អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​បន្ត​តែងតាំង​ឧក្រិដ្ឋជន គឺ​ជា​បរាជ័យ​នៃ​កំណែ​ទម្រង់​លោក ហ៊ុន ម៉ាណែត

ដោយ ខាន់ លក្ខិណា
2024.03.18
អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​បន្ត​តែងតាំង​ឧក្រិដ្ឋជន គឺ​ជា​បរាជ័យ​នៃ​កំណែ​ទម្រង់​លោក ហ៊ុន ម៉ាណែត លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤”។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល និង​យុវជន អះអាង​ថា កំណែ​ទម្រង់​វិស័យ​រដ្ឋបាល​សាធារណៈ របស់​លោក ហ៊ុន ម៉ាណែត ជា​ការ​បោកប្រាស់ និង​បរាជ័យ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​បុគ្គល​មួយ​ចំនួន ដែល​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ធ្វើ​បាប ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​ជា​មន្ត្រី​ជាន់ខ្ពស់ និង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ថ្មី។

សកម្មជន​សង្គម កញ្ញា លីម គីមស័រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១៦ មីនា ថា កំណែ​ទម្រង់​របស់​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​បោកប្រាស់ ពីព្រោះ​ការ​អនុវត្ត​ជាក់ស្ដែង​របស់​លោក​នាយករដ្ឋមន្ត្រី ផ្ទុយ​ស្រឡះ​ពី​ការ​ថ្លែង​របស់​លោក។ កញ្ញា​ថា លោក ហ៊ុន ម៉ាណែត បាន​និយាយ​ពី​កំណែ​ទម្រង់​រដ្ឋាភិបាល ដើម្បី​បម្រើ​ពលរដ្ឋ​និង​ប្រទេស​ជាតិ ប៉ុន្តែ​លោក បែរជា​តែងតាំង​បុគ្គល​មួយ​ចំនួន​ ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឱ្យ​ក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។ កញ្ញា លីម គីមស័រ ថា នេះ​គឺ​ជា បរាជ័យ​របស់​លោក ហ៊ុន ម៉ាណែត។

កញ្ញា លីម គីមស័រ៖ «ពេល​ដែល​មន្ត្រី​ខិលខូច​ឬ មន្ត្រី​ពុករលួយ ឬ​មន្ត្រី​ដែល​បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ជាប់គុក​ហើយ បែរ​ជា​ចេញ​មក​វិញ នៅ​តែ​មាន​តួនាទី​ដដែល​ឬ​អាច​មាន​តួនាទី​លើស​មុន​ទៀត។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​មន្ត្រី​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង គឺ​អត់​ធ្វើ​ការ ដើម្បី​ប្រជាពលរដ្ឋ​ទេ គេ​នឹង​យក​តួនាទី​របស់​គេ ការពារ​ផល​ប្រយោជន៍​ខ្លួន​ឯង​តែ​ប៉ុណ្ណឹង​ទេ»

ចំណែក​ឯ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត កត់​សម្គាល់​ថា ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ជួប​បរាជ័យ​តាំង​ពី​រដ្ឋាភិបាល​ចាស់ មក​ដល់​ រដ្ឋាភិបាល​ថ្មី​នេះ។ លោក​ថា ឧបសគ្គ​ចម្បង​ដែល​នាំ​ឱ្យ​បរាជ័យ គឺ​កង្វះ​តម្លាភាព​ និង​ឥទ្ធិពល​គណបក្ស ដែល​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋ។

លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១៦ មីនា ថា ផល​វិបាក​នៃ​បរាជ័យ​កំណែ​ទម្រង់​នេះ បង្កើត​ឱ្យ​មាន​អយុត្តិធម៌​សង្គម គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រីក្រ​ រួម​ទាំង​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​សង្គម។

លោក វ៉ន ចាន់ឡូត៖ «របៀប​គ្រប់គ្រង យើង​មិន​បាន​យក​តាម​បែប​ប្រជាធិបតេយ្យ សេរី ទេ វា​ទម្រង់​មួយ​ដើរ​តាម​របប​អបជនាធិបតេយ្យ គឺ​អ្នក​លុយ មាន​ទ្រព្យ​សម្បត្តិ​មួយ​ក្រុម​តូច​ហ្នឹង មាន​សិទ្ធិ​សព្វ​បែប​យ៉ាង​ទាំងអស់ ។ រាប់​ចាប់​តាំង​ពី​ការ​តាក់​តែង​ច្បាប់ ឬ​ការ​អនុម័ត​ច្បាប់ ឬ​ក៏​សម្រេច​អ្វី​ផ្សេងៗ នានា ទាំងអស់ ហើយ​សេដ្ឋកិច្ច​ហ្នឹង ត្រូវ​គ្រប់គ្រង​ដោយ​មនុស្ស​មួយ​ក្រុម​តូច »

កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អាណត្តិ​ទី៧​នេះ ដាក់​ចេញ​វិធានការ​គន្លឹះ​ចំនួន ៥ ដើម្បី​ធ្វើ​កំណែ​ទម្រង់ ក្នុង​គោល​ដៅ​កែ​លម្អ​ឈាន​ទៅ​កសាង​សមត្ថភាព និង​យន្តការ​ស្ថាប័ន​ឱ្យ​រឹងមាំ ព្រម​ទាំង​ធានា​ឱ្យ​បាន​ប្រព័ន្ធ​រដ្ឋបាល​មួយ ប្រកប​ដោយ​ចិរភាព និង​គុណភាព។

លោក ហ៊ុន ម៉ាណែត៖ «ក្នុង​គោលដៅ​កែ​លម្អ​ជ្រើសរើស​មន្ត្រី ដែល​យើង​បាន​ធ្វើ​កិច្ចការ​ប្រឡង​ជ្រើសរើស បំពេញ​ទៅ​ឱ្យ​ក្របខណ្ឌ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន ដោយ​ជោគជ័យ ដោយ​ធានា ភាព​ត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ អ្នក​ចេះ ជាប់»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ហាក់​ផ្តល់​តម្លៃ​ចំពោះ​មន្ត្រី​ ស្អាតស្អំ មាន​ចំណេះ​ដឹង​ឱ្យ​ចូល​បម្រើការ​ក្នុង​ជួរ​រដ្ឋាភិបាល មនុស្ស​មួយ​ចំនួន ដែល​ ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត តែង​តាំង គឺ​មាន​ជាប់​សែ​ស្រឡាយ និង​ជា​បក្ខពួក​ របស់​អ្នក​កាន់​អំណាច នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ ក៏​មាន​ ទាំង​បុគ្គល​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផង​ដែរ។

ជាក់ស្ដែង​អតីត​អគ្គសេនាធិការ​រង នៃ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ជា រដ្ឋា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឧក្រិដ្ឋ​ឱ្យ​ជាប់​គុក ១៨ឆ្នាំ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០០៩ ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត លើ​ម្ដាយ​មីង​របស់​អតីត​បវរកញ្ញា​ ទេសចរណ៍ និង​ជា​តារា​សម្ដែង​អ្នកនាង អ៊ិន សុលីដា ត្រូវ​បាន​តែងតាំង​ទីប្រឹក្សា​ក្នុង​ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

ថ្មីៗនេះ​ដែរ អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាន​បាញ់ ​កម្មការិនី​រោងចក្រ ៣នាក់ ឱ្យ​របួស​ធ្ងន់​កាល​ពីឆ្នាំ២០១២ នោះ ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត តែងតាំង​ជា​អគ្គនាយក​រង​ចំណុះ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែមករា ឆ្នាំ២០២៤។ លោក ឈូក បណ្ឌិត នេះ គឺ​ជា​ក្មួយ​របស់​អ្នកស្រី ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​នេះ លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២៣ ក៏​ស្នើ​ព្រះមហាក្សត្រ ឱ្យ​តែងតាំងឧកញ៉ា ទ្រី ដាលុច ម្ចាស់​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌាអេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development CO., LTD)និង​ជា​កូន​ប្រុស​ច្បង​របស់​ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹក្សា​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជា​អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)

ឧកញ៉ា ទ្រី ដាលុច គឺ​ជា​អ្នក​ជំនួញ​ល្បី​ខាង​បំផ្លាញ​រ៉ែ និង​រំលោភ​យក​ដីធ្លី​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង នៅ​ពេល​ឪពុក​របស់​លោក គឺ​ឧកញ៉ា ទ្រី ភាព ល្បី​ខាង​បំផ្លាញ​ព្រៃ​ឈើ និង​រកស៊ី​ឈើ​ខុស​ច្បាប់។

រីឯ​លោក ហេង សួរ ដែល​ធ្លាប់​បែក​ធ្លាយ​សំឡេង​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង ​ការ​បញ្ជា​ឱ្យ​កូន​ចៅ​រៀបចំ​គម្រោង​ជួល​ក្រុម​ជើងកាង ចាំ​វាយ​ធ្វើ​បាប​ក្រុម​ពលករ​ខ្មែរ​ នៅ​ក្រៅ​ប្រទេស ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ ពេល​នេះ លោក​កាន់​តំណែង​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

លោក ហេង សួរ៖ «ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ​អ៊ីចឹង រក​ពួក​ជើងកាង​មួយ​ចំនួន មើល​មុខ​សញ្ញា​ណា​ដែល​ចាំបាច់ យក​ជើងកាង​ទៅ​វ៉ៃ​វា​ទៅ ហើយ​ជើងកាង​ហ្នឹង​ត្រឡប់​មក​វិញ យើង​ចិញ្ចឹម។ ធ្វើ​យ៉ាងម៉េច​ឱ្យ​អា​មួយ​ហ្នឹង វា​ប្រកាច់ប្រកិន​នៅ​ទីនោះ​ចុះ។ ហើយ​បើ​អា​ជើងកាង​ហ្នឹង គេ​មិន​ដែល​ចាប់​ដាក់​គុក​នៅ​ស្រុក​គេ​ទេ អា​ហ្នឹង​គេ​ចាប់​បន្តិច គេ​ប្រលែង​មក ហើយ​ឱ្យ​ជាប់​គុក​ស្រុក​យើង។ ចាំ​មក​ដល់​ស្រុក​យើង ចាំ​យើង​ចិញ្ចឹម»

ក្នុង​សំឡេង​បែក​ធ្លាយ​របស់​លោក ហេង សួរ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា អភិបាល​ រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង គឺ​ជា​បុគ្គល​សំខាន់​ម្នាក់ ក្នុង​ការ​ដឹក​នាំ​ធ្វើ ឧក្រិដ្ឋ​កម្ម លើ​សកម្មជន​គណបក្ស​ប្រឆាំង ដោយ​វិធី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ។ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី៧ នេះ លោក ឃួន ស្រេង នៅ​តែ​ត្រូវ​លោក ហ៊ុន ម៉ាណែត ឱ្យ​បន្ត​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​បន្ត​ផ្ដល់​តំណែង​ដល់​មន្ត្រី​ខ្មែរ ដែល​ធ្លាប់​ មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ឱ្យ​មាន​តួនាទី​ធំ និង​ជា​ទីប្រឹក្សា ក៏​មាន​តែងតាំង​ ឧក្រិដ្ឋជន​បទេស ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ដែរ។ ជា​ឧទាហរណ៍ សេដ្ឋី​វ័យ​ក្មេង​ជនជាតិ ចិន លោក ចេន ហ្ស៊ី ដែល​ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប និង​ជា​ឧក្រិដ្ឋជន​ ល្បែង​អនឡាញ​ឆ្លង​ដែន​ដ៏​អាក្រក់ ដែល​តុលាការ​ចិន​បាន​ចេញ​សាលក្រម​ចាប់​ខ្លួន​ ចន្លោះ​ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នោះ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​តែងតាំង​ បក្ខពួក និង​ក្រុម​មនុស្ស ដែល​ស្អុយ​នឹង​រឿង​ឧក្រិដ្ឋកម្ម ក្នុង​រដ្ឋាភិបាល​នេះ គឺ​ព្រោះ ​តែ​ពួក​មេដឹក​នាំ​រដ្ឋាភិបាល បាន​ឡើង​កាន់​អំណាច ដោយ​វិធី​បក្ខពួក​និយម និង​ ឧក្រិដ្ឋកម្ម​ដែរ ដូច្នេះ មិន​អាច​ធ្វើ​កំណែ​ទម្រង់​កើត​ទេ។ 

លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ របស់​លោក​ពេញ​ណែន ក្នុង​ស្ថាប័ន​នីតិ​ប្រតិបត្តិ និង កង​កម្លាំង​ប្រដាប់​អាវុធ​ បន្ទាប់ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក។ លោក បាន​តែងតាំង​ប្អូន​ប្រុស​ពៅ គឺ​លោក ហ៊ុន ម៉ានី និង​បង​ជី​ដូន​មួយ គឺ​លោក នេត សារឿន ជា​ឧបនាយករដ្ឋមន្ត្រី ខណៈ​ប្អូន​ប្រុស​បង្កើត​របស់​លោក​ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានិត គឺ ជា​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ក្នុង​ពេល​ប្អូន​ថ្លៃ​របស់​លោក គឺលោក ឌី វិជ្ជា ប្តី​របស់​អ្នកស្រី ហ៊ុន ម៉ាណា គឺ​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ និង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

ក្រៅ​ពី​មាន​ការ​តែងតាំង​សាច់ញាតិ​ខ្លួន​ឯង និង​មនុស្ស​មួយ​ចំនួន មាន​ប្រវត្តិ​ឧក្រិដ្ឋ ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​កូន នៅ​ស្ថាប័ន​ព្រឹទ្ធសភា​ដែល​លោក ហ៊ុន សែន ជា​ឪពុក គ្រោង​ទៅ​ធ្វើ​ជា​ប្រធាន​នោះ ក៏​មាន​វត្តមាន​របស់​ឧកញ៉ា​មួយ​ចំនួន ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ ​មិន​សូវ​ល្អ​ដោយសារ​មុខ​ជំនួញ​របស់​ខ្លួន និង​ធ្វើ​បាប​ពលរដ្ឋ​ទៅ​អង្គុយ​អម​ជាមួយ​លោក ហ៊ុន សែន ដែរ ដូចជា លោក ម៉ុង ឫទ្ធី លោក សុខ គង់ លោក កុក អាន និង លោក លី យ៉ុងផាត់ ជា​ដើម។

ឧកញ៉ា ម៉ុង ឫទ្ធី ល្បី​ខាង​ជួញ​កញ្ឆា​ជិត ៧តោន បម្រុង​ដឹក​ចេញ​ពី​ក្រុងព្រះសីហនុ ក្នុង​ខែ​មេសា ឆ្នាំ​១៩៩៧ និង​ការ​បូប​ខ្សាច់​រាប់​លាន​ដុល្លារ ខណៈ​ឧកញ៉ា សុខ គង់ វិញ គឺ​ល្បី​ខាង​ប្រមូល​លុយ​កើប​ផល​ពី​អង្គរវត្ត ក្ដោប​យក​ឧទ្យានជាតិ​ភ្នំបូកគោ ធ្វើ​ជា​ជំនួញ​ឯកជន​របស់​លោក ការ​រក​ស៊ី​ដឹក​ប្រេង​គេច​ពន្ធ​ចូល​កម្ពុជា និង​រឿង​អាស្រូវ​ជំនួញ​បន​ល្បែង។

ចំណែក​ឧកញ៉ា កុក អាន ល្បី​ខាង​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ បង្ហូរ​ទឹក​ស្អុយ​ពី​រោង ចក្រ​ពន្លិច​ផ្ទះ​ពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ ព្រមទាំង​ជំនួញ​ បន​ល្បែង។ កាលពី​ឆ្នាំ២០២២ បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ អាល់ហ្សាហ្ស៊ែរ៉ា (Aljazeera) រក​ឃើញ​ថា កាស៊ីណូ​របស់​ឧកញ៉ា​រូប​នេះ នៅ​ក្រុង​ប៉ោយប៉ែត និង​ ខេត្ត​ព្រះសីហនុ បាន​បង្ខាំង​មនុស្ស​រាប់​ពាន់​នាក់ សម្រាប់​ធ្វើ​ទារុណកម្ម​ឱ្យ​ឆបោក។

រីឯ​ឧកញ៉ា លី យ៉ុងផាត់ ល្បី​ខាង​បនល្បែង និង​បាន​ដី​សម្បទាន​ជិត ៦ម៉ឺនហិកតា ធ្វើ​ជំនួញ​ស្ករ​អំពៅ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង អស់​ដី​និង​អស់​ផ្ទះ ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

បន្ថែម​លើ​តំណែង​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ ក៏​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​គណបក្ស​ប្រជាជនកម្ពុជា និង​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​ថែម​ទៀត។

ចំពោះ​ការ​តែងតាំង​សាច់ញាតិ និង​ការ​ដាក់​បញ្ចូល​បុគ្គល មាន​កេរ្តិ៍ឈ្មោះ​មិន ​សូវ​ល្អ​ឱ្យ​កាន់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អង្គ​នីតិប្បញ្ញត្តិ​របស់​គណបក្ស​ប្រជាជន កម្ពុជា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​អ្នក​នាំ ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃទី១៧ មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល និង​យុវជន លើក​ឡើង​ថា ការ​តែងតាំង​បុគ្គល ​ដែល​មាន​រឿង​អាស្រូវ​ឧក្រិដ្ឋកម្ម និង​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ជាតិ​នេះ បង្ហាញ​អំ​ពី​ការ​លេង​សើច ការ​បោកប្រាស់ និង​បរាជ័យ សម្រាប់​កំណែ​ទម្រង់​របស់​ស្ថាប័ន​ជាតិ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​ត្រកូល​ហ៊ុន ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។