បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ ចុះ​ផ្សាយ​ពី​ការ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ សុ ជីវី
2018-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្ទង់ព័ត៌មាន​លើ​គេហទំព័រ​របស់​សារព័ត៌មាន Channel News Asia ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ ២០១៨។
ខ្ទង់ព័ត៌មាន​លើ​គេហទំព័រ​របស់​សារព័ត៌មាន Channel News Asia ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ ២០១៨។
Screenshot: Channel News Asia

ភ្លាមៗ ក្រោយ​ពី​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក បាន​ចុះ​ផ្សាយ​រឿង​នេះ​តាម​គេហទំព័រ និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ចំណែក​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត​ក៏​បាន​ចុះ​ផ្សាយ​រឿង​នេះ​ដែរ។ ស្របគ្នា​នេះ​ពលរដ្ឋ​ទូទៅ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​ចូលរួម​បញ្ចេញ​មតិ​ដែរ អ្នកខ្លះ​ថា​ការ​ដោះ​លែង​នេះ​ជា​លទ្ធផល​នៃ​សម្ពាធ ពី​អន្តរជាតិ និង​អ្នក​ខ្លះ​ថា ចាប់​ក៏​យប់​ដោះ​លែង​ក៏​យប់​ជាដើម។

បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជាច្រើន​បាន​ចេញ​ផ្សាយ​ព្រោងព្រាត​លើ​គេហទំព័រ​របស់​គេ​ ដោយ​ដាក់​ចំណង​ជើង​ស្រដៀង​គ្នា​ថា"លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោយ​ជាប់​ឃុំ​អស់​ជាង ១ឆ្នាំ ក្រោម​បទ​ចោទ "ក្បត់ជាតិ"

ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ដាក់​ចំណង​ជើង​ថា «មេដឹកនាំ​បក្ស​ប្រឆាំង​ ត្រូវ​បាន​ដោះ​លែង​តែ​ជំនួស​ដោយការ​ជាប់ឃុំ​ក្នុង​ផ្ទះ»

កូនស្រី​បង្កើត លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ប្រាប់​រ៉យទ័រ (Reuters) ថា ឪពុក​របស់​នាង​ដែល​មាន​វ័យ ៦៥​ឆ្នាំ មាន​សុខភាព​ទ្រុឌទ្រោម​ត្រូវការ​ពិនិត្យ​យ៉ាង​ដិតដល់​ពី​គ្រូពេទ្យ ដោយសារ​ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម ដោយ​ត្រូវ​ការ​ពេល​វេលា​យូរ ដើម្បី​វះកាត់​ស្មា​ខាងឆ្វេង​របស់​គាត់។

អ្នក​នាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្រ្តី​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​ក្រៅ​ឃុំ ហើយ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ចំណែក​ទីភ្នាក់ងារ​សារព័ត៌មាន​អាមេរិក​ហៅ​កាត់​ថា អេភី (AP) ដាក់​ចំណង​ជើង​ថា «អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​ដោះ​លែង ដោយ​ត្រូវ​រង់ចាំ​សវនាការ​រឿង​ទោស​ក្បត់​ជាតិ»AP ផ្សាយ​ថា ការ​សម្រេច​របស់​តុលាការ​ក្រុងភ្នំពេញ​ឲ្យ​លោក​ កឹម សុខា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយសារ​បញ្ហា​សុខភាព ប៉ុន្តែ​សំណុំ​រឿង​ប្រឆាំង​រូប​លោក​នៅ​បន្ត​ទៀត។

APបាន​ស្រង់​សម្ដី លោក ចាន់ ចេន មេធាវី​ការពារអោយ​លោក កឹម សុខា ដែល​ថា តុលាការ​តម្រូវ​ឲ្យ​លោក កឹម សុខា រស់​នៅ​ក្នុង​ផ្ទះ​មិន​អាច​ចេញ​ឆ្ងាយ​បាន ​មិន​អាច​ជួប​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ​និង​ជនបរទេស​ណា​ម្នាក់​ឡើយ។ លើសពី​នេះ​លោកត្រូវ​សុំ​ការអនុញ្ញាត​ពី​តុលាការ​ចំពោះ​ការទៅរក​ពេទ្យ​ព្យាបាល​មិន​ថា​ក្នុង ឬ​ក្រៅ​ប្រទេស។

ចំណែក​គេហទំព័រ​សារព័ត៌មាន​ដទៃ​ទៀត​ក៏បាន​ចុះ​ផ្សាយ​អត្ថបទ​បន្ត​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters អង់គ្លេសAP អាមេរិក AFP របស់​បារាំង។ សារព័ត៌មាន​ទាំង​នោះ​មានChannel News Asia ​នៅ​ប្រទេស​សិង្ហបុរី កាសែត​ល្បី​នៅ​អាមេរិក​និង​អង់គ្លេស ដូចជា Wall Street Journal, News York Times, The Guardians ហើយ​នឹង​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន​ទៀត ​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ។

ក្រៅ​ពី​នេះ រឿង​ដោះលែង​លោក កឹម សុខា ដាក់​ឲ្យ​នៅ​ផ្ទះ​វិញ​នេះ ​មាន​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍​អន្តរជាតិ ដូច​ជា ស៊ី.អ៊ិន.អ៊ិន (CNN) និង អាល់ហ្សាសៀរ៉ា (Aljazeera)

ដោយឡែក​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​វិញ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន បាន​បញ្ចេញ​មតិ​ក្នុង​រឿង​នេះ​ដែរ ដោយ​ភាគច្រើន​គឺ​ជាអ្នក​ដែល​រីករាយ​សាទរ​នឹង​លោក កឹម សុខា និង​អ្នក​ខ្លះ​ទៀត​ហៅ​ករណី​នេះ​ថា ជា​ការ​ឆ្លើយ​តប​នឹង​សម្ពាធ​អន្តរជាតិ។

គណនី​ហ្វេសប៊ុក​នាវាជីវិត​កូនខ្មែរ​បាន​សរសេរ​ថា​ពួកយើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ដោះលែង​លោក​ប្រធាន កឹម សុខា ពិត​ជា​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង​ណាស់។ ចំពោះ​គណនី​ឈ្មោះ Vong Nakry បាន​ចោទ​សួរ​ថា តើ​នេះ​បណ្ដាល​មក​ពី​គំនាប​អន្តរជាតិ ឬ​ដោយសារ​ចិត្ត​បុណ្យ​របស់​បុរស​ខ្លាំង? ប្រភព​ដដែល​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ទីបំផុត​លោក​ប្រធាន កឹម សុខា បាន​ទទួល​សេរីភាព​វិញ​ហើយ​ក្នុងនាម​ខ្ញុំ​រួម​ជាមួយ​ខ្មែរ ដែល​ស្រឡាញ់​លិទ្ធិប្រជាធិបតេយ្យ សូម​ចូលរួម​អបអរសាទរ​ដល់​លោក​ប្រធាន​ផង។ Hai Khemararatharangsey សរសេរ​ថា អឺរ៉ុប​កោះ​ប្រជុំ​សម្រេច​ថ្ងៃ​ទី១៣ ដោះ​លែង កឹម សុខា ថ្ងៃទី១០។

រីឯ​គណនី Pech P-Runn រំលឹក​ថា​ ដោះលែង​មិនមែន​មាន​ន័យ​ថា​ ដោះដូរ​ជា​ថ្នូរ​ហ្នឹង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ខុស​ច្បាប់​នេះ​ ពួក​យើង​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ​ដោយ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ហើយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ មិន​ខុស​គ្នានេះ​ដែរ​គណនី​ហ្វេសប៊ុក​ឈ្មោះ សូឡា សូឡា ទោះ​បី​មាន​ការ​ដោះ​លែង លោក កឹម សុខា មែន​ក៏​ដោយ ក៏​កិច្ចការ ដែល USA នឹង​សហគមន៍​អឺរ៉ុប​ត្រូវ​តែ​បន្តៗៗៗ។ គណនី Tang Sorចាប់យប់​លែងយប់​ចាប់​ក្បាល​ព្រលប់​លែង​ជិត​ភ្លឺ។ Bill Harthman ចាប់​យប់​លែង​យប់... ជា​បទល្មើស​នឹង​ច្បាប់​វិន័យ​រដ្ឋបាល​សាធារណៈ​ផង និង​សុវត្ថិភាព​សន្តិសុខ​របស់​ពិរុទ្ធជន​ផង... ដែល​ច្បាប់​នេះ មាន​តាំង​សម័យ​បរមបុរាណ​មុន​សម័យ​ប្រវត្តិសាស្ត្រ​ទៅ​ទៀត...? ទង្វើ​គ្មាន​តម្លាភាព​នេះ... ពុំ​ផ្តល់​កិត្តិយស​ដល់​ប្រព័ន្ធ​យុត្តិធ៌ម​សង្គម​ទាល់​តែ​សោះ...? ហើយ​គួរ​ឲ្យ​អាមាស​ខ្លាំង​ណាស់។

មិន​ខុសគ្នា​នេះ​ទេ សារព័ត៌មាន​រដ្ឋ​អង់គ្លេស ប៊ី.ប៊ី.ស៊ី (BBC) សរសេរ​ថា ការ​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ ដែល​គំរាម​ដក​ជំនួយ​ពី​កម្ពុជា ហើយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ជា​រឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល