អ្នកវិភាគថា លោក ហ៊ុន សែន ខំអួតពីសញ្ញាប័ត្រ និងពានរង្វាន់របស់ខ្លួនដើម្បីបញ្ចៀសការរិះគន់ពីពលរដ្ឋ
2024.09.15
អ្នកវិភាគថា ការណ៍ដែលលោក ហ៊ុន សែន ខំអួតពីសញ្ញាប័ត្រកិត្តិយស និងពាន់រង្វាន់ទទួលបានពីស្ថាប័នឯកជនមួយចំនួនដែលពិភពលោកមិនសូវស្គាល់គឺដើម្បីបញ្ចៀសការរិះគន់ពីពលរដ្ឋជុំវិញកិច្ចប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV និងការបំផ្លាញប្រជាធិបតេយ្យ។ ពួកគាត់មើលឃើញថា សញ្ញាប័ត្រ និងពានរង្វាន់ទាំងអស់នោះមិនឆ្លុះបញ្ចាំងពីការដឹកនាំប្រទេសឆ្ពោះទៅរកប្រជាធិបតេយ្យពិតប្រាកដនោះឡើយ។
អ្នកវិភាគលើកឡើងថា បើទោះជាលោក ហ៊ុន សែន គ្មានសេចក្ដីខ្មាសអៀនដែលធ្វើឱ្យកម្ពុជាជាប់ឈ្មោះជាប្រទេសសម្បូរអំពើពុករលួយចាក់ស្រេះ និងធ្វើឱ្យពលរដ្ឋរស់នៅរងទុក្ខវេទនាក្ដី ក៏លោកនៅតែមានមោទនភាពនឹងសញ្ញាប័ត្រកិត្តិយសរបស់លោកដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែកញ្ញា ថា ការណ៍ដែលលោក ហ៊ុន សែន ខំបង្ហាញពីសញ្ញាប័ត្រកិត្តិយស និងពានរង្វាន់របស់លោក គឺដោយសារលោកចង់បង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋដែលកំពុងផ្ទុះកំហឹងរឿងកិច្ចប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV និងវិបត្តិសង្គមកើតឡើងផ្ទួនៗគ្នា។ លោកបន្តថា មេដឹកនាំផ្ដាច់ការគឺចូលចិត្តការលើកសរសើរ និងអួតពីស្នាដៃរបស់ខ្លួន បើទោះជាពលរដ្ឋកំពុងប្រឈមនឹងជីវភាពក្រីក្រយ៉ាងណាក្ដី។
លោក ម៉ែន ណាត៖ «អន្តរជាតិនោះគឺអន្តរជាតិក្លែងក្លាយហើយគ្មានការពិតនៅចំពោះមុខទេ អ្វីដែលពលរដ្ឋមើលឃើញជាក់ស្ដែងបច្ចុប្បន្នគឺការរងទុក្ខវេទនាគឺការជួបគ្រោះគ្រប់សព្វបែបយ៉ាងទាំងអស់ពីរដ្ឋបាលលោក ហ៊ុន សែន ហ្នឹង។ ដូច្នេះអ្វីដែលយើងជួបទុក្ខលំបាកការគាបសង្កត់ការធ្វើបាបពីរបប ហ៊ុន សែន អាហ្នឹងហើយជារឿងពិតដែលលោក ហ៊ុន សែន ប្រព្រឹត្តអំពើទុច្ចរិតធ្វើបាបប្រជាពលរដ្ឋខ្មែរហើយបំផ្លិចបំផ្លាញជាតិខ្លួនឯងអាហ្នឹងបានជារឿងពិត»។
ប្រធានព្រឹទ្ធសភា និងជាឪពុកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន សែន បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែកញ្ញា អួតសរសើរខ្លួនឯងពីសញ្ញាប័ត្រកិត្តិយស និងពានរង្វាន់ដែលទទួលបានចាប់តាំងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ មានចំនួនជាង២០។ ភាគច្រើននៃសញ្ញាប័ត្រដែលលោក ហ៊ុន សែន ទទួលបានគឺជាសញ្ញាប័ត្រកិត្តិយសដែលផ្ដល់ពីសកលវិទ្យាល័យ ស្ថាប័នឯកជន និងអង្គការមួយចំនួនដែលពិភពលោកមិនសូវស្គាល់ និងឱ្យតម្លៃ។ ការខំប្រឹងអួតសញ្ញាប័ត្រនេះគឺក្រោយពេលមានពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍សង្គមមួយចំនួនរិះគន់លោក ហ៊ុន សែន ថា លោកមិនស័ក្ដិសមទទួលបានសញ្ញាប័ត្រកិត្តិយស«ភាពជាមេដឹកនាំ និងការកសាងសន្តិភាព» ពីសកលវិទ្យាល័យមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែកញ្ញា ឡើយពីព្រោះលោក ហ៊ុន សែន គឺជាមេដឹកនាំផ្ដាច់ការ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារ លោក ហ៊ុន សែន ថា សញ្ញាប័ត្រកិត្តិយសដែលលោក ហ៊ុន សែន ទទួលបានកន្លងគឺដោយសារតែភាពឈ្លាសវៃនៃការដឹកនាំប្រទេសទទួលបានសុខសន្តិភាព។
លោក សុខ ឥសាន៖ «ប៉ុន្តែនៅលើឆាកអន្តរជាតិសម្ដេចត្រូវបានគេលើកកម្ពស់ខ្លាំងណាស់ ហើយប្រសិនបើសម្ដេចមិនមានកិត្តិយសទេ ទី១សម្ដេចមិនត្រូវបានគេអញ្ជើញឧទ្ទេសនាម និងបទពិសោធអំពើការស្វែងរកសន្តិភាពពេញលេញជូនកម្ពុជា និងការឯករាជ្យជាតិទេ។ ទី២គេអញ្ជើញសម្ដេចទៅចូលរួមនៅលើឆាកអន្តរជាតិដ៏ខ្ពង់ខ្ពស់ដែលមានឥស្សរជននយោបាយបរទេសចូលរួមជាច្រើន»។
ទាក់ទងរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ មានប្រសាសន៍ថា ការអួតរបស់លោក ហ៊ុន សែន មិនបានឆ្លុះបញ្ជាក់ពីការដឹកនាំរបស់លោកនោះទេ ដូច្នេះលោក ហ៊ុន សែន គួរតែយកពេលជួយដោះស្រាយទុក្ខលំបាកពលរដ្ឋ ជាពិសេសគឺដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមការចង់បានរបស់ពលរដ្ឋ។
លោក គឹម សុខ៖ «ប្រជាពលរដ្ឋអត់មើលសញ្ញាប័ត្រហ្នឹងទេប្រជាពលរដ្ឋមើលការដឹកនាំជាក់ស្ដែងជាពិសេសការការពារបូរណភាពទឹកដីនោះបានត្រឹមត្រូវដែរទេ ហើយពិសេសជាងនេះទៅទៀតគឺជីវភាពរស់នៅរបស់ពួកគាត់។ ពួកគាត់ជាអ្នកទទួលផលដែលអាក្រក់ជាក់ស្ដែងពីការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុន ម្ល៉េះហើយទោះបីជាមានសញ្ញាប័ត្រប៉ុន្មានពាន់សន្លឹកទៅទៀតក៏មិនអាចធ្វើឱ្យប្រជាពលរដ្ឋស្ងប់ចិត្តបានដែរ នៅពេលដែលការដឹកនាំជាក់ស្ដែងធ្វើឱ្យគាត់វេទនាទៅហើយហ្នឹង»។
បើទោះបីជា លោក ហ៊ុន សែន ខំអួតពីសញ្ញាប័ត្រកិត្តិយស និងពានរង្វាន់យ៉ាងណាក្ដី ក៏អ្នកឃ្លាំមើលសង្គមមើលឃើញថា លោក ហ៊ុន សែន គ្មានស្នាដៃលេចធ្លោក្នុងការជួយពលរដ្ឋឱ្យរស់នៅក្នុងជីវភាពសមរម្យឡើយ។ ផ្ទុយទៅវិញក្រោមការដឹកនាំរបស់អតីតកម្មាភិបាលខ្មែរក្រហមលោក ហ៊ុន សែន រយៈពេល៤០ឆ្នាំមកនេះ គឺលោកបានបើកយុទ្ធនាការកម្ទេចបក្សប្រឆាំងដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា និងបំបិទសំឡេងឯករាជ្យនៅមុនការបោះឆ្នោតមកដល់ ព្រមទាំងបិទស្ថាប័នសារព័ត៌មានឯករាជ្យ ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ការពារអំណាច និងចាប់សកម្មជនសង្គម បរិស្ថានដាក់ពន្ធនាគារដើម្បីបង្ក្រាបលើសំឡេងអ្នករិះគន់ និងការធ្វើទុក្ខបុកម្នេញលើមន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យឥតឈប់ឈរជាដើម។
អ្នកវិភាគយល់ថា លោក ហ៊ុន សែន គួរតែឈប់អួតពីកិត្តិយសក្លែងក្លាយហើយងាកមកគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការចាប់មនុស្សដាក់ពន្ធនាគារទាំងបំពានច្បាប់បន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។