ព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកគួរនៅថ្ងៃនេះ
សង្គមស៊ីវិល និងបក្សភ្លើងទៀនស្នើរដ្ឋសភាជជែកស៊ីជម្រៅលើខ្ទង់ចំណាយថវិកាជាតិដល់សាធារណជន
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀនជំរុញដល់រដ្ឋសភាយកសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ទៅជជែកជាមួយភាគីពាក់ព័ន្ធឱ្យបានស៊ីជម្រៅ ដើម្បីបង្ហាញពីតម្លាភាព និងបំបាត់អំពើពុករលួយនៅតាមស្ថាប័នរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នោះទៅពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គឆាប់ៗនេះ ដោយមិនឆ្លងកាត់ការពិគ្រោះយោបល់ពីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
"សកម្មជនគណបក្សប្រឆាំងបន្តរងការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតលំហសេរីភាពនយោបាយ"
ការរឹតត្បិតលំហសេរីភាពនយោបាយ ភាពមិនប្រក្រតី និងការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សប្រឆាំង បន្តកើតមានឡើងនៅមុនការបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទីប្រាំ កាលពីខែមិថុនា ឆ្នាំ២០២២។ នេះបានតាមរបាយការណ៍ឃ្លាំមើលការបោះឆ្នោតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ផ្សាយកាលពីថ្ងៃទី២៣ វិច្ឆិកា។
សកម្មជនបរិស្ថានថា បទល្មើសជួញដូរស្វាព្រៃទ្រង់ទ្រាយធំទៅក្រៅប្រទេសជាប់ពាក់ព័ន្ធនឹងមន្ត្រីកម្ពុជា
ទិន្នន័យរបស់អង្គការសហប្រជាជាតិ យូអិន ខមថ្រេដ (UN Comtrade) បង្ហាញថា សត្វស្វារាប់ម៉ឺនក្បាល ត្រូវបាននាំចេញពីកម្ពុជា ដោយមិនបានរាយការណ៍ចុះក្នុងបញ្ជី នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ។ សកម្មជនបរិស្ថានសង្ស័យលើករណីនាំចេញសត្វស្វានេះ ថា ជាករណីខុសច្បាប់ ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលព្រៃឈើ រដ្ឋការគយ និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលមួយចំនួនទៀត។
ក្រុមគ្រួសារកុមារទាំង១១នាក់ ដែលស្លាប់ដោយសារលិចទូកដ ទទួលសំណង ១២លានរៀល ក្នុងមួយគ្រួសារពីម្ចាស់ទូកដ
ក្រុមគ្រួសារកុមារដែលបានស្លាប់ដោយសារលិចទូកដទាំង ១១នាក់ ព្រមទទួលយកសំណង១២លានរៀល ឬប្រមាណជា ៣ពាន់ដុល្លារ ក្នុងមួយគ្រួសារ ពីម្ចាស់ទូកដហើយ ដើម្បីបញ្ចប់រឿង។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរមានសំណងជំងឺចិត្តបន្ថែមពីលើ ម្ចាស់ទូកដ ទៅដល់ក្រុមគ្រួសារកុមាររងគ្រោះ ដើម្បីបង្ហាញពីទំនួលខុសត្រូវ។
សាច់ញាតិមិនទទួលយកលទ្ធផលស៊ើបអង្កេតចុងក្រោយករណីស្លាប់លោក ពេជ្រ ធារ៉េត
សាច់ញាតិរបស់បុរសម្នាក់ដែលស្លាប់ពេលប៉ូលិសស្រុកសង្កែឃុំខ្លួន បដិសេធលទ្ធផលស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើទារុណកម្មដែលថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ មន្ត្រីសិទ្ធិមនុស្សសោកស្ដាយដែលអាជ្ញាធរថ្នាក់ជាតិចេញលទ្ធផលស្រាវជ្រាវ ដែលគ្មានយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះបែបនេះ។
កសិកររិះគន់ថា វិធានការរបស់ក្រសួងកសិកម្មមិនទាន់បានដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ
ប្រជាកសិករនៅខេត្តបាត់ដំបង រិះគន់ថា វិធានការរបស់អាជ្ញាធរ នៅមិនទាន់ជួយដោះស្រាយបញ្ហាតម្លៃស្រូវចុះថោកនៅឡើយ។ ការរិះគន់នេះ ដោយសារ ពួកគាត់នៅតែលក់ស្រូវបានតម្លៃទាបដដែលមិនដូចការប្រកាសកំណត់តម្លៃរបស់ក្រសួងកសិកម្មនោះឡើយ។ អ្នកជំនាញកសិកម្មថា រដ្ឋាភិបាលគួរមានយន្តការជួយកសិករដោយសម្រួលថ្លៃដើមក្នុងការផលិត និងរកទីផ្សារឱ្យបានទូលំទូលាយនៅពេលប្រមូលផល។
លោក ស ខេង ឱ្យអាជ្ញាធរខេត្តពោធិ៍សាត់បង្កើនការទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីអាជ្ញាធរខេត្តពោធិ៍សាត់បង្កើនការទប់ស្កាត់នៃឧក្រិដ្ឋកម្មជួញដូរមនស្សដែលកំពុងកើតឡើងកាន់តែច្រើនស្ថិតនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។ ទោះបីជាយ៉ាងណា មន្ត្រីអាជ្ញាធរខេត្តពោធិ៍សាត់អះអាងថា នៅតំបន់ថ្មដាមិនមានករណីជួញដូរមនុស្ស និងការបង្ខាំងមនុស្សឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរ និងរដ្ឋាភិបាលហាក់គ្មានឆន្ទៈក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជានៅឡើយ។