ភ្លាមៗ ក្រោយពីលោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង បណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយរឿងនេះតាមគេហទំព័រ និងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ ចំណែកបណ្ដាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតក៏បានចុះផ្សាយរឿងនេះដែរ។ ស្របគ្នានេះពលរដ្ឋទូទៅអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏បានចូលរួមបញ្ចេញមតិដែរ អ្នកខ្លះថាការដោះលែងនេះជាលទ្ធផលនៃសម្ពាធ ពីអន្តរជាតិ និងអ្នកខ្លះថា ចាប់ក៏យប់ដោះលែងក៏យប់ជាដើម។
បណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចេញផ្សាយព្រោងព្រាតលើគេហទំព័ររបស់គេ ដោយដាក់ចំណងជើងស្រដៀងគ្នាថា"លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយជាប់ឃុំអស់ជាង ១ឆ្នាំ ក្រោមបទចោទ "ក្បត់ជាតិ"។
ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) ដាក់ចំណងជើងថា «មេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងតែជំនួសដោយការជាប់ឃុំក្នុងផ្ទះ»។
កូនស្រីបង្កើត លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ប្រាប់រ៉យទ័រ (Reuters) ថា ឪពុករបស់នាងដែលមានវ័យ ៦៥ឆ្នាំ មានសុខភាពទ្រុឌទ្រោមត្រូវការពិនិត្យយ៉ាងដិតដល់ពីគ្រូពេទ្យ ដោយសារជំងឺលើសជាតិស្ករក្នុងសរសៃឈាម ដោយត្រូវការពេលវេលាយូរ ដើម្បីវះកាត់ស្មាខាងឆ្វេងរបស់គាត់។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) ថា លោក កឹម សុខា ត្រូវបានដោះលែងឲ្យក្រៅឃុំ ហើយត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
ចំណែកទីភ្នាក់ងារសារព័ត៌មានអាមេរិកហៅកាត់ថា អេភី (AP) ដាក់ចំណងជើងថា «អតីតមេដឹកនាំបក្សប្រឆាំងត្រូវបានដោះលែង ដោយត្រូវរង់ចាំសវនាការរឿងទោសក្បត់ជាតិ»។ AP ផ្សាយថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញឲ្យលោក កឹម សុខា នៅក្រៅឃុំបណ្ដោះអាសន្នដោយសារបញ្ហាសុខភាព ប៉ុន្តែសំណុំរឿងប្រឆាំងរូបលោកនៅបន្តទៀត។
APបានស្រង់សម្ដី លោក ចាន់ ចេន មេធាវីការពារអោយលោក កឹម សុខា ដែលថា តុលាការតម្រូវឲ្យលោក កឹម សុខា រស់នៅក្នុងផ្ទះមិនអាចចេញឆ្ងាយបាន មិនអាចជួបអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងជនបរទេសណាម្នាក់ឡើយ។ លើសពីនេះលោកត្រូវសុំការអនុញ្ញាតពីតុលាការចំពោះការទៅរកពេទ្យព្យាបាលមិនថាក្នុង ឬក្រៅប្រទេស។
ចំណែកគេហទំព័រសារព័ត៌មានដទៃទៀតក៏បានចុះផ្សាយអត្ថបទបន្តពីទីភ្នាក់ងារសារព័ត៌មានReuters អង់គ្លេសAP អាមេរិក AFP របស់បារាំង។ សារព័ត៌មានទាំងនោះមានChannel News Asia នៅប្រទេសសិង្ហបុរី កាសែតល្បីនៅអាមេរិកនិងអង់គ្លេស ដូចជា Wall Street Journal, News York Times, The Guardians ហើយនឹងគេហទំព័រសារព័ត៌មានមួយចំនួនទៀត នៅប្រទេសជប៉ុន និងប្រទេសកូរ៉េ។
ក្រៅពីនេះ រឿងដោះលែងលោក កឹម សុខា ដាក់ឲ្យនៅផ្ទះវិញនេះ មានផ្សាយតាមបណ្ដាញព័ត៌មានទូរទស្សន៍អន្តរជាតិ ដូចជា ស៊ី.អ៊ិន.អ៊ិន (CNN) និង អាល់ហ្សាសៀរ៉ា (Aljazeera)។
ដោយឡែកនៅតាមបណ្តាញសង្គមហ្វេសប៊ុកវិញមានអ្នកប្រើប្រាស់ជាច្រើន បានបញ្ចេញមតិក្នុងរឿងនេះដែរ ដោយភាគច្រើនគឺជាអ្នកដែលរីករាយសាទរនឹងលោក កឹម សុខា និងអ្នកខ្លះទៀតហៅករណីនេះថា ជាការឆ្លើយតបនឹងសម្ពាធអន្តរជាតិ។
គណនីហ្វេសប៊ុកនាវាជីវិតកូនខ្មែរបានសរសេរថាពួកយើងខ្ញុំបានទទួលដំណឹងថា ដោះលែងលោកប្រធាន កឹម សុខា ពិតជាមានអារម្មណ៍ត្រេកអរខ្លាំងណាស់។ ចំពោះគណនីឈ្មោះ Vong Nakry បានចោទសួរថា តើនេះបណ្ដាលមកពីគំនាបអន្តរជាតិ ឬដោយសារចិត្តបុណ្យរបស់បុរសខ្លាំង? ប្រភពដដែលបន្តថា ទោះបីជាយ៉ាងណាក្ដី ទីបំផុតលោកប្រធាន កឹម សុខា បានទទួលសេរីភាពវិញហើយក្នុងនាមខ្ញុំរួមជាមួយខ្មែរ ដែលស្រឡាញ់លិទ្ធិប្រជាធិបតេយ្យ សូមចូលរួមអបអរសាទរដល់លោកប្រធានផង។ Hai Khemararatharangsey សរសេរថា អឺរ៉ុបកោះប្រជុំសម្រេចថ្ងៃទី១៣ ដោះលែង កឹម សុខា ថ្ងៃទី១០។
រីឯគណនី Pech P-Runn រំលឹកថា ដោះលែងមិនមែនមានន័យថា ដោះដូរជាថ្នូរហ្នឹងការទទួលស្គាល់រដ្ឋាភិបាលអាណត្តិថ្មីខុសច្បាប់នេះ ពួកយើងនៅតែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានវត្តមានគណបក្សប្រឆាំងដ៏ធំ ហើយសេរីត្រឹមត្រូវ និងយុត្តិធម៌ មិនខុសគ្នានេះដែរគណនីហ្វេសប៊ុកឈ្មោះ សូឡា សូឡា ទោះបីមានការដោះលែង លោក កឹម សុខា មែនក៏ដោយ ក៏កិច្ចការ ដែល USA នឹងសហគមន៍អឺរ៉ុបត្រូវតែបន្តៗៗៗ។ គណនី Tang Sorចាប់យប់លែងយប់ចាប់ក្បាលព្រលប់លែងជិតភ្លឺ។ Bill Harthman ចាប់យប់លែងយប់... ជាបទល្មើសនឹងច្បាប់វិន័យរដ្ឋបាលសាធារណៈផង និងសុវត្ថិភាពសន្តិសុខរបស់ពិរុទ្ធជនផង... ដែលច្បាប់នេះ មានតាំងសម័យបរមបុរាណមុនសម័យប្រវត្តិសាស្ត្រទៅទៀត...? ទង្វើគ្មានតម្លាភាពនេះ... ពុំផ្តល់កិត្តិយសដល់ប្រព័ន្ធយុត្តិធ៌មសង្គមទាល់តែសោះ...? ហើយគួរឲ្យអាមាសខ្លាំងណាស់។
មិនខុសគ្នានេះទេ សារព័ត៌មានរដ្ឋអង់គ្លេស ប៊ី.ប៊ី.ស៊ី (BBC) សរសេរថា ការបង្ក្រាបមកលើបក្សប្រឆាំង ធ្វើឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ដែលគំរាមដកជំនួយពីកម្ពុជា ហើយការចាប់ខ្លួនលោក កឹម សុខា ត្រូវបានគេមើលឃើញជាទូទៅថា ជារឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។