ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​សៀមរាប​ចោទ​​ប៉ូលិស​ថា​ ចាប់​ស្វាមី​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌

ដោយ ហេង រស្មី
2019.10.21
សំ វុទ្ធី លោក សំ វុទ្ធី សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាប ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ចាប់ នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក សុវណ្ណភូមិ ខ្មែរ

ប៉ូលិស​ខេត្ត​សៀមរាប​បាន​ចាប់​សកម្មជន​ប្រឆាំង​ម្នាក់​យក​ទៅ​ឃុំ​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ​តុលា ពាក់ព័ន្ធ​នឹង​គម្រោង​ការ​ទៅ​អម​ដំណើរ​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​។ ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នោះ​ចាត់​ទុក​វិធានការ​នេះ​ថា ​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​ស្រី​អះអាង​ទៀត​ថា មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប​បាន​បង្ខំ​ស្វាមី​របស់​លោកស្រី​ឱ្យ​សារភាព​ដើម្បី​ជា​ថ្នូរ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​។

ភរិយា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាប ​​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​លោក សំ វុទ្ធី គឺ​លោក​ស្រី មួន សាវ៉ើន អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​ស្វាមី ដើម្បី​ឱ្យ​សមត្ថកិច្ច​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

លោកស្រី​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ តុលា​ថា ប៉ូលិស​​ខេត្ត​សៀមរាប​​មាន​គ្នា​ ៥​នាក់​ បាន​ចូល​ទៅ​ចាប់​ខ្លួន​ស្វាមី​របស់​លោក​ស្រី គឺ​លោក សំ វិទ្ធី នៅ​ពេល​ដែល​គាត់​កំពុង​លក់​ចាប់ហួយ​នៅ​មុខ​ផ្ទះ​ នៅ​សង្កាត់​ស្វាយដង្គំ​ ដោយ​​មិន​ពុំ​មាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​នោះ​ទេ​។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ប៉ូលិស​បាន​បញ្ជូន​ស្វាមី​ទៅ​​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ម៉ោង​៦​រសៀល​ថ្ងៃ​ទី​១៩​ តុលា​។​លោក​ស្រី​បញ្ជាក់​ទៀត​ថា​ ក្នុង​ពេល​ទៅ​ឃុំ​ខ្លួន​នោះ​ ​ប៉ូលិស​បាន​បង្ខំ​ឱ្យ​ស្វាមី​របស់​លោក​ស្រី​ សារភាព​ពី​ទោសកំហុស​ដែល​គាត់​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​( Face book) គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ជា​ថ្នូរ​ដោះលែង​ឱ្យ​មាន​សេរីភាព​​ឡើយ​វិញ ប៉ុន្តែ​លោក​ស្រី​ថា​ស្វាមី​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ប៉ូលិស​ឡើយ៖ «ហើយ​គាត់​ថា​មិន​ដឹង​សារភាព​ពី​ស្អី​គេ​ ហើយ​គេ​សួរ​ថា​ អ្នក​ណា​មេខ្លោង​ដឹក​នាំ​គាត់​ ហើយ​គាត់​មាន​មេខ្លោង​ពី​ណា​អត់​ទេ។គេ​យក​ទូរស័ព្ទ​ប្ដី​ខ្ញុំ​​ទៅ​​ឆែក​​មើល​ទាក់ទង​ពីណា​ខ្លះ​មិន​ទាន់​ឱ្យ​មក​វិញ​ទេ។ ខ្ញុំ​យំ​មក​តាម​ប្ដី​ខ្ញុំ​រហូត​ដល់​យប់​មិញ ខ្ញុំ​សុំ​ជួប​ប្ដី​ដល់​ពេល​ឱ្យ​ជួប​ប៉ុន្តែ​មាន​ប៉ូលិស​ម្នាក់​នៅ​ក្នុង​នោះ​ដែរ ។គ្រួសារ​ខ្ញុំ​វា​កំពុង​តែ​ដុនដាប​ដល់​ពេល​គេ​ចាប់​ប្ដី​ខ្ញុំ​ដោយ​គ្មាន​កំហុស​​បែប​​នេះ​ខ្ញុំ​ពិបាក​នឹង​ទទួល​យក​ណាស់ ព្រោះ​គ្រួសារ​ខ្ញុំ​ត្រូវ​ការ​ប្ដី​ខ្ញុំ​ជា​ខ្លាំង យើង​ធ្លាប់​តែ​ល្ងាច​ឡើង​ជួប​ជុំ​ក្រុម​គ្រួសារ ដល់​ពេល​គ្មាន​ប្ដី​អីចឹង​ទៅ​វា​ដូច​យើង​ឡើង​ដើមឈើ​លែងដៃ​អីចឹង»

