អ្នកវិភាគ និងបក្សប្រឆាំងរិះគន់ថា ការគោរពនិងអនុវត្ត រដ្ឋធម្មនុញ្ញមិនបានពេញលេញធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងរបបផ្ដាច់ការ។ ការលើកឡើងបែបនេះ ក្នុងថ្ងៃទី២៤ កញ្ញា គឺជាខួប ២៨ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា។
មេបក្សប្រឆាំងលោក កឹម សុខា ស្នើឲ្យបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញតទៅទៀត។ ចំណែកអ្នកវិភាគនិងមន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានគោរពនិងអនុវត្តរដ្ឋធម្មនុញ្ញ បានពេញលេញនោះទេ ដែលបានផ្ដល់គុណប្រយោជន៍ដល់ជាតិ និងពលរដ្ឋ។ លោក កឹម សុខា ដែលកំពុងបាត់បង់សិទ្ធិធ្វើនយោបាយ និងមិនអាចចេញក្រៅប្រទេស បានសរសេរលើហ្វេសប៊ុក (Facebook) លោកដោយអំពាវនាវសុំបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ ដោយកុំបំពាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ កុំងាកចេញពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ លោកក៏ស្នើមានការរួមគ្នាពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមកនិងលើកកម្ពស់គុណធម៌និងសីលធម៌ផងដែរ។
ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកថា រដ្ឋធម្មនុញ្ញកម្ពុជាចែងដាច់ខាតត្រូវមានរបបប្រជាធិបតេយ្យសេរីពហុបក្ស។ លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកក្នុងថ្ងៃខួប ២៨ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់កម្ពុជា។ ច្បាប់និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានាត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ លោក ហ៊ុន សែន ថែមទាំងបង្ហោះចំរៀងដែលចំណងជើងថា “រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជា!” លើហ្វេសប៊ុកលោក។
ទោះបីលោក ហ៊ុន សែន អះអាងបែបនេះក្ដី ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើច្បាប់មួយចំនួនដែលមានចរិតនយោបាយ ដែលអធម្មនុញ្ញភាព ឬមិនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា ប្រជាធិបតេយ្យនៅកម្ពុជាពេលនេះ មានត្រឹមសំបកក្រៅប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញដែលមូលដ្ឋានគ្រឹះចេញមកពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ១៩៩១ ត្រូវបានបង្កើតឡើងកាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ច្បាប់កំពូលនេះមានខ្លឹមសារសំខាន់ៗ គឺកំណត់ប្រព័ន្ធគ្រប់គ្រងរដ្ឋត្រូវតែជាប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស គ្រប់គ្រងរដ្ឋដោយនីតិរដ្ឋ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងមានទីផ្សារសេរីជាដើម។ អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា អនុវត្តរដ្ឋធម្មនុញ្ញមិនបានពេញលេញ ធ្វើឲ្យមានការរំលោភអំណាច និងធ្វើឲ្យអំណាចប្រមូលផ្ដុំ លើបុគ្គលតែម្នាក់ និងឲ្យកម្ពុជាចាកឆ្ងាយពីរបបប្រជាធិបតេយ្យសេរីពហុបក្សធ្លាក់ចូលក្នុងរបបផ្ដាច់ការ។ អ្នកវិភាគជើងចាស់រូបនេះថា លោកខកចិត្តនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនបានយកចិត្តទុកដាក់ និងផ្ដល់សារសំខាន់ដល់រដ្ឋធម្មនុញ្ញ។ លោកលើកជាឧទាហរណ៍ថា ពេលមានទិវាអន្តរជាតិនានា លោក ហ៊ុន សែន ចេញសេចក្ដីថ្លែងការណ៍ជាច្រើនទំព័រ ប៉ុន្តែ នៅថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ លោក ហ៊ុន សែន ត្រឹមសរសេរអបអរលើហ្វេសប៊ុកខ្លួនប៉ុណ្ណោះ៖ «ដល់យូរទៅបើកាលណាយើងអត់គោរពរដ្ឋធម្មនុញ្ញគឺអត់គោរពអនុវត្តនូវការស្បថស្បែរបស់យើងណា នេះជាកិច្ចសន្យាដែលសក្ការភាពចំពោះប្រជាជាតិទាំងមូលជាពិសេសចំពោះព្រះមហាក្សត្រហើយដល់អ៊ីចឹងទៅយើងអាចឆ្លុះបញ្ចាំងទេថា អ្នកដែលមានអំណាចពីប្រជាពលរដ្ឋហើយធ្វើសច្ចាប្រណិធានបែបអ៊ីចឹងតើសំដីយើងមានខ្លឹមសារទេគួរឲ្យតម្លៃទេ ? គួរឲ្យគោរពទេ ?»។
ស្រដៀងគ្នានេះដែរ ប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា លើកឡើងដែរ រដ្ឋធម្មនុញ្ញមានអាយុ ២៨ឆ្នាំចាស់គ្រាន់ដែរហើយតែគួរឲ្យសោកស្ដាយអ្នកអនុវត្តដូចមិនទាន់ចាស់ទុំសោះ។ លោកបន្តទៀតថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ របបសេរីពហុបក្សនៅកម្ពុជា បានដើរថយក្រោយ ចំណែកសិទ្ធិសេរីភាពពលរដ្ឋក៏ប្រែរួមតូច និងត្រូវបានរឹតត្បិត គំរាមកំហែងថែមទៀតផង។ លោកសង្កេតឃើញថា នៅពេលរដ្ឋាភិបាលមិនគោរពតាមរដ្ឋធម្មនុញ្ញដូច្នេះ ធ្វើកម្ពុជាត្រូវរងសម្ពាធពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ និងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាអាម៉ាស់មុខលើអន្តរជាតិផងដែរ៖ «គណបក្សកាន់អំណាចគឺកាន់អំណាចដោយឯកបក្សមិនមែនពហុបក្សទៀតទេ ដូច្នេះបើយើងងាកទៅឆ្នាំ១៩៩២ យើងឃើញមានពហុបក្សគ្រាន់បើ ប៉ុន្តែដល់ពេលចាស់ទុំៗបែរជាមកដល់បច្ចុប្បន្នបែរមកឯកបក្សទៅវិញ»។
រីឯ អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សេរី សរសេរលើហ្វេសប៊ុកដោយប្រើការប្រៀបធៀបថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រៀបបាននិងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ នៃគ្រួសារខ្មែរដែលមានមេបា និងចៅមហាប្រុសស្រីជាបរទេសចំនួន ១៨ប្រទេសជាសាក្សី។ លោកបន្តថា គ្រួសារថ្មីថ្មោងនេះបង្កើតច្បាប់គោលមួយសម្រាប់គ្រួសារគឺរដ្ឋធម្មនុញ្ញ។ ទោះយ៉ាងណាលោកថា ក្រោយរួមរស់ជាមួយគ្នាជិត ៣០ឆ្នាំមកគ្រួសារមួយពេលខ្លះ ជេរគ្នា ប្រមាថគ្នា មិននិយាយរកគ្នា និងពេលខ្លះគប់គ្នា ប្រតាយប្រតប់គ្នា រហូតដល់មានអ្នករត់ចេញពីផ្ទះទៀតផង។ អ្នកវិភាគរូបនេះ យល់ថា ការដោះស្រាយជម្លោះនយោបាយកម្ពុជាលើកនេះ គឺខ្មែរនិងខ្មែរអាចដោះស្រាយបានដោយត្រូវវិលចូលតុចរចាឡើងវិញ។
បណ្ឌិត ឡៅ ម៉ុងហៃ រំលឹកលោក ហ៊ុន សែន ឲ្យបំពេញតួនាទីរបស់ខ្លួនជានាយករដ្ឋមន្ត្រី ដែលមានទំនួលខុសត្រូវចំពោះរដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀតលោកស្នើមានការបែងចែកអំណាចបែងចែក រដ្ឋាភិបាល រដ្ឋសភា និងអង្គតុលាការឲ្យដាច់ពីគ្នាដូចដែលរដ្ឋធម្មនុញ្ញបានចែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។