គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បើកដំណើរការការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១ នៅទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ឱ្យដឹងថា ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ នៅទូទាំងប្រទេសបានបើកដំណើរការព្រមគ្នា នៅព្រឹកថ្ងៃទី១២ ខែតុលា។
ប្រភពដដែលឱ្យដឹងទៀតថា គ.ជ.ប ផ្ដល់រយៈពេល ៥០ថ្ងៃ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផង។ ដំណើរការនេះនឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។
គ.ជ.ប បែងចែកដំណើរការនេះជាបីដំណាក់កាលធំៗ គឺ៖ រយៈពេល ១៥ថ្ងៃដំបូង និង ១០ថ្ងៃចុងក្រោយដំណើរការពិនិត្យបញ្ជី និងចុះឈ្មោះ ត្រូវធ្វើនៅតាមសាលាឃុំ សង្កាត់ ចំណែករយៈពេល ២៥ថ្ងៃទៀត ដែលនៅចន្លោះដំណាក់កាលទាំង២ ខាងដើម ការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតត្រូវចល័ត ទៅតាមភូមិ ឃុំមួយចំនួន។
គ.ជ.ប ប៉ាន់ស្មានថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២១ មានចំនួនជាង ១លាន ៦សែននាក់ (១.៦៣៥.៩៩០)។ ជាមួយគ្នានេះ ឈ្មោះដែលនឹងត្រូវលប់ចេញពីបញ្ជីមានចំនួនជាង ៨ម៉ឺន ៣ពាន់នាក់ (៨៣.០៤៣)។ ចំណែកការិយាល័យបោះឆ្នោតវិញមានចំនួនជាង ២ម៉ឺន ៣ពាន់ការិយាល័យ (២៣.៦១១)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។