លោក​ស្រី​បន្ត​ថា​ ស្វាមី​ជា​មនុស្ស​ស្លូត​ត្រង់​ ដោយ​ប្រកប​របរ​រត់​រ៉ឺម៉ក​ទេសចរ​ឬ​ហៅ​ម៉ូតូ​កង់​បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​រាល់​ថ្ងៃ​ ដោយ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។​

​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​លោក​ ទិត្យ ណារ៉ុង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២០​តុលា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

រីឯ​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​ លោក​ យិន ស្រាង​ ក៏​មិន​​​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ដែរ​ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​តំណាង​អយ្យកា​នៃ​សាលា​ដំបូង​ខេត្ត​ គឺ​លោក​ រៀម ច័ន្ទ​ម្នី​ ជំនួស​វិញ៖ «បាទ​ខ្ញុំ​ទាក់ទង​ទៅ​ខាង​គេ​យាម​ហើយ គេ​ថា​រឿង​ហ្នឹង​នៅ​ដំណាក់​កាល​អយ្យកា អីចឹង​លោក​ទាក់ទង​ទៅ​ខាង​អ្នក​នាំ​ពាក្យ​ខាង​អយ្យកា​វិញ​បាទ!»

អាស៊ី​សេរី​ក៏បាន​ព្យាយាម​ទាក់​ទង​លោក​រៀម ច័ន្ទ​ម្នី ម្ដង​ហើយ​ម្ដង​ទៀត​ តែ​លោក​មិន​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​​ជា​បន្តបន្ទាប់​ថា ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ឡាយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ការ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា មាន​ទោស ហើយ​គឺ​ជា​ជន​ក្បត់​ជាតិ ដែល​សមត្ថកិច្ច​របស់​លោក​នឹង​​តាម​ចាប់​ពួកគេ​ដាក់គុក ដោយ​មិន​ឱ្យ​រួច​ខ្លួន​ឡើយ។

មន្ត្រី​អង្គការ​ស៊ីវិល​ធ្វើ​ការ​ងារ​ផ្នែក​សិទ្ធិមនុស្ស​​បាន​លើក​ឡើង​ថា អាជ្ញាធរ​​ប្រកាស​ចាប់​ចង​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ​ ជា​រឿង​នយោបាយ​ ដោយសារ​ពួក​គេ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​​របស់​លោក​ សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ការ​ចាប់​ចង​សកម្មជន​គណបក្ស​កន្លង​មក​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ពី​ព្រោះ​​​ការ​ប្រព្រឹត្ត​របស់​អ្នក​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ សុទ្ធ​តែ​មិន​មាន​អ្វី​​ខុស​ច្បាប់​ដល់​ថ្នាក់​ចាប់​ដាក់​គុក​ឡើយ។ លោក​បញ្ជាក់​ថា​​ កំហុស​របស់​ពួកគេ​ភាគច្រើន​កើត​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​រឿង​នយោបាយ​ ដូច្នេះ​គឺ​មិន​​ខុស​ច្បាប់​នោះ​ទេ ​ព្រោះ​សកម្មភាព​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ត្រូវ​បើក​ទូលាយ​ឱ្យ​ពលរដ្ឋ​ចូល​រួម​កិច្ចការ​នយោបាយ​​ឱ្យ​បាន​ច្រើន​កាន់​តែ​ល្អ​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​បាន​ឆាប់​រហ័ស៖ «ហើយ​ក៏​ទទួល​ផង​ដែរ​អំពី​មតិ​របស់​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​គេ​បាន​លើក​ឡើង​ពី​បញ្ហា​ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ប្រជាធិបតេយ្យ​​ទាំង​អស់​ហ្នឹង​ ដែល​ត្រូវ​ងាក​ទៅ​រក​ដំណោះ​ស្រាយ​រួម​គ្នា។ដូច្នេះ​យើង​ចង់​ឃើញ​ការ​ដោះស្រាយ​នេះ​ទទួល​យក​អនុសាសន៍​ពី​តំណាង​អង្គការសហប្រជាជាតិ ជាពិសេស​អ្នក​ស្រី​តំណាង​អង្គការ​សហប្រជាជាតិ​ដែល​​​បាន​​លើក​គឺ​ធ្វើ​យ៉ាង​ណា ឱ្យ​មាន​ការ​ចូល​មក​ប្រកួតប្រជែង​ផ្នែក​នយោបាយ ដោយ​សន្តិវិធី​និង​ដោយ​យុត្តិធម៌​ឡើង​វិញ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២០ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥០​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៨៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក​ សឹង សែន​ករុណា​ ថ្លែង​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​នេះ ដែល​មាន​ជិត​កន្លះ​ប្រទេស​ក្ដៅ​ក្រហាយ​ និង​ស្អប់ខ្ពើម​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង។ លោក​កត់​សំគាល់​ទៀត​ថា​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ ​និង​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើងវិញ​ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​ EBA ពី​សហភាព​អឺរ៉ុប​ និង​ GSP ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រយោជន៍​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ ជា​ពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​បន្ត​មាន​ការ​ងារ​ធ្វើ​បាន​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។