អភិបាលខេត្តព្រះសីហនុថ្មី ដែលទើបប្រកាស ចូលកាន់តំណែងជាផ្លូវការថ្មីៗនេះ គឺលោក គួច ចំរើន បានប្ដេជ្ញាចិត្តថា នឹងដឹកនាំខេត្តនេះឱ្យបានល្អ និងដោះស្រាយបញ្ហាដែលកំពុងកើតមានសព្វថ្ងៃឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែមហាជនទូទៅ និងមន្ត្រីសង្គមស៊ីវិលមិនទាន់ជឿជាក់លើការអះអាងនេះនៅឡើយទេ និងស្នើឱ្យលោកអភិបាលខេត្តថ្មី ស្ដាប់មតិរិះគន់ ជាជាងស្ដាប់ការនិយាយភូតភរ និងព័ត៌មានផ្សាយមិនពិត ដើម្បីលើកជើងរបស់មន្ត្រីថ្នាក់ក្រោមមួយចំនួន។
អភិបាលខេត្តព្រះសីហនុថ្មី គឺលោក គួច ចំរើន បានប្រកាសដាក់ចេញផែនការ១៣ចំណុច ដើម្បីដឹកនាំខេត្តព្រះសីហនុឱ្យបានល្អ។ ផែនការទាំងនោះ សំដៅលើការ អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យត្រឹមត្រូវតាមច្បាប់។
ថ្លែងក្នុងពេលចូលកាន់តំណែងនៅថ្ងៃទី២៩ ខែមិថុនា លោក គួច ចំរើន ក៏ប្រកាសពង្រឹងលើការអនុវត្តច្បាប់ ដោយគ្មានការលើកលែង។ លោកក៏អះអាងដែរថា នឹងពង្រឹងគ្រប់គ្រងស្ថិតិពលរដ្ឋ ស្ថិតិជនអន្តោប្រវេសន៍ និងកម្មករចំណាកស្រុកឱ្យបានច្បាស់លាស់។ លោក គួច ចំរើន ដែលត្រូវរបបលោក ហ៊ុន សែន ផ្ទេរការងារពីអភិបាលខេត្តកំពង់ចាមមកខេត្តសីហនុ ក្រោយព្រឹត្តិការណ៍បាក់រលំអាគារ៧ជាន់របស់ចិននោះ ក៏មិនភ្លេចបញ្ជាក់ថា លោកនឹងធ្វើការយ៉ាងពេញទំហឹងលើការពង្រឹងគុណភាពសំណង់៖ «ចូលរួមសហប្រតិបត្តិការណ៍អនុវត្តសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៃខេត្តព្រះសីហនុសំដៅត្រួតពិតនិត្យបទដ្ឋានបច្ចេកទេសបទដ្ឋានគតិយុទ្ធស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ព្រមទាំងត្រួតលក្ខណសម្បត្តិរបស់ក្រុមទទួលការម៉ៅការសាងសង់»។
ការផ្លាស់ប្ដូរអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឡើងភ្លាមៗ ដំណាលគ្នានឹងហេតុការណ៍រលំបាក់អគារកម្ពស់ ៧ជាន់ បណ្ដាលឱ្យមានមនុស្សចំនួន ២៨នាក់ស្លាប់ និងរងរបួស ២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ។
លោក ហ៊ុន សែន បានសម្លឹងឃើញអតីតអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ថា ជាមនុស្សម្នាក់អាចផ្ដល់សេចក្ដីទុកចិត្ត និងមានសមត្ថភាពធ្វើការជំនួស លោក យន្ត មីន ជាអភិបាលខេត្តចាស់បាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងពេលផ្ទេរភារកិច្ចលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ថា លោក គួច ចំរើន មានសមត្ថភាព និងលទ្ធភាពអាចដឹកនាំខេត្តព្រះសីហនុដែលជាទីកន្លែងពោរពេញដោយបញ្ហានេះបាន។ ប៉ុន្តែលោក ស ខេង បញ្ជាក់ថា លោក គួច ចំរើន តែម្នាក់ឯងក៏មិនអាចធ្វើការទាំងនេះបានទេ លោកទាមទារឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ៖ «ឯកឧត្តម គួច ចំរើន គាត់មានបទពិសោធន៍មានសមត្ថភាពប៉ុណ្ណឹងក្តី ប៉ុន្តែបើគ្មានការគាំទ្រនិងការចូលរួមពីមន្ត្រីរបស់យើងគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ ឬក៏មជ្ឈដ្ឋានសង្គមនានាផ្សេងទៀត ខ្ញុំគិតថា គាត់ធ្វើមិនបានទេ អ៊ីចឹងហើយខ្ញុំអំពាវនាវផង សង្ឃឹមផងថា សូមឱ្យឯកឧត្ដម លោកជំទាវអស់លោកលោកស្រីទាំងអស់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសូមមេត្តាគាំទ្រ និងចូលរួមដើម្បីសម្រេចជោគជ័យទាំងអស់គ្នា»។
ទោះជាមេដឹកនាំរបបក្រុងភ្នំពេញនាំគ្នាលើកសរសើរពីសមត្ថភាពរបស់លោក គួច ចំរើន បែបនេះក្តី ប៉ុន្តែមហាជនទូទៅ មន្ត្រីសង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនមិនទាន់មានជំនឿលើលោក គួច ចំរើន ពេកនោះទេ ពួកគេលើកឡើងថា ត្រូវរង់ចាំមើលការអនុវត្តជាក់ស្ដែងជាសិន។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើទៅអភិបាលខេត្តថ្មីស្ដាប់មតិរិះគន់ឱ្យបានច្រើន និងកុំចាត់ទុកអ្នករិះគន់ថា ជាអ្នកប្រឆាំង។ អ្នកស្រីបន្តថា ខេត្តព្រះសីហនុសព្វថ្ងៃមានមន្ត្រីខិលខូចមួយចំនួនតែងធ្វើរបាយការណ៍ភូតភរថ្នាក់លើ ដែលបញ្ហានេះអ្នកស្រីយល់ថា បានធ្វើឱ្យអតីតអភិបាលខេត្ត គឺលោក យន្ត មីន រងគ្រោះរហូតបាត់បង់ដំណែង៖ «អត់ស្រាវជ្រាវសាច់ដែលស្អុយនៅក្នុងហ្នឹងទេ ធ្វើអីក៏មិនបានជោគជ័យដែរព្រោះនៅក្នុងហ្នឹងមានមន្ត្រីល្អ និងមន្ត្រីអាក្រក់ហើយបើយើងខំតែយើង អ្នកគាំទ្រមិនគាំទ្រ គាត់មិនសហការណ៍ ធ្វើរបាយការណ៍ភូតកុហក ឬក៏គាត់កិបកេង គាត់រាយការណ៍មកថាល្អថាគាត់បានធ្វើ ប៉ុន្តែជាក់ស្ដែងគាត់អត់បានធ្វើទេ អ៊ីចឹងទេសំខាន់អ្នកដឹកនាំអ្នកគ្រប់គ្រងគឺត្រូវចុះទៅផ្ទាល់ហើយស្ដាប់មតិរិះគន់ឱ្យបានច្រើន»។
អ្នកស្រី ជៀប សុធារី យល់ថា ដើម្បីឱ្យការប្តេជ្ញាចិត្តរបស់អភិបាលខេត្តថ្មីបានជោគជ័យ លុះត្រាការអនុវត្តការងារនោះ មានផែនការច្បាស់លាស់ មានការអង្កេតដល់មូលដ្ឋាន និងមានការសហការការងារពីមន្ត្រីថ្នាក់ក្រោមក្នុងខេត្តនេះ។
លោក គួច ចំរើន ធ្លាប់ធ្វើជាអភិបាលខណ្ឌមានជ័យ និងអភិបាលខណ្ឌដូនពេញ នៃរាជធានីភ្នំពេញអស់រយៈពេលជាង ១០ឆ្នាំ និងត្រូវបំពេញការងារនៅក្រសួងមហាផ្ទៃមួយរយៈពេលខ្លីជា អគ្គនាយករង អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រោយមកទៀតលោកក៏ត្រូវប្ដូរទៅធ្វើជាអភិបាលខេត្តកំពង់ចាមកាលពីខែមិថុនាឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។