មន្ត្រីបក្សប្រឆាំងប្រចាំខេត្តមួយចំនួននៅតែមិនសុំសិទ្ធិធ្វើនយោបាយឡើងវិញទោះបីលោក ហ៊ុន សែន គំរាមកម្ទេចបក្សក៏ដោយ
2019.01.16
មន្ត្រីគណបក្សប្រឆាំងប្រចាំខេត្តមួយចំនួនដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ នៅតែប្រកាន់ជំហរមិនសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន ជាដាច់ខាត ទោះបីជាថ្មីៗ នេះលោក ហ៊ុន សែន បានគំរាមកម្ទេចគណបក្សប្រឆាំងឲ្យសាបសូន្យដោយមិនទុកឲ្យរស់តទៅទៀតក៏ដោយ។ ទោះជាយ៉ាងណា មកទល់ពេលនេះមានមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួនពីរនាក់បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
មន្ត្រីគណបក្សប្រឆាំងប្រចាំខេត្តមួយចំនួនអះអាងថា មូលហេតុដែលមិនសុំសិទ្ធិធ្វើនយោបាយ ពីព្រោះពួកគេមិនមានកំហុសដែលត្រូវទៅសុំសិទ្ធិពីលោក ហ៊ុន សែន នោះទេ។
ប្រធានគណបក្ស សង្គ្រោះជាតិខេត្តស្វាយរៀង ដែលរបបលោក ហ៊ុន សែន រំលាយចោល គឺលោក ម៉ៅ វិបុល ថ្លែងប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៦ មករាថា ពួកលោកជាថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅតាមខេត្តសុខចិត្តជាប់គុកប្រសើរជាងក្បត់ឆន្ទៈម្ចាស់ឆ្នោត ដោយការទៅសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន ព្រោះរបបនេះបានបំផ្លាញប្រជាធិបតេយ្យដោយខ្លួនឯង គឺមិនមែនគណបក្សប្រឆាំងជាអ្នកធ្វើខុសនោះទេ៖ «ខ្ញុំមិនស្នើសុំដោយសាររបបនេះខុសច្បាប់ ហើយធ្វើច្បាប់កែតម្រូវតាមតែមនុស្សម្នាក់ចង់បាន ដូច្នេះធ្វើឲ្យប្រទេសជាតិមានបញ្ហា។ ការធ្វើរបៀបនេះមិនខុសពីអ្នកដឹកនាំកន្លងមកតែងមានការយោគយល់ដូច្នេះតែរហូតហើយធ្វើឲ្យអាប់ឱនដល់ពលរដ្ឋខ្មែរសព្វថ្ងៃនេះមានការលំបាក ហើយទៅធ្វើតាមលោកហ៊ុន សែនមានន័យអី ដែលត្រូវទៅសុំសិទ្ធីពីគេ បើយើងមានសិទ្ធិរួចរាល់ហើយនោះ ទៅធ្វើឡប់ឡែហើយប្រធានបក្សមិនដោះលែងផង ឲ្យទៅសិទ្ធិអីធ្វើជាមួយបក្សណា?»។
កាលពីថ្ងៃទី១៤ មករា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានព្រមានតាមកម្ទេចគណបក្សប្រឆាំងបន្ថែមទៀត ដោយមិនទុកឲ្យមានជីវិតនោះទេ ប្រសិនបើអន្តរជាតិដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជានោះ ដោយលោក ហ៊ុន សែន ចោទប្រកាន់ថា ថ្នាក់ដឹកនាំគណបក្សមួយនេះជាអ្នកឲ្យសហគមន៍អន្តរជាតិធ្វើទុក្ខបុកម្នេញមកលើកម្ពុជា។
ប៉ុន្តែមន្ត្រីបក្សប្រឆាំងប្រចាំខេត្តស្វាយរៀងរូបនេះលើកឡើងថា មួយរយៈចុងក្រោយនេះប្រហែលជាលោក ហ៊ុន សែន ភ័យស្លន់ស្លោ ដោយសារសហគមន៍អន្តរជាតិចាប់ផ្ដើមផ្ដាច់ការអនុគ្រោះពន្ធទំនិញចូលពីកម្ពុជាហើយ បានជាលោកគំរាមកម្ទេចគណបក្សប្រឆាំងដូច្នេះ។
ចំណែកនៅឯខេត្តកំពង់ចាមឯណោះវិញ ប្រធានគណបក្សប្រឆាំងប្រចាំខេត្តនេះ គឺលោក សាន សឿង អះអាងថា លោកមិនសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ ព្រោះរបបលោក ហ៊ុន សែនបានប្លន់តំណែងពីពួកគាត់ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ យកទៅបំពេញមហិច្ឆតានយោបាយរបស់ខ្លួន ដូច្នេះទុកឲ្យលោក ហ៊ុន សែន ជាអ្នកដោះស្រាយបញ្ហានេះជាមួយសហគមន៍អន្តរជាតិទៅចុះ៖ «ព្រោះសិទ្ធិរបស់ខ្ញុំមានតាំងពីកំណើតធានាដោយរដ្ឋធម្មនុញ្ញហើយនិងច្បាប់អន្តរជាតិ របស់អង្គការសហប្រជាជាតិទៀតផង ដែលធានាសិទ្ធិធ្វើនយោបាយរបស់បុគ្គលទូទៅ ដូច្នេះវាមិនមែនជារឿងពួកខ្ញុំជាមួយនឹងលោក ហ៊ុន សែន ទេ គឺជារឿងគាត់ជាមួយសហគមន៍អន្តរជាតិ និងច្បាប់អន្តរជាតិ ដូច្នេះរឿងដែលគាត់ត្រូវដោះស្រាយមិនមែនមកកម្ទេចខ្ញុំទេ គឺគាត់និយាយជាមួយអន្តរជាតិទៅ»។
លោក បន្ថែមថា មកទល់ថ្ងៃទី១៦ មករា សកម្មជនគណបក្ស សង្គ្រោះជាតិ ប្រមាណ ៩៩ភាគរយ នៅតែរឹងមាំដដែល ដោយមិនខ្លាចលោក ហ៊ុន សែន គំរាមនោះទេ។ ផ្ទុយទៅវិញពួកគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាំទៅទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ទ្រង់បានឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា៤៥ ថ្មី (ស្ទួន១) ដើម្បើបើកផ្លូវឲ្យអ្នកនយោបាយបក្ស សង្រ្គោះជាតិ ធ្វើនយោបាយឡើងវិញ។ ប៉ុន្តែមកដល់ពេលនេះ មានតែមន្ត្រីគណបក្សប្រឆាំងចំនួន ២នាក់ឪពុក និងកូន គឺលោក គង់ គាំ និងលោក គង់ បូរា ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ចំណែកអ្នកផ្សេងទៀតមិនទាន់មាននៅឡើយទេ។
អ្នកវិភាគនយោបាយលោក គឹម សុខ បានបញ្ជាក់ថា លោក គង់ គាំ ដោយសារតែលោកគ្មានជម្រើសព្រោះខ្លាចបាត់បង់ទ្រព្យសម្បត្តិ ទើបសម្រេចដើរតាមបន្ទាត់នយោបាយដែលលោក ហ៊ុន សែន គូសឲ្យដើរដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។