គ្រូបង្រៀននៅខេត្តប៉ៃលិនដែលតុលាការកាត់ក្ដីដោយកម្បាំងមុខនោះ គ្រោងប្ដឹងទៅតុលាការឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងខេត្តប៉ៃលិនក្នុងពេលឆាប់ៗខាងមុខនេះ។
គ្រូបង្រៀននិងជាកវីនិពន្ឋវ័យក្មេងនៅក្រុងប៉ៃលិនលោក យួង សូដា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២៥ ខែឧសភាថា លោកសោកស្ដាយយ៉ាងខ្លាំងដែលតុលាការផ្ដន្ទាទោសមកលើរូបគាត់ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ដោយសារគ្រាន់តែលោកសម្ដែងមតិឈឺឆ្អាលរឿងប្រទេសជាតិនោះ។ យុវជនវ័យ ២៣ ឆ្នាំរូបនេះ បញ្ជាក់ថា ការដែលគាត់បង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Face book) កន្លងទៅនោះ គឺដោយសារលោកមិនពេញចិត្តចំពោះការសាងសង់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា និង វៀតណាម នៅតំបន់អតីតខ្មែរក្រហមផ្ដាច់ខ្លួន។ លោក ចាត់ទុកសេចក្តីសម្រេចរបស់តុលាការនេះថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ៖ «ព្រោះការធ្វើនេះ ទី១ ខ្ញុំយល់ថាជាសិទ្ធិសេរីភាពបញ្ចេញមតិ ហើយណាខ្ញុំជាមនុស្សដែលចូលចិត្តនិយាយអីពីការពិតនៅក្នុងសង្គមជាក់ស្ដែងដើម្បីរក្សាប្រយោជន៍ជូនជាតិអត់មានអីលើសពីហ្នឹងទេ។ ខ្ញុំមិននាំពីណាទៅធ្វើអីផ្ដេសផ្ដាសឱ្យខុសពីច្បាប់ទេ ហើយខ្ញុំអត់នឹកស្មានថា អាជ្ញាធរបែរជាតាមរកចាប់ខ្លួនខ្ញុំ ហើយឥឡូវរកមិនឃើញក៏កាត់ទោសខ្ញុំតាមតែចេះពួកគាត់ចង់កាត់អីចឹង។ ខ្ញុំគ្រាន់តែជាគ្រូបង្រៀនតូចតាចម្នាក់ ជាអ្នកសរសេរសៀវភៅធម្មតាម្នាក់ហ្នឹង ហេតុក៏តាមរករឿងខ្ញុំម៉្លេះ » ។
ប្រតិកម្មរបស់គ្រូបង្រៀនរូបនេះធ្វើឡើងក្រោយពេលក្រឡាបញ្ជីសាលាដំបូងខេត្តប៉ៃលិនលោក កែវ រស់មុនីឧត្ដម បានចេញលិខិតជូនដំណឹងអំពីសេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃទី៩ ខែមេសា ប៉ុន្តែលោកទើបតែបានទទួលនៅថ្ងៃទី២៤ ខែឧសភា ថាសាលក្រមរបស់សាលាដំបូងខេត្តនេះបានផ្ដន្ទាទោសរូបលោក ដាក់ពន្ធនាគារមួយឆ្នាំ ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០។
លិខិតដដែលបន្ថែមទៀតថា សាលក្រមនេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៩ ខែមីនា និងប្រកាសដោយកម្បាំងមុខជនជាប់ចោទនៅថ្ងៃទី៧ ខែមេសា។ តុលាការបញ្ជាក់ថា ជនជាប់ចោទមានសិទ្ធិប្ដឹងទាស់ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពេលបានទទួលដំណឹង។
កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០ លោក យួង សូដា បានបង្ហោះសារនៅបណ្ដាលសង្គមហ្វេសប៊ុករបស់លោកថា ឥឡូវនេះកម្ពុជាមានស្តូបសឹងតែគ្រប់ខេត្តហើយ លោកជឿជាក់ថា នៅពេលខាងមុខខ្មែរនឹងមានទង់ជាតិ២បង្ហូតក្នុងពេលតែមួយដូចនៅប្រទេសលាវ (Lao) ជាមិនខានឡើយ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបាត់ដំបងលោក យិន ម៉េងលី មានប្រសាសន៍ថា ការបង្ហោះសារបែបនេះជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ។ លោក ចាត់ទុករឿងនេះថា ជាការគំរាមកំហែងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសម្ដែងមតិរបស់ពលរដ្ឋដោយខុសច្បាប់៖ «អីចឹងចង់ឱ្យតុលាការហ្នឹងលោកទម្លាក់ បទចោទហ្នឹងវិញទៅ សម្រាប់គ្រូបង្រៀនម្នាក់ សម្រាប់បុគ្គលម្នាក់ដែលគ្មានរចនាសម្ព័ន្ធគ្មានការដឹកនាំនោះ។ តើពាក្យសំដីប៉ុន្មានមាត់ហ្នឹងជាការញុះញង់ទេ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋហ្នឹងច្រើនណាស់ រដ្ឋអាចប្រើប្រាស់ហ្នឹងដើម្បីឱ្យប្រជាពលរដ្ឋយល់ទៅ បើយើងគិតថា អ្វីដែលគ្រូបង្រៀនហ្នឹងជាបុគ្គលម្នាក់និយាយធ្វើឱ្យញុះញង់ហ្នឹង ហើយកុំឱ្យគេរិះគន់មកលើរដ្ឋាភិបាល ឬក៏តុលាការពីការរឹតត្បិតទៅលើសេរីភាពក្នុងបញ្ចេញមតិហ្នឹង ហើយយើងបើកចំហឡើងវិញទៅ » ។
ទោះជាយ៉ាងណា គ្រូបង្រៀនរូបនេះបានភៀសខ្លួនជាថ្មីទៅរកទីកន្លែងមានសុវត្ថិភាពហើយ បន្ទាប់ពីលោករត់គេចខ្លួនអស់រយៈពេលជាង៦ខែម្ដងហើយ ដោយសារព្រួយបារម្ភខ្លាចអាជ្ញាធរចាប់ខ្លួន។ គ្រូបង្រៀនរូបនេះឱ្យដឹងថា បើទោះបីជាមានចំណាត់ការពីតុលាការបែបនេះក្ដីក៏លោកនៅប្រកាន់ជំហរចូលរួមសម្ដែងមតិរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។