មន្ត្រីបក្សឆន្ទៈខ្មែរម្នាក់ ត្រូវបានប៉ូលិសខេត្តប៉ៃលិន កោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធរឿងក្លែងបន្លំឯកសារសាធារណៈ
2024.07.24
អធិការរងក្រុងប៉ៃលិន លោក សួន ពិសិទ្ធ បានចេញលិខិតកោះហៅមន្ត្រីគណបក្សឆន្ទៈខ្មែរ នៅខេត្តប៉ៃលិនម្នាក់ គឺលោក ឡោ ធន ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៥ ខែកក្កដា ពាក់ព័ន្ធករណីសង្ស័យថា លោក ក្លែងបន្លំឯកសារសាធារណៈ។
មន្ត្រីគណបក្សឆន្ទៈខ្មែរ លោក ឡោ ធន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែ កក្កដា ថា លោកនឹងចូលរួមបំភ្លឺតាមការកោះហៅរបស់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ តែយ៉ាងណាក្ដី លោកនៅមិនទាន់ដឹងថា តើករណីសង្ស័យ ក្លែងបន្លំឯកសារសាធារណៈនោះ ផ្ដោតសំខាន់លើឯកសារ អ្វីពិតប្រាកដនៅឡើយទេ។
លោក ឡោ ធន ចាត់ទុកការកោះហៅបំភ្លឺករណីសង្ស័យបន្លំឯកសារសាធារណៈនេះថា ជារឿង ដែលគួរឱ្យព្រួយបារម្ភ អំពីសុវត្ថិភាព ព្រោះថា កន្លងទៅ មានមន្ត្រីបក្សភ្លើងទៀនមួយចំនួន នៅតាមខេត្តផ្សេងៗ ត្រូវបានចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារជាហូរហែ។ លោកទទូចដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យពិចារណាឱ្យបានល្អិតល្អន់ ហើយផ្ដល់យុត្តិធម៌ដល់លោក។
វិទ្យុអាស៊ីសេរី ពុំអាចអធិការរងស្ដីទី នៃអធិការដ្ឋាននគរបាលខេត្តប៉ៃលិន លោក សួន ពិសិទ្ធ និងមន្ត្រីអ្នកនាំពាក្យរដ្ឋបាលក្រុងប៉ៃលិន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែកក្កដា។
ទាក់ទិនរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើងថា ការប្ដឹងផ្ដល់មកលើបក្សប្រឆាំង ជុំវិញ ករណីក្លែងបន្លំឯកសារសាធារណៈ នេះ តែងតែកើតមានជាហូរហែរហូតដល់មន្រ្តីប្រឆាំង ខ្លះត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ រហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីបារម្ភមួយ ដែលធ្វើឱ្យលំហនយោបាយ នៅកម្ពុជាកាន់តែអាក្រក់។ លោក យិន ម៉េងលី ចង់ឃើញអ្នកនយោបាយ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង គួរតែជជែកគ្នា ដើម្បីរកច្រកមួយអភិវឌ្ឍន៍ជាតិរួមគ្នា និងដោះស្រាយបញ្ហាដោយសន្តិវិធី ជាជាងការធ្វើទុក្ខបុកម្នេញ តាមប្រព័ន្ធតុលាការ ដែលមិនមែនជាបទល្មើសពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។