សមាគមខ្មែរនៅបារាំង និងនៅកម្ពុជាគ្រោងធ្វើពិធីបុណ្យនំបញ្ចុកសាមគ្គី
2019.05.19
សមាគមខ្មែរនៅប្រទេសបារាំង ឬហៅកាត់ថា (PSN-France) គ្រោងធ្វើពិធីបុណ្យនំបញ្ចុកខ្មែរ ជាលើកទី៣ ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ និងដើម្បីបញ្ជាក់ថា ខ្មែរនៅមានសាមគ្គីគ្នាល្អ ទោះជានៅទីណាក៏ដោយ និងដើម្បីបញ្ជាក់ថា ពិធីបុណ្យនេះ គឺជាប្រពៃណី មិនមែនជារឿងនយោបាយអ្វីនោះឡើយ។
អគ្គលេខាធិការសហគមន៍ខ្មែរនៅប្រទេសបារាំង លោក ព្រុំ រ័ត្ន ប្រាប់អាស៊ីសេរី នៅយប់ថ្ងៃអាទិត្យ ទី១៩ ឧសភាថា ពិធីនេះនឹងធ្វើនៅទី៩ មិថុនាខាងមុខ ដោយធ្វើព្រមគ្នាគ្រប់ទីតាំងក្នុងប្រទេសនៅលើពិភពលោក ដែលមានពលរដ្ឋខ្មែររស់នៅ និងនៅតាមភូមិស្រុកមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងន័យបង្កើនសាមគ្គីភាព លើកតម្កើងអាហារ ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរ។ លោកបន្តថា សម្រាប់នៅក្នុងស្រុកខ្មែរ អាចមានការលំបាកជួបជុំគ្នាបន្តិច ដោយសារថ្មីៗ នេះ អាជ្ញាធរចោទប្រកាន់ ថា ការជួបជុំពិសានំបញ្ចុករួមគ្នានេះ មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ៖ «ពិធីបុណ្យនំបញ្ចុកនេះធ្វើមួយឆ្នាំម្តង ទាំងនៅក្នុងស្រុកខ្មែរ នៅបារាំង និងគ្រប់ប្រទេសទាំងអស់ឱ្យទីណាដែលមានខ្មែរ ហើយបុណ្យនំបញ្ចុកនេះមិនមែនធ្វើជាលក្ខណៈនយោបាយ គឺយើងធ្វើដើម្បីបង្ហាញថា ខ្មែរយើងចេះសាមគ្គីគ្នា បានជួបជុំជជែកគ្នាពីបញ្ហាគ្រួសារ បញ្ហាស្រុកទេសរបស់យើង ឬក៏បញ្ហាអ្វីដទៃទៀត»។
អាស៊ីសេរី ពុំទាន់អាចទាក់ទងអ្នកនាំពាក្យរបបក្រុងភ្នំពេញ ដើម្បីសុំបញ្ជាក់ជុំវិញបញ្ហានេះបានទេ កាលពី ថ្ងៃអាទិត្យ ទី១៩ ឧសភា។
ទោះយ៉ាងណា សហគមន៍ខ្មែរនៅប្រទេសបារាំង ចង់ឱ្យអាជ្ញាធរកម្ពុជា យល់អំពីខ្លឹមសារ នៃពិធីបុណ្យនំបញ្ចុកខ្មែរ និងបើកសិទ្ធិឱ្យទូលាយដល់ពលរដ្ឋខ្មែរក្នុងស្រុក ចូលរួមពិធីនេះដោយសប្បាយរីករាយគ្រប់ទីកន្លែង និងដោយគ្មានការរិតត្បិត។
សេចក្តីប្រកាសព័ត៌មាន របស់សមាគមខ្មែរនៅប្រទេសបារាំង ឱ្យដឹងថា ពិធីនេះ នឹងផ្តើមធ្វើ នៅវត្តពោធិវង្ស ជាយទីក្រុងបារីស។
លោក ព្រុំ រ័ត្ន បញ្ជាក់ថា ពិធីបុណ្យនំបញ្ចុកខ្មែរ លើកទី៣នេះ នឹងធ្វើធំដុំ ជាងឆ្នាំមុនទៅទៀត។
ទិវានំបញ្ចុកខ្មែរ ឬពិធីបុណ្យនំបញ្ចុកសាមគ្គីនេះ ក្រៅតែពីចង់លើកតម្កើងអាហារដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរនោះ ក៏ចង់ឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានឱកាសរឹតចំណងមេត្រីភាពរវាងខ្មែរ និងខ្មែរ ឱ្យបានរឹងមាំ។
កាលពីឆ្នាំទៅពិធីនេះ បានប្រារព្ធធ្វើឡើងនៅវត្តខ្មែរ ចន្ទរង្ស៊ី ក្រុងប៉ារីស ចំណែកសហគមន៍ខ្មែរនៅក្នុងស្រុក បានធ្វើនៅទីតាំងប្រមាណ ១០កន្លែង ក្នុងខេត្តចំនួន៣ គឺខេត្តបាត់ដំបង មាន ៦កន្លែង ដូចជានៅក្រុងបាត់ដំបង សង្កាត់អូរចារ ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ។
ចំណែក ៤កន្លែងផ្សេងទៀត គឺធ្វើនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