តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមាថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែនទៅភូមាធ្វើឲ្យអាស៊ានកាន់តែចុះខ្សោយ
2022.01.10

តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា (NUG) ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅភូមា គឺបរាជ័យ និងធ្វើឲ្យអាស៊ានកាន់តែចុះខ្សោយ។ តំណាងរូបនេះថា មេដឹកនាំផ្តាច់ការ មិនយល់បំណងប្រាថ្នារបស់ពលរដ្ឋភូមានោះឡើយ ព្រោះអ្វីដែលពលរដ្ឋភូមាទាំងអស់ទាមទារ និងប្រាថ្នាចង់បានបំផុត គឺការរស់នៅក្នុងប្រទេសមួយ ដែលមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងឈប់រស់នៅក្រោមនឹមត្រួតត្រាផ្តាច់ការរបស់ពួកយោធាតទៅទៀត។
តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា (NUG) ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានសុឆន្ទៈ និងភាពស្មោះត្រង់ក្នុងការជួយរកដំណោះស្រាយនៃវិបត្តិនយោបាយពិតប្រាកដ នៅប្រទេសភូមានោះឡើយ។
អគ្គរដ្ឋទូតក្រសួងការបរទេសអាស៊ាននៃរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) លោក បូ ឡាទីន (Bo Hla Tint) ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៩ ខែមករាថា ពលរដ្ឋភូមាបានបោះឆ្នោតគាំទ្របក្សប្រឆាំងភូមា គឺសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលមានអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ជាថ្នាក់ដឹកនាំ ដើម្បីឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ឲ្យដឹកនាំប្រទេសជាសផុតពីរបបផ្តាច់ការយោធា។ ប៉ុន្តែពួកយោធាបែរជាបំផ្លាញឆន្ទៈ និងក្តីប្រាថ្នារបស់ពលរដ្ឋភូមា និងចាប់មេដឹកនាំបក្សនេះ និងសកម្មជន និងពលរដ្ឋជាង ១ម៉ឺននាក់ដាក់គុក ដើម្បីបំបិទមាត់ កុំឲ្យក្រោកតវ៉ា។
មិនតែប៉ុណ្ណោះ ពួកយោធានេះ បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាង ១.៤០០នាក់ទៅហើយ តាំងពីធ្វើរដ្ឋប្រហារដណ្តើមអំណាច ដោយខុសច្បាប់កាលពីខែកុម្ភៈ ឆ្នាំ២០២១ នោះមក។
លោក បូ ឡាទីន (Bo Hla Tint) បន្ថែមថា តំណាងពលរដ្ឋស៊ីវិល និងស្របច្បាប់ដែលជាតំណាងឲ្យពលរដ្ឋភូមានៅទូទាំងប្រទេស បែរជាត្រូវលោក ហ៊ុន សែន មើលរម្លង ហើយបែរជាទៅចាប់ដៃមេដឹកនាំយោធារដ្ឋប្រហារខុសច្បាប់ទៅវិញ។ លោកចោទជាសំណួរថា នេះឬដែលថា លោក ហ៊ុន សែន ចង់រកដំណោះស្រាយនៅភូមា?៖ «ពេលដែលលោក ហ៊ុន សែន ទៅចាប់ដៃមេដឹកនាំរដ្ឋប្រហារយោធាលោក មីន អ៊ុងលាំង (Min Aung Hlaing) ដោយធ្វើមិនដឹងមិឮអំពីមេដឹកនាំស្របច្បាប់ ដែលប្រជាពលរដ្ឋភូមាបោះឆ្នោតឲ្យដូចជាអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) បែបនេះ គឺលោក ហ៊ុន សែន បង្ហាញឲ្យឃើញអំពីចេតនាមិនស្មោះត្រង់ ដែលលោកគិតតែពីប្រយោជន៍សួនតួនៃមេដឹកនាំផ្តាច់ការ។ ប៉ុន្តែមើលរម្លងតួនាទីដ៏សំខាន់របស់តំណាងសំឡេងពលរដ្ឋទូទៅ នៅក្នុងដំណើរការរកដំណោះស្រាយបញ្ចប់វិបត្តិភូមា»។
ប្រតិកម្មរបស់តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមានេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅប្រទេសភូមាកាលពីថ្ងៃទី ៧-៨ ខែមករា ដែលលោក ហ៊ុន សែន អះអាងថា ដើម្បីជាការបើកផ្លូវ ឱ្យមានដំណោះស្រាយចំពោះវិបត្តិភូមានោះ។
កន្លងមកប្រទេសអាស៊ាន ៥ មាន សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី(Indonesia) ហ្វ៊ីលីពីន (Philippines) និងប្រ៊ុយណេ (Brunei) បានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយសមាជិកអាស៊ានដទៃទៀត មិនអនុញ្ញាតឱ្យមេដឹកនាំយោធាភូមានេះចូលប្រជុំអាស៊ាន។ ក៏ប៉ុន្តែលោក ហ៊ុន សែន ប្តេជ្ញាថា នឹងព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីដឹកនាំសមាគមអាស៊ានឱ្យមាន ១០ប្រទេសឡើងវិញ មិនមែនមានតែ៩ប្រទេសចូលរួមកិច្ចប្រជុំដូចកាលពីពេលកន្លងទៅនោះទេ។
ក្រោយទស្សនកិច្ចនោះ ប្រទេសទាំងពីរកម្ពុជា និងភូមា ចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយអះអាងអំពីជោគជ័យដ៍ «ត្រចះត្រចង់» ព្រោះក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជាអះអាងថា ពួកយោធាព្រមពន្យារបទឈប់បាញ់គ្នា និងបញ្ឈប់អំពើហិង្សា រហូតដល់ចុងឆ្នាំ២០២២។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ដដែលអះអាងថា របបសឹកភូមា ព្រមឲ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន សម្របសម្រួលជំនួយមនុស្សធម៌ដល់ពលរដ្ឋភូមា។ ទាំងលោក ប្រាក់ សុខុន និងទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែបានចោទប្រកាន់ក្រុមអ្នករិះគន់ដំណើរទស្សនកិច្ចរបស់ពួកលោកថា ជាអ្នកចង់ឱ្យមានមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាមនៅភូមាបន្តទៅទៀត។
ទោះជាយ៉ាងនេះក្ដីលោក បូ ឡាទីន (Bo Hla Tint) ថា កិច្ចព្រមព្រៀងឈប់បាញ់នោះ គឺមានតែលើបបូរមាត់តែប៉ុណ្ណោះ ជារួមគ្មានទេបទឈប់បាញ់នៅទូទាំងប្រទេស ហើយពួកយោធាភូមានៅតែបន្តបាញ់សម្លាប់ពលរដ្ឋឥតស្រាកស្រាន្ត។
តាំងពីក្រោយមានបទឈប់បាញ់គ្នា ពីខែតុលានោះមក ពួកយោធារបស់លោក មីន អ៊ុងលាំង បន្តបាញ់សម្លាប់ពលរដ្ឋភូមា ដែលតវ៉ាប្រឆាំងរដ្ឋប្រហារយោធានេះ ស្លាប់អស់រាប់រយនាក់បន្ថែមទៀត។ កាលពីដើមខែធ្នូ ឆ្នាំ២០២១ ពួកយោធាភូមាបានដុតពលរដ្ឋភូមា ១១នាក់សម្លាប់ទាំងរស់ និងបានចាប់មនុស្សដាក់ឃុំរាប់ពាន់នាក់បន្ថែមទៀត។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ចាត់ទុកទង្វើរបស់លោក ហ៊ុន សែន ដែលយកតួនាទីប្រធានប្តូរវេនអាស៊ាន មកធ្វើសកម្មភាពតែម្នាក់ឯង ដោយមិនមានការព្រមព្រៀងពីសមាជិកអាស៊ានដទៃបែបនេះថា ជាទង្វើបំពានធ្ងន់ធ្ងរមួយ ដល់សមាគមអាស៊ានទាំងមូល។
តំណាងក្រុមសមាជិកសភាអាស៊ាន អំពាវនាវឲ្យមេដឹកនាំនៃប្រទេសអាស៊ានទាំង ៨ទៀត កុំនៅឈរឱបដៃមើលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំរបបសឹកភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) បំផ្លាញស្មារតីរួមរបស់អាស៊ាន ក្នុងការស្វែងរកដំណោះស្រាយនៅប្រទេសភូមានេះ។
ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងជាសមាជិកសភាប្រទេសម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៩ ខែមករាថា លោក ហ៊ុន សែន គ្រាន់តែចូលកាន់តំណែងប្រធានប្តូរវេនអាស៊ានភ្លាម លោកចាប់ធ្វើវិទ្ធង្សនាជំហររបស់អាស៊ានទាំងមូលភ្លាម។ លោកថា លោក ហ៊ុន សែន បំផ្លាញជំហរអាស៊ាននេះ គឺដោយសារគោលការណ៍ព្រមព្រៀងគ្នា ៥ចំណុចរបស់អាស៊ាន មិនអនុញ្ញាតឲ្យមេដឹកនាំរដ្ឋប្រហារយោធាភូមា ចូលរួមកិច្ចប្រជុំអាស៊ាននោះឡើយ។
លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ចាត់ទុកការអួតអាងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ពីជោគជ័យនៃដំណើរទស្សនកិច្ចទៅភូមានោះ ថាជាការប៉ុនប៉ងបំភាន់ភ្នែក និងបោកបន្លំមតិសាធារណជន ដ៏គ្រោះថ្នាក់តែប៉ុណ្ណោះ ព្រោះតាមការពិតជំហររបស់លោក ហ៊ុន សែន តែឯកឯងដោយគ្មានការគាំទ្រពីសមាជិកអាស៊ានដទៃបែបនេះ ធ្វើឲ្យជំហរសមូហភាពរបស់អាស៊ានចុះខ្សោយខ្លាំងមួយរំពេច។
មិនតែប៉ុណ្ណោះ លោកបន្តថា នេះជាប៉ុនប៉ងច្បាស់ក្រឡែតរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងការយកប្រទេសអាស៊ានទាំងមូលធ្វើជាចំណាប់ខ្មាំង ដើម្បីបម្រើបំណងផ្តាច់ការរបស់ខ្លួន ដែលបំផ្លាញការតស៊ូរបស់ពលរដ្ឋភូមា ដែលប្រយុទ្ធទាមទារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកវិញ។
លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ស្នើឲ្យប្រទេសអាស៊ានទាំង ៨ទៀត ទប់លោក ហ៊ុន សែន កុំឲ្យធ្វើនយោបាយការទូតបែបប្រថុយប្រថាន និងបោកបញ្ឆោតបែបនេះតទៅទៀត។ បើមិនដូច្នេះទេ លោកថា ភាពជឿជាក់លើសមាគមប្រជាជាតិអាស៊ានទាំងមូល នឹងរលាយបាត់បង់ជាក់ជាមិនខាន។
ក្រោយដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅភូមានោះ កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នឹងរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅជាលើកដំបូងនៅថ្ងៃទី១៧ ខែមករា ខាងមុខនេះ នៅប្រទេសកម្ពុជា។
ថាតើកម្ពុជា នឹងអញ្ជើញប្រមុខការទូតនៃរបបសឹកភូមា ឱ្យមកចូលរួមកិច្ចប្រជុំនោះ ដែរយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៩ ខែមករាថា លោកក៏មិនទាន់ដឹងយ៉ាងណានោះដែរ៖ «ខ្ញុំអត់ទាន់បានដឹងច្បាស់ទេ ហើយយើងនឹងចេញសេចក្តីជូនព័ត៌មានជាផ្លូវការនាពេលឆាប់ៗខាងមុខនេះហើយបាទ! ដូច្នេះខ្ញុំសូមរង់ចាំសេចក្តីប្រកាសព័ត៌មានជាផ្លូវការសិនណា»។
ក៏ប៉ុន្តែ ថ្លែងក្នុងសន្និសីទកាសែតក្រោយត្រលប់ពីប្រទេសភូមាវិញ កាលពីចុងសប្តាហ៍មុន ប្រេសិតពិសេសថ្មីរបស់អាស៊ានលោក ប្រាក់ សុខុន ទំនងជាចង់បង្ហាញជំហរថា កម្ពុជាអាចនឹងអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃរបបសឹករដ្ឋប្រហារយោធាភូមា ឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលខាងមុខនេះ។
កន្លងមក ទោះបីជាសមាជិកអាស៊ានជាច្រើន មិនស្វាគមន៍តំណាងរបបរដ្ឋប្រហារយោធាភូមាក៏ដោយ ក៏កម្ពុជាឈានមុខគេ តាំងពីមិនទាន់គ្រងតំណែងជាប្រធានប្តូរវេនអាស៊ានស្រួលបួលម្ល៉េះ បានទទួលរដ្ឋមន្រ្តីការបរទេសរបបរដ្ឋប្រហារយោធាភូមាលោក វុន ម៉ោងលីន (Wunna Maung Lwin)មកទស្សនកិច្ចនៅកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២១ យ៉ាងពេញមុខពេញមាត់។
ក្រោយដំណើរទស្សនកិច្ចនេះទៀតសោត សារព័ត៌មានក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាលបានផ្សាយថា មេដឹកនាំរដ្ឋប្រហារយោធាភូមាលោក មីន អ៊ុងល្លាំង បានសុំលោក ហ៊ុន សែន ធ្វើជា «បងប្អូនធម៌» នឹងគ្នាទៀតផង។
ថ្មីៗនេះ នៅមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសភូមា ប្រធានាធិបតីឥណ្ឌូនេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) បានព្រមានលោក ហ៊ុន សែន រួចជាស្រេចហើយថា ឥណ្ឌូនេស៊ីនឹងមិនគាំទ្រឱ្យមេដឹកនាំរបបសឹកភូមា វិលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនោះឡើយ។
តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមាលោក បូ ឡាទីន ឯណោះ លោកថាដំណោះស្រាយតែមួយគត់ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅភូមា គឺត្រូវស្តាប់សំឡេងពលរដ្ឋភូមាដែលកំពុងធ្វើពលិកម្ម ដើម្បីលុបបំបាត់របបយោធាផ្តាច់ការ និងស្តារប្រទេសនេះ ឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
លោកថា ក្នុងន័យនេះ គឺមានតែយន្តការអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិចូលរួមផងតែប៉ុណ្ណោះ ទើបអាចជួយបាន។ តែកម្ពុជាផ្តល់អំណះអំណាងថា វិបត្តិភូមានេះ នៅមិនទាន់ឈានដល់កម្រិតអង្គការសហប្រជាជាតិត្រូវដោះស្រាយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។