អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ឯករាជ្យ​មួយ​ចំនួន​ សុំ​ឱ្យ​សហភាព​អឺរ៉ុប​ជួយ ​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ និង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2018-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

អង្គការ​សង្គម​ស៊ីវិល និង​ថ្នាក់​ដឹក​នាំ​សហជីព​ឯករាជ្យ​មួយ​ចំនួន ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​វិបត្តិនយោបាយ​ ការ​រំលោភសិទ្ធិ​មនុស្ស និង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ​ពី​សំណាក់​អាជ្ញាធរ​​​របបលោក​ ហ៊ុន សែន។

សំណើសុំ​របស់​មន្ត្រីសិទ្ធិ​មនុស្ស និ​ង​សហជីព​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ក្រុម​ប្រតិភូពិសេស​របស់​​សហភាព​អឺរ៉ុប ដែល​កំពុង​បំពេញ​បេសកម្ម​ស្វែង​រក​ការពិត​នៅ​កម្ពុជា​ មុន​នឹង​ឈាន​ទៅ​សម្រេច​​ថា ត្រូវ​ផ្តាច់ ឬ​ត្រូវ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា។

មន្ត្រី​សិទ្ធិ​មនុស្ស និង​ថ្នាក់​ដឹក​នាំ​សហជីពឯករាជ្យ​មួយ​ចំនួន បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរពសិទ្ធិមនុស្ស ការ​រឹតត្បិត​លើសិទ្ធិ​​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បញ្ហា​វិបត្តិ​នយោបាយរ៉ាំរ៉ៃ​​ ដែល​កំពុង​រុញច្រាន​កម្ពុជា​ទៅរក​ចំណុច​របត់​ដ៏​គ្រោះថ្នាក់​ ប្រាប់​ទៅ​ប្រតិភូ​ពិសេស​របស់​សហភាព​អឺរ៉ុ​ប​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍។

អ្នក​នាំពាក្យ​សមាគម​ អាដហុក​ (ADHOC) លោក សឺង សែនករុណា ឱ្យ​ដឹង​ថា សមាគម​ អាដហុក​​ និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត​ បាន​ជួប​ប្រជុំ​ជាមួយ​គណៈ​ប្រតិភូ​ពិសេស​របស់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ​​សបា្តហ៍​មុន​ និ​ង​បានបង្ហាញ​ពីក្តីព្រួយ​បារម្ភ​ទាក់ទង​នឹងស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​រង​ការ​រំលោភ​បំពាន​​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា ខាង​ប្រតិ​ភូ​សហភាព​អឺរ៉ុប​ បាន​ទទួល​យក​នូវ​ក្តី​ព្រួយ​បារម្ភ​របស់​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ជាផ្នែក​មួយ​នៃ​មូលដ្ឋាន​ក្នុង​ការ​ពិចារណា ​ទៅលើ​ជំហាន​បន្ទាប់​ទៀត​របស់​ខ្លួន។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាលក្រុង​ភ្នំពេញ​យក​ចិត្ត​ទុក​ដាក់ និង​ឆ្លើយ​តប​ជា​វិជ្ជមាន​ ចំពោះ​សំណើសុំ​របស់​សហភាព​អឺរ៉ុប​​ទាក់ទង​នឹង​ការ​ស្តារ​ឡើង​វិញ​ នូវ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើពុំ​ដូច្នេះទេ​កម្ពុជា​អាច​នឹង​ខាត​បង់​ប្រយោជន៍​ច្រើន​ ដោយសារ​សម្ពាធ​របស់​សហភាព​អឺរ៉ុប ជា​ពិសេស គឺ​ការ​ផ្តាច់​អនុគ្រោះ​ពន្ធពី​កម្ពុជា៖ «»

ក្រោយ​ការ​រម្លាយ​គណបក្ស​ សង្គ្រោះ​ជាតិ សហភាព​អឺរ៉ុបបាន​ថ្កោល​ទោស​របប​លោក ហ៊ុន សែន និង ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ប្រសិន​បើ​មិន​ស្តារ​ស្ថានការណ៍​បច្ចុប្បន្ន​ ឲ្យ​វិល​ទៅ​រក​ភាព​ដើម​វិញ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ធន់ ដែល​ជាភាគី​សហជីព​ឯករាជ្យ​វិញ បញ្ជាក់​ថា លោក​ និង​សហជីព​ឯករាជ្យ​មួយ​ចំនួន​ទៀត បាន​ជួប​ប្រជុំ​ជាមួយ​ប្រតិភូ​ពិសេស​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ លោក​ឱ្យ​ដឹង​ថា ខាង​ប្រតិភូពិសេស​របស់​​សហភាព​អឺរ៉ុប​បាន​សួរនាំ​​ពួក​លោក ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃការ​ធ្វើ​កូដកម្ម ការ​ធ្វើ​ទុកបុកម្នេញ​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​ការ​រឹតត្បិត​ទៅលើ​សិទ្ធិសេរីភាព​ របស់​សហជីព​តាម​រយៈការ​អនុវត្ត​​ច្បាប់​សហជីព។ ប៉ុន្តែ​ខាង​ប្រតិភូពិសេស​របស់​សហភាព​អឺរ៉ុប​មិន​បាន​និយាយ ​ពី​រឿងកិច្ច​ព្រមព្រៀង​ស្តីពី​​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ ឬ​អ៊ីប៊ីអេ (EBA) ឡើយ​ ដោយ​ផ្តោត​សំខាន់​​ តែ​ទៅ​លើ​លក្ខខណ្ឌ​ការងារ​ប៉ុណ្ណោះ​ ដោយសារ​ពេល​វេលា​ខ្លី៖ «»

បេសកកម្ម​ស្វែងរក​ការពិត​របស់​គណៈប្រតិភូ​ពិសេសសហភាព​អឺរ៉ុប​នេះ ធ្វើ​ឡើង​រយៈពេល​មួយ​សបា្តហ៍​ គឺ​ពី​ថ្ងៃ​ទី៥ ដល់​ទី១១ កក្កដា ដើម្បី​វាយ​តម្លៃ​ពី​ការ​អនុវត្ត​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​គោរពសិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​ឱ្យ​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​ទៅ។ បេសកកម្មនេះ​​ជា​ការ​ប្រមូល​នូវ​ព័ត៌មាន​លម្អិត​នានា ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លិទ្ធិ​ប្រជាធិបតេយ្យ​ ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​នៃ​របបលោក​ ហ៊ុន សែន ហើយ​ក៏​​ជាមូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ ទាក់ទង​នឹង​ការ​ផ្តាច់ ឬ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ផង​ដែរ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​កាត់​ផ្តាច់​ជំនួយ​ដល់​ គ..ប រួច​ទៅ​ហើយ​ ក្រោយ​ពេល​មាន​ការ​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ​ នោះ​។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ជច អេដហ្គា (George Edgar) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិច កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ថា គណៈប្រតិភូ​នេះ  បាន​ជួប​ជា​មួយ​ដៃ​គូ​សន្ទនា​ជា​ច្រើន មាន​តាំង​ពី​ខាង​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហជីព​កម្មករ វិស័យ​ឯកជន និង​សហគមន៍​អន្តរជាតិ។ លោក ជច អេដហ្គា បញ្ជាក់​ទៀត​ថា គោលបំណង​នៃ​បេសកកម្ម​នេះ គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត អំពី​ស្ថានការណ៍​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ ក្នុង​ក្របខណ្ឌ​នៃ​ការ​ចូលរួម​ចំណែក​របស់​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា ក្រោម​កិច្ច​ព្រមព្រៀង ដែល​មាន​ឈ្មោះ​ថា “អ្វីៗ ទាំង​អស់​លើក​លែង​តែ​សព្វាវុធ” ឬ EBA ។ ព័ត៌មាន​ដែល​គណៈប្រតិភូ​នេះ ប្រមូល​បាន​ហើយ នឹង​យក​ធ្វើ​ជា​មូលដ្ឋាន ក្នុង​ដំណើរ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប និង​ផ្នែក​ការទូត ការ​បរទេស និង​ការពារ​ជាតិ​របស់​សហភាព​អឺរ៉ុប។

ស្របពេល​គណៈប្រតិ​ភូ​សហភាព​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នេះ ក្រុម​សហជីព​ចំនួន ៥ ដែល​មាន​និន្នការ​គាំទ្រ​របប​លោក ហ៊ុន សែន​ បាន​ចេញ​ញត្តិ​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី១០ កក្កដា ​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា​ត​ទៅ​ទៀត។ ក្រុម​សហជីព​ទាំង​នេះ​បាន​លើក​ឡើង​ពី​ផល​ប្រយោជន៍​ ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដូច​ជា ការ​បង្កើត​ការងារ​រាប់​ម៉ឺន​កន្លែង និង​ការ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​ជា​ដើម។ ពួក​គេ​ស្នើសុំ​យ៉ាង​ទទូច ​ដល់​​សហភាព​អឺរ៉ុប​ពិចារណា ​ឱ្យ​បាន​ហ្មត់​ចត់​អំពី​ផល​ប៉ះពាល់ ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ព្រោះ​វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន ​​ដោយ​ផ្ទាល់​ទៅ​លើ​វិស័យ​វាយ​នភ័ណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​កម្ពុជា។

ទោះបី​ជា​យ៉ាង​ណា ការ​ស្នើសុំ​របស់​ក្រុម​សហជីព​ទាំង​នេះ ត្រូវ​បាន​អ្នក​ច្បាប់​មួយ​រូប​រិះគន់​ថា ជា​ការ​បក់​ផ្សែង​ មិន​​ទៅ​ពន្លត់​ភ្លើង។ មេធាវី ផែង ហេង ដែល​កំពុង​ការពារ​ក្តីឱ្យ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក​ កឹម សុខា ថ្លែង​ថា សហភាព​អឺរ៉ុប​មិន​មែន​ជា​អ្នក​បង្កើត​បញ្ហា​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ដែល​ជា​អ្នក​បង្កើត​រឿង​ទាំង​នេះ​ឡើង។ លោក​យល់​ឃើញ​ថា សហភាព​អឺរ៉ុប​គ្រាន់​តែ​ចង់​ឃើញ​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​កម្មករ​ និង​លិទ្ធិ​ប្រជាប្រជាធិបតេយ្យ​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ ហើយ​បើ​រដ្ឋាភិបាល​គោរព​គោល​ការណ៍​ទាំង​នេះ​បាន នោះ​បញ្ហា​ដែល​កំពុង​ចោទ​ឡើង​ទាំង​ឡាយ​នឹង​អាច​ដោះស្រាយ​បាន។ លោក​ជំរុញ​ឱ្យ​ក្រុម​សហជីព​ទាំងនោះ​ដាក់​ញត្តិ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​ដឹក​នាំ​រដ្ឋាភិបាល​វិញ ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​ និង​ដើម្បី​កុំឱ្យ​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធអនុគ្រោះ​​ពន្ធពី​កម្ពុជា៖ «»

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំពាក្យ​របបក្រុង​ភ្នំពេញ​ លោក ផៃ ស៊ីផាន ដើម្បី​សាកសួរ​អំពី​ជំនួប​រវាង​គណៈប្រតិភូ​ពិសេស​របស់​សហភាព​អឺរ៉ុប​បាន​ទេ នៅ​ថ្ងៃទី​១១ កក្កដា ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់​ប្រជុំ។ ទោះ​យ៉ាង​ណា​នេះ​ក្តី លោក​ធ្លាប់​លើក​ឡើង​នៅ​ពេល​ថ្មីៗ នេះ​ថា ការ​ចាត់​បញ្ជូន​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​នេះ​មក​កម្ពុជា ជា​រឿង​ល្អ​សម្រាប់​របប​លោក ហ៊ុន សែន ទៅ​វិញ​ទេ ព្រោះ​ជា​ឱកាស​ល្អ​សម្រាប់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​ពន្យល់​ដល់​ភាគី​អឺរ៉ុប ឲ្យ​បាន​ជ្រាប​ច្បាស់ អំពី​ការ​អនុត្ត​ច្បាប់​នៅ​កម្ពុជា ជុំវិញ​ចំណាត់​ការ​រម្លាយ​សំឡេង​ប្រឆាំង​នៅ​កម្ពុជា​ជា​ដើម។ លោក ផៃ ស៊ីផាន បន្ត​ទៀត​ថា លោក​សង្ឃឹម​ថា សហភាព​អឺរ៉ុប នឹង​មិន​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ទេ បើ​ផ្អែក​ទៅ​លើ​ការ​វាយ​តម្លៃ​ស្ថានការណ៍​ជាក់​ស្ដែង ជា​ជាង​ការ​សម្រេច​ណា​មួយ ដែល​ឈរ​លើ​ទិដ្ឋភាព​នយោបាយ។

សហភាព​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​ធំជាង​គេ​បំផុត​របស់​កម្ពុជា ហើយ​ទំនិញ​ទាំង​នោះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ​ប្រមាណ ៤០​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស។ តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ទឹកប្រាក់ ​សរុប​​ប្រមាណ​ជាង ៦​ពាន់​លាន ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគ​ច្រើន​នៃ​ទំនិញ​ទាំង​នោះ​ គឺ​ជា​ផលិត​​ផល​វាយនភណ្ឌ​សម្លៀក​បំពាក់​ និង​​ស្បែក​ជើង ព្រម​ទាំង​​ផលិតផល​កសិកម្ម។ ដោយ​សារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ពន្ធ​ជិត​ ៧ រយ​លាន​ដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំៗ ចំពោះ​​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប។

ក្នុងដំណើរទស្សនកិច្ចនេះ​ដែរ គណៈប្រតិភូ​សហភាព​អឺរ៉ុប ក៏​បាន​ជួប​ភរិយា​លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ គឺលោកស្រី តែ ចន្ទមនោ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា។ ប្រធាន​ខុទ្ធកាល័យ​លោក កឹម សុខា លោក មុត ចន្ថា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ដដែល​នោះ​ថា បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ អំពី​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា និង​បន្ត​ទាមទារ​ឲ្យ​ដោះ​លែង​រូប​លោក​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល