សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ភៀស​ខ្លួន​ធ្វើ​នយោបាយ​នៅ​ថៃ ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ

ដោយ អាស៊ីសេរី
2020.01.23
សកម្មជន CNRP BKK 011720 លោក ម៉ៅ វិបុល (អាវ​ពណ៌​ផ្ទៃ​មេឃ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង និង​សកម្មជន​បក្ស​ផ្សេង​ទៀត ដែល​ភៀស​ខ្លួន​ទៅ​ធ្វើ​នយោបាយ​នៅ​ថៃ ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។
រូប៖ ហ្វេសប៊ុក​លោក ម៉ៅ វិបុល ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០២០

សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ភៀស​ខ្លួន​នយោបាយ​ទៅ​ប្រទេស​ថៃ ដើម្បី​រួម​គ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។ សកម្មជន​ទាំង​នោះ​រំពឹង​ថា កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​នឹង​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខ។

សកម្មជន​បក្ស​ប្រឆាំង​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ដែល​ចេះ​តែ​ធ្វើ​បាប ចាប់​ចង និង​ដាក់​ទោស​ទណ្ឌ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​តាម​ទំនើង​ចិត្ត​ដូច​សព្វ​ថ្ងៃ​នោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ លោក ម៉ៅ វិបុល​​ ថ្លែង​នៅ​ថ្ងៃ​ទី២៣ មករា​ថា លោក​បាន​រត់​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ជាង ២ឆ្នាំ​ហើយ ដើម្បី​បន្ត​ជីវភាព​នយោបាយ​ជា​មួយ​ថ្នាក់​ដឹក​​នាំ​គណបក្ស​នេះ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។ លោក​អះអាង​ទៀត​ថា មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ប្លន់​យក​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥ពាន់​អាសនៈ ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​ទៅ​បែងចែក​គ្នា​តាម​អំពើ​ចិត្ត​នោះ​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ទៀត​ថា ពួក​លោក​នឹង​ប្រមូល​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​នៅ​តែ​ចាប់​ចង​និង​វាយ​ដំ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​តាម​ទំនើង​ចិត្ត​ដូច​សព្វ​ថ្ងៃ​នោះ៖ «ព្រោះ​មិន​មែន​ភៀសខ្លួន​ដើម្បី​បាន​ទៅ​ប្រទេស​ទី៣ ចង់​យក​សេចក្ដី​សុខ​ខ្លួន​ទេ​ គឺ​មក​ដើម្បី​តស៊ូ​មតិ​ កៀរគរ​ប្រទេស​ដទៃ ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ចូល​រួម ដើម្បី​ឱ្យ​អន្តរជាតិ​បាន​ដឹង​ថា​ពលរដ្ឋ​កម្ពុជា​ត្រូវការ​សិទ្ធិ​សេរីភាព ហើយ​លោក ហ៊ុន សែន រំលោភ​ច្បាប់​អន្តរជាតិ​និង​ច្បាប់​ជាតិ​។ពិសេស​សកម្មជន​នៅ​តាម​មូលដ្ឋាន​នៅ​តែ​រឹងមាំ ហើយ​រង់ចាំ​តែ​ពេល​វេលា​លោក សម រង្ស៊ី និង​លោក កឹម សុខា ជួប​ជុំ​គ្នា​នៅ​កម្ពុជា​វិញ​នៅ​ពេល​ខាង​មុខ»

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​លោក ឃ្លាំង ប៊ុនឡាយ វិញ មាន​ប្រសាសន៍​ថា​ នៅ​ខេត្ត​របស់​លោក​មាន​សកម្មជន​នយោបាយ​ជាង ១០នាក់​ហើយ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ។ លោក​បញ្ជាក់​ថា ពួក​លោក​​​នៅ​ក្រៅ​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ស្ទើរ​រាល់​ថ្ងៃ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ពួក​យើង​ខ្ញុំ​រត់​ភៀស​ខ្លួន​មក​នៅ​កន្លែង​នេះ​មិន​មែន​មាន​ន័យ​ថា​ ពួក​ខ្ញុំ​មាន​បំណង​ចង់​ទៅ​រស់​នៅ​ប្រទេស​ទី​៣​ចោល​ស្រុក​កំណើត​របស់​ខ្ញុំ​ទេ​ គឺ​ពួក​យើង​ជា​អ្នក​ស្រលាញ់​ជាតិ​ជា​អ្នក​ស្នេហាជាតិ​ចង់​ជួយ​ជាតិ​យើង​។អីចឹង​យើង​រត់​មក​នៅ​ទី​នេះ​គ្រាន់​តែ​មួយ​រយៈ​ខ្លី​ ដើម្បី​គេច​ចេញ​ពី​ចាប់​ចង​របស់​រដ្ឋាភិបាល​ទេ​ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​ដែល​យើង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​យើង​នឹង​ទៅ​ស្រុក​កំណើត​របស់​យើង​វិញ​ រួម​គ្នា​ដើម្បី​ដឹក​នាំ គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រឡូក​ការ​បោះឆ្នោត​ដើម្បី​យក​ឈ្នះ​គណបក្ស​ប្រជាជន​ដើម្បី​បាន​ដឹក​នាំ​ប្រទេស​ ឱ្យ​បាន​រីក​ចំរើន​ដូច​ប្រទេស​ជិត​ខាង»

លោក​បន្ថែម​ថា សកម្មជន​នៅ​ក្រៅ​ប្រទេស​កំពុង​តែ​រក​ផ្លូវ​ចូល​ទៅ​ស្រុក​វិញ​ ដើម្បី​រួម​គ្នា​ទាមទារ​ឱ្យ​លោក ហ៊ុន សែន​ ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ​ទាមទារ​ឱ្យ​ប្រគល់​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ជូន​ពលរដ្ឋ​វិញ និង​ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដើម្បី​ប្រកួតប្រជែង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា សព្វ​ថ្ងៃ​នៅ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដើរ​ហើរ​និង​ប្រកប​មុខ​របរ​​រក​ស៊ី​ដោយ​សេរី​។លោក​បន្ថែម​ថា​ រដ្ឋាភិបាល​មិន​បាន​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ឡើយ។លោក​បញ្ជាក់​ថា អ្នក​ដែល​រត់​ភៀស​ខ្លួន​ទាំង​នោះ​ទៅ​វិញ​ទេ ដែល​ភ័យខ្លាច​ដោយ​ខ្លួន​ឯង ហើយ​នាំ​គ្នា​រត់​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បាន​សិទ្ធ​ជ្រកកោន​ទៅ​ប្រទេស​ទី៣៖ «បើ​អត់​មាន​ខ្លួន​ទេ​ រឿង​អី​មាន​ត្រូវ​ខ្លាច​បើ​គេ​រស់​នៅ​១៦​លាន​នាក់ គេ​កំពុង​តែ​សប្បាយ​រីក​រាយ​ ចុះ​មាន​អ្នក​ណា​ភ័យខ្លាច។ចុះ​ភ័យ​ខ្លាច​តែ​យើង​ម្នាក់​ពីរ​ហ្នឹង​ ខ្លាច​លោក​វា​មិន​មែន​អីចឹង​​ ខ្លាច​ចង់​ទៅ​ប្រទេស​ទី​៣​ដឹង​បាន​ភ័យ​ខ្លាច​ ដើម្បី​យក​ឈ្មោះ​ទៅ​នៅ​អាមេរិក​នៅ​បារាំង​អីចឹង»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នេះ​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា​ ថ្លែង​ថា នៅ​កម្ពុជា​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ពេញលេញ​​នៅ​ឡើយ​ទេ​ ពីព្រោះ​អាជ្ញាធរ​នៅ​តែ​តាមដាន​រឹតត្បិត​សិទ្ធិ​សេរីភាព​​ការ​ជួបជុំ​គ្នា​របស់​ប្រជាពលរដ្ឋ​ អង្គការ​សង្គម​ស៊ីវិល​ ជា​ពិសេស​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ជួប​ប្រជុំ​​សម្ដែង​មតិ​​រឿង​នយោបាយ​បាន​នៅ​ឡើយ។លោក​បញ្ជាក់​ថា​​ការ​សម្រេច​ចិត្ត​ភៀស​ខ្លួន​ដើម្បី​បន្ត​ជីវភាព​​នយោបាយ​នៅ​ក្រៅ​ប្រទេស​នោះ​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ដូច្នេះ​ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​គំរាមកំហែង​ អ្នក​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​ដែល​ប្រើប្រាស់​សិទ្ធិ​ចូល​រួម​ចំណែក​ក្នុង​នយោបាយ​ទេ​ ដែល​ខុស​ច្បាប់​។ពីព្រោះ​រដ្ឋធម្មនុញ្ញ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​នយោបាយ​ ប្រជាពលរដ្ឋ​ម្នាក់​ៗ​មាន​សិទ្ធិ​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​ ដូច្នេះ​បើ​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ហ្នឹង​ស្រប​ទៅ​នឹង​ច្បាប់​ ហើយ​អ្នក​ដែល​ទៅ​រារាំង​គេ​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​​របស់​គេ​វា​ខុស​ច្បាប់​ហើយ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​បន្ត​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ឈប់​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​បន្ត​ទៀត ហើយ​ងាក​មក​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជា​ពលរដ្ឋ។

សកម្មជន​គណបក្ស​ប្រឆាំង​ចាប់​ផ្ដើម​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ និង​យុទ្ធនាការ​បង្ក្រាប​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​​ដាក់​ចេញ​ដោយ​លោក ហ៊ុន សែន ។លោក​ ម៉ៅ វិបុល​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ មាន​សកម្មជន​ក្នុង​ស្រុក​រត់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ជាង​១០០​នាក់​ហើយ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។