អ្នកស្រី មូរ សុខហួរ ស្នើ​ប្រទេស​អូស្ត្រាលី​ថ្កោលទោស​ដោយ​ចំហ​ករណី​ហិង្សា​នៅ​ក្រចេះ

ដោយ មាន ឫទ្ធិ
2018-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
RFA

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បាន​ជំរុញ​ឲ្យ​លោក ឡាចលែន ស្រាហេន (Lachlan Strahan) ភារៈធារី និង​ជា​តំណាង​ប្រទេស​អូស្ត្រាលី​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុងហ្សឺណែវ ប្រទេស​ស្វីស ឲ្យ​ធ្វើការ​ថ្កោលទោស​ជា​សាធារណៈ និង​ដោយ​ចំហ ព្រមទាំង​ធ្វើការ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន ចំពោះ​ការ​ឆ្លើយ​តប​របស់​របប​លោក ហ៊ុន សែន ពាក់ព័ន្ធ នឹង​ករណី​បង្ក្រាប​ដ៏​ហិង្សា និង​បង្ហូរ​ឈាម​ពលរដ្ឋ ក្នុង​ជម្លោះដីធ្លី នៅ​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​០៨ មីនា ពី​សំណាក់​អាជ្ញាធរ នៃ​របប​លោក ហ៊ុន សែន។

ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១០ មីនា របស់​អ្នកស្រី មូរ សុខហួរ ផ្ញើ​ទៅកាន់​លោក ឡាចលែន ស្រាហេន និង​ស្រប​ពេល​ដែល អូស្ត្រាលី ក្លាយ​ជា​សមាជិក​ថ្មី​មួយ​ក្នុងចំណោម​៤៧​ប្រទេស នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា ករណី​អំពើ​ហិង្សា និង​បាញ់រះ​មក​លើ ពលរដ្ឋ​ដែល​ជា​កសិករ​ស្លូតត្រង់ មាន​ជម្លោះដីធ្លី​នៅ​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​ព្យាយាម​ការពារ​ដីធ្លី​របស់​ពួកគាត់ ពី​ការ​រឹបអូស យក​ដោយ​ខុសច្បាប់​ពី​សំណាក់​អាជ្ញាធរ​នេះ គឺជា​ឧទាហរណ៍ ចុងក្រោយ​បំផុត​មួយ​នៃ​ចំណាត់ការ​ប្រកបដោយ​ហិង្សា និង​ពុំ​សមស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ពី​សំណាក់​របប​លោក ហ៊ុន សែន បច្ចុប្បន្ន ដែល​បាន​ជាន់​ឈ្លី​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ។

អ្នកស្រី​សរសេរ​បន្ត​ថា អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​អ្នកភូមិ​ជិត ២០០​នាក់ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចេញ​ពី​ដីធ្លី និង​លំនៅឋាន ដែល​ពួកគេ​ធ្លាប់​បាន​កាន់កាប់ ដោយសារតែ​របប​លោក ហ៊ុន សែន បាន​ផ្ដល់​ដី​នៅ​តំបន់​នោះ​ធ្វើជា​ដី​សម្បទាន​សេដ្ឋកិច្ច សម្រាប់​ការ​អភិវឌ្ឍ​ចម្ការ​កៅស៊ូ ដែល​អ្នកស្រី​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​កូនស្រី របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា។

អ្នកស្រី មូរ សុខហួរ បន្ត​ថា ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ត្រឹមត្រូវ ចំពោះ​ការ​បណ្តេញ ចេញ​ដោយ​បង្ខំ​នេះ ហើយ​ក្រុម​ទាហាន​បាន​ប្រើ​អំពើ​ហិង្សា យ៉ាង​ឃោរឃៅ ដែល​របាយការណ៍​ជា​បន្ត​បន្ទាប់​ថា បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ខណៈ​ដែល​រដ្ឋាភិបាល​នៅតែ​បន្ត បដិសេធ​ថា មិន​មាន​ចំនួន​ពលរដ្ឋ​ស្លាប់ និង​រង​របួស​នោះ​ទេ។

គណបក្ស​សង្គ្រោះជាតិ​ថ្កោលទោស​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ពី​សំណាក់​អាជ្ញាធរ​នេះ និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ មួយ​ចំពោះ​ករណី​មួយ​នេះ ព្រមទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង អ្នក​ភូមិ​ជា​បន្ទាន់ ហើយ​ត្រូវតែ​មាន​ការ​ការពារ​សុវត្ថិភាព​របស់​សាក្សី នានា ដើម្បី​ធានា​ថា ករណី​នេះ ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​យុត្តិធម៌។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​ត្រូវ​ប្រគល់​ដីធ្លី មក​ឲ្យ​ពលរដ្ឋ​ទាំងនោះ​វិញ និង​ត្រូវ​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព នេះ​ជាបន្ទាន់៕

សូម​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក តាំង សារ៉ាដា និង​អ្នកស្រី មូរ សុខហួរ បន្ថែម​ពី​ករណី​នេះ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល