ព៍ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នកគួរ​អាន​នៅថ្ងៃសៅរ៍នេះ

2022.11.05
ព៍ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នកគួរ​អាន​នៅថ្ងៃសៅរ៍នេះ នេះ​ជា​ព៍ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នកគួរ​អាន​នៅថ្ងៃសៅរ៍ ទី៥ ខែ​វិច្ឆិកា។
RFA

មន្ត្រី​អាដហុក​ថា ប្រសិនបើ​តុលាការ​កំពូល​កាត់ក្ដី​ដោយ​សុភ​វិនិច្ឆ័យ​ពួកគេ​នឹង​ទទួល​បាន​យុត្តិធម៌

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក​(ADHOC) លើកឡើង​ថា ប្រសិនបើ​តុលាការ​កំពូល​កាត់ក្ដី​ប្រកបដោយ​សុភវិនិច្ឆ័យ ពកគេ នឹង​ទទួល​បាន​យុត្តិធម៌​។ តុលាការ​បាន​កំពូល​នៅ​ថ្ងៃទី ៤​វិច្ឆិកា បាន​បើក​សវនាការ បណ្ដឹង​សាទុក្ខ លើ​សាល​ក្រុម​តុលាការ​ជាន់​ទាប ដែល​បាន​កាត់ក្ដី​ឱ្យ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស មាន​ទោស ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី។

nysokha1.jpeg
លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​សវនាការ​តុលាការ​កំពូលលើ​រឿងក្ដី​របស់​លោក​ និង​មន្ត្រី​សិទ្ធិមនុស្ស​ ៤រូបផ្សេង​ទៀត នៅថ្ងៃ​ទី៤ ខែ​វិច្ឆកា ឆ្នាំ២០២២។ រូប៖ពលរដ្ឋផ្ដល់ឱ្យ

អាន​ព័ត៌មាន​ពិស្ដារ...

អ្នកច្បាប់​ថា ប៉ូលិស​អន្តរជាតិ​នឹង​មិន​ចាប់​លោក សម រង្ស៊ី តាម​សំណើ​រដ្ឋាភិបាល​ទេ

អ្នកជំនាញ​ច្បាប់​ជឿជាក់​ថា ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ប៉ូលិស​អាំងទែរប៉ូល (Interpol) នឹង​មិន​ឃាត់ខ្លួន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ ពីព្រោះ​ថា ករណី​លោក សម រង្ស៊ី នេះ​ជា​រឿង​នយោបាយ។

រីឯ​លោក សម រង្ស៊ី វិញ បញ្ជាក់​ថា សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ជា​ការ​ចង់​បង្វែរ​ការចាប់អារម្មណ៍​ពី​មហាជន​តែប៉ុណ្ណោះ​។ លោក សម រង្ស៊ី អះអាង​ថា សំណុំរឿង​ដែល​លោក​ប្ដឹង​លោក ហ៊ុន សែន និង​បក្ខពួក​ទាក់ទង​នឹង​ការ​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​រាប់​សិប​នាក់​កាលពី​ឆ្នាំ​១៩៩៧ នោះ តុលាការ​បារាំង​នឹង​បើក​ការ​ជំនុំ​ជម្រះ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ។

អាន​ព័ត៌មាន​ពិស្ដារ...

អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​តវ៉ា​នៅមុខ​ស្ថាន​អាមេរិក

អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ឈរ​តវ៉ា​ស្វែងរក​យុត្តិធម៌​ជូន​សមាជិកគ្រួសារ​ពួកគេ​នៅមុខ​ស្ថាន​អាមេរិក មុន​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ ប៉ៃ​ឌិន (Joe Biden) នឹង​មក​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សប្តាហ៍​ក្រោយ​។ ពលរដ្ឋ​ទាំងនោះ​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​ថា គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​បិទបាំង​ទង្វើ​អាក្រក់​របស់​រដ្ឋាភិបាល។

អាន​ព័ត៌មាន​ពិស្ដារ...​

អ្នកឃ្លាំមើល​ថា កម្ពុជា​គួរ​ស្ដារ​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ប្រសើរ​ជាង​ទទួលយក​គំនិត​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា ជំរុញ​ដល់​រដ្ឋាភិបាល​គិតគូរ​ស្ដារ​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ប្រសើរ​ជាង​ទទួលយក​នូវ​មនោគមវិជ្ជា​ពី​ប្រទេស​កុម្មុយនីស្ត​ចិន ដើម្បី​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថា សមិទ្ធផល​ដ៏​មហិមា​នៃ​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​មជ្ឈដ្ឋាន​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​សារសំខាន់​នៃ​សមិទ្ធផល​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។

គឹមសុខកើតសារាយ.jpeg
(ឆ្វេង) លោក កើត សារ៉ាយ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ខាង​ស្ដាំ លោក គឹម សុខ អ្នក​វិភាគ​នយោបាយ។ RFA

អាន​ព័ត៌មាន​ពិស្ដារ...

អាជ្ញាធរ​លាក់​ព័ត៌មាន ករណី​ពលរដ្ឋ ៥​នាក់​ស្លាប់ ដោយ​ពុល​ថ្នាំ​បាញ់​ចេក ក្នុង​ចម្ការ​ក្រុមហ៊ុន​នៅ​កំពង់ចាម

អាជ្ញាធរ​ខេត្ត​កំពង់ចាម រង​ការ​រិះគន់​ថា បាន​លាក់បាំង​ព័ត៌មាន និង​ធ្វើ​របាយការណ៍​ភូតភរ ករណី ពលរដ្ឋ ៥​នាក់​ស្លាប់ និង ៦៩ នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ សង្ស័យ​ពុល​ថ្នាំ​បាញ់​ចេក កាល​ពី​ពេល​ថ្មីៗ​នេះ ។ មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ករណីនេះ ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន ឡុង ស្រេង (Long Sreng International Co.,Ltd)​ទទួលខុសត្រូវ អាយុជីវិត​ពលរដ្ឋ។

អាន​ព័ត៌មាន​ពិស្ដារ...

គ្រួសារ​របស់​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​ជាប់ឃុំ​ទាំង​១០​នាក់​នៅ​ប្រទេស​ថៃ រង់ចាំ​ឲ្យ​មានការ​ដោះលែង​សមាជិកគ្រួសារ​របស់​ពួកគាត់

សាច់ញាតិ​របស់​ជនភៀសខ្លួន​ខ្មែរក្រោម ដែល​កំពុង​ជាប់ឃុំ​ទាំង​១០​នាក់​នៅ​ប្រទេស​ថៃ រង់ចាំ​ឲ្យ​មានការ​ដោះលែង​សមាជិកគ្រួសារ​របស់​ពួកគាត់ ព្រោះ​អង្គការ​នានា និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​បាងកក ថា​នឹង​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ខ្មែរក្រោម​ទាំង​១០​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ប៉ុន្តែ​មកដល់ពេលនេះ អ្នក​ទាំង​១០​នាក់​នោះ​មិនទាន់​ចេញពី​ពន្ធនាគារ​ទេ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បារម្ភ​ពី​សុខភាព​អ្នក​ជាប់ឃុំ ព្រោះ​អ្នកខ្លះ​មាន​វ័យចាស់ អ្នកខ្លះ​មាន​ជំងឺ​ប្រចាំ​ខ្លួន និង​អ្នកខ្លះ​មានកូន​តូច​ចាំ​ផ្លូវ​នៅផ្ទះ។

អាន​ព័ត៌មាន​ពិស្ដារ...

ជំងឺគ្រុនឈាម​ផ្ទុះ​ឡើង​ជិត ១​ម៉ឺន​ករណី​នៅ​ឆ្នាំនេះ

កម្ពុជា​រក​ឃើញ​ជំងឺគ្រុនឈាម​ជិត ១ ម៉ឺន​ករណី (.៤៨២) គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​។ ករណី​នេះ​កើនឡើង​ជិត ១០ ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១​។ ជំងឺគ្រុនឈាម​ជិត ១ ម៉ឺន​ករណី​ក្នុង​ឆ្នាំ ២០២២ នេះ បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ១៦​នាក់ ដែល​សុទ្ធ​សឹង​ជា​កុមារ​អាយុ​ក្រោម ១៥ឆ្នាំ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ​កាលពី​ថ្ងៃទី៤ វិច្ឆិកា ដោយ​ស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ថា មូលហេតុ​នៃ​ការ​ការ​កើនឡើង​ករណី​ជំងឺគ្រុនឈាម​នៅ​ឆ្នាំនេះ គឺ​ដោយសារ​ភ្លៀង​បន្ត​ធ្លាក់ និង​ទឹកជំនន់​។ មន្ត្រី​ជំនាញ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ថែរក្សា​អនាម័យ​ផ្ទះសម្បែង និង​ត្រូវ​បញ្ជូន​កូនចៅ​ដែល​មាន​អាការៈ​ក្ដៅខ្លួន​ខ្លាំង​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។