គ.ជ.ប​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័នដែល​​ស្ទង់​មតិ​លទ្ធផល​បោះ​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត

ដោយ យាង សុជាមេត្តា
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​អំពី​ការ​ត្រៀម​លក្ខណៈ​របស់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta
សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​អំពី​ការ​ត្រៀម​លក្ខណៈ​របស់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta
RFA/Yeang Socheametta

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រកាស​ថា គ.ជ.ប នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័ន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ការ​ស្ទង​មតិ​ពលរដ្ឋ​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត រួច​ផ្សព្វផ្សាយ​លទ្ធផល​នោះ​មុន​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​ទាន់​មក​ដល់។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បោះឆ្នោត​យល់​ឃើញ​ថា ការ​ស្ទង់​មតិ​គណបក្ស​មុន​ការ​បោះឆ្នោត អាច​ធ្វើ​ឲ្យ​បក្ស​នយោបាយ​ខិតខំ​កែប្រែ​គោលនយោបាយ​ឲ្យ​ល្អ ដើម្បី​ប្រកួតប្រជែង​ទៅ​វិញ។

លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន រួច​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​យ៉ាងហោចណាស់ ១​ខែ មុន​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​នានា ផ្សព្វផ្សាយ​ពី​ការ​ស្ទង់​មតិ​លទ្ធផល​បោះ​ឆ្នោត។

ការ​ប្រកាស​របស់​លោក ហង្ស ពុទ្ធា ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​ត្រៀម​លក្ខណៈ​របស់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា មាន​តែ គ.ជ.ប មួយ​គត់​ដែល​ជា​អ្នកមាន​តួនាទី​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត ហើយ​ការ​ស្ទង់​មតិ​ផ្សព្វផ្សាយ​ជា​មុន​ថា បក្ស​នេះ​ឈ្នះ ឬ​បក្ស​នេះ​ចាញ់​មុន​ការ​បោះឆ្នោត អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ និង​បង្ក​ចលាចល​ក្នុង​សង្គម។

​លោក ហង្ស ពុទ្ធា បញ្ជាក់​ថា នៅ​ពេល គ.ជ.ប ចេញ​សេចក្ដី​ប្រកាស​ហាមឃាត់​ហើយ តែ​បើ​នៅ​តែ​មាន​ស្ថាប័ន​ណា​មួយ​ផ្សព្វផ្សាយ​លទ្ធផល​ស្ទង់​មតិ​ទៀត គ.ជ.ប នឹង​ចាត់​វិធាន​ផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័ន​នោះ៖ «ការ​ស្ទង់​មតិ​កន្លង​មក​ធ្វើ​ឲ្យ​បរិយាកាស​សង្គម​មាន​ភាព​មិន​ប្រក្រតី អ៊ីចឹង គ.ជ.ប យក​ចិត្ត​ទុក​ដាក់​ណាស់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដើម្បី​ធានា​ថា អ្វីៗ​ស្ថិត​នៅ​ដដែល ជា​ប្រក្រតី​សម្រាប់​ជីវភាព និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ យើង​កំពុង​តែ​មាន​ការ​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​ព័ត៌មាន ពេល​ខ្លះ​ច្បាប់​គ្រាន់​តែ​ជា​ទិដ្ឋភាព​គោល ប៉ុន្តែ​នៅ​លើ​បទបញ្ជា និង​នីតិវិធី​យើង​ចែង​លំអិត​បន្ថែម ឬ​ក៏​មាន​សេចក្ដី​ប្រកាស​បន្ថែម ដើម្បី​ធានា​ថា ទោះ​ជា​មាន​ការ​បោះឆ្នោត​ក៏​កម្ពុជា នៅ​តែ​មាន​ស្ថិរភាព»

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ ទាក់ទង​នឹង​ការ​ស្ទង់​មតិ​ដែល​បាន​សម្ភាស​បុគ្គល​ម្នាក់ ដែល​បុគ្គល​នោះ​អះអាង​ថា មាន​អង្គការ​មួយ​ស្ទង់​មតិ​ឃើញ​ថា ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ គណបក្ស​ប្រឆាំង​នឹង​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦០%។ ប៉ុន្តែ​ការ​ស្ទង់​មតិ​បែប​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា ជា​ឧបាយកល​ធ្វើ​ឡើង​គ្រាន់តែ​ចង់​បំភាន់​មតិ​សាធារណៈ និង​បង្អាប់​គណបក្ស​កាន់​អំណាច។

ចំណែក​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ពៅ ពិសិដ្ឋ ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែរ​នោះ បញ្ជាក់​បន្ថែម​ថា ក្រសួង​ព័ត៌មាន​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ការ​ស្ទង់​មតិ​លទ្ធផល​បោះឆ្នោត​មុន ការ​បោះឆ្នោត​ឡើយ។ ដូចគ្នា​ទៅ​នឹង​មន្ត្រី គ.ជ.ប មន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បាន​លើក​យក​បញ្ហា​អសន្តិសុខ​សង្គម​មក​ធ្វើ​ជា​អំណះអំណាង​សម្រាប់​ការ​ហាមឃាត់​នេះ៖ «តាម​គណបក្ស​នីមួយៗ​ដូច​ឯកឧត្ដម ហង្ស ពុទ្ធា បាន​លើក​ឡើង អាណត្តិ​នេះ គឺ​យើង​មាន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​នៅ​គ្រប់​ការិយាល័យ​ហើយ អ៊ីចឹង​យើង​ដឹង​ហើយ​ថា អ្នក​ណា​ដឹង​ឈ្នះ អ្នក​ណា​ដឹង​ចាញ់ អ្នក​ណា​តម្លាភាព​ម៉េច​នោះ គឺ​យើង​មាន​តំណាង​របស់​ខ្លួន​តាម​ការិយាល័យ​បោះឆ្នោត​ហើយ អ៊ីចឹង​ហើយ​ក្រសួង​ព័ត៌មាន កន្លង​មក​គឺ​យើង​បាន​ចេញ​លិខិត​តាំង​ពី​ឆ្នាំ​២០១៣ ជៀសវាង​ភាព​ចលាចល​វឹកវរ»

កន្លង​ទៅ គេ​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ថា បក្ស​មួយ​ឈ្នះ ហើយ​បក្ស​ផ្សេង​ទៀត​ចាញ់​ជាដើម។ ការ​ស្ទង់​មតិ​ខ្លះ​ក៏​ខុស ការ​ស្ទង់​មតិ​ខ្លះ​ក៏​ត្រូវ​តាម​លទ្ធផល​បោះឆ្នោត​ជាក់ស្ដែង។ ទោះ​ជា​យ៉ាង​ណា លោក ពៅ ពិសិដ្ឋ ថា​បរិបទ​របស់​កម្ពុជា ខុស​ពី​ប្រទេស​ផ្សេង​ទៀត ដែល​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន ត្រូវ​ហាមឃាត់​ចំពោះ​ការ​ស្ទង់​មតិ​បែប​នេះ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មន្ត្រី គ.ជ.ប និង​មន្ត្រី​ក្រសួង​ព័ត៌មាន​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​មាន​ចំណេះដឹង​ច្រើន​ជាង​មុន​អំពី​ការ​បោះឆ្នោត។

លោក​មិន​យល់​ឃើញ​ថា ការ​ស្ទង់​មតិ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័ន្តច្រឡំ​រហូត​ដល់​បង្កើត​ចលាចល​ក្នុង​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា ការ​ស្ទង់​មតិ​មុន​ពេល​បោះឆ្នោត​អាច​ធ្វើ​ឲ្យ​គណបក្ស​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ទៅ​វិញ​ទេ។ នៅ​ពេល​ការ​ស្ទង់​មតិ​បង្ហាញ​ថា សំឡេង​គាំទ្រ​បក្ស​ណា​មួយ​ធ្លាក់​ចុះ បក្ស​នោះ​អាច​កែប្រែ​គោលនយោបាយ​ឲ្យ​ប្រសើរ​ឡើង​វិញ សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ថ្ងៃ​បោះឆ្នោត​ក៏​ថា​បាន។

​លោក សំ គន្ធាមី៖ «វា​ជួយ​ធ្វើ​ឲ្យ​គណបក្ស​មាន​ការ​ប្រឹងប្រែង​គណបក្ស​ណា​ដែល​មាន​សំឡេង​គាំទ្រ​តិច អាច​រៀបចំ​កែប្រែ​រៀបចំ​គោលនយោបាយ​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​ទៀត​ទៅ ហើយ​ទាញ​យក​សន្លឹក​ឆ្នោត​មក​វិញ​មក វា​ជួយ​ដល់​គណបក្ស​នយោបាយ​វិញ​ទេ»

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ គណបក្ស​នយោបាយ​ចំនួន​១២ នឹង​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ដណ្ដើម​យក​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ចំនួន ១.៦៤៦​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Soursdey to vote fraud Hun Sen

This a serious criminal charges to against the top CCP's National Election Committee"CCP"who warning against its top political opposition party contender,and their party power"CCP" fears themselves the most and they try to do many bad things,and not let its political contender to campaign around the country...but the party of power can do whatever they want with no anybody parties else complain about them at all" no anybody else believed this a fair election".The party of power"criminal party"who try to commit many crime after crime,they blocked all opposition party campaigns everywhere...forbidden this or that...or some region the opposition's member had been treated their lives by party of power"to kill or stay out,suspended the job or not pay full of salary",and how this party of power always said to the world or international community that Cambodia is a real democratic country"no fascist regime or dictator rule",but matter fact in every national election the party of power always treated to kill to other parties"use anonymous treat",and the local authorities party of power blocked to opposition members not to come here or they ask to opposition member about official campaign paperwork or any top authority permission paper.This a serious criminal charges to against other parties and unfair for any political campaign,and all political parties must file a lawsuit to against CCP or petition to the UN or international community observer to let them know rather than keep it silents and suffering....please let the whole world know this and what's the hell going on in Hun Sen's rogue govm't?.

Apr 01, 2017 02:06 PM

អ្នក​អាន​អនាមិក

ដៃជាប់ខ្នោះហើយ សូម្បីតែសំដីក៏បក្សពួកអ្នកមានអំណាចយកដៃទៅខ្ទប់មាត់មិនឲ្យហាស្តីរួចផង ចុះប្រសិនបើខ្មែរបកស្រាយនូវពាក្យអក្សរ គជប ប្រែសេចក្តីថា គ្រួសារជន បោក ប្រាស់ មិនដឹងជាមានទោសដល់ថ្នាក់ណាទេ! ប្រហែលជាយកអក្សរយួនមកដល់ជំនួសហើយ ទើបគ្រួសារជនបោកប្រាស់សប្បាយចិត្ត។ យើងខ្មែរកំពុងត្រដររស់ក្នុងប្រទេសរបស់ខ្លួនត្រូវអ្នកមានអំណាចបក្សពួកនិង គ្រួសារនិយមបិទសទ្ធិស្តីនិយាយ វាហាក់បីដូចជាប្រទេសតូច១នេះ មិនមែនជាប្រទេសរបស់ខ្មែរអញ្ចឹង។ តើអំណាចបុណ្យសក្កិ៍ ដែលកំពុងដើរសុំពិរាស្ត្រ សំរាប់តែសំឡាប់រាស្ត្រ ដើម្បីផលប្រយោជន៍បក្សពួកនិង គ្រួសារនិយមបែបនេះ យើងខ្មែរជាម្ចាស់ប្រទេសគិតយ៉ាងណាដែរ? សូមខ្មែរទាំងអស់គ្នាជួយពិចារណាផងចុះ!

Apr 01, 2017 03:37 AM

សុវណ្ណ

ហើយ គជប ត្រូវបរកាសលទ្ឋផលជាហូរហែរ មិនមែនផ្អាក ហើយប្រកាសអ្នកឈ្នះយកតែម្តង។ ហើយក្រសួងពត៌មាន ក៏មិនត្រូវប្រកាសថានរណាឈ្នះ ដូចបោះឆ្នោតលើកមុនដែរ។

Mar 31, 2017 08:40 PM

ដា

ពី ភព

ឡប់មែនទែនហើយ។

Mar 31, 2017 10:18 AM

គេហទំព័រ​ទាំងមូល