អ្នកឃ្លាំមើល​ថា ជ័យជម្នះ​របស់​ពលរដ្ឋ​បង់ក្លាដេស្ហ​ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី បង្ហាញ​ថា អំណាច​ផ្ដាច់ការ​មិន​ឈ្នះ​កម្លាំង​ពលរដ្ឋ

ដោយ ថា ថៃ
2024.08.06
អ្នកឃ្លាំមើល​ថា ជ័យជម្នះ​របស់​ពលរដ្ឋ​បង់ក្លាដេស្ហ​ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី បង្ហាញ​ថា អំណាច​ផ្ដាច់ការ​មិន​ឈ្នះ​កម្លាំង​ពលរដ្ឋ រូបភាពប្រជាពលរដ្ឋបង់ក្លាដេស្ហធ្វើបាតុកម្មទាមទារភាពយុត្តិធម៌ រហូត​ទម្លាក់​នាយករដ្ឋមន្ត្រី​ចេញ​ពី​អំណាច។
រូប៖ AP

អ្នកឃ្លាំមើល​លើក​ឡើង​ថា​ ជ័យជម្នះ​របស់​ពលរដ្ឋ​បង់ក្លាដេស្ហ (Bangladesh) ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី​ចេញ​ពី​អំណាច ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អំណាច​ផ្ដាច់ការ​មិន​អាច​​ឈ្នះ​កម្លាំង​ប្រជាពលរដ្ឋ​ឡើយ។ ពួកគាត់​​យល់ថា អ្នកកាន់អំណាច​ស្រុកខ្មែរ ល្មម​ដល់​ពេល​ដោះ​ស្រាយ​វិបត្តិនយោបាយ ដោយ​ងាក​ទៅ​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ប្រសិនបើ​មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ ទាញ​ទម្លាក់​ចេញ​ពី​អំណាច​ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ។

បាតុកម្ម​របស់​ក្រុម​និស្សិត​និង​ពលរដ្ឋ​បង់ក្លាដេស្ហ រហូត​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី ដែល​កាន់​អំណាច​បែប​ផ្ដាច់ការ និង​បក្ខពួក​និយម បង្ខំ​ចិត្ត​លាលែង​ពី​អំណាច និង​រត់​ភៀសខ្លួន​នោះ បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ ដែល​អ្នក​តាម​ស្ថានការណ៍​កម្ពុជា ជជែក​វែកញែក និង​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា ក្រោម​ការ​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​របស់​ត្រកូល ''ហ៊ុន''។ ពួក​គាត់​យល់​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ និង​គ្រួសារ​និយម គួរ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​បាត់បង់​អំណាច និង​ត្រូវ​រត់​ភៀស​ខ្លួន​យ៉ាង​ឯកោ​ដូច​នាយករដ្ឋមន្ត្រី​បង់ក្លាដេស្ហ អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina)

Bangladesh_mass_demonstration_for_Human_Rights_Democracy_Justice_AP_1.jpg
រូបភាពប្រជាពលរដ្ឋបង់ក្លាដេស្ហធ្វើបាតុកម្មទាមទារភាពយុត្តិធម៌ រហូត​ទម្លាក់​នាយករដ្ឋមន្ត្រី​ចេញ​ពី​អំណាច។ រូបថតដោយ​សារ​ព័ត៌មាន អេ.ភី (AP) សូមចុចលើ​រូប​ថត​នេះ ដើម្បី​ទៅ​មើល​រូប​ផ្សេង​ទៀត

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ស្ដីពី​កម្ពុជា លោក ជា ចាន់ថោង ជឿជាក់​ថា ករណី​កើត​ឡើង​នៅ​ប្រទេស​បង់ក្លាដេស្ហ​នេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​ត្រកូល ''ហ៊ុន'' រសើប​ខ្លាំង ដូច្នេះ​ហើយ​ទើប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែង​កំញើញ​កម្លាំង​ផ្ទៃក្នុង ព្រមទាំង​ព្រមាន​ពី​ការ​ចាប់​ដាក់​គុក និង​បង្ក្រាប​បង្ហូរ​ឈាម ប្រសិន​បើ​ពលរដ្ឋ​ងើប​តវ៉ា​ប្រឆាំង​រឿង​អយុត្តិធម៌​សង្គម និង​រឿង​ដាក់​បញ្ចូល​ខេត្ត​ខ្មែរ​ចំនួន៤ អភិវឌ្ឍ​រួមគ្នា​ជាមួយ​វៀតណាម និង​ឡាវ។ លោក ជា ចាន់ថោង ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​សំឡេង​ថា គ្រប់​មេ​ដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក ទោះបី​ជា​ពូកែ​ឃោសនា​បោក​ប្រជាពលរដ្ឋ និង​ប្រើ​អំណាច​ឃោរឃៅ​បែប​ណា​ក្ដី ក៏​ចុង​បញ្ចប់​តែង​ត្រូវ​​ប្រជាពលរដ្ឋ​បណ្ដេញ​ចេញ​ពី​អំណាច​យ៉ាង​វេទនា និង​ឯកោ​បំផុត ដោយ​ពួក​គេ​មិន​អាច​កាន់​អំណាច​បាន​សុខ​រហូត​ឡើយ។

ចំណែក​​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមរ៉ា វិញ លោក​សង្កេត​ឃើញ​ថា ជា​ទូទៅ​មេ​ដឹកនាំ​ផ្ដាច់ការ តែងតែ​ក្រាញអំណាច រហូត​ទាល់តែ​ពលរដ្ឋ​រួមគ្នា​ទាញ​ទម្លាក់។ លោក​ជំរុញ​រដ្ឋាភិបាល​របស់​ត្រកូល ''ហ៊ុន'' ឱ្យ​ដោះ​ស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម លុប​បាត់​អំពើ​ពុករលួយ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ បើ​ពុំ​នោះ​ទេ មេ​ដឹកនាំ​ក្រុងភ្នំពេញ នឹង​មាន​ជោគវាសនា​មិន​ខុស​ពី​មេដឹកនាំ​បង់ក្លាដេស្ហ ឬ​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងៗ ទៀត​ឡើយ។

លោក អ៊ិន ហេមរ៉ា៖ «យើង​ឃើញ​ប្រទេស​បង់ក្លាដេស្ហ និង​ប្រទេស​កម្ពុជា មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ហើយ​យើង​ឃើញ​ប្រទេស​ខ្មែរ​យើង​ជា​ច្រើន​អាណត្តិ​ហើយ របប​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ដែល​ជា​របប​ផ្ដាច់ការ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ហើយ​ក៏​មិន​មាន​សមត្ថភាព​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ហើយ​មិន​មាន​សមត្ថភាព​ការពារ​បូរណភាព​ទឹកដី។ របប ហ៊ុន សែន ហ៊ុន ម៉ាណែត ចង់​ធ្វើ​អ្វី គឺ​ធ្វើ​តែ​ខ្លួន​ឯង នៅ​ពេល​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ គឺ​មាន​តែ​ចាប់​ដាក់​គុក ឬ​ក៏​បណ្ដេញ​ចេញ​ពី​ប្រទេស។ ដូច្នេះ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ​ទេ គឺ​គ្មាន​ជម្រើស​ទេ។ បើ​សិន​ជា​យើង​ចង់​បាន​ការ​ផ្លាស់ប្ដូរ ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ យើង​ចង់​បាន​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​អី​នោះ លុះត្រា​ពលរដ្ឋ​ខ្មែរ​យើង​ក្រោក​ឈរ​ទាំង​អស់​គ្នា ហើយ​ទាមទារ​នូវ​អ្វី ដែល​យើង​ចង់​បាន»

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បង់ក្លាដេស្ហ អ្នកស្រី សែក ហាស៊ីណា វ័យ ៧៦ឆ្នាំ និង​បាន​កាន់អំណាច​រយៈ​ពេល ១៥ឆ្នាំ​នោះ បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង និង​ភៀស​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ​យោធា​ពី​ទីក្រុង​ដាខា (Dakha) ទៅ​កាន់​ប្រទេស​ឥណ្ឌា (India) កាល​ពី​ថ្ងៃ​ទី៥ ខែសីហា ក្រោយ​ក្រុម​បាតុករ​ភាគច្រើន​ជា​ក្រុម​និស្សិត បាន​ចូល​កាន់កាប់​វិមាន​នាយករដ្ឋមន្ត្រី។ សូម្បី​រូប​សំណាក់​ឪពុក​របស់​អ្នកស្រី សែក ហាស៊ីណា ដែល​គេ​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​ឯករាជ្យ​ជាតិ ក៏​ត្រូវ​បាន​ក្រុម​បាតុករ វាយ​កម្ទេច​ក្បាល​ដោយ​ពូថៅ​ដែរ។ រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ ប្រជា​ពលរដ្ឋ​បង់ក្លាដេស្ហ បាន​ស្រែក​អបអរ​ពេញ​ប្រទេស​អំពី​ជ័យជម្នះ​របស់​ពួក​គេ។

ទន្ទឹម​គ្នា​នេះ ប្រមុខ​ក្រុម​យោធា​បាន​ប្រកាស​ប្រកាស​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន ប៉ុន្តែ ត្រូវ​បាន​ក្រុម​និស្សិត​បដិសេធ​មិន​ទទួល​យក​រដ្ឋាភិបាល​យោធា​នោះ​ទេ។ ក្រុម​និស្សិត​ទាមទារ​ឲ្យ​សេដ្ឋវិទូ និង​ជា​មេ​ដឹកនាំ​សង្គម​ស៊ីវិល ដែល​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព គឺ​លោក មហាម៉េត យូនុស (Mohamad Yunus) ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន។ ក្រុម​និស្សិត​បង់ក្លាដេស្ហ សង្កត់​ធ្ងន់​ថា ឈាម​របស់​ពួក​គេ ដែល​ហូរ​ស្រក់​ត្រូវ​សង​មក​វិញ ដោយ​ការ​កសាង​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​មួយ​នេះ​ជា​ថ្មី​ឲ្យ​មាន​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។

ស្ថានភាព​ប្រទេស​បង់ក្លាដេស្ហវិវត្ត​ដល់​ចំណុច​នេះ ផ្ដើម​ចេញ​ពី​ក្រុម​និស្សិត​នាំ​គ្នា​ចេញ​តវ៉ា​នៅ​តាម​ផ្លូវ​ដោយ​អហិង្សា ដើម្បី​ប្រឆាំង​ច្បាប់​ជ្រើស​រើស​មន្ត្រី​រាជការ​តាម​ស្ថាប័នរដ្ឋ ដែល​ទុក​កនលែងជាពិសេស សម្រាប់​កូនចៅ​អ្នក​កាន់​អំណាច។ ប៉ុន្តែ​បាតុកម្ម​របស់​ក្រុម​និស្សិត​មួយ​ខែ​មក​នេះ ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ បាញ់​បង្ក្រាប​បង្ហូរ​ឈាម បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច ៣រយ (៣០០)នាក់។ ដោយសារ​ការ​បង្ក្រាប​នេះ ក្រុម​និស្សិត និង​ពលរដ្ឋ​បង់ក្លាដេស្ហ ផ្ទុះ​កំហឹង ​និង​តវ៉ា​កាន់​តែ​ខ្លាំង​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា ចុះ​ចេញ​ពី​អំណាច​ និង​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ស្លាប់​របស់​បាតុករ។

អ្នកឃ្លាំមើលលើក​ឡើង​ថា ប្រទេស​បង់ក្លាដេស្ហ ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកស្រី សេក្ខ ហាស៊ីណា និង​ប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​ត​ជំនាន់​ពី​ឪពុក​មក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​ស្ថានភាព​មិន​ខុស​គ្នា​នោះ​ទេ។ អ្នកស្រី សេក្ខ ហាស៊ីណា និង​លោក ហ៊ុន សែន រង​ការ​ចោទ​ដូច​គ្នា​ថា ជា​មេដឹកនាំ​ផ្ដាច់ការ​ក្រាញ​អំណាច ពុករលួយ គ្រួសារ​និយម បក្ខពួក​និយម គ្រប់គ្រង​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ និង​បង្ក្រាប​ឥត​ឈប់​ឈរ​ទៅ​លើ​អ្នករិះគន់ និង​រំលាយ​គណបក្ស​ប្រឆាំង ចាប់​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង និង​សកម្មជន​នយោបាយ​រាប់​សិប​នាក់ ដើម្បី​កុំ​ឲ្យ​មាន​គូប្រជែង​អំណាច។

ឆ្លើយតប​នឹង​ករណី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​បារម្ភ​រឿង​ប្រជាពលរដ្ឋ​ងើប​ឡើង​តវ៉ា​នោះ​ទេ ព្រោះ​ពលរដ្ឋ​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹក​នាំ​រដ្ឋាភិបាល។

លោក សុខ ឥសាន៖ «ភាគ​ច្រើន គឺ​ប្រជាជន​កម្ពុជា គាំទ្រ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន។ អ៊ីចឹង បាន​ជា​ជាង ៨០ភាគ​រយ បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ មាន​អាណា​ងើប​ក្បាល​ឡើង គឺ​វា​អត់​ទេ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុនម៉ាណែត មិន​ទុក​ចិត្ត​ប្រជាប្រិយភាព និង​អំណាច​របស់​ខ្លួន​នោះ​ទេ ម្លោះ​ហើយ ទើប​កាល​ពី​ថ្ងៃ​ទី២ សីហា លោក ហ៊ុន ម៉ាណែត ព្រមាន​ជា​សាធារណៈ​លើក​ដំបូង​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​តវ៉ា​នៅ​ភ្នំពេញ​ប្រឆាំង​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) ជីវិត​មនុស្ស​រាប់​រយ​នាក់ នឹង​ត្រូវ​បាត់បង់​ដូច​ករណី​ពលរដ្ឋ​នៅ​ប្រទេស​បង់ក្លាដេស ដែល​ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​បង្ក្រាប។

អ្នក​ធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ស្ដាប់​ក្ដី​កង្វល់ និង​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ហើយ​បែរ​ជា​បន្ត​គំរាម​ប្រជាពលរដ្ឋ​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់ស្កាត់​បំណង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​បាន​រហូត​ឡើយ។

លោក គឹម សុខ៖ «ករណី​ពលរដ្ឋ​បង់ក្លាដេស្ហ​រំជើបរំជួល​ទាំង​នៅ​ប្រទេស​ភូមា និង​កម្ពុជា គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​ពិត​ជា​មាន​អំណាច​ពិត​ប្រាកដ​ក្នុង​ការ​ផ្លាស់ប្ដូរ ប្រសិនបើ​ពលរដ្ឋ​ចេះ​ធ្វើ​ការ​រួម​គ្នា​ដូច​ករណី​នៅ​ប្រទេស​បង់ក្លាដេស្ហ ពីព្រោះ​ពលរដ្ឋ​រួម​គ្នា​ទូទាំង​ប្រទេស ហើយ​ធ្វើ​សកម្មភាព​តវ៉ា​សកម្ម កងទ័ព និង​អ្នក​មាន​លុយ​មិន​នៅ​ជាមួយ​មេ​ដឹកនាំ​ផ្ដាច់ការ​ទេ។ ជា​ប្រវត្តិសាស្ត្រ​ទាំង​កងទ័ព​ទាំង​អ្នក​មាន​លុយ ពួក​គេ​នាំ​គ្នា​ចាកចេញ​ពី​មេ​ដឹកនាំ​ផ្ដាច់ការ ដើម្បី​យក​រួច​ខ្លួន​ដែរ ហើយ​ទីបំផុត​ទៅ ពួក​គេ​ប្រកាស​នៅ​ជាមួយ​ប្រជាពលរដ្ឋ ដូច​ករណី​នៅ​បង់ក្លាដេស្ហ»

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត នៅ​មាន​ពេល​កែប្រែ​ស្ថានការណ៍​ឡើង​វិញ។ ក្នុង​នោះ មាន​ទាំង​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​នៅ​កម្ពុជា ​ជ្រុល​ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ។ ផ្អែក​តាម​ប្រវត្តិសាស្ត្រ​កន្លង​មក មេ​ដឹកនាំ​ខ្មែរ​ច្រើន​នាក់​មក​ហើយ ដែល​ធ្លាក់​ចេញ​ពី​អំណាច​តាម​រយៈ​រដ្ឋប្រហារ និង​ការ​ទាញ​ទម្លាក់​ដោយ​ពលរដ្ឋ​ខ្មែរ ដូច​ជា​មេ​ដឹកនាំ​ខ្មែរក្រហម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
បទសម្ភាសន៍៖ អតីត​មនុស្ស​ជំនិត​សម្ដេច​ក្រុមព្រះ​ថា លោក ហ៊ុន សែន ជ្រៀតជ្រែក​ព្រះមហាក្សត្រ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។