"ពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី"

ដោយ វ៉ែន សុមេធ
2018-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​មួយ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​មួយ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) និង​អ្នកឃ្លាំមើល​លើ​វិស័យ​នេះ សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ហាក់​មិនសូវ​បាន​សកម្ម​ក្នុង​ការ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ។ យុទ្ធនាការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី​១៨ តុលា គ..ប បង្ហាញ​ថា មាន​ពលរដ្ឋ ជាង​១៩​ម៉ឺន​នាក់ បាន​ទៅ​ចុះឈ្មោះ​ថ្មី។

..ប បង្ហាញ​ថា រយៈពេល​១៨​ថ្ងៃ នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន ១៩៥.០៨៧នាក់។ អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​មាន​ចំនួន ៥៤.១៦៥នាក់។ ចំណែក​អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្នន័យ មាន​ចំនួន ១.៥៥៣នាក់។

អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ប្រាប់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិនសូវ​សកម្ម​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំនេះ ដោយសារតែ​ជា​ទម្លាប់​ពលរដ្ឋ គឺ​ទាល់តែ​ពេល​បោះឆ្នោត ទើប​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​ច្រើន៖ «យើង​ត្រូវ​ទទួល​ស្គាល់​ថា នេះ​ជា​ទម្លាប់​ទៅ​ហើយ នៅ​ពេល​ជិត​ដល់​ឆ្នាំ​បោះឆ្នោត ទើប​ប្រជាពលរដ្ឋ គាត់​មានការ​ចូលរួម​ខ្លាំង»

កាលពី​ថ្ងៃ​ទី​១៨ កញ្ញា គ..ប បាន​ប្រកាស​ព័ត៌មាន​ថា ស្ថាប័ន​មួយ​នេះ គ្រោង​ចុះឈ្មោះ​ពលរដ្ឋ​ថ្មី ចំនួន ជិត ៥​សែន (៤៨៩,៩៦៣) នាក់។ បើ​តាម​តួលេខ​សរុប សម្រាប់​យុទ្ធនាការ​ចុះ​ឈ្មោះ​ថ្មី បង្ហាញ​ថា គ..ប​ទទួល​បាន​ការ​ចុះ​ឈ្មោះ មិន​ដល់ ៥០​ភាគរយ​ទេ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ឲ្យ​ដឹង​ថា ខាង​ខុមហ្វ្រែល ក៏​ទទួល​បាន​ទិន្នន័យ​ពី​ក្រុម​អ្នក​សង្កេតការណ៍ បង្ហាញ​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ ពិត​ជា​មាន​តិច​ជាង ៥០​ភាគរយ​មែន។

លោក កន សាវាង្ស បន្ដ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិច​ជាង​៥០​ភាគរយ ដោយសារ​កត្តា​នយោបាយ កត្តា​ផ្លូវច្បាប់ និង​ការអប់រំ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត មិនទាន់​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ច្បាស់។ សង្គម​ស៊ីវិល​រូប​នេះ ថា នៅ​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ១៨​ថ្ងៃ​របស់​គ..ប ពលរដ្ឋ​ជាច្រើន ហាក់​បង្ហាញ​ការ​អស់​សង្ឃឹមលើ​ការ​បោះឆ្នោត ព្រោះ​ឆន្ទះ​របស់​ពួកគាត់ មិន​ត្រូវ​បាន​គ..ប​គោរព។

