មន្ត្រី​សាលាស្រុក​សាលាក្រៅ ខេត្តប៉ៃលិន​ម្នាក់ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ដោយសារ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង

ដោយ ហ៊ុំ ចំរើន
2024.02.29
មន្ត្រី​សាលាស្រុក​សាលាក្រៅ ខេត្តប៉ៃលិន​ម្នាក់ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ដោយសារ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង (រូបធំ) លោក ស៊ុន ពិសិដ្ឋ លេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​ជា​អតីត​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រូប៖ ហ្វេសប៊ុកលោក ស៊ុន ពិសិដ្ឋ

សកម្មជន​បក្ស​ប្រឆាំង និង​ជា​មន្ត្រី​រាជការ​មួយ​រូប​នៅ​ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ត្រូវ​បាន​អភិបាល​ស្រុក លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ដោយ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី។ ប៉ុន្តែ មន្ត្រី ដែល​ត្រូវ​បាន​ការ​លុប​ឈ្មោះ​ពី​ក្របខ័ណ្ឌ​ថា ការ​លុប​ឈ្មោះ​នេះ ជា​ការ​រំលោភ​សិទ្ធិ​មន្ត្រី​រាជការ​ស៊ីវិល និង​ជា​រឿង​អយុត្តិធម៌ ដោយសារ​តែ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង។

សកម្មជន​គណបក្ស​ប្រឆាំង និង​ជា​មន្ត្រី​សាលាស្រុក​សាលាក្រៅ ខេត្តប៉ៃលិន​មួយ​រូប ដែល​ត្រូវ​បាន​អភិបាល​ស្រុក​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ថា ការ​លុប​ឈ្មោះ​តាម​អំពើ​ចិត្ត​របស់​អភិបាល​ស្រុក​នេះ ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​បាន​អនុវត្ត​តាម​សហលក្ខន្តិកៈ​មន្ត្រី​រាជការ។

លេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​ជា​អតីត​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក ស៊ុន ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ កុម្ភៈ​ថា លោក​ចាត់​ទុក​ការ​លុប​ឈ្មោះ​របស់​លោក​ចេញ​ពី​ក្របខ័ណ្ឌ​នេះ ជា​រឿង​អយុត្តិធម៌ ហើយ​មាន​ចារិក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ដោយសារ​តែ​លោក​មាន​និន្នាការ​នយោបាយ ខុស​ពី​គណបក្ស​កាន់​អំណាច។ លោក​អះអាង​ថា លោក​មិន​ធ្លាប់​ប្រើប្រាស់​ម៉ោង​ការងារ ឬ​សម្ភារៈ​ស្ថាប័ន​ទៅ​បម្រើ​ផល​ប្រយោជន៍​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ក្នុង​រយៈ​ពេល​ជាង ១០ឆ្នាំ ដែល​លោក​ធ្វើការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

លោក​នឹង​បន្ត​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ពី​អភិបាល​ស្រុក និង​រដ្ឋបាល​ថ្នាក់​ខេត្ត អំពី​ការ​លុប​ឈ្មោះ​របស់​លោក​ចេញ​ពី​ក្របខ័ណ្ឌ។

លោក ស៊ុន ពិសិដ្ឋ៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ខាង​រដ្ឋបាល​ស្រុក ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត ដែល​ជា​អ្នក​ចោទ ឬ​ជា​អ្នក​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ហ្នឹង គឺ​ចង់​ឲ្យ​គាត់​ធ្វើការ​បកស្រាយ ទាក់ទង​ទៅ​នឹង​កំហុស តើ​ជា​កំហុស​អី ក្នុង​ម៉ោង​អី កន្លែង​ណា ខែ​ណា វា​អត់​មាន​ទាល់តែ​សោះ ហើយ​ដល់​អ៊ីចឹង​មក​ដេញ​ស្ដែងៗ ដូចជា បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​អី​ទៅ អា​ហ្នឹង​អាច​បណ្ដេញ​ចេញ​ភ្លាមៗ ដែរ ប៉ុន្តែ មនុស្ស​អត់​មាន​ដឹង​រឿង​អ្វី​សោះ​ថា ឈឺ​អីៗ ផង ហើយ​មក​ដេញ​យើង​ចេញ​ទាំង​ស្រុង​អ៊ីចឹង វា​អត់​ទំនង វា​អត់​សម វា​អយុត្តិធម៌»

អភិបាល​ស្រុកសាលាក្រៅ លោក សៀ សុខុម កាលពីថ្ងៃទី២៦ កុម្ភៈ បានចេញ ដីកា​លុប​ឈ្មោះ​លោក ស៊ុន ពិសិដ្ឋ ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោម​ហេតុផល​ថា បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​មាត្រា៣៧ នៃ​ច្បាប់​ស្ដីពី សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។

មាត្រា ៣៧ នៃ​ច្បាប់​ស្ដីពី សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ចែង​ថា មន្ត្រីរាជការ ត្រូវ​មាន​អព្យាក្រឹត្យភាព​ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ដាច់​ខាត​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ ដូចជា ការ​បម្រើ​ផល​ប្រយោជន៍​បេក្ខជន ឬ​គណបក្ស​នយោបាយ ឬ​ក៏​ប្រឆាំង​នឹង​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ស្រុកសាលាក្រៅ លោក សៀ សុខុម ដើម្បី​បកស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែកុម្ភៈ។ ចំណែក​ឯ​អភិបាល​ខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការ​លុប​ឈ្មោះ​មន្ត្រី​រាជការ​ចេញ​ពី​ក្របខ័ណ្ឌ លុះត្រាតែ​មាន​ការ​អនុវត្ត​វិន័យ​មន្ត្រីរាជការ ដោយ​លក្ខខណ្ឌ​ច្បាស់លាស់​ជា​ដើម។ លោក​បន្ត​ថា ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ពី​មហាជន ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​បង្ហាញ​ពី​កំហុស​ឆ្គង​ឲ្យ​បាន​ច្បាស់លាស់​ដល់​សាមីខ្លួន ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ។

លោក អំ សំអាត៖ «បើ​សិន​ជា​ការ​បញ្ឈប់ ឬ​បញ្ចប់​ក្របខណ្ឌ​មន្ត្រី​រាជការ​ណា​មួយ ដែល​មិន​បាន​លើក​ឡើង​អំពី​មូលហេតុ និង​មូលដ្ឋាន​ច្បាស់លាស់ ឬ​កំហុស​ឆ្គង​ច្បាស់លាស់ គឺ​នាំ​ឲ្យ​មាន​ការ​រិះគន់ ជាពិសេស គឺ​ទាក់ទង​នឹង​មន្ត្រី​រាជការ​ណា ដែល​គាត់​មាន​និន្នាការ​មិន​ស្រប​ទៅ​ទៀត អា​ហ្នឹង​គឺ​នាំ​ឲ្យ​មាន​ការ​រិះគន់​ច្រើន

នេះ​ជា​លើក​ទី២ ហើយ ដែល​រដ្ឋបាល​ខេត្តប៉ៃលិន បណ្ដេញ​មន្ត្រី​រាជការ​ចេញ​ពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល​រើសអើង​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។

អតីត​មន្ត្រី​ជាន់​ខ្ពស់ នៃ​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​គណៈ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន ខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល ដែល​ត្រូវ​បាន​រដ្ឋបាល​ខេត្តប៉ៃលិន បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​កាល​ពី​ឆ្នាំ២០២១ ហើយ​កំពុង​ភៀស​ខ្លួន ដើម្បី​រក្សា​សុវត្ថិភាព​នៅ​ប្រទេស​ថៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​លុប​ឈ្មោះ​លោក ស៊ុន ពិសិដ្ឋ ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុកសាលាក្រៅ ជា​រើសអើង​ផ្នែក​រឿង​នយោបាយ ដោយសារ​តែ​លោក ស៊ុន ពិសិដ្ឋ សកម្មជន​គណបក្ស​ប្រឆាំង និង​ម្ដាយ​ជា​អតីត​ក្រុមប្រឹក្សា​ខេត្ត​ជាប់​ឆ្នោត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថ្លែង​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នេះ មាន​អនុវត្ត​ស្តង់ដារ​ពីរ ដោយ​អនុវត្ត​សម្រាប់​តែ​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

កាល​ពី​ពេល​កន្លង​ទៅ សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ក្នុង​នោះ​រួម​មាន លោក ស៊ិន វត្ថា គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ក្នុង​ខេត្តបន្ទាយមានជ័យ លោក អ៊ី មុយលី មន្ត្រី​ការិយាល័យ​ផ្នែក​ច្បាប់ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ផុន សុភា មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​កសាង​សមត្ថភាព នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធាន​មនុស្ស នៃ​សាលា​ខេត្តកណ្ដាល លោក កែវ សុមុនី មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការ​បំពាន​គ្រឿងញៀន នៃ​ក្រសួង​សុខាភិបាល លោក អេង ស្រូយ គ្រូបង្រៀន​នៅ​អង្គភាព​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​លោក ខឹម មុនីកុសល មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តប៉ៃលិន។ ក្រៅ​ពី​នេះ លោក រ៉ុង ឈុន និង​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០នាក់ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន លុប​ឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ដែរ កាលពីឆ្នាំ២០១៨។ ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​មិន​ត្រឹម​អស់​ក្របខ័ណ្ឌ​នោះ​ទេ ពួក​គេ​ថែមទាំង​អាជ្ញាធរ​ចាប់​ដាក់​គុក​ជា​បន្ត​បន្ទាប់​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ឯក​បក្ស​បាន​ផ្ដល់​ក្របខ័ណ្ឌ​រដ្ឋ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​រូប​ណា ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ។

ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​នេះ ជា​ឈ្នាន់​របស់​រដ្ឋាភិបាល សម្រាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​រាជការ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​ប្រើ​វិធីសាស្ត្រ​ទិញ​ទឹកចិត្ត គំរាមកំហែង លាប​ពណ៌​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​បាន​ចាប់​ខ្លួន​អ្នក​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល ដាក់​ពន្ធនាគារ​ជា​ដើម។

អ្នក​ខ្លះ​ដោយសារ​កត្តា​ជីវភាព និង​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ បាន​បង្ខំ​ចិត្ត​ប្រកាស​សុំ​ចុះចូល​បក្ស​កាន់អំណាច ដើម្បី​ទទួល​បាន​សេរីភាព និង​ក្របខ័ណ្ឌ​មក​វិញ។

ចំណែក​ឯ​រដ្ឋាភិបាល​វិញ បាន​ដើរ​កៀរគរ​រក​សំឡេង​គាំទ្រ​របស់​ខ្លួន​តាម​អំពើ​ចិត្ត ដោយ​បើក​ចំហ នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ឯកជន សាលារៀន វត្តអារាម ដោយ​គ្មាន​អាជ្ញាធរ​ណា​រវីរវល់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។