេស​រយៈ​ពេល ១០ឆ្នាំទៀតរបស់លោក ហ៊ុន សែន នេះ ស្ត្រី​មួយ​រូប​ឈ្មោះ សំបូរ ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរីថា លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស​មិន​ដែល​ខ្វល់​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ។ អ្នក​ស្រី​បញ្ជាក់​ថា លោក ហ៊ុន សែន ដឹក​នាំ​កាន់​តែ​យូរ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង និង​រង​គ្រោះ​ឥត​ឈប់​ឈរ៖ «ពលរដ្ឋ​កម្មករ អ្នក​ធ្វើ​ការ​តាម​ផ្ទះ​គ្មាន​សិទ្ធិ​សេរីភាព​ទេ កម្មករ​លំបាក ហើយ​គាត់​ទៅ​ធ្វើ​កសិកម្ម​បង្ហោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់ តើ​គាត់​ខ្មាស​គេ​ទេ? នៅ​ពេល​រាស្ត្រ​កំពុង​វេទនា​ទូទាំង​ប្រទេស​គ្មាន​ទឹក​គ្មាន​ភ្លើង បំផ្លាញ​ព្រៃ​ឈើ ធនធាន​ធម្មជាតិ​ខ្ទេចខ្ទី​អស់​ហើយ​នោះ»

លោក ហ៊ុន សែន ត្រូវ​បាន​សហគមន៍​អន្តរជាតិ ចាត់ទុកថា ជា​មេ​ដឹក​នាំ​ផ្ដាច់ការ ក្រោម​ការ​ដឹក​នាំ​របស់​លោក ពោរពេញ​ដោយ​អំពើ​ហិង្សា អំពើ​ពុករលួយ ការ​កាប់​សម្លាប់ និង​បិទ​សេរីភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ​បង្ហាញ​ថា លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី៦ ក្នុង​ចំណោម​អ្នក​ដឹកនាំ​កាន់​ដំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា​ ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ ​មួយ​ចំនួន រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុករលួយ។

ទោះ​បី​ជា​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ប្រើ​អំពើ​ហិង្សា គាបសង្កត់ គំរាមកំហែង ចាប់ចង និង​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក្ដី ប៉ុន្តែ​អ្នកស្រី​សំបូរ​អះអាង​ថា អ្នកស្រី មិន​ខ្លាច​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា បើ​សិន​ជា​ពលរដ្ឋ​ម្នាក់ៗ នៅ​តែ​ខ្លាច នោះ​អំណាច​ជិះជាន់ នឹង​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា៖ «បើ​យើង​នៅ​តែ​ខ្លាច​មិន​ហ៊ាន​និយាយ គឺ​អ្វីៗ គេ​ចង​យើង សម្លាប់​យើង សម្លាប់​ហើយ​សម្លាប់​ទៀត គឺ​យើង​រើ​មិន​រួច​ទេ បើ​យើង​ដួល​ហើយ យើង​នឹង​ងើប បើ​ងើប​មិន​រួច យើង​នឹង​វារ បើ​វារ​មិន​រួច​យើង​នឹង​លូន យើង​នឹង​តស៊ូ​ដល់​ទី​បញ្ចប់ ដើម្បី​សម្រេច​បំណង​របស់​យើង ដែល​ពលរដ្ឋ​របស់​យើង​កំពុង​តែ​វេទនា​ទូទាំង​ប្រទេស»

ព្រះតេជព្រះគុណ អ៊ុក ស៊ីថា លើក​ឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន នៅ​តែ​ក្រាញ​អំណាច​យូរ​នេះ អាច​មក​ពី​លោក​កើត​ជំងឺ​ស៊ី​ជោរ ពី​មន្ត្រី​ហែហម​របស់​លោក​មួយ​ចំនួន​បញ្ជោរ ដែល​ជំងឺ​ស៊ី​ជោរ​នេះ នឹង​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​កាន់​តែ​ជម្រៅ ដែល​គេ​នឹង​កត់ត្រា​លោក​ជា​មេ​ដឹក​នាំ​រយៈ​ពេល​យូរ និង​ជា​មេ​ដឹក​នាំ​អាក្រក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល