សហជីព និងមន្ត្រីសិទិ្ធមនុស្សស្នើសុំសហភាពអឺរ៉ុបឲ្យធ្វើអន្តរាគមន៍រឿងវិបត្តិនយោបាយ និងការរំលោភសិទ្ធមនុស្សនៅកម្ពុជា
2018.07.21
អង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួន ស្នើឱ្យសហភាពជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនៃរបបលោក ហ៊ុន សែន។ សំណើរបស់មន្ត្រីសិទ្ធិមនុស្ស និងសហជីពនេះ ធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រតិភូពិសេសរបស់សហភាពអឺរ៉ុបដែលកំពុងបំពេញបេសកម្មស្វែងរកការពិតនៅកម្ពុជា មុននឹងឈានដល់ការសម្រេចផ្តាច់ ឬបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា។
មន្ត្រីសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួន បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស ការរឹតត្បិតលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងបញ្ហាវិបត្តិនយោបាយរ៉ាំរ៉ៃ ដែលកំពុងរុញច្រានកម្ពុជាទៅរកចំណុចរបត់ដ៏គ្រោះថ្នាក់ ប្រាប់ទៅប្រតិភូពិសេសរបស់សហភាពអឺរ៉ុបដើម្បីឱ្យជួយអន្តរាគមន៍។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក សឺង សែនករុណា ឱ្យដឹងថា សមាគមអាដហុក និងអង្គការដៃគូមួយចំនួនទៀត បានជួបប្រជុំជាមួយគណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសបា្តហ៍មុន និងបានបង្ហាញពីក្តីព្រួយបារម្ភទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងរងការរំលោភបំពានធ្ងន់ធ្ងរ។ លោកបន្តថា ខាងប្រតិភូសហភាពអឺរ៉ុប បានទទួលយកនូវក្តីព្រួយបារម្ភ របស់អង្គការសិទ្ធិមនុស្ស ដើម្បីជាផ្នែកមួយនៃមូលដ្ឋានក្នុងការពិចារណា ទៅលើជំហានបន្ទាប់ទៀតរបស់ខ្លួន។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញយកចិត្តទុកដាក់ និងឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់សហភាពអឺរ៉ុបទាក់ទងនឹងការស្តារឡើងវិញ នូវលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើពុំដូច្នេះទេកម្ពុជាអាចនឹងខាតបង់ប្រយោជន៍ច្រើន ដោយសារសម្ពាធរបស់សហភាពអឺរ៉ុប ជាពិសេស គឺការផ្តាច់អនុគ្រោះពន្ធពីកម្ពុជា៖ «យើងបានលើកឡើងអំពីសិទ្ធិសេរីភាពជាមូលដ្ឋាន ក្នុងនោះរួមមាន សេរីភាពក្នុងការប្រមូលផ្តុំ សេរីភាពខាងសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ ដែលយើងឃើញថា ក្នុងរយៈកាលចុងក្រោយនេះ មានការរឹតត្បិត។ ក្នុងនោះយើងក៏បានលើកអំពីស្ថានភាពនយោបាយដែលកំពុងតែអាប់អួរហ្នឹងដែរ ដើម្បីឱ្យសហភាពអឺរ៉ុបលោកបានទទួលយកព័ត៌មានហ្នឹង ដើម្បីធ្វើយ៉ាងណាជួយស្តារស្ថានភាពនេះ ឱ្យបានមុនការបោះឆ្នោតជាតិមកដល់នៅពេលខាងមុខ។ ប៉ុន្តែយើងមិនដឹងថាតើ លទ្ធភាពនៃសហភាពអឺរ៉ុបហ្នឹង អាចធ្វើកិច្ចការនេះបានយ៉ាងណានោះទេ»។
ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុបបានថ្កោលទោសរបបលោក ហ៊ុន សែន និង ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើមិនស្តារស្ថានការណ៍បច្ចុប្បន្ន ឲ្យវិលទៅរកភាពដើមវិញ ដើម្បីរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។
ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលជាភាគីសហជីពឯករាជ្យវិញ បញ្ជាក់ថា លោកនិងសហជីពឯករាជ្យមួយចំនួនទៀត បានជួបប្រជុំជាមួយប្រតិភូពិសេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ លោកឱ្យដឹងថា ខាងប្រតិភូពិសេសរបស់សហភាពអឺរ៉ុបបានសួរនាំពួកលោក អំពីសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការធ្វើកូដកម្ម ការធ្វើទុកបុកម្នេញលើថ្នាក់ដឹកនាំសហជីព និងការរឹតត្បិតទៅលើសិទ្ធិសេរីភាព របស់សហជីពតាមរយៈការអនុវត្តច្បាប់សហជីព ប៉ុន្តែខាងប្រតិភូពិសេសរបស់សហភាពអឺរ៉ុបមិនបាននិយាយ ពីរឿងកិច្ចព្រមព្រៀងស្តីពីប្រព័ន្ធអនុគ្រោះព័ន្ធ ឬអ៊ីប៊ីអេ (EBA) ឡើយ ដោយផ្តោតសំខាន់ តែទៅលើលក្ខខណ្ឌការងារប៉ុណ្ណោះ ដោយសារពេលវេលាខ្លី៖ «ខ្ញុំចង់ឱ្យមានការធានាថា សេរីភាពសហជីព សិទ្ធិកម្មករ លក្ខខណ្ឌការងារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ត្រូវបានយកចិត្តទុកដាក់ និងពិភាក្សាគ្នាឱ្យបានដិតដល់។ ចំណែកឯសំណូមពរវិញ គឺគ្មានអ្វីក្រៅពីសម្រួលឱ្យសហជីពមានលទ្ធភាពក្នុងការធ្វើជាតំណាងរបស់កម្មករក្នុងការដោះស្រាយបញ្ហា និងបណ្តឹង ហើយយើងអាចធ្វើការតវ៉ាតាមនីតិវិធី ឬក៏តាមទម្រង់ដែលយើងធ្លាប់ធ្វើបានកន្លងមក ព្រមទាំងការងារស្មុគស្មាញដូចជា ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការចុះបញ្ជីភាពជាតំណាង ជាដើម បើអាចកែប្រែប្រកាសមួយចំនួនដែលមានលក្ខណៈស្មុគស្មាញបាន វាជារឿងល្អ»។
បេសកកម្មស្វែងរកការពិតរបស់គណៈប្រតិភូពិសេសសហភាពអឺរ៉ុបនេះ ធ្វើឡើងរយៈពេលមួយសបា្តហ៍ គឺពីថ្ងៃទី ៥ ដល់ទី ១១ កក្កដា ដើម្បីវាយតម្លៃពីការអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះពន្ធ ដែលសហភាពអឺរ៉ុបបានផ្តល់ឱ្យកម្ពុជាក្នុងរយៈពេលកន្លងទៅ។ បេសកកម្មនេះជាការប្រមូលនូវព័ត៌មានលម្អិតនានាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្តដោយអាជ្ញាធរនៃរបបលោក ហ៊ុន សែន ហើយក៏ជាមូលដ្ឋាននៃការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ទាក់ទងនឹងការផ្តាច់ ឬបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាផងដែរ បន្ទាប់ពីសហភាពអឺរ៉ុបបានកាត់ផ្តាច់ជំនួយដល់ គ.ជ.ប រួចទៅហើយ ក្រោយពេលមានការរំលាយគណបក្សសង្គ្រោះជាតិ នោះ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ជច អេដហ្គា (George Edgar) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិច កាលពីថ្ងៃទី ១១ ខែ កក្កដា ម្សិលមិញនេះ ថាគណៈប្រតិភូនេះ បានជួបជាមួយដៃគូសន្ទនាជាច្រើន មានតាំងពីខាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីពកម្មករ វិស័យឯកជន និង សហគមន៍អន្តរជាតិ។ លោក ជច អេដហ្គា បញ្ជាក់ទៀតថា គោលបំណង នៃបេសកកម្មនេះ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីស្ថានការណ៍នៅកម្ពុជា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិកម្មករ ក្នុងក្របខណ្ឌនៃការចូលរួមចំណែក របស់សហភាពអឺរ៉ុប ជាមួយកម្ពុជាក្រោមកិច្ចព្រមព្រៀង “អ្វីៗទាំងអស់លើកលែងតែសព្វាវុធ” ឬ EBA ។ ព័ត៌មានដែលគណៈប្រតិភូនេះ ប្រមូលបាន នឹងយកធ្វើជាមូលដ្ឋាន ក្នុងដំណើរការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប និងផ្នែកការទូត ការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប។
ស្របពេលគណៈប្រតិភូសហភាពកំពុងបំពេញបេសកកម្មនៅកម្ពុជានេះ ក្រុមសហជីពចំនួន ៥ ដែលមាននិន្នការគាំទ្ររបបលោក ហ៊ុន សែន បានចេញញត្តិរួមគ្នាកាលពីថ្ងៃទី ១០ កក្កដា ស្នើឱ្យសហភាពអឺរ៉ុបបន្តប្រព័ន្ធអនុគ្រោះពន្ធ ដល់កម្ពុជាតទៅទៀត។ ក្រុមសហជីពទាំងនេះបានលើកឡើងពីផលប្រយោជន៍ ដែលពលរដ្ឋខ្មែរទទួលបាន ពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដូចជា ការបង្កើតការងាររាប់ម៉ឺនកន្លែង និងការលើកស្ទួយជីវភាពពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ ជាដើម។ ពួកគេស្នើយ៉ាងទទូច ដល់សហភាពអឺរ៉ុបពិចារណា ឱ្យបានហ្មត់ចត់អំពីផលប៉ះពាល់ នៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ព្រោះវានឹងជះឥទ្ធិពលអវិជ្ជមាន ដោយផ្ទាល់ទៅលើវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលជាប្រភពចំណូលសំខាន់របស់កម្ពុជា។
ទោះបីជាយ៉ាងណា ការស្នើរបស់ក្រុមសហជីពទាំងនេះ ត្រូវបានអ្នកច្បាប់មួយរូបរិះគន់ថា ជាការបក់ផ្សែង មិនទៅពន្លត់ភ្លើង។ មេធាវី ផែង ហេង ដែលកំពុងការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា សហភាពអឺរ៉ុបមិនមែនជាអ្នកបង្កើតបញ្ហានោះទេ ប៉ុន្តែគឺរដ្ឋាភិបាលទៅវិញទេដែលជាអ្នកបង្កើតរឿងទាំងនេះឡើង។ លោកយល់ឃើញថា សហភាពអឺរ៉ុបគ្រាន់តែចង់ឃើញការគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ និងលិទ្ធិប្រជាប្រជាធិបតេយ្យ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយបើរដ្ឋាភិបាលគោរពគោលការណ៍ទាំងនេះ នោះបញ្ហាដែលកំពុងចោទឡើងទាំងឡាយនឹងអាចដោះស្រាយបាន។ លោកជំរុញឱ្យក្រុមសហជីពទាំងនោះដាក់ញត្តិជូនគណបក្សប្រជាជនកម្ពុជាដែលជាបក្សដឹកនាំរដ្ឋាភិបាលវិញ ដើម្បីរកដំណោះស្រាយបញ្ហាជាតិ និងដើម្បីកុំឱ្យសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា៖ «EU គេមានទីផ្សារសម្រាប់យើងលក់ ហើយគេទិញផលិតផលរបស់យើងហ្នឹង គឺគេមានលក្ខខណ្ឌរបស់គេ អញ្ចឹងវាអាស្រ័យទៅលើរដ្ឋាភិបាលទេ។ អ្នកដែលកាន់កូនសោរគន្លឺះ មិនមែន EU នោះទេ គឺរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលព្រមចាក់សោរបើកចំហប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពសិទ្ធិកម្មករ-ផលិតករទាំងអស់ហ្នឹងទៅ មានន័យថា អ្វីៗនឹងអាចជជែកគ្នាបានឡើងវិញ ហើយយើងបានចំណេញដល់ជាតិ ហើយយើងបានការពារប្រយោជន៍កម្មករ កសិករ និងប្រជាពលរដ្ឋយើង ព្រមទាំងប្រជាធិបតេយ្យសម្រាប់ខ្មែរយើងតទៅមុខទៀត។ លក្ខខណ្ឌទាំងអស់នេះ មិនមែនជារឿងដែលរដ្ឋាភិបាលហួសសមត្ថភាពនឹងធ្វើនោះទេ គឺសុទ្ធតែនៅក្នុងកណ្តាប់ដៃដែលរដ្ឋាភិបាលអាចធ្វើបាន»។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីសាកសួរអំពីជំនួបរវាងគណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុប បានទេកាលពីថ្ងៃទី ១១ កក្កដា ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ។ ទោះយ៉ាងណានេះក្តី លោកធ្លាប់លើកឡើងនៅពេលថ្មីៗនេះ ថា ការចាត់បញ្ជូនប្រតិភូរបស់សហភាពអឺរ៉ុបនេះមកកម្ពុជា ថាជារឿងល្អសម្រាប់របបលោក ហ៊ុន សែន ទៅវិញទេ ព្រោះជាឱកាសល្អសម្រាប់របបក្រុងភ្នំពេញ ក្នុងការពន្យល់ដល់ភាគីអឺរ៉ុប ឲ្យបានជ្រាបច្បាស់ អំពីការអនុវត្តច្បាប់នៅកម្ពុជា ជុំវិញចំណាត់ការក្នុងការរម្លាយសំឡេងប្រឆាំងនៅកម្ពុជា ជាដើម។ លោក ផៃ ស៊ីផាន បន្តទៀតថា លោកសង្ឃឹមថា សហភាពអឺរ៉ុប នឹងមិនផ្ដាច់ការអនុគ្រោះពន្ធ បើផ្អែកទៅលើការវាយតម្លៃស្ថានការណ៍ជាក់ស្ដែង ជាជាងការសម្រេចណាមួយ ដែលឈរលើទិដ្ឋភាពនយោបាយ។
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញផលិតផលធំជាងគេបំផុតរបស់កម្ពុជា ហើយទំនិញទាំងនោះត្រូវបានផលិតឡើងដោយកម្មករប្រមាណ ៤០ ម៉ឺននាក់នៅទូទាំងប្រទេស។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបមានទឹកប្រាក់ សរុបប្រមាណជាង ៦ ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្ម។ ដោយសារប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧ រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប៕