ព័ត៌មាន​សំខាន់ៗប្រចាំថ្ងៃ៖ លោក ហ៊ុន សែន វាយ​ប្រហារ​លោក ស៊ន តារា ថា ជា​កូន​មិន​ស្ដាប់​ឪពុកម្ដាយ...

2023.02.25
ព័ត៌មាន​សំខាន់ៗប្រចាំថ្ងៃ៖ លោក ហ៊ុន សែន វាយ​ប្រហារ​លោក ស៊ន តារា ថា ជា​កូន​មិន​ស្ដាប់​ឪពុកម្ដាយ... (ឆ្វេង) លោក ស៊ន តារា ​អ្នក​អត្ថាធិប្បាយ​រឿង​បញ្ហា​សង្គម និង​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង​ ស៊ន តារា

លោក ហ៊ុន សែន វាយ​ប្រហារ​លោក ស៊ន តារា ថា ជា​កូន​មិន​ស្ដាប់​ឪពុកម្ដាយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ចំណង​ឪពុក​ម្ដាយ និង​សាច់ញាតិ របស់​អ្នក​អត្ថាធិប្បាយ​រឿង​បញ្ហា​សង្គម និង​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ជា​ធ្នាក់​ឱ្យ​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​រូប​នេះ បែរ​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ក្នុង​ឆ្នាំ​បោះ​ឆ្នោត​នេះ គណបក្ស​កាន់​អំណាច ប្រើ​យុទ្ធសាស្ត្រ​ប្រមូល​យុវជន​ធ្វើ​ការងារ​សង្គម និង​សកម្មជន​គណបក្ស​ប្រឆាំង ឱ្យ​ងាក​មក​បម្រើ​គណបក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​ការ​បាន​តួនាទី ឬ​មុខ​តំណែង​ក្នុង​ការងារ​រដ្ឋ។

អាន​ព័ត៌មាន​ពិស្ដារ...

អ្នកជំនាញ​អប់រំ​ថា សីលធម៌​សង្គម​ធ្លាក់ចុះ​ខ្លាំង​ដែល​ចាំបាច់​ត្រូវ​ពង្រឹង​ឡើងវិញ

អ្នក​ធ្វើការងារ​លើ​វិស័យ​អប់រំ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សីលធម៌​សង្គម​កំពុង​ធ្លាក់ចុះ​ខ្លាំង ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​ពង្រឹង​ឡើងវិញ។ ពួកគាត់​យល់​ថា នៅ​ពេល​សង្គម​មួយ បាត់បង់ ឬ​ធ្លាក់ចុះ​សីលធម៌​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​ក្នុង​សង្គម​នោះ​រស់នៅ​គ្មាន​សេចក្តី​សុខ និង​សន្តិភាព​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ឡើយ ព្រោះ​សង្គម​នោះ ពោរពេញ​ទៅ​ដោយ​ជម្លោះ ការ​ជេរ​ប្រមាថ ការ​ព្យាបាទ អំពើ​ហិង្សា និង​សង្គ្រាម​កាប់សម្លាប់​គ្នា​ជាដើម។

អាន​ព័ត៌មាន​ពិស្ដារ...

កសិករ​នៅ​ខេត្ត​ប៉ៃលិន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ថា ដំណាំ​មៀន​មាន​តម្លៃ​ថ្លៃ

ប្រជា​កសិករ នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​តែ​ត្អូញត្អែរ​ថា តម្លៃ​មៀន ឬ​ផ្លែ​តាង៉ែន មិន​មាន​តម្លៃ​ថ្លៃ ដូច​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម លោក សាយ សុផាត ឡើយ។ ការ​ច្រាន​ចោល​របស់​ប្រជាកសិករ​ទាំងនេះ​គឺ ​បន្ទាប់​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន ស្ដីពី​ភាព​ជោគជ័យ​រយៈពេល​៥ឆ្នាំ​កន្លង​មក របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន កាល​ពីថ្ងៃទី២៣ កុម្ភៈ ថា​តម្លៃ​មៀន​ក្នុង​ឆ្នាំ២០២៣​អាច​នឹង​បន្ត​ឡើង​ចន្លោះ ពី​បួន​ពាន់ ពីរ​រយ រៀល (៤២០០) ទៅ​បួន​ពាន់​ប្រាំ​រយ រៀល (៤៥០០)

អាន​ព័ត៌មាន​ពិស្ដារ...

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​រដ្ឋសភា​ឱ្យ​ចោទ​សួរ​រដ្ឋាភិបាល រឿង​លុប​អាជ្ញាប័ណ្ណ​វិទ្យុ វីអូឌី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​ញត្តិ​ស្នើ​ដល់​តំណាងរាស្ត្រ​ឱ្យ​ចោទសួរ​រដ្ឋាភិបាល​ជុំវិញ​ការ​លុប​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ សង្គម​ស៊ីវិល យល់​ថា ការ​ស្នើ​នេះ ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ហើយ​រដ្ឋាភិបាល គួរតែ​ពិចារណា​បើក​ឲ្យ​វិទ្យុ វីអូឌី ដំណើរ​ការ​ឡើង​វិញ។

អាន​ព័ត៌មាន​ពិស្ដារ...

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ដាំ​ឪឡឹក​លក់​ដោះស្រាយ​ជីវភាព

ក្រោយពី​រដូវ​ធ្វើ​ស្រែ​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ បន្ត​ដាំ​ឪឡឹក​លក់​ ដើម្បី​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។ សង្គម​ស៊ីវិល​ ជំរុញ​ឱ្យ​កសិករ​គួរ​តែ​ចងក្រង​គ្នា​ជា​សហគមន៍​មួយ ដើម្បី​រក្សា​តម្លៃ​កសិផល​ និង​ពង្រីក​ទីផ្សារ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ។

អាន​ព័ត៌មាន​ពិស្ដារ...

រូបភាព​ផ្កាយរណប​បង្ហាញ​ការពង្រីក​ទីតាំង​សាងសង់​នៅ​មូលដ្ឋានទ័ព​រាម

រូបភាព​ផ្កាយរណប ដែល​ថត​នៅពេល​ថ្មីៗ​នេះ​ពីលើ​តំបន់ឆ្នេរ​សមុទ្រ​ជុំវិញ​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​ដែល​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ចិន និង​អាច​ជួយ​មហាអំណាច​កុម្មុយនីស្ត​មួយ​នេះ ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន ដែល​មិន​ត្រឹមតែ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ គឺ​ថែម​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ថែមទៀត​។​

អាន​ព័ត៌មាន​ពិស្ដារ...

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​សាទរ​លោក ស ខេង ដែល​ទទួល​ស្គាល់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​រឿង​ទំនាស់​ដីធ្លី

សង្គម​ស៊ីវិល​និយាយ​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​មន្ត្រី​ថ្នាក់​ខេត្ត ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​តស៊ូ​ទាំង​លំបាកលំបិន​ឡើង​មក​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ពី​ថ្នាក់​ជាតិ​ជា​ញឹក​ញាប់។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឱ្យ​អភិ​បាល​ខេត្ត​ឈប់​សម្ងំ​យក​តែ​សុខ និង​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។

អាន​ព័ត៌មាន​ពិស្ដារ...

FATF ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​កខ្វក់

អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​លើ​ពិភពលោក ឈ្មោះថា​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ (The Financial Action Task Force)​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France) បាន​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ នៃ​ប្រទេស​លាងលុយកខ្វក់​ហើយ កាលពី​ថ្ងៃទី​២៤​កុម្ភៈ។

អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។