ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ថា​អង្គការ​មិន​មែន​រដ្ឋាភិបាល​លំអៀង​ទៅ​បក្ស​ប្រឆាំង

ដោយ កែវ និមល
2014.03.31
Share on WhatsApp
Share on WhatsApp
គល់ បញ្ញា ៣០៥ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​អនុសាសន៍​ចំនួន ១៦​ចំណុច កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣។
RFA

អ្នក​នយោបាយ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​អង្គការ​ពុំ​មែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ថា​មាន​ភាព​លំអៀង កាន់​ជើង​គណបក្ស​ប្រឆាំង និង​វាយ​ប្រហារ​សកម្មភាព​នានា​របស់​គណបក្ស​កាន់​អំណាច។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ អ្នកដឹកនាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​បញ្ជាក់​អះអាង​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល មិន​ដែល​មាន​ចេតនា​ដណ្ដើម​អំណាច​ដឹកនាំ​រដ្ឋាភិបាល​ទេ ហើយ​ការ​លើក​ឡើង​ជា​មតិ​យោបល់​នានា​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល គឺ​ដើម្បី​រួម​ចំណែក​កែលំអ​សង្គម និង​ចង់​ឲ្យ​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​និង​រដ្ឋាភិបាល ថិត​នៅ​លើ​គន្លង​ផ្លូវ​ត្រឹមត្រូវ និង​គោរព​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ប៉ុណ្ណោះ។

លោក គល់ បញ្ញា ជា​នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​មើល​ការ​​បោះ​ឆ្នោត​មួយ ឈ្មោះ ខុមហ្វ្រែល (Comfrel) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មីនា ថា ការ​លើក​ឡើង​ពី​ចំណុច​ល្អ​និង​អាក្រក់​របស់​អាជ្ញាធរ​ដើម្បី​កែ​លំអ គឺ​ជា​ភារកិច្ច​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ហើយ។ ដូច្នេះ​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​ការ​ភាព​ឯករាជ្យ​ដើម្បី​និយាយ​ចេញ​អំពី​ព័ត៌មាន​ពិតៗ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ អាជ្ញាធរ​ទទួល​ខុស​ត្រូវ មើល​ឃើញ​ពី​កំហុស​របស់​ខ្លួន ហើយ​ធ្វើការ​កែសម្រួល​វា​ឡើង​វិញ។

លោក គល់ បញ្ញា បាន​រិះគន់​ចំពោះ​មតិ​ចង់​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា ជា​គោល​គំនិត​ចង់​បង្វែរ​បញ្ហា​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បញ្ហា​កំពុង​កើត​មាន ទៅ​ជា​បញ្ហា​មួយ​ថ្មី ដោយ​គេចវេះ​មិន​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន​ចំពោះ​មុខ​ប៉ុណ្ណោះ។

លោក គល់ បញ្ញា៖ «យើង​ដូច​ជា​មិន​ទៅ​គាំទ្រ​គណបក្ស​ណា​មួយ​ទេ។ គ្រាន់តែ​យើង​តែង​ផ្ដល់​អនុសាសន៍ ឬ​ក៏​ផ្ដល់​ព័ត៌មាន​ផ្សេងៗ ដែល​ទាក់ទិន​នឹង​ដំណើរការ​គោរព​សិទ្ធិ​មនុស្ស និង​ការពារ​សិទ្ធិ​មនុស្ស ហើយ​ការ​ផ្ដល់​យោបល់​នោះ អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​គាត់​មិន​សប្បាយ​ចិត្ត។ នេះ​ជា​ភារកិច្ច​របស់​យើង យើង​ត្រូវ​តែ​ជូន​ព័ត៌មាន ហើយ​មាន​ព័ត៌មាន​ខ្លះ គណបក្ស​ខ្លះ​គេ​មិន​សប្បាយ​ចិត្ត​ទេ។ ព័ត៌មាន​ដែល​យើង​ផ្ដល់​ឲ្យ​នេះ​មាន​គណបក្ស​ខ្លះ​គេ​យក​ចិត្ត​ទុក​ដាក់ តែ​គណបក្ស​ខ្លះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ»

កាល​ពី​ថ្ងៃ​ទី​១០ មីនា លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា​បាន​ថ្លែង​ថា មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន និង​សង្គម​ស៊ីវិល មាន​ចេតនា​អាក្រក់ ព្យាយាម​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច។

លោក ជាម យៀប ជា​សមាជិក​គណៈកម្មការ​ចម្រុះ និង​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​នោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​សភា រៀបចំ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់៖ «យើង​ចង់​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ចេញ​ទៅ។ ដើម្បី​ឲ្យ​ស្រួល​ទាំង​រដ្ឋ ស្រួល​ទាំង​សង្គម​ស៊ីវិល។ តើ​តួនាទី​របៀប​ណា​ខ្លះ? ដល់​អីចឹង​ទៅ យើង​ឃើញ​ថា កន្លង​ទៅ​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​ស៊ីវិល​នោះ មាន​ភាព​អព្យាក្រឹត មាន​សុចរិតភាព​ចំពោះ​គ្រប់​គណបក្ស​នយោបាយ មិន​ថា គណបក្ស​ណាៗ​ទេ។ កន្លង​ទៅ​យើង​ឃើញ​កាន់​ជើង​តែ​គណបក្ស​ម្ខាង​នោះ»

លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មីនា ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​អាច​មាន​ច្រើន​ប្រភេទ ហើយ​ពិត​ជា​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​មាន​ភាព​លំអៀង​មែន។ ប៉ុន្តែ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​មែន​ជា​ស្ថាប័ន​កាន់​អំណាច​ឡើយ ហើយ​ពួកគេ​គ្មាន​អំណាច​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ទេ គឺ​គ្រាន់​តែ​លើក​ជា​គំនិត​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ករណី​អង្គការ​មិន​មែន​រដ្ឋាភិបាល​អនុវត្ត​មិន​ត្រឹមត្រូវ គឺ​ប្រជាពលរដ្ឋ​អាច​វាយ​តម្លៃ​ចំពោះ​សកម្មភាព​នោះ និង​បើ​មាន​ការ​រំលោភ​ច្បាប់ គឺ​អាច​ផ្ដន្ទាទោស​តាម​ច្បាប់​ទៅ។

លោក អ៊ូ វីរៈ៖ «NGO លើក​ឡើង​តែ​ពី​គំនិត​នោះ មាន​អី​ចាំបាច់​ច្បាប់? ហើយ​បើ NGO ប្រព្រឹត្ត​បទល្មើស​អី មាន​បោកប្រាស់​អី​នោះ ឆបោក​អី ប្ដឹង​ទៅ ពី​បទ​ព្រហ្មទណ្ឌ​ទៅ មាន​ច្បាប់​ព្រហ្មទណ្ឌ​តើ! វា​អត់​ចាំបាច់​គ្រាន់​តែ​ប៉ុណ្ណឹង យើង​អត់​ចេះ​ដោះស្រាយ ហើយ​ប្រជាពលរដ្ឋ​រៀន​មើល​គំនិត NGO ទៅ តើ​ត្រូវ​ឬ​ខុស មិន​មែន​ឲ្យ​តែ NGO និយាយ​ត្រូវ​ទាំង​អស់​ឯ​ណា»

ចំណែក​លោក សុក សំអឿន នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​ខាង​វិស័យ​ច្បាប់ មាន​ប្រសាសន៍​ថា ភាគ​ច្រើន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ច្រើន​ធ្វើ​ការងារ​សង្គមកិច្ច ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក និង​ទាញ​ហេតុផល​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ភាព​ត្រូវ​និង​ខុស នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ។ ដូច្នេះ​មតិ​មួយ​ចំនួន​នោះ ភាគ​ច្រើន​លើក​ឡើង​ពី​ចំណុច​ខ្វះខាត​របស់​អាជ្ញាធរ​ដើម្បី​កែ​លំអ ប៉ុន្តែ​មិន​មែន​ដើម្បី​កាន់​អំណាច​ដឹកនាំ​បញ្ជា​ដោយ​ខ្លួន​ឯង​ទេ។

លោក សុក សំអឿន បន្ថែម​ឲ្យ​ដឹង​ថា ដើម្បី​កំណត់​ឲ្យ​បាន​ថា តើ​សកម្មភាព​អ្វី​លំអៀង​និង​មិន​លំអៀង​នោះ ទាល់តែ​មាន​ការ​កំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​សកម្មភាព​ណា​ខ្លះ​ដែល​គួរ​ចៀសវាង? ប៉ុន្តែ​លោក​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​សមាគម​ទេ។

ចំណែក​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​លើ​បញ្ហា​នយោបាយ សេដ្ឋកិច្ច​និង​សង្គម បាន​ទទួល​ស្គាល់​ថា មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ចូល​ចិត្ត​គណបក្ស​កាន់​អំណាច និង​ខ្លះ​ទៀត​ចូល​ចិត្ត​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​សុំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​មាន​ការ​វាយ​តម្លៃ​ជា​រួម​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ភាគ​ច្រើន​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ។

លោក កែម ឡី៖ «យើង​ត្រូវ​ពិចារណា​ហើយ។ ខ្ញុំ​ថា GNO មាន មិន​មែន​អត់ទេ អ្នក​គាំទ្រ​ខាង​ណេះ ខាង​ណោះ។ មាន​អ្នក​ស្រឡាញ់​គណបក្ស​ប្រឆាំង និង​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ដែរ ហើយ​ភាគ​ច្រើន​គាត់​នៅ​អព្យាក្រឹត។ អ៊ីចឹង​ចោទ​ជា​រួម​អ៊ីចឹង​អត់​មាន​ការ​សិក្សា​អី​ត្រឹមត្រូវ គឺ​អត់​សមស្រប​ទេ»

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មីនា ថា អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ គឺ​ភាព​ជា​ដៃគូ​មួយ​សម្រាប់​អភិវឌ្ឍន៍៖ «ហើយ​រាល់​សម្រង់​អត្ថបទ និង​របាយការណ៍ គឺ​មាន​គោលដៅ​ចូល​រួម គឺ​ឲ្យ​មាន​វឌ្ឍនភាព​ទាំង​អស់​គ្នា។ យើង​មិន​ចង់​ឃើញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើរ​តួ​ជា​នគរបាល ដើរ​តួ​ជា​ចៅក្រម ឬ​ជា​ជន​បរទេស​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ»

ប្រភព​ឯកសារ​ពី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ ១​ពាន់​នាក់ បាន​ចុះ​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ។ ចំនួន​អាច​ច្រើន​ជាង​នេះ បើ​សិន​ជា​គិត​ថែម​ចំនួន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ចុះ​ឈ្មោះ​នៅ​ក្រសួង​ការបរទេស និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។