NDI រៀបចំ​វេទិកា​ជូន​ម្ចាស់​ឆ្នោត​សួរ​បេក្ខជន​តំណាង​រាស្ត្រ​នៅ​តាកែវ

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ អង្គការ អិន.ឌី.អាយ (NDI) បាន​ផ្តល់​ឱកាស​ជូន​ម្ចាស់​ឆ្នោត​សាកសួរ​ទៅ​បេក្ខជន​តំណាង​រាស្ត្រ ដែល​ឈរ​ឈ្មោះ​នៅ​ក្នុង​ខេត្ត​តាកែវ។
ដោយ អ៊ុក សាវបូរី
2013-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ស្ដាំ) បេក្ខជន​តំណាង​រាស្ត្រ​មក​ពី​បក្ស​ខ្មែរ​ឈប់​ក្រ បក្ស​សង្គ្រោះ​ជាតិ បក្ស​ប្រជាជន​កម្ពុជា និង​បក្ស សញ្ជាតិ​កម្ពុជា ក្នុង​វេទិកា​រៀបចំ​ដោយ​អង្គការ អិន.ឌី.អាយ (NDI) នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។
(ពី​ស្ដាំ) បេក្ខជន​តំណាង​រាស្ត្រ​មក​ពី​បក្ស​ខ្មែរ​ឈប់​ក្រ បក្ស​សង្គ្រោះ​ជាតិ បក្ស​ប្រជាជន​កម្ពុជា និង​បក្ស សញ្ជាតិ​កម្ពុជា ក្នុង​វេទិកា​រៀបចំ​ដោយ​អង្គការ អិន.ឌី.អាយ (NDI) នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Ouk Savborey

មនុស្ស​ប្រមាណ​មួយ​ពាន់​នាក់ បាន​ជួបជុំ​គ្នា​ក្នុង​វត្ត​អង្គមន្រ្តី នា​ថ្ងៃ​ទី២០ ខែ​កក្កដា នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ ដើម្បី​សាកសួរ​ទៅ​តំណាង​គណបក្ស​នយោបាយ​ចំនួន​៤ អំពី​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ​ជាដើម។ គណបក្ស​ដែល​ចូលរួម​ឆ្លើយ​មាន​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។

ក្រុម​អ្នក​ចូលរួម​បាន​ហ៊ោ​ចំអក​ទៅ​នឹង​ការ​បកស្រាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី គុណ លំអង ដែល​អ្នកស្រី​មិន​ទាន់​បាន​និយាយ​បញ្ចប់​ការ​បកស្រាយ​នោះ​ផង។

នៅ​ក្នុង​ខេត្ត​តាកែវ មាន​គណបក្ស​ចំនួន​៨ ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​មាន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​គ្រប់​ទាំង ៨​គណបក្ស​នយោបាយ។ ប៉ុន្តែ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ក្នុង​វេទិកា​រៀបចំ​ដោយ អិន.ឌី.អាយ មាន​វត្តមាន​តំណាង​គណបក្ស​តែ ៤​គណបក្ស​ទេ​ធ្វើ​ជា​វាគ្មិន។

យុវជន​ឈ្មោះ ចេក នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ បាន​ចោទ​សំណួរ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ៩៩​ឆ្នាំ ទៅ​ក្រុមហ៊ុន​បរទេស​ធ្វើ​អ្វី ម៉េច​មិន​ឲ្យ​កូន​ខ្មែរ​ធ្វើ?៖ «ព្រោះ​អី​ខ្មែរ​ទាំងអស់​កំពុង​តែ​ក្រីក្រ ឬ​មួយ​កូន​ខ្មែរ​អត់​អាត្រាក់​ឈូស​ដី ដូចជា​ជន​បរទេស ឬ​ក្រុមហ៊ុន​បរទេស?»

ឆ្លើយ​តប​សំណួរ​នោះ តំណាង​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក វ៉ាត់ ទុំ បាន​ប្រៀបធៀប​រាជ​រដ្ឋាភិបាល​ទៅ​នឹង​គ្រួសារ​មួយ។ លោក​ថា គ្រួសារ​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​បាន លុះត្រា​មេ​គ្រួសារ​នោះ​ចេះ​គ្រប់គ្រង​ដីធ្លី​បាន​ល្អ។ ប៉ុន្តែ បើ​ផ្តល់​ដី​ឲ្យ​គេ​គ្រប់គ្រង ដូច​ប្រគល់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​គេ​ទាំង​ស្រុង ស្រេច​លើ​គេ​សម្រេច​ជោគ​វាសនា​គ្រួសារ​ដែរ៖ «យើង​មិន​អាច​រីក​ចម្រើន​បាន​ទេ? ខ្ញុំ​សុំ​ឆ្លើយ​ថា ទាំងអស់​នេះ​ខ្មែរ​ទាំងអស់​អាច​ធ្វើ​កើត»

ចំណែក​តំណាង​គណបក្ស​សញ្ជាតិ​កម្ពុជា លោក ទួន គឹមហុង ថ្លែង​ថា គណបក្ស​នេះ​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​អន្តរ​ក្រសួង ដើម្បី​ចុះ​ស្រាវជ្រាវ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ផ្តល់​ទៅ​ក្រុមហ៊ុន​បរទេស៖ «ដោយសារ​តែ​មាន​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ ទើប​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ប្លង់​ជូន​ប្រជាពលរដ្ឋ»

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ប្រាក់ ធុច ឆ្លើយ​ថា គ្មាន​ប្រទេស​ណា​ដែល​មិន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​បរទេស​វិនិយោគ​ទេ។ លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ទៅ ៩០​ឆ្នាំ​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​អ្នក​មាន​រហូត​មក​ដល់​បច្ចុប្បន្ន។ លោក​ក៏​បាន​បន្ទោស​ម្ចាស់​សំណួរ​នោះ​ថែម​ទៀត៖ «បើ​មិន​មាន ៩០​ឆ្នាំ​ទេ ម៉េច​ក្រ មាន។ សុំ​ជម្រាប​ថា សំណួរ​នេះ​ដូច​ជា​មើល​ងាយ​ប្រជាជន​កម្ពុជា ទាំង ១៤​លាន​នាក់​ពេក»

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី គុណ លំអង បំភ្លឺ​ថា ការ​ផ្តល់​ដី ៩៩​ឆ្នាំ​នេះ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​មុន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​យូរ​ឆ្នាំ​បែប​នេះ ត្រូវ​រក​ឲ្យ​ឃើញ​ផល​ចំណេញ និង​ខាត​ជា​មុន​សិន។

ម្ចាស់​ឆ្នោត​បាន​សាកសួរ​ច្រើន​ទៀត​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ពី​ថ្ងៃ ៧​មករា ពី​លទ្ធិប្រជាធិបតេយ្យ ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជាដើម ក្នុង​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ចូលរួម និង​វាគ្មិន​ទាំង ៤​គណបក្ស​នយោបាយ បាន​ឆ្លើយ​តប​យ៉ាង​សមរម្យ​ទៅ​នឹង​ម្ចាស់​សំណួរ ដោយ​មិន​ប្រើ​ហិង្សា​ពាក្យ​សម្ដី​ក្នុង​វេទិកា​ពេញ​មួយ​ព្រឹក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល