ក្រុម​ការងារ​ហ្វេសប៊ុក​ក្រសួង​ធម្មការ​គ្មាន​លុយ​តាមដាន​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

ដោយ យាង សុជាមេត្តា
2016-11-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​ហ្វេសប៊ុក (Facebook page) របស់​ក្រសួង​ធម្មការ និង​សាសនា
ទំព័រ​ហ្វេសប៊ុក (Facebook page) របស់​ក្រសួង​ធម្មការ និង​សាសនា
RFA Screenshot

ក្រុម​ការងារ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​ធម្មការ និង​សាសនា ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ពួកគេ​មិន​មាន​លុយ​បង់ថ្លៃ​អ៊ីនធឺណិត (Internet) ដើម្បី​តាម​ដាន​ទំព័រ​ហ្វេសប៊ុក របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ការ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​កន្លង​ទៅ​នោះ​ទេ។

​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​អួត​ក្ដែងៗ​ពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ដើម្បី​ធ្វើ​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ឬ​ដែល​រដ្ឋាភិបាល​តែង​ហៅ​ថា អ៊ី-ហ្កាវើនមិន (E-Government) នោះ ក្រុម​ការងារ​តាមដាន​ហ្វេសប៊ុក របស់​ក្រសួង​ធម្មការ​រអ៊ូរទាំ​ថា ពួកគេ​គ្មាន​លុយ​បង់​សេវា​អ៊ីនធឺណិត ដើម្បី​តាមដាន​ទំព័រ​ហ្វេសប៊ុក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ឡើយ។

​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា លោក មាស សំណាង ដែល​អះអាង​ថា ជា​ប្រធាន​ក្រុម​ការងារ​យុវជន​ហ្វេសប៊ុក ក្រសួង​ធម្មការ និង​សាសនា សរសេរ​ថា ទំព័រ​ហ្វេសប៊ុក (Page) ក្រសួង​ធម្មការ និង​សាសនា អាច​នឹង​ត្រូវ​បិទ​មួយ រយៈ ឬ​ត្រូវ​បិទ​ការ​ផ្សាយ​ទាំង​ស្រុង​នូវ​សកម្មភាព​ការងារ​ក្រសួង ព្រោះ​ថា កន្លង​ទៅ​ក្រុម​ការងារ​នេះ​បាន​ការ​ជួយ​ឧបត្ថម្ភ​ថ្លៃ​អ៊ីនធឺណិត និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ពី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ គឺ​លោក មិន ឃិន ចំនួន ៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រុម​ការងារ​តាមដាន​ទំព័រ​ហ្វេសប៊ុក នាយករដ្ឋមន្ត្រី​មួយ​នេះ ពុំ​ដែល​ទទួល​បាន​អ្វី​ទាំង​អស់ សូម្បី​តែ​លុយ​សម្រាប់​បង់​សេវា​អ៊ីនធឺណិត ក៏​ពួកគេ​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ដែរ។ ក្រុម​ការងារ​នេះ​បញ្ជាក់​ថា ពួកគេ​នឹង​សម្រាក ឬ​ឈប់​ទាំង​ស្រុង​ក្នុង​ករណី​រក​ថវិកា​មិន​បាន។

​ព័ត៌មាន​ចុង​ក្រោយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធម្មការ និង​សាសនា គឺ​បង្ហាញ​ពី​ព្រឹត្តិការណ៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី មក​ពី​ទូទាំង​ប្រទេស​នៅ​សាលសន្និសីទ​ចតុមុខ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ទទួល​ស្គាល់​ថា លោក មាស សំណាង ពិត​ជា​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​ក្រសួង​ធម្មការ និង​សាសនា មែន។ ទោះជា​យ៉ាង​ណា​លោក​ថា កន្លង​ទៅ​ក្រសួង​ពុំ​មាន​កញ្ចប់​ថវិកា​ដាច់​ដោយ​ឡែក​សម្រាប់​ក្រុម​ការងារ​ហ្វេសប៊ុក នោះ​ទេ គឺ​វា​អាស្រ័យ​លើ​ការ​បរិច្ចាគ ឬ​ឧបត្ថម្ភ​របស់​រដ្ឋមន្ត្រី។

លោក សេង សុមុនី បញ្ជាក់​ថា តាម​ព័ត៌មាន​ខ្លះៗ​ដែល​លោក​ទទួល​បាន គឺ​រដ្ឋមន្ត្រី​ថ្មី​លោក ហ៊ឹម ឆែម គ្រោង​បង្កើត​ក្រុម​ការងារ​ថ្មី​ដើម្បី​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក របស់​ក្រសួង។ ម្យ៉ាង​លោក​ថា សមាជិក​ក្រុម​ការងារ​ចាស់​មួយ​ចំនួន​ក៏​បាន​ឈប់​ពី​ក្រុម​ការងារ​ហ្វេសប៊ុក បច្ចុប្បន្ន​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ដែរ៖ «ឥឡូវ​ខ្ញុំ​កំពុង​ជួប​គាត់ មិន​ដឹង​ថា គាត់​មាន​ការ​អី ទន្ទឹម​នឹង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្មី ខ្ញុំ​មិន​ទាន់​បាន​ឃើញ​សេចក្ដី​សម្រេច​ចែង​នៅ​ឡើយ​ទេ ប៉ុន្តែ​ឮ​សូរ​ខាង​ខុទ្ទកាល័យ​ប្រាប់​ថា ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្មី លោក​រៀបចំ​ក្រុម​ការងារ​ថ្មី​ដើម្បី​បង្កើត​ផេក​ថ្មី​ឡើង​វិញ»

​រហូត​មក​ទល់​ពេល​នេះ ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​មនុស្ស​ចូល​ចុច Like កើន​ឡើង​ជាង ៦​លាន​នាក់​ហើយ គឺ​ច្រើន​ជាង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដោយសារ​លោក ហ៊ុន សែន គិត​ថា ហ្វេសប៊ុក អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឆាប់រហ័ស លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បណ្ដា​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​បង្កើត​ក្រុម​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ដើម្បី​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក រួច​ឆ្លើយ​តប​ដោះស្រាយ​បញ្ហា​បើ​សិន​ពលរដ្ឋ​លើក​ឡើង​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រសួង​របស់​ពួកគេ។

​ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ក្រសួង​នីមួយៗ​បាន​បង្កើត​ក្រុម​ការងារ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ ប៉ុន្តែ​ករណី​របស់​ក្រសួង​ធម្មការ​ពេល​នេះ គឺ​ជា​ស្ថាប័ន​រដ្ឋ​ទី​១​ហើយ​ដែល​ប្រកាស​ថា ក្រុម​ការងារ​ហ្វេសប៊ុក គ្មាន​ប្រាក់​ដើម្បី​បង់​សេវា​អ៊ីនធឺណិត តាម​ដាន​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុមការងារ​ហ្វេសប៊ុក នៅ​ក្រសួង​ស្ថាប័ន​ផ្សេង​ទៀត មាន​បញ្ហា​ដូច​គ្នា ឬ​យ៉ាង​ណា​នោះ​ទេ។

​ប៉ុន្តែ​កន្លង​ទៅ ដោយ​មិន​និយាយ​ដល់​ទំព័រ​ហ្វេសប៊ុក របស់​ក្រសួង​ស្ថាប័ន​រដ្ឋ គេ​សង្កេត​ឃើញ​ថា គេហទំព័រ​របស់​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ហាក់​ពុំ​សូវ​មាន​សកម្មភាព​ឡើយ មាន​ន័យ​ថា គេ​ពុំ​អាច​ចូល​ដើម្បី​ស្វែង​រក​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​នោះ​បាន​ឡើយ។ គេហទំព័រ​ស្ថាប័ន​ខ្លះ​មាន​តែ​ព័ត៌មាន​ចាស់ៗ មិន​ដែល​ធ្វើ​បច្ចុប្បន្នភាព ខណៈ​ដែល​ស្ថាប័ន​ផ្សេង​ទៀត​ប្រាប់​ថា គេហទំព័រ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ការ​កែលំអ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Where are the corrupt money go? Did you move corrupt money to secret bank accounts overseas?

Nov 18, 2016 01:57 PM

អ្នក​អាន​អនាមិក


សម្តេចដាក់បទបញ្ជាឲ្យក្រសួងនានាមកតាមដានទំព័រហ្វេសប៊ុករបស់សម្តេច ចង់ឲ្យគេចុចឡាយទេដឹងសម្តេច? សង្សៃណាស់ខ្ញុំ។ សម្តេចថាហ្វេសប៊ុកធ្វើឲ្យរដ្ឋាភិបាលទទួលព័ត៌មានបានឆាប់រហ័សហើយត្រូវឲ្យដោះស្រាយបញ្ហាបើសិនពលរដ្ឋលើកឡើង។ ចុះបញ្ហាដីធ្លីដែលរដ្ឋាភិបាលកំពុងប្លន់រាស្រ្តធ្វើឲ្យរាស្រ្តយំហូរទឹកភ្នែកឥតឈប់ឈរ រាស្រ្តលើកឡើងរាល់តែថ្ងៃ ម៉េចមិនឃើញសម្តេចដោះស្រាយចឹងសម្តេច? សម្តេចមិនអាណិតកូនខ្មែរទេឬ?

ហើយម៉េចរដ្ឋាភិបាលសម្តេចចូលចិត្តយកហិង្សាមកដោះស្រាយបញ្ហាដែលរាស្រ្តលើកឡើងម្លេះ? ខ្ញុំឃើញកងឆ្មាំសន្តិសុខមកពីរដ្ឋាភិបាលសម្តេចទាត់ធាក់ដំណាងរាស្រ្តស្របច្បាប់យ៉ាងសាហាវព្រៃផ្សៃបំផុត នេះឬដែលសម្តេចហៅថាការដោះស្រាយបញ្ហារបស់រាស្រ្ត? ហើយចុះបក្សពួកសម្តេចប្រើពាក្យដ៍មហាអសុរសទៅលើព្រះសង្ឈដូចជាពាក្យ អាត្រងោល នេះឬជាវិធីដោះស្រាយបញ្ហារបស់រាស្រ្តពីសំណាក់រដ្ឋាភិបាលរបស់សម្តេច? សម្តេចស្អប់ខ្មែរខ្លាំងណាស់មែនទេបានជាញុះញង់ឲ្យខ្មែរស្អប់ខ្មែរ?

ខ្ញុំគិតថា សម្តេចគួរណាស់កាន់សិលខ្លះផងទើបល្អព្រោះទង្វើអវិជ្ជមានរបស់សម្តេចច្រើនលើសលប់ពីទង្វើវិជ្ជមាន។ បើយកល្អសម្តេចគួរតែទុកឲ្យកូនខ្មែរដែលមានសមត្ថភាពដឹកនាំប្រទេសវិញជាការប្រសើរ ហើយសម្តេចចូលនិវត្តន៍ទៅ។

Nov 18, 2016 09:26 AM

គេហទំព័រ​ទាំងមូល