គ.ជ.ប ប្រកាសនីតិវិធីដាក់ពាក្យបណ្ដឹងបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២
2014.05.01

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំនីតិវិធីដាក់ពាក្យបណ្ដឹងជុំវិញភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ ជូនដល់តំណាងគណបក្សនយោបាយនានា ដែលនឹងកើតមាននៅក្នុងពេលឃោសនាការបោះឆ្នោត និងប្រកាសលទ្ធផលឆ្នោតនាខែឧសភា ខាងមុខ។
ច្បាប់បោះឆ្នោតបានកំណត់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ សម្រាប់អាណត្តិទី២មានរយៈពេល ១៥ថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។
ថ្លែងក្នុងសន្និសីទកាសែតនាទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃពុធ ទី៣០ ខែមេសា លោក ឯម សូផាត សមាជិក គ.ជ.ប បានអំពាវនាវដល់តំណាងគណបក្សនយោបាយ ឲ្យអនុវត្តនីតិវិធីបោះឆ្នោតក្រុមប្រឹក្សានេះឲ្យស្របតាមបទបញ្ជា និងច្បាប់បោះឆ្នោតឲ្យបានត្រឹមត្រូវ។ លោកបន្តថា បើមានពាក្យបណ្ដឹងនៅក្នុងពេលឃោសនា ឬការបោះឆ្នោត និងរាប់សន្លឹកឆ្នោត តំណាងគណបក្សនយោបាយនីមួយៗ ត្រូវដាក់ពាក្យប្ដឹងតាមទម្រង់ច្បាប់បោះឆ្នោតបានកំណត់ ទៅកាន់ការិយាល័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត និងប្ដឹងមក គ.ជ.ប ទៅតាមប្រភេទនៃពាក្យបណ្ដឹងក្នុងរយៈពេល៣ថ្ងៃ ក្រោយថ្ងៃកើតហេតុ៖ «អ៊ីចឹងចំពោះពាក្យបណ្ដឹងដែលមិនគោរពតាមអំឡុងពេល៣ថ្ងៃ ក្រោយពេលកើតហេតុទេ គឺសមត្ថកិច្ចដោះស្រាយបណ្ដឹងនៅថ្នាក់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខ.ប) ត្រូវឡើងមក គ.ជ.ប។ នៅពេលដែលជួបករណីដាក់ពាក្យបណ្ដឹងនៅក្រោយអំឡុងពេលដោះស្រាយពាក្យបណ្ដឹងនេះ គឺ គ.ធ.ខ.ប មានតែចារបដិសេធទេ»។
បន្ថែមលើនេះ លោក ឯម សូផាត បញ្ជាក់ថា ម្ចាស់ពាក្យបណ្ដឹង ឬសាមីខ្លួនដែលជាដើមបណ្ដឹង ត្រូវបំពេញសំណុំបែបបទ និងដាក់ពាក្យប្ដឹងទាំងនោះទៅកាន់ស្ថាប័នពាក់ព័ន្ធរៀបចំការបោះឆ្នោតដោយខ្លួនឯង ឬផ្ទេរសិទ្ធិឲ្យតំណាង ដោយមានកិច្ចសន្យាត្រឹមត្រូវ៖ «អ្នកប្ដឹងអាចថតចម្លងទម្រង់ ១២០២ ដែលខ្លួនបានបំពេញ រួចចុះហត្ថលេខា ឬផ្ដិតមេដៃលើច្បាប់ចម្លងទាំងនោះដោយខ្លួនឯង ហើយយកទៅដាក់ដោយផ្ទាល់ ឬក៏ប្រគល់សិទ្ធិឲ្យតំណាងយកទៅដាក់ជំនួសខ្លួន។ មិនមែនថាចង់ប្ដឹង ហើយប្រាប់គេឲ្យប្ដឹងជំនួសខ្លួននោះទេ គឺផ្ដិតមេដៃហើយ ដាក់ខ្លួនឯងក៏បាន បើមិនដាក់ខ្លួនឯងទេ គឺប្រគល់សិទ្ធិ។ ប្រគល់សិទ្ធិត្រូវមានលិខិតជាលាយលក្ខណ៍អក្សរ»។
ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ មានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងចំណោមគណបក្សទាំង៥ បានអះអាងថា បានត្រៀមលក្ខណៈដើម្បីឃោសនា និងបោះឆ្នោតនេះរួចហើយ ប៉ុន្តែថ្លែងថា មិនធ្វើពិធីឃោសនាដោយដង្ហែក្បួនទ្រង់ទ្រាយធំដូចបោះឆ្នោតសភាទេ។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)។ លោកធ្លាប់ទទូចដល់អង្គការបោះឆ្នោត ដែលជាតំណាងឲ្យពលរដ្ឋនៅទូទាំងប្រទេស ត្រូវសម្រេចចិត្ត និងគិតប្រយោជន៍ជាតិធំជាងបុគ្គល នៅថ្ងៃបោះឆ្នោត ថ្ងៃទី១៨ ខែឧសភា ខាងមុខ។
ចំណែក លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល (Comfrel) ថ្លែងថា លោកមិនគាំទ្រនីតិវិធីបោះឆ្នោតជ្រើសក្រុមប្រឹក្សានេះទេ។ លោកបន្តថា ការបោះឆ្នោតនេះត្រូវធ្វើជាលក្ខណៈអសកល និងមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង ទើបមានសិទ្ធិបោះឆ្នោត រីឯពលរដ្ឋធម្មតានៅទូទាំងនគរ គ្មានសិទ្ធិបោះឆ្នោតទេ។ ជាងនេះ លោក គល់ បញ្ញា បញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតក្រុមប្រឹក្សាមិនផ្តល់យុត្តិធម៌សម្រាប់គណបក្សតូចៗ ដែលចង់ចូលរួមប្រកួតបោះឆ្នោតនេះទេ ព្រោះមិនមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតួអង្គបោះឆ្នោតដូចបក្សធំៗ។
សមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសក្នុងអាណត្តិទី២នេះ សរុបមានចំនួនជាង ៣ពាន់ ៣រយនាក់ (៣.៣២៤) ក្នុងនោះសមាជិកក្រុមប្រឹក្សារាជធានីខេត្តមានជិត ៤០០នាក់ (៣៩៣) និងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌមានជិត ៣ពាន់នាក់ (២.៩៣១)។ ការបោះឆ្នោតនេះ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយធ្វើឡើងជាលក្ខណៈអសកល ដោយមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង សរុបចំនួនជាង ១១.៤០០នាក់ទេ ទើបមានសិទ្ធិបោះឆ្នោតនេះបាន៕