ព័ត៌មាន​សំខាន់ៗ​ចំនួន ១១ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃសៅរ៍រនេះ

ដោយ អាស៊ីសេរី
2022.09.23
ព័ត៌មាន​សំខាន់ៗ​ចំនួន ១១ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃសៅរ៍រនេះ នេះជារឿង​សំខាន់ដែល​លោកអ្នក​គួរអាន​សម្រាប់​ថ្ងៃសៅរ៍ ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២២។
RFA

នេះជារឿង​សំខាន់ដែល​លោកអ្នក​គួរអាន​សម្រាប់​ថ្ងៃសៅរ៍ ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២២

. ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​បុរីញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក

US-Protest_HunSen.jpeg
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្មប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​មក​ចូល​កិច្ចប្រជុំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរីញ៉ូវយ៉ក (New York) សហរដ្ឋ​អាមេរិក នា​ព្រឹក​ថ្ងៃ​ទី២៣ កញ្ញា ២០២២។ RFA

ពលរដ្ឋ​ខ្មែរ ភូមា និង​ចិន រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា លើក​បក​ដា​តវ៉ា នៅ​ខាងមុខ​ទីស្នាក់ការ​អង្គ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក (New York) ដើម្បី​តវ៉ា​ប្រឆាំង​ការរំលោភ​សិទ្ធិមនុស្ស​និង​ទាមទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ចំណែក​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ប្រមាណ​ជាង​៣​រយ​នាក់ ដែល​ធ្វើដំណើរ​មកពី​រដ្ឋ​ជាច្រើន នៅ​សហរដ្ឋអាមេរិក ក៏បាន​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​គំនាប​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ និង​ជាពិសេស គឺ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

អាន​ព័ត៌មាន​ពិស្ដារ... ឬ​ទស្សនា​ការ​ចុះ​សម្ភាសន៍​ផ្ទាល់

. លោក ហ៊ុន សែន ស្នើ​ឲ្យ​មន្ត្រីជាន់ខ្ពស់ UNDP បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​សកម្មភាព​សម្អាត​មីន

HunSen_UNDP22.JPG
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​ លោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ។ កាលពីថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​តំណាង​ជាន់ខ្ពស់​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ស្នើសុំ​ជួយ​បន្ត​គាំទ្រ​សកម្មភាព​ដោះ​មីន ដើម្បី​ឲ្យ​សម្រេច​គោលដៅ​គ្មាន​គ្រាប់មីន​នៅ​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ។

លោក ហ៊ុន សែន បាន​ជួប​អភិបាល​UNDP លោក អេជីម សៃណឺ Achim Steiner កាលពី​ថ្ងៃទី​២២​កញ្ញា ខណៈ​លោក​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​បុរី​ញូវយ៉ក​លើក​ទី​៧៧។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា កម្ពុជា​កំពុង​ជំរុញ​គោលនយោបាយ​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥ ហើយ​កម្ពុជា​ត្រូវការ UNDP ជួយ​គាំទ្រ​គម្រោង​នេះ​។ លោក អេជីម សៃណឺ បាន​ឆ្លើយ​តប​ថា «UNDP នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត ជាពិសេស​លើ​វិស័យ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។ UNDP នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជាពិសេស​លើ​ផែនការ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​។ លោក​បន្ដ​ថា អង្គការ UNDP នឹង​បន្ត​ជួយ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន ហើយ​ធ្វើ​យ៉ាងណា​ជំរុញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ឱ្យ​បាន​ខ្ពស់​បំផុត។

រយៈពេល ៣០​ឆ្នាំ​មកនេះ CMAC បាន​បោស​សំអាត សំណល់​យុទ្ធភណ្ឌ​សេសសល់​ពី​សង្គ្រាម រួម​មាន គ្រាប់មីន ប្រមាណ​ពី ៤-៦ លាន​គ្រាប់ គ្រាប់បែក​ចង្កោម​ទម្លាក់​ពី​យន្តហោះ​ប្រមាណ ៣០ លាន​កូន​គ្រាប់ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ទម្ងន់​សរុប​ជិត ៣​លាន​តោន (២ លាន ៧៨ ម៉ឺន​តោន​) និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដទៃទៀត​យ៉ាងច្រើន​។ ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​គ្រាប់មីន និង​រង​របួស​ព្រមទាំង​ពិការ​ដៃជើង ជាង​៤​ម៉ឺន​៥​ពាន់​នាក់ (៤៥,០៤៩) ផ្សេងទៀត។

រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​មីន ឲ្យ​អស់ពី​កម្ពុជា ត្រឹម​ឆ្នាំ ២០២៥ ដោយ​ត្រូវការ​ថវិកា​ប្រមាណ​ជិត ៣​រយ​៨០ លាន​ដុល្លារ​អាមេរិក (៣៧៧) សម្រាប់​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម នៅ​លើ​ផ្ទៃដី​ប្រមាណ ៨០៦​គីឡូម៉ែត្រ​ការ៉េ។

ក្នុង​ឱកាសលោក ហ៊ុន ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក​នេះ​ដែរ លោក​បាន​ឆ្លៀត​ជួប និង​អញ្ជើញ​អគ្គលេខាធិ​ការ​អង្គការសហប្រជាជាតិ លោក Antonio Guterre ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ក្រោយពី​ជំនួប​នោះ​ថា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ពិចារណា​ថា តើ​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​អាស៊ាន​នៅពេល​ខាងមុខនេះ ឬ​យ៉ាងណា ពីព្រោះ​កន្លង​កន្លងមក លោក​ក៏​ធ្លាប់​មក​ទ​ប្រទេស​កម្ពុជា​ដែរ ក្នុងនាម​ជា​អ្នក​ទេសចរណ៍​។ ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន សែន សរសេរ​បន្ត​ថា លោក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ និង​អាស៊ាន៕

. ជនជាតិ​ចិន​ម្នាក់​ស្លាប់ ខណៈ​ជនជាតិ​ចិន​១៩​នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​នៅ​ខេត្ត​ព្រះសីហនុ

china_boat-SHV.jpeg
ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជួយ​សង្គ្រោះ​ពី​ហេតុការណ៍ទូកលិច​នៅ​ក្នុង​សមុទ្រ នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្តព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា ក្រុមការងារ​ជំនាញ​បាន​ជួយសង្គ្រោះ​ជនជាតិ​ចិន​បាន ២ នាក់ បន្ថែម​ទៀត កាលពី​យប់​ថ្ងៃទី ២៣ កញ្ញា​ម្សិលមិញ ប៉ុន្តែ​ជនរងគ្រោះ​១៩​នាក់​ផ្សេងទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ ហេតុការណ៍​លិច​ទូក​ដឹក​ជនជាតិ​ចិន​នេះ កើតឡើង​នៅ​តំបន់​កោះតាង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២២ កញ្ញា។

. លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត តាម​រថយន្ត​ក្រុម​ដោយ​មិន​គិតថ្លៃ ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

public_transport.JPG
ពលរដ្ឋជិះ​រថយន្ត​សាធារណៈរបស់​រដ្ឋទៅ​លេង​ភ្ជុំបិណ្ឌ កាល​ពីថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង ដោយ​ឥតគិតថ្លៃ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល គាំទ្រ​សកម្មភាព​នេះ ប៉ុន្តែ​ពួកគេ ស្នើ​សុំឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គួរ​អនុវត្ត​ផែនការ​អភិវឌ្ឍ ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធិភាព តាមរយៈ​ការគោរព​សិទ្ធិមនុស្ស ជាជាង​ធ្វើ​ប្រជា​ភិ​ថុ​ត​យកចិត្ត​រាស្ត្រ​តែមួយ​គ្រា។

អាន​ព័ត៌មាន​ពិស្ដារ...

. លោក កឹម សុខា ចេញ​មុខ​បញ្ជាក់​ជាថ្មី​ថា លោក ​មិន​បាន​នាំ​បរទេស​ណា​មក​ឈ្លានពាន​ទឹកដី​ខ្មែរ និង​មិន​កាប់សម្លាប់​ប្រជាពលរដ្ឋ​នោះ​ទេ

kemsokha-130722.JPG
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះជាតិ លើក​ដៃ​សំពះ​អ្នក​គាំទ្រ​លោក ពេល​ចេញពីសវនាការ​សាលាដំបូងរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា

ពាក់ព័ន្ធ​នឹង​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក កឹម សុខា ដែល​កំពុង​រង​បទ​ចោទ​សំណុំរឿង​ក្បត់ជាតិ ចេញ​មុខ​បញ្ជាក់​ជាថ្មី​ថា លោក​មិន​បាន​ឃុបឃិត​ជា​រដ្ឋ​បរទេស​ណា ឲ្យ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​នោះ​ទេ។

លោក​ថា ការចោទប្រកាន់​លើ​រូបលោក ធ្វើ​ឲ្យ​មានការ​រំខាន​ផ្លូវកាយ ផ្លូវចិត្ត និង​សិទ្ធិ​សេរីភាព​របស់​លោក​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច​ថា អ្វី​ដែល​លោក កឹម សុខា លើកឡើង​ជា​ការ​ភូត​កុហក និង​មិន​ទទួល​ស្គាល់​ការពិត។

អាន​ព័ត៌មាន​ពិស្ដារ...

. ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ជជែក​ពី​បញ្ហា​ថវិកា និង​ការ​ផ្ដន្ទាទោស ខៀវ សំផន

ក្រុម​ប្រទេស​ផ្តល់​ជំនួយ​របស់​សាលាក្តី​ខ្មែរក្រហម ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ តស៊ូ​មតិ​ដើម្បី​យុត្តិធម៌ និង​ប្រឆាំង​ជាដាច់ខាត​ចំពោះ​អំពើ​និទ្ទណ្ឌភាព ព្រមទាំង​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ជួយ​គាំទ្រ​របស់​ពួកគេ ចាប់តាំងពី​សាលា​ក្តី​ខ្មែរក្រហម​ចាប់​ផ្តើម​ដំបូង កាលពី​ឆ្នាំ​២០០៦ ដោយ​សង្ឃឹមថា កេរ្តិ៍ដំណែល​នេះ នឹង​បន្សល់ទុក​ដល់​ពលរដ្ឋ​ជំនាន់​ក្រោយ។

សេចក្តីប្រកាស​ពត៌មាន​រួម​របស់​ក្រុម​មិត្ត​របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​២៣ ខែកញ្ញា​ឲ្យ​ដឹងថា មុន​មួយថ្ងៃ​ដែល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​បានចេញ​ដីកា​សម្រេច​ចុងក្រោយ ក្រុម​មិត្ត​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ជួប​ពិភាក្សាគ្នា ជាមួយ​តំណាង​រដ្ឋាភិបាល តំណាង​ផ្នែក​រដ្ឋបាលជាតិ​និង​អន្តរជាតិ នៃ​សាលាក្តី​ខ្មែរក្រហម ព្រមទាំង ឧបការី​អគ្គលេខាធិការ អង្គការ​សហ​ប្រជា​តិ និង​ជា​នាយក​ទទួលបន្ទុក​កិច្ចការ​ច្បាប់ លោក ស្ទេ​ហ្វិ​ន ម៉ា​ធៀ​ស (Stephen Mathias) នៅ​ស្ថានទូត​បារាំង កាលពី​ថ្ងៃទី ២១ ខែកញ្ញា ដើម្បី​ជជែក​ពិភាក្សា​អំពី​ការវិវត្តន៍​ចុងក្រោយ ស្ថានភាព​ហេ​រញ្ញ​វត្ថុ និង​ការងារ​សេសសល់​របស់​សាលាក្តី​ខ្មែរក្រហម​។​

​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​សាលាក្តី​ខ្មែរក្រហម​នៅ​កម្ពុជា (ECCC) កាលពី​ថ្ងៃទី ២២ ខែកញ្ញា បានចេញ​ដីកា​សម្រេច​ចុងក្រោយ បដិសេធ​បណ្ដឹង​សារ​ទុក​របស់លោក ខៀវ សំផន ដោយ​រក្សា​សេចក្ដីសម្រេច​របស់​តុលាការ​ដំបូង​ដដែល ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្នុងករណី ០០២/០២ ជុំវិញ​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភ​ធ្ងន់ធ្ងរ​ប្រឆាំង​អនុសញ្ញា​ទីក្រុង​ហ្យឺ​ណែវ (Geneva Conventions)​។​

​ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​វិញ ក៏បាន​ចេញ​សេចក្តីប្រកាស​ពត៌មាន ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​រក្សា​និង​ជួយ​ការពារ​កេរ្តិ៍ដំណែល​នៃ​តុលាការ​នេះ ជាពិសេស​អភិរក្ស និង​បង្ហាញ​ដល់​សាធារណជន នូវ​ឯកសារ និង​ព័ត៌មាន​ដ៏​ច្រើន​ស្តីពី​ការពិត ដែល​សាលាក្តី​ខ្មែរក្រហម (ECCC) បាន​ចងក្រង និង​ផលិត​កន្លងមក​។​

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា​សាលាក្ដី​ខ្មែរក្រហម បាន​ដំណើរការ​រយៈពេល ១៦​ឆ្នាំ​ហើយ ចាប់តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០០៦ រហូតមកដល់​ឆ្នាំ​២០២២​នេះ ដោយ​ចំណាយ​ថវិកា ដែល​បានមកពី​ការផ្ដល់​វិភាគទាន​ស្ម័គ្រចិត្ត​របស់​ក្រុម​ប្រទេស​ម្ចាស់ជំនួយ មាន​ចំនួន​ទឹកប្រាក់​ចំនួន​ជាង ៣៣០​លាន​ដុល្លារ ក្នុងនោះ​ភាគី​ជាតិ ចំណាយ​អស់​ជិត ៩៥​លាន​ដុល្លារ (៩៤,៧៤) និង​ភាគី​អន្តរជាតិ​ចំណាយ​អស់​ថវិកា​ចំនួន​ជាង ២៣៥​លាន​ដុល្លារ (២៣៥,៣៥)៕

​សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​បាត់ដំបង​ឃុំខ្លួន និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ក្រសួងមហាផ្ទៃ​ចេញ​លទ្ធផល​ស៊ើបអង្កេត និង​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​ឲ្យ​បាន​ឆាប់រ​ហ័យ​ប្រកបដោយ​ឯករាជ្យ និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។​

. កសិករ​ខេត្តបាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ទំនប់​អាង​ភាស​ដើម្បី​ធ្វើស្រែ

នៅ​ខេត្តបាត់ដំបង​ឯណោះ​វិញ កសិករ​ដែល​អាស្រ័យ​ផល​លើ​ដី​អាង​ភាស នៅ​ស្រុក​ឯក​ភ្នំ ស្នើ​ឱ្យ​អាជ្ញាធរ​បើកទ្វារ​ទំនប់​អាង ដើម្បី​បង្ហូរទឹក​ចេញ​សម្រាប់​ឲ្យ​ពួកគាត់ ធ្វើស្រែ។

ការ​ស្នើ​សុំ​របស់​កសិករ​នេះ គឺ​បន្ទាប់ពី​ពួកគេ​ខកខាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គួរ​បញ្ជូន​គណៈកម្មការ​ដើម្បី​សិក្សា ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ជាក់ស្ដែង​ឱ្យ​បាន​ច្បាស់​ដើម្បី​បកស្រាយ​ពី​មូលហេតុ​ដែល​អាជ្ញាធរ​សម្រេច​បិទទ្វារ​ទំនប់​នេះ។

អាន​លម្អិត...

. ពលរដ្ឋ​ប្រមាណ​៥០០​គ្រួសារ ក្នុង​ខេត្ត​ចំនួន​២ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ដោយសារ​ជំនន់​ទឹកភ្លៀង

ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​វិញ ប្រជាពលរដ្ឋ​ប្រមាណ​៥០០​គ្រួសារ រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ចេញពី​លំនៅដ្ឋាន​។​

​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្នុងចំណោម​ខេត្ត​ទាំង​៥​នោះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ទឹកបាន​ថមថយ និង​ហូរ​ចូល​បឹង​ទន្លេសាប​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ខេត្ត​៣​ផ្សេងទៀត រួមមាន ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​រង​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​

​លោក គន់ គីម ណែនាំ​ដល់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​គ្រោះមហន្តរាយ​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​តាមដាន​សភាពការណ៍​នេះ និង​ត្រូវ​រាយការណ៍ ជាបន្ទាន់​ទៅ​កង​អន្តរាគមន៍​សង្គ្រោះ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​។​

​បន្ថែម​ពីនេះ លោក​ស្នើ​ដល់​មន្ទីរ​ធនធានទឹក ត្រូវ​ជូនដំណឹង​ជាបន្ទាន់​ដល់​ប្រជាពលរដ្ឋ នៅពេល​បើកទ្វារ​ទឹក ពីព្រោះ​អាច​បង្ក​ឱ្យ​លិចលង់​ក្នុង​រយៈពេល​ខ្លី​បំផុត​។ លោក​បញ្ជាក់ថា គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ត្រៀម​រួចរាល់​អស់ហើយ ដើម្បី​ឆ្លើយតប​ចំពោះ​ហេតុការណ៍​ទឹកជំនន់ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

. អាជ្ញាធរ​វៀតណាម​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ទៅ​សាកសួរ​រឿង​រំលឹក​ទិវា​សិទ្ធិ​ជនជាតិ​ដើម

នៅ​កម្ពុជា​ក្រោម​ឯណោះ​វិញ អាជ្ញាធរ​វៀតណាម​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ទៅ​សាកសួរ ពាក់ព័ន្ធ​រឿង​ដែល​ខ្មែរក្រោម​រំលឹក​ទិវា​សិទ្ធិ​ជនជាតិ​ដើម កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងទៅ​។​

​សកម្មជន​ខ្មែរក្រោម​យល់ថា អាជ្ញាធរ​វៀតណាម កំពុង​ព្យាយាម​រឹតត្បិត​សិទ្ធិ និង បំភិតបំភ័យ​ពលរដ្ឋ​ខ្មែរក្រោម​ណា ដែល​មាន​គំនិត​ប្រឆាំង​នឹង​រដ្ឋអំណាច​វៀតណាម។

ចំណែក​ពលករ​ខ្មែរ​កំពុងធ្វើការ​លីសែង​ទំនិញ និង​ដឹកជញ្ជូន​ទំនិញ តាម​ផ្សារ​នៅ​ប្រទេស​ថៃ​វិញ មាន​ពលករ​ខ្លះ​បាន​ហូប​ស្លឹកឈើ​ម្យ៉ាង​ហៅថា ស្លឹក​ក្រ​ថម ដែល​មាន​សារធាតុ​ញៀន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​

តើ​ហេតុអ្វី​បានជា​ពួកគេ នាំគ្នា​ហូប​ស្លឹក​ក្រថម​នេះ​? អាន​ពិស្ដារ...

១០. សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​បាត់ដំបង​ឃុំខ្លួន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ចេញ​លទ្ធផល​ស៊ើ​អង្កេត​ចុងក្រោយ​ដោយ​ឯករាជ្យ

សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​បាត់ដំបង​ឃុំខ្លួន និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ក្រសួងមហាផ្ទៃ​ចេញ​លទ្ធផល​ស៊ើបអង្កេត និង​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ឲ្យ​បាន​ឆាប់​រហ័ស​ប្រកបដោយ​ឯករាជ្យ និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បញ្ជាក់​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវការ​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​តាម​នីតិវិធី ដោយសារ​លទ្ធផល​ស៊ើបអង្កេត​មាន​ចំណុច​ខ្លះ​ខុសគ្នា មុននឹង​ចេញ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ។

១១. ពលករ​ខ្មែរ​នៅ​ថៃ​ធ្វើការ​លីសែង​ទំនិញ​តាម​ផ្សារ​អ្នកខ្លះ​ហូប​ស្លឹកឈើ​ម្យ៉ាង​នាំ​ឲ្យ​ញៀន​ប៉ះពាល់​សុខភាព

​ពលករ​ខ្មែរ​កំពុងធ្វើការ​លីសែង​ទំនិញ និង​ដឹកជញ្ជូន​ទំនិញ​តាម​ផ្សារ​នៅ​ប្រទេស​ថៃ មាន​ពលករ​ខ្លះ​បាន​ហូប​ស្លឹកឈើ​ម្យ៉ាង​ហៅថា ស្លឹក​ក្រ​ថម ដែលមាន​សារធាតុ​ញៀន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ចំពោះ​អ្នក​ដែល​បាន​ប្រើ​ស្លឹក​នេះ​ហួស​កំហិត​។ ពួកគេ​ហូប​ស្លឹក​នេះ ដើម្បី​ឲ្យ​ស្វាហាប់ ស្ទុះស្ទា​ក្នុង​ការងារ និង​មិន​ធ្វើ​ឲ្យ​ងងុយគេង។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។