ចំណែក​កត្តា​ផ្លូវច្បាប់​វិញ លោក កន សាវាង្ស ថា​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស និង​ពលករ​ចំណាកស្រុក​ជាច្រើន មិន​អាច​ទទួល​បាន​ការ​ចុះឈ្មោះ​នៅ​ក្រៅ​ប្រទេស ដោយសារតែ គ..ប សំអាង​ថា គ្មាន​ច្បាប់​ចែង។ លោក កន សាវាង្ស បន្ដ​ទៀត​ថា បើ​ទោះ​ជា​គ..ប មាន​នីតិវិធី​ក្នុង​ការ​ផ្សព្វផ្សាយ ប៉ុន្តែ ការអប់រំ លើ​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នៅតែ​មិនទាន់​អាច​ធានា​ថា ពលរដ្ឋ​ទទួល​យក​បាន និង​យល់ដឹង​ពី​ការ​ចុះឈ្មោះ​បោះឆ្នោត៖ «គឺ​រឿង​ការ​មិន​យល់​ច្បាស់​ពី​ប្រជាពលរដ្ឋ​ហ្នឹង លោក​កើតមាន។ ពលរដ្ឋ​ថា លោក​បាន​បោះឆ្នោត រួចហើយ តើ​លោក​ត្រូវការ​បោះឆ្នោត​ធ្វើ​អ្វី​ទៀត​? អានេះ​ជា​រឿង​ចំណុច​មួយ ហើយ​មួយទៀត លោក​ថា តើ​លោក​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ម្ដងទៀត​ឬ​? អានេះ​ជា​ចំណុច មានន័យថា ការអប់រំ ការ​ទទួល​ព័ត៌មាន អ្វី​ទាំង​អស់ហ្នឹង គឺ​ពលរដ្ឋ​មិន​ទទួល​បាន​គ្រប់​ជ្រុងជ្រោយ។ អ៊ីចឹង​កត្តា​៣​ហ្នឹង វា​ជា​ចំណុច​ចូលរួម​ផ្សំ​ដែរ សម្រាប់​កត្តា​នៃ​ការ​ចុះ​ឈ្មោះ វា​មាន​ចំនួន​តិចតួច បន្ថែម​ពី​អ្វី​ដែល​គ..ប បាន​លើក​ឡើង»

លទ្ធផល​បណ្ដោះអាសន្ន អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ឆ្នាំ​២០១៨ មាន​ចំនួន ៨.៥៤៧.២៩៩នាក់ កើន​ឡើង​ជាង​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ចំនួន ជាង​១​សែន (១៦៧.០៨២)នាក់។ បញ្ជី​ឈ្មោះ​ឆ្នាំ​២០១៧ អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចំនួន ៨.៣៨០.២១៧) នាក់។

នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា គ..ប នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង នៅ​តាម​សាលាឃុំ សង្កាត់​ចំនួន ១.៦៤៦ ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស។ អ្នកនាំពាក្យ​គ..ប ថា កំឡុង​ពេល​នោះ ពលរដ្ឋ​អាច​ទៅ​ពិនិត្យ​មើល​បញ្ជី និង​ប្ដឹង​ជំទាស់​បាន ហើយ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ គ..ប នឹង​ប្រកាស​សុពលភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី សម្រាប់​ឆ្នាំ​២០១៨។

លោក ហង្ស ពុទ្ធា ថា គ..ប តែង​បាន​ផ្សព្វផ្សាយ​ជានិច្ច ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ សង្គម​ស៊ីវិល​ផ្ដល់​អនុសាសន៍​ថា គ..ប​គួរ​បន្ថែម​កត្តា​អប់រំ​ដោយ​ផ្ទាល់​ទៅ​ពលរដ្ឋ គឺ​តាមរយៈ​ការ​ចំណាយ​ធនធាន ទៅលើ​មេភូមិ ឲ្យ​មេភូមិ​ធ្វើការ​ពន្យល់​ពលរដ្ឋ​ពី​ការ​ចុះឈ្មោះ​ដោយ​ផ្ទាល់ ហើយ​សភា​ឯក​បក្ស​នៃ​របប​ក្រុងភ្នំពេញ គួរ​ធ្វើ​ច្បាប់ បើកផ្លូវ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស និង​ពលករ​ចំណាកស្រុក​មាន​លទ្ធភាព ចុះ​ឈ្មោះ​បោះឆ្នោត និង​កត្តា​សម្របសម្រួល​នយោបាយ ក៏​ជា​មូលហេតុ​ជំរុញ​ឲ្យ​ពលរដ្ឋ មាន​ទឹកចិត្ត​ចុះឈ្មោះ​បោះឆ្នោត​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